សាលា «សេអាមេ​ត្រី‍» ព្យាយាម​កែប្រែ​គុណភាព​អប់រំ​កុមារ​នៅ​កម្ពុជា

កុមារី ពៅ ធារី និង ចាន់ រីហ្សា ធ្លាប់រៀននៅសាលារដ្ឋ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន កុមារី​ទាំងពីរ​នាក់​នេះ បាន​ផ្លាស់​មក​រៀន​នៅ​សាលាសេអាមេត្រី។ ឥឡូវនេះ ពួកគេ​មាន​ភាពជឿជាក់​ក្នុងការ​និយាយ​ភាសា​អង់គ្លេស ដោយ​ទទួល​បាន​ការអប់រំពី​គ្រូបង្រៀន​នៅ​សាលា​សេអាមេត្រី។ (រិទ្ធី ឧត្តម/VOA)

សាលា«សេអា​មេត្រី‍» កំពុង​ព្យាយាម​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​បង្រៀន​កុមារ​តូច​ដោយ​បន្ថែម​កម្មវិធី​ដូរ្យតន្ត្រី កីឡា និង​កុំព្យូទ័រ។

មាន​ទីតាំង​ស្ថិត​នៅ​ទល់មុខ​រមណីយដ្ឋាន​ទន្លេ​បាទី​ក្នុង​ឃុំ​ព្រែករកា​ ខេត្ត​តាកែវ​ សាលា​សេ​អា​មេត្រី​មាន​សភាព​អ៊ូអរ​ដោយសារ​សកម្មភាព​របស់​ក្មេង​រាប់​សិប​នាក់​កំពុង​លេង​នៅ​ក្នុង​អាង​ហែលទឹក​ កន្លែង​កម្សាន្ត​ លេង​កីឡា និង​អាន​លឺ​ៗ​ពី​ក្នុង​ថ្នាក់​រៀន។​

នៅ​ជាន់​ខាង​លើ​ក្នុង​ផ្ទះ​ឈើ​មួយ​ដែល​មាន​លឺ​សំឡេង​រំភើប​រីករាយ​របស់​ក្មេង​ៗ​ដែល​កំពុង​លេង​ខាងក្រោម ស្ថាបនិក​នៃ​អង្គ​ការ​នេះ​គឺ​លោកស្រី​ ស្វាយ​ ​មួយ​ ដែល​មាន​អាយុ ៧២​ឆ្នាំ ​កំពុង​អង្គុយ​លើ​កៅអី​ រៀប​រាប់​ពី​ប្រវត្តិ​ដែល​លោក​ស្រី​បាន​មក​សាងសង់​ទី​ធ្លា​បៃតង​ និង​សាលា​ដ៏​ធំ​ទូលាយ​នេះ។

លោក​ស្រី​បាន​រំលឹក​ឡើង​វិញ​នូវ​អារម្មណ៍​ភ្ញាក់ផ្អើល​របស់​លោក​ស្រី​និង​ស្វាមី​លោកស្រី​នៅ​ពេល​ដែល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​អំឡុង​ឆ្នាំ​១៩៩០​ ដោយ​នៅ​ពេល​នោះ​លោកស្រី ​បាន​ឃើញ​ការ​បំផ្លិច​បំផ្លាញ​ក្នុង​សង្គម​ដែល​បាន​បន្សល់​ទុក​ដោយ​សង្គ្រាម​ និង​របប​ខ្មែរ​ក្រហម។

លោកស្រី​ និង​ស្វាមី​បាន​ស្វែង​រក​ឱកាស​ជាច្រើន​ឆ្នាំ​ដើម្បី​ត្រឡប់​ពី​ប្រទេស​បារាំង ​មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ជួយ​កសាង​ប្រទេស​ឡើង​វិញ​។ ក្នុងអំឡុងពេល​នៃ​ការ​មក​លេង​របស់​អ្នក​ទាំង​ពីរ​ ពួកគេ​មាន​ការ​ខូច​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារ​បាន​ឃើញ​ស្ថានភាព​របស់​កុមារ​កម្ពុជា​ មិនថា​កង្វះ​នូវ​ការអប់រំ​សម្រាប់​ក្មេង​តាម​ចិញ្ចើមថ្នល់​ ហើយ​សម្រាប់​ក្មេង​ដែល​បាន​ចូលរៀន​ត្រូវ​ប្រជ្រៀត​គ្នា​នៅ​ក្នុង​បន្ទប់​រៀន​ដែល​គ្មាន​បរិក្ខារ​ និង​សម្ភារ:​គ្រប់គ្រាន់។​

លោកស្រី មួយ បាន​ប្រាប់ VOA​ថា៖

«មាន​ក្មេង​ក្រីក្រ ហើយ​មាន​អាកប្បកិរិយា​មិន​សមរម្យ​ច្រើន​ណាស់​ដែល​ខ្ញុំ​បាន​ជួប។ មួយ​ចំនួន​រៀន​ដល់​ថ្នាក់​ទី ៨ ហើយ​មិន​ទាំង​ចេះ​រាប់ ក ខ គ ឃ ត្រឹមត្រូវ​ផង។ ឪពុកម្ដាយ​របស់​ពួកគេ​ហាក់​ដូច​ជា​អស់​សង្ឃឹម​ហើយ»។

លោក​ស្រី​គិត​ថា​ការអប់រំ​នៅ​ប្រទេស​កម្ពុជា​នៅ​មាន​ការ​ខ្វះខាត​ច្រើន ហើយ​លោក​ស្រី​ចង់​បង្កើត​អោយ​មាន​ការ​អប់រំ​ដែល​មាន​គុណភាព ​ដោយ​ជឿ​ថា​កុមារ​ទាំងអស់​ត្រូវការ​បរិយាកាស​សេរី​និង​ធនធាន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឱ្យ​ពួក​គេ​ចង់​ដឹង​ចង់​យល់។

លោកស្រី ស្វាយ មួយ ដែល​ជា​អ្នក​អប់រំ​កម្រិត​សិក្សា​ថ្នាក់​មត្តេយ្យ និង​ជា​ស្ថាបនិក​នៃ​សាលា​សេអាមេត្រី សង្ឃឹម​ថា ការងារ​របស់​លោកស្រី​ត្រូវ​បាន​គេ​យក​ជាគំរូ​ដើម្បី​អភិវឌ្ឍ​កម្មវិធី​សិក្សាមត្តេយ្យ​ដែល​មាន​ប្រសិទ្ធិភាព។ (រិទ្ធី ឧត្តម/VOA)

សារមន្ទីរ​សេអាមេត្រី ដាក់​តាំង​ស្នាដៃ​សិល្បៈ​របស់​លោក យូ ឃិន ដែល​ជា​ស្វាមី​របស់​លោកស្រី ស្វាយ មួយ ដែល​ស្នាដៃ​ទាំងនោះ​ឆ្លុះ​បញ្ចាំង​នូវ​បទពិសោធន៍​របស់​លោក​ដែល​បាន​រស់នៅ​ប្រទេស​កម្ពុជា អឺរ៉ុប និង​អាហ្វ្រិក។ (រិទ្ធី ឧត្តម/VOA)

ការ​អប់រំ​បាន​ផ្លាស់ប្ដូរ​ជីវិត​ខ្ញុំ

ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ បាន​គេច​ផុត​ពី​សង្គ្រាម ​និង​របប​ខ្មែរ​ក្រហម​ដោយ​សារ​ពួកគេ​បាន​ទទួល​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​នៅ​ដើម​ទសវត្ស​១​៩៧០។​ លោក​ស្រី មួ​យ បាន​ទៅ​រៀន​បន្ត​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ភាសា​បារាំង។​ ក្រោយ​ពី​បញ្ចប់​ការសិក្សា​ លោក​ស្រី បាន​ទៅ​បង្រៀន​ភាសាបា​រាំង​នៅ​តាម​ប្រទេស​ផ្សេងៗ ​រីឯ​ស្វាមី​របស់​លោក​ស្រី ធ្វើ​ការ​ជា​ស្ថាបត្យករ។​

សមាជិក​គ្រួសារ​ជាច្រើន​របស់​ពួកគេ​ បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម។​

លោកស្រី មួយ បាន​និយាយ​ថា​ ការអប់រំ​បាន​ជួយ​ដល់​លោក​ស្រី​ ដូច្នេះ​លោក​ស្រី​ចង់​ផ្ដល់​ការ​អប់រំ​ដល់​កុមារ​ក្រីក្រ​វិញ។

នៅ​ឆ្នាំ​២០០៣​ បន្ទាប់​ពី​សន្សំ​ថវិកា​បាន​សម​ល្មម​គួប​ផ្សំ​និង​ការ​រៀបចំ​ផែនការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​ ពួកគេ​បាន​ទិញ​ផ្ទះ​មួយ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ដើម្បី​បង្កើត​សាលា​មត្តេយ្យ ​និង​បឋម​ឥត​គិត​ថ្លៃ​មួយ​សម្រាប់​កុមារ​ក្រីក្រ។ ​កម្មវិធី​សិក្សា​ពេល​នោះ​ មាន​រួម​បញ្ចូល​ភាសា​អង់គ្លេស ​បារាំង​ តន្ត្រី​ និង​កីឡា​ផង​ដែរ។

​លោកស្រី​បាន​ជួល​ផ្ទះ​ដែល​នៅ​ជាប់​ផ្ទះ​ដែល​លោក​ស្រី​យក​មក​ធ្វើ​សាលា​នោះ​ដើម្បី​ពង្រីក​ទីធ្លា​សាលា​រៀន​អោយ​កាន់​តែ​ធំ។​

បន្ទាប់​ពី​ស្វាមី​របស់​លោក​ស្រី​បាន​ស្លាប់​នៅ​ឆ្នាំ ២០០៩ លោកស្រី​ បាន​ប្រែ​ក្លាយ​ផ្ទះ​ដែល​ជា​សាលា​នោះ​អោយ​ទៅ​ជា​ផ្ទះសំណាក់​មួយ​ដែល​ដាក់​ឈ្មោះ​តាម​ស្វាមី​លោក​ស្រី​ថា​ យូ ​ឃិន ដើម្បី​ទូទាត់​ចំណាយ​លើ​សាលា​ដែល​មិន​រក​ប្រាក់​ចំណេញ​នេះ​។​

ក្នុង​ឆ្នាំ ២០១៣ ​នៅ​ពេល​ដែល​ថ្លៃ​ឈ្នួល​ផ្ទះ​ឡើង​ថ្លៃ​ខ្លាំង​នៅ​ក្នុង​រាជធានី ​លោក​ស្រី​បាន​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ទីតាំង​សាលា​ទៅ​ដី​មួយ​កន្លែង​ដែល​លោក​ស្រី​បាន​ទិញ​ទុក​នៅ​ទល់​មុខ​ទន្លេបាទី​ ដើម្បី​បង្កើត​មណ្ឌល​កុមារ​សេ​អា​មេត្រី​ដែល​ស្ថិត​ក្នុង​សង្កាត់​ព្រែក​រកា ​ចម្ងាយ​ប្រមាណ​ ៣០ គីឡូម៉ែត្រ​ខាងត្បូង​រាជធានី​ភ្នំពេញ។​

លោកស្រី​ មួយ បាន​ពន្យល់​ថា​បច្ចុប្បន្ន​នេះ​កុមារ​ក្រីក្រ​ប្រមាណ ​១៨៨​នាក់​មក​ពី​ឃុំ​ផ្សេងៗ​នៅ​ក្នុង​តំបន់​ បាន​ចូល​រៀន​នៅ​សាលា​នេះ​ ហើយ​ប្រហែល​ពាក់​កណ្ដាល​នៃ​សិស្ស​ទាំងអស់​ដែល​មាន​ជីវភាព​គ្រាន់​បើ​ ស្ម័គ្រ​ចិត្ត​បង់​ប្រាក់​ប្រចាំ​ខែ​ប្រហែល​ ៣០ ​ដុល្លារ ដើម្បី​ចូលរួម​ផ្គត់ផ្គង់​សាលា។

កុមារតូចៗ​រង់ចាំ​ឡើង​អាន​តួ​អក្សរ​ភាសា​អង់គ្លេស​ក្នុង​ម៉ោង​រៀន​ភាសា​អង់គ្លេស​មួយ នៅ​សាលា​សេអាមេត្រី នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ​២០១៩។ (រិទ្ធី ឧត្តម/VOA)

កុមារីតូចៗលេងឧបករណ៍តន្ត្រីហ្គីតាយ៉ាងស្ទាត់ជំនាញ និងច្រៀងតាមបទល្បីៗ នៅសាលា​សេអាមេត្រី នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ​២០១៩។ (រិទ្ធី ឧត្តម/VOA)

ការ​រៃ​អង្គាស​ប្រាក់​ដ៏​ជោគជ័យ

ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំក្រោយ ​ប្រតិបត្តិការ​របស់​សាលា​ក៏​ចេះ​តែ​រីក​ធំ​ឡើងៗ ​ខណៈ​ដែល​លោក​ស្រី​ប្រើប្រាស់​ប្រាក់​ចំណូល​ពី​ផ្ទះ​សំណាក់​របស់​លោកស្រី​ ការ​បរិច្ចាគ​ពី​សប្បុរសជន​ និង​ភ្ញៀវ​ ក៏​ដូចជា​ថវិកា​ដែល​លោកស្រី​រៃ​អង្គាស​ពី​វេទិកា​រៃ​អង្គាស​តាម​បណ្ដាញ​អ៊ីនធឺណិត​ហៅ​ថា Indiegogo Crowdfunding។​

«ខ្ញុំ​មិន​សូវ​ចេះ​ប្រើ​បច្ចេកវិទ្យា​ទេ ប៉ុន្តែ​ខ្ញុំ​ចេះ​ធ្វើ​ៗ​ទៅ រហូត​ទាល់​តែ​យើង​រៃអង្គាស​បាន ២ម៉ឺន​ដុល្លារ។ ខ្ញុំ​រំភើប​ខ្លាំង​ណាស់»។ នេះ​គឺ​ជា​ចំនួន​ទឹក​ប្រាក់​ដែល​លោក​ស្រី​ រៃ​អង្គាស​បាន​ពី​ការសាកល្បង​លើក​ដំបូង។​ លោកស្រី​បាន​បន្ថែម​ថា​ជា​សរុប​លោកស្រី​រៃ​អង្គាស​បាន​ច្រើន​ជាង ៦០.០០០​ ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​បន្ត​បន្ទាប់​ចុង​ក្រោយនេះ។​

បច្ចុប្បន្ន​មណ្ឌល​នេះ​ មាន​គ្រូ​ចំនួន​ ១៩ នាក់​រួម​ទាំង​អ្នកស្ម័គ្រចិត្ត​បរទេស​មួយ​ចំនួន​ផង​ដែរ។ ​មណ្ឌល​នេះ​មាន​បន្ទប់​រៀន​ចំនួន​ ១៤​ ដែល​រួមមាន​ បណ្ណាល័យ​ បន្ទប់​កុំព្យូទ័រ​ និង​កន្លែង​ដាក់​តាំង​បង្ហាញ​សិល្បៈ​ស្នាដៃ​ស្វាមី​លោកស្រី​ ព្រម​ទាំង​អាង​ហែល​ទឹក​បី​ ទីធ្លា​បាល់​ទាត់ ​និង​កន្លែង​ដែល​មាន​សម្ភារ:​លេង​កីឡា ​និង​សកម្មភាព​ផ្សេងៗ​ផង​ដែរ។​

មណ្ឌល​នេះ​ ក៏​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ដែល​ភាគច្រើន​ជា​អ្នក​រស់​នៅ​ទីក្រុង​ដែល​មាន​បំណង​ចង់​គេច​ពី​ភាពវឹកវ​រ​និង​ភាព​អ៊ូអរ​នៃ​ទីក្រុង​ភ្នំពេញ​ផង​ដែរ។ ​ពួកគេ​អាច​បន្ធូរ​អារម្មណ៍​នៅ​លើ​ច្រាំង​បឹង​ដែល​មាន​កន្លែង​អង្គុយ​ជា​កញ្ចុះ​ដោយ​គ្រាន់​តែ​បង់​ថ្លៃ​បន្តិចបន្តួច​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ទ្រទ្រង់​ដល់​ការ​អប់រំ​របស់​កុមារ​ដែល​រៀន​នៅ​មណ្ឌល។

ជម្រើស​ល្អ​ប្រសើរ​ក្នុង​ការ​សិក្សា​របស់​កុមារ

រាត្រី​ដែល​ជា​គ្រូ​ម្នាក់​ដែល​បង្រៀន​នៅ​សាលា​នេះ ​ហើយ​ធ្លាប់​បាន​ទទួល​ការ​អប់រំ​នៅ​សាលា​សេអាមេត្រី​តាំង​ពី​ពេល​ដែល​សាលា​នេះ​ស្ថិត​នៅ​រាជធានី​ភ្នំពេញ។ លោក​បាន​និយាយ​ថា៖ «វា​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ»។​

រាត្រី​គិត​ថា​ ការ​អប់រំ​តាម​បែប​ម៉ុនតេសសូរី ដែល​មាន​សកម្មភាព​ក្រៅ​កម្មវិធី​សិក្សា​ និង​ការ​រស់នៅ​ផ្ទាល់​ជាប់​នឹង​បរិស្ថាន​ផ្ដល់​នូវ​បរិយាកាស​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​របស់​កុមារ។​

«ខ្ញុំ​គិត​ថា​វា​ប្រសើរ​ជាង​នេះ​ពីព្រោះ​ក្មេង​អាច​សិក្សា​បាន​ប្រសើរ។ យើង​មាន​ពេល​វេលា​លេង​កីឡា ​និង​ពេល​វេលា​សិក្សា។ ដូច្នេះ​ក្មេងៗ មិន​សូវ​ធុញ​នឹង​មក​រៀន​ឡើយ។ នៅ​សាលា​រដ្ឋ​យើង​មាន​ពេល​សម្រាក​តែ​១៥​នាទី​ប៉ុណ្ណោះ»។​

លោក​បាន​បន្ថែម​ថា​កុមារ​នៅ​សេអាមេត្រី ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​រៀន​ទាំង​ក្នុង​និង​ក្រៅ​ថ្នាក់​រៀន។​

«នៅ​ទី​នេះ ​យើង​ត្រូវ​បាន​បង្រៀន​ពី​ភាព​ខុសគ្នា​នៃ​វប្បធម៌​និង​វិន័យ។ យើង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មួយ​ធម្មជាតិ​ហើយ​បង្កើត​ឱ្យ​មាន​សេចក្ដី​ស្រឡាញ់​ដល់​បរិស្ថាន»។​

លោក ​ឈឹម ម៉ន អាយុ​៦៤​ឆ្នាំ​ ដែល​ជា​មេឃុំ​ព្រែករកា​ បាន​និយាយ​ថា​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​របស់​លោក​ពិតជា​រីករាយ​ណាស់​ដែល​សាលា​តាំង​ទី​នៅ​ទី​នេះ​ដោយ​បន្ថែម​ថា​ចៅ​របស់​លោក​៣ ​នាក់​ ក៏​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​នេះ​ផង​ដែរ។​

លោក​បាន​និយាយ​ថា៖


«សាលា​បង្កើត​បរិយាកាស​ទាក់ទាញ​សម្រាប់​កុមារ​ក្នុង​ការ​រៀន​សូត្រ​ហើយ​ពួក​គេ​ជួល​គ្រូ​ចំណានៗ​ដើម្បី​បង្រៀន​ក្មេងៗ» ។

កូន​សិស្ស​អាច​ហាត់​សម និង​លេង​កីឡា​បាល់ទាត់​នៅ​ទីធ្លា​សម្រាប់​កីឡា​បាល់ទាត់​ដ៏​ធំ​មួយ​នៅ​សាលា​សេអាមេត្រី​បីដង​ក្នុង​មួយ​ថ្ងៃ។ រូបនេះ​បង្ហាញ​ការ​ប្រកួត​មិត្តភាព​មួយ ដែល​លេង​ដោយ​ក្រុម​កុមារ និង​គ្រូបង្រៀន​ស្ម័គ្រ​ចិត្ត​បរទេស កាលពី​ថ្ងៃ២៤ ខែ​កញ្ញា ឆ្នាំ​២០១៩។ (រិទ្ធី ឧត្តម/VOA)

កុមារតូចៗ​ដែល​ជា​សិស្ស​សាលា​ផង និង​អ្នក​មក​កំសាន្ត​ផង កំពុង​លេង​ក្នុង​អាង​ទឹក​រាក់​មួយ​នៃ​សាលា​សេអាមេត្រី នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ​២០១៩។ (រិទ្ធី ឧត្តម/VOA)

ប្រជាជន​កម្ពុជា​ក៏​អាច​ធ្វើ​បាន​ដែរ​

ទន្ទឹម​នឹង​នេះលោក​ស្រី មួយ ​នៅតែ​មាន​មហិច្ឆតា ​ហើយ​គ្រោង​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​បង់​ថ្លៃ​សេវា​បន្ថែម​ទៀត​ដើម្បី​ពង្រីក​ថ្នាក់​អោយ​លើស​ពី​ថ្នាក់​ទី​៦​ និង​បង្កើត​អនុវិទ្យាល័យ​បន្ថែម​ទៀត។​

លោកស្រី​បាន​និយាយ​ថា៖

«នៅ​ពេល​ដែល​យើង​កែ​លម្អ​មជ្ឈមណ្ឌល​កម្សាន្ត​របស់​យើង​ពេញ​លេញ​ យើង​នឹង​ចាប់ផ្ដើម​ផ្សព្វផ្សាយ​មជ្ឈមណ្ឌល​នេះ​ដល់​ប្រជាជន​និង​ប្រើប្រាស់​ប្រាក់​ចំណូល​ដើម្បី​ពង្រីក​ថ្នាក់​របស់​យើង​ដល់​ថ្នាក់​ទី​១២»។​

លោកស្រី​បន្ថែម​ថា​ខណៈដែល​អ្វីៗ​បាន​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ វា​នៅតែ​មាន​តម្រូវ​ការ​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​អប់រំ​ដែល​ប្រកប​ដោយ​គុណភាព​ដែល​រៀប​ចំ​ឡើង​ដោយ​ប្រជាជន​កម្ពុជា​ខ្លួនឯង។​

«គោល​ដៅ​ធំ​របស់​ខ្ញុំ​គឺ​បង្ហាញ​ដល់​ប្រជាជន​ជា​ពិសេស​ជន​បរទេស​ថា​ប្រជាជន​កម្ពុជា​ក៏​អាច​ធ្វើ​បាន​ដែរ។នៅ​ពេល​ពួក​គេ​មក​ដល់​ប្រទេស​កម្ពុជា​ពួក​គេ​អាច​មើល​ឃើញ​សាលា​រៀន​ល្អ​ដូច​ជា​សាលារៀន​ដែល​ពួក​គេ​មានក្នុង​ប្រទេស​កំណើត​របស់​ពួកគេ​ មិន​មែន​មាន​ត្រឹម​តែ​ថ្នាក់​រៀន ហើយ​គ្មាន​អ្វី​ផ្សេង​ទៀត​នោះ​ទេ»៕​