អ្នក​រស់​នៅ​ក្នុង​តំបន់​ក្រីក្រប្រឈម​ការ​ឆ្លង​វីរុស​កូរ៉ូណា​ខ្ពស់​ ដោយ​សារ​មិនមាន​លទ្ធភាព​ការពារខ្លួន

អ្នក​ស្រី​ បូ ផល្លី អង្គុយលក់​ស្វាយនៅ​មុខផ្ទះ​ក្នុង​បរិវេណ​វត្ត​ប្រយូរវង្ស​ នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃអង្គារ​ ទី៣១ ខែមីនា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

ភ្នំពេញ — ក្បែរ​របង​វត្ត​ប្រយូរវង្ស​ ដែល​ជា​វត្ត​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ក្នុង​ខណ្ឌ​ចម្ការ​មន ​ប្រជាពល​រដ្ឋ​រាប់​រយ​គ្រួសារ​ មក​តាំង​ទីលំនៅ​ខាង​ក្នុង​បរិវេណ​វត្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។​ ពួកគេ​ជួល​ផ្ទះ ឬ​ក៏​កាន់​កាប់​ផ្ទះ​នៅ​ទីនេះ​ជា​បណ្តុំៗ​នៅ​ជិតៗ​គ្នា។​

នៅ​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ​ពី​ខ្លោង​ទ្វារ​វត្តអ្នក​ស្រី​ បូ ផល្លី ​ កំពុង​អង្គុយ​លក់​ស្វាយ​នៅ​ខាង​មុខ​ផ្ទះ​ដែល​ស្ថិតនៅ​ក្នុង​វត្ត​នោះ ​កាលពីរសៀល​មួយ។​ ប៉ុន្តែ​ស្ត្រី អាយុ​៥២​ឆ្នាំ ​នេះ​មិន​បាន​ពាក់ម៉ាស់​ការពារ​ខ្លួន​ទេ ​ខណៈ​កម្ពុជា​កំពុង​រាតត្បាត​ដោយ​វីរុស​កូរ៉ូណា ​ដែល​ពិភពលោក​កំពុង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។​

អ្នក​ស្រី ​បូ ផល្លី ​បាន​ដើរ​ទៅ​យក​ម៉ាស់​ស្តើង​មួយ​ ដែល​អ្នក​ស្រី​ហាល​នៅ​ខាង​មុខ​ផ្ទះ ​បន្ទាប់​ពី​បាន​ប្រើ​ហើយ​ និង​បោក​ហាល​ ដើម្បី​ប្រើ​ម្តង​ទៀត។​ ជា​មួយ​ម៉ាស់​មួយ​នេះ ​អ្នកស្រី​បាន​យកក្រដាស​អនាម័យ​ដាក់​ខាង​ក្នុង​ ដើម្បី​ជា​ការ​ការ​ការពារ​បន្ថែម។ ​ អ្នកស្រី​មាន​ប្រសាសន៍​ថា ​ម៉ាស់​និង​ទឹក​លាង​បាន​ឡើង​ថ្លៃ​ តាំង​ពី​វីរុស​កូរ៉ូណា​បាន​វាយ​លុក​ពិភពលោក ​ហើយ​កម្ពុជា​ចាប់​ផ្តើម​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ថ្លៃ​ណាស់ ​ថ្លៃ​លើស​លុប​មែន​ទែន។​ បើ​និយាយ​ពី​ថ្លៃនោះ ​ គ្មាន​លទ្ធភាព​នឹង​ការ​ទិញ​ទេ។​ នេះ​អី​សុទ្ធ​តែ​គេ​ឲ្យ​ទេ»។​

ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រាតត្បាត​វីរុស​កូរ៉ូណា​នៅ​កម្ពុជា ​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​ណែនាំ​ឲ្យ​កាន់​ខ្ជាប់​អនាម័យ ​និង​មាន​សម្ភារៈ​ប្រើប្រាស់​ ដូច​ជា​ម៉ាស់ ​និង​អាល់កុល​សម្អាត​ដៃ​ ដើម្បី​ចៀស​ផុត​ពី​ការ​ឆ្លង។​ ប៉ុន្តែ​តំបន់​ក្រីក្រ ​ដែល​មាន​ការ​រស់​នៅ​ជិតៗ​គ្នា ​ដូច​កន្លែង​ដែល​អ្នកស្រី​ ផល្លី​ រស់​នៅ​នេះ​ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។ ​បន្ថែម​ពី​នេះ​ទៀត ​ពួកគេ​មិន​មាន​លទ្ធភាព​ទិញ​ម៉ាស់ ​និង​អាល់កុល​លាង​ដៃ​ ទេ ខណៈ​ការ​ចេញ​ទៅ​ក្រៅ​ប្រកប​មុខ​របរ​ ជា​រឿង​សំខាន់​ដែល មិន​អាច​ខាន​បានសម្រាប់​ពួក​គេ​នោះ។​

តម្រូវ​ការ​ម៉ាស់ ​និង​ទឹក​អាកុល​សម្រាប់​សម្អាត​ដៃ ​បាន​កើន​ឡើង ​បន្ទាប់​ពី​វីរុស​កូរ៉ូណា​ឬ​កូវីដ​១៩​ បាន​រាត​ត្បាតពេញ​សាកល​លោក ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃសម្ភារៈ​ទាំង​នោះ ​កើន​ឡើង​ខ្លាំង​ផង​ដែរ។​ នៅ​កម្ពុជា ​តម្លៃ​ម៉ាស់​បាន​ឡើង ដែល​ពីមុន​ធ្លាប់​មាន​តម្លៃ​តែ​ ៥០០​រៀល​ កើន​ទៅ​ដល់​ ២​ពាន់​រៀល​ក្នុង​ម៉ាស់ ​មួយ​ឬ​តម្លៃ​ ១​ម៉ឺន​រៀល​ក្នុង​មួយ​ប្រអប់​ មក​ដល់​ជិត​ ៧​ម៉ឺន​រៀល​ក្នុង​មួយ​ប្រអប់។​

ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​ ប្រឈម​នឹង​ការ​ឆ្លង​វីរុស​ថ្មី​មួយ​នេះ ​ដោយសារ​ពួកគេមិន​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​សម្ភារៈ ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​រាតត្បាត​វីរុស​កូរ៉ូណា ​ខណៈ​ការ​យល់​ដឹង​នៅ​មាន​កម្រិត​នៅ​ឡើយ។​

រស់​នៅ​ក្នុង​ផ្ទះ​ពីរ​ជាន់ ​ដែល​មាន​ទទឹង​ប្រវែង​ជាង​៣​ម៉ែត្រ ​និង​បណ្តោយ​ប្រហែល​៦​ម៉ែត្រ​ដែល​អ្នក​ស្រីជួល​តម្លៃ​៥០​ដុល្លារ​ក្នុង​មួយ​ខែ​ អ្នកស្រី ​បូ ផល្លី​ រស់​នៅជាមួយ​កូន​ប្រុស​ វ័យ​ជំទង់​ ២​នាក់​ ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ​និង​ម្តាយ​ចំណាស់​ម្នាក់​ ជាង​ ១០​ឆ្នាំ​មក​ហើយ។​

អ្នកស្រី​អះអាង​ថា ​អ្នកស្រី​ជា​មន្ត្រី​ប៉ូលិស​ម្នាក់នៅ​ក្រសួង​មហាផ្ទៃ ដែល​អាច​រក​ចំណូល​បាន​ជាង​៤០០​ដុល្លារអាមេរិក​ក្នុង​មួយ​ខែ​ ប៉ុន្តែ​អ្នកស្រី​ថា​ ចំណូល​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចិញ្ចឹម​កូន​ ​និង​ម្តាយ​នៅ​ក្នុង​បន្ទុក​នោះ​ទេ ​ខណៈ​ចំណូល​មួយ​ផ្នែក​ធំ​ត្រូវ​សង​បំណុល​គេ។​

ទាក់ទង​នឹង​តម្លៃ​ម៉ាស់ អ្នក​ស្រី ផល្លី ​បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ពេល​កំពុង​លក់​ស្វាយ​ថា៖ «គ្រាន់តែ​ឭ​ថា​បួន​ប្រាំ​ពាន់​ លែង​ទិញ​បណ្តោយ។ ​វាស្មើ​នឹង​អង្ករ​ពីរ​គីឡូ​ហើយ​ហ្នឹង!​ឥឡូវ​ទិញ​ម៉ាស់​ហើយ ​ទិញ​អង្ករ​យក​មួយ​ណា?»​

អ្នក​ស្រីរៀប​រាប់​បន្ត​ថា៖ «សុខចិត្ត​ថា​ទិញ​អង្ករ​ហើយ ​ ព្រោះ​អី​ ទៅ​ទិញ​ម៉ាស់​យ៉ាង​ម៉េច?​ទិញ​ម៉ាស​យើង​ការ​ពារ​បាន​ ប៉ុន្តែ​ឧបមា​យើង​អត់​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​អង្ករ​ញ៉ាំ ​អាហ្នឹង​ចំពោះ​អ្នក​ក្រ​ទេ​ណា៎​ តែ​បី​បួន​ថ្ងៃ​ ​បើ​មិន​ដួល​គ្រឹប​មុន​កូរ៉ូណា​ហ្នឹង​ទៀត»។​

ទោះ​ជា​យ៉ាងណា​ អ្នក​ស្រី ​បូ ផល្លី​ ក៏​បាន​ទិញ​អាល់កុល​កន្លះ​លីត្រ​ ដែល​មាន​តម្លៃ​ ៣,៥​ដុល្លារ​ ដើម្បី​ចែក​ជាមួយ​កូនៗ​របស់​អ្នក​ស្រី ​ក្នុង​ការ​ប្រើប្រាស់​ពេល​ដែល​ពួក​គេ​ចេញ​ពី​ផ្ទះ​ដើម្បី​បញ្ចៀស​ការ​ឆ្លង​វីរុស​កូរ៉ូណា។​

ប៉ុន្តែ​អ្នកស្រី​មិន​មែន​ប្រើ​អាល់កុល​គ្រប់​ពេល​នោះ​ទេ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «គ្រាន់តែ​ប្រាប់​កូន​ថា​អាហ្នឹង​ចាំ​បាច់ ​ពេល​ចេញ​ទៅ​ក្រៅ​អី ​ចាំ​យក​មកប្រើ។ ​នៅផ្ទះ​យើង​ដុសតែ​សាប៊ូ​ហើយ​និងក្រូចឆ្មារ​ហ្នឹង​ទៅ ​ហើយ​មុជទឹក​ឲ្យ​ញឹកញាប់​អ៊ីចឹង​ទៅ»។

អ្នក​រស់នៅ​ក្នុងបរិវេណ​វត្ត​ប្រយូរវង្ស​ ប្រមូល​ផ្តុំ​គ្នា បើទោះបីជារដ្ឋាភិបាលបានណែនាំឲ្យពលរដ្ឋរក្សាគម្លាតពីគ្នា នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃសុក្រ​ ទី៣ ខែមេសា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

នៅ​ជិត​ខ្លោង​ទ្វារ​វត្ត​ដែល​អ្នកស្រី​ បូ ផល្លី​ រស់​នៅ​ បុរស​ចំណាស់​មួយ​ក្រុម​ដែល​មាន​គ្នា​ ៦​នាក់​កំពុង​អង្គុយ​លេង​បៀរ​ ដោយ​មាន​មនុស្ស​ពីរ​បី​នាក់​ឈរ​មើល​ពី​ខាង​ក្រោយ។ ​ពួក​គាត់​ហាក់​ដូច​ជា​មិន​បាន​ខ្វាយខ្វល់​ពី​ការ​រក្សា​គម្លាត​ពីគ្នា តាម​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្លង​កូវីដ​១៩​ ដែល​បាន​ឆ្លង​នៅ​កម្ពុជា​ទៅ​ដល់​ ១១៤​ករណី ​បើ​គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ។ ​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​បុរស​ជន​បរទេស​ ៤​នាក់​ទៀត ​បាន​ឆ្លង​វីរុស​នេះ។​នេះ​បង្កើន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​នៅ​កម្ពុជា ​ដោយ​សារ​មាន​ការ​ប្រកាស​រក​ឃើញ​វីរុស​នេះ​ជា​បន្ត​បន្ទាប់។​

យោង​តាម​ធនាគារ​ពិភព​លោក ​ប្រជាជន​កម្ពុជា​ប្រមាណ​ ៤,៥​លាន​នាក់ ​នៅ​តែ​អាច​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​វិញ ទោះ​ជា​អត្រា​ភាព​ក្រី​ក្រ​បាន​ធ្លាក់​ពី​ ៤៧​ភាគ​រយ​ក្នុង​ឆ្នាំ​ ២០០៧​ មក ​១៣​ភាគ​រយ​ក្នុង​ឆ្នាំ​ ២០១៤។

កំពុង​អង្គុយ​ធ្វើ​ទឹកត្រី​សម្រាប់​គុយទាវ​ឆា​និង​បបរ​ដែល​អ្នក​ស្រី​លក់នៅ​ខាង​មុខ​ផ្ទះ​ក្នុង​បរិវេណ​វត្ត​ប្រយូរវង្ស ​អ្នក​ស្រី​ លុយ សាវី ​ក៏​មិន​មាន​ពាក់​ស​ដូច​អ្នកស្រី​ បូ ផល្លី​ ដែរ។​

ស្រ្តីអាយុ​ ៦៨​ឆ្នាំ​នេះ​មាន​ប្រសាសន៍​ថា​ សព្វ​ថ្ងៃ ​អ្នក​ស្រី​នៅ​សល់​ម៉ាស់​តែ​មួយ​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​ព្យួរ​ទុក​ជាមួយខោអាវ​ផ្សេងៗ។

អ្នក​ស្រីបាន​ថ្លែង​ប្រាប់​ VOA នៅ​ផ្ទះ​ថា៖ «ពេល​ខ្លះ​ខ្ញុំ​អត់​លុយ​ ខ្ញុំ​អត់​គ្រវាត់​ចោល​ទេ។ ​ពាក់​ម្តង​អ៊ី​ចឹង​ ខ្ញុំ​បោក​ឲ្យ​ស្អាត​ហាល​ថ្ងៃ​ទៅ ​ខ្ញុំ​យក​មក​រលាស់ៗ​ ​ពាក់​ទៀត»។​

អ្នក​ស្រី​មាន​ប្រសាសន៍​បន្ត​ថា៖ «អា​ពីរ​ប្រាំ​រយ​ហ្នឹង​សុទ្ធតែ​ពីរ​ពាន់​បី​ពាន់។​ តែ​បើ​អត់ ​ទាល់​តែ​ទិញ​ដែរ​ហ្នឹង!​ជួន​កាល​កន្សែង​ពោះគោ ​កន្សែង​ស្តើង​ហ្នឹង​ តែ​ដល់​ដំណាក់​កាល​អត់​លុយ​កន្សែង​ស្តើង​ហ្នឹង​ ក្រវាត់​ច្រមុះ​មាត់​យើង​ទៅ​ផ្សារ។នៅ​ផ្ទះ​អត់​ពាក់​ទេ»។​

អ្នក​ស្រី លុយ សារី កំពុង​ធ្វើ​ទឹកត្រី​ក្នុង​ផ្ទះ​ក្នុង​បរិវេណ​វត្ត​ប្រយូរវង្ស​ នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃអង្គារ​ ទី៣១ ខែមីនា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

អ្នកស្រី​រស់នៅ​ជាមួយចៅ​ប្រុស​ម្នាក់ ​អាយុ​ ១២​ឆ្នាំ និង​អាច​រក​ចំណូល​ពី​ការ​លក់​បបរ​ និង​គុយទាវ​ឆា​ក្នុង​បរិវេណ​វត្ត​នេះ​បាន​ ៨​ម៉ឺន​រៀល​មួយ​ថ្ងៃ។ ​

ទាក់ទិន​នឹង​ជំងឺ​ឆ្លង​កូវីដ​១៩ ​ដែល​បាន​រីករាលដាល​ក្នុង​ពិភពលោក ​ហើយ​កម្ពុជា​មាន​ជាង​ ១០០​ករណី​នោះ ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​មិនមាន​ជីវភាព​ធូរធារ ​បារម្ភ​អំពី​ថ្លៃ​ព្យាបាល ​បើសិន​ជា​ពួកគេឆ្លង​វីរុស​ បើ​ទោះ​ជា​រដ្ឋាភិបាល​ធ្លាប់​ប្រកាស​ថា​ ការ​ព្យាបាល​មិន​គិត​ថ្លៃ​ក៏​ដោយ។​រហូត​មក​ដល់​ពេល​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ​មិន​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​នេះ​ទេ​ នៅ​កម្ពុជា។​ ហើយ​កម្ពុជា​បាន​ព្យាបាល​ជា​សះស្បើយ​ទៅ​ដល់​ ៣៥​នាក់​ហើយ​រហូត​មក​ដល់​ថ្ងៃ​សុក្រ​នេះ។​

អ្នក​ស្រី​ លុយ សារី ​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ខ្លាច​ឆ្លង​វីរុស​នេះ​ដែរ។​

អ្នកស្រី​បញ្ជាក់​ថា៖ «បារម្ភ​ គិត​ថា​ខ្លាច​វាឆ្លង ​ខ្លាច​វា​កើត​អ៊ី​ចឹង​ដែរ។​យើង​វាក្រ ​អត់​លុយ ​ខ្លាច​ឈឺ​ទៅ​ មាន​លុយ​ឯ​ណា​មើល​ខ្លួន?ចេះ​គិត​អ៊ី​ចឹង​ដែរ​ណា៎​អូន»។​

លោក​ យង់ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ មាន​ប្រសាសន៍​ថា​ ​លោក​បារម្ភ​អំពី​ហានិភ័យ​ខ្ពស់​ដែល​កើត​មាន​ចំពោះ​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​ក្រីក្រ ​ដោយសារពួក​គេ​មិន​មាន​ចំណេះ​ដឹង​ និង​មិនមាន​លទ្ធភាព​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​១៩​នេះ។ ​លោក​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួកគេ​ឲ្យ​បាន​ច្រើន។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ថា៖​ «ថា​យើង​យក​ទៅ​បោក​ទឹក​ហើយ​ប្រើ​បាន​ទៀត​នេះ​ខ្ញុំ​មិន​ជឿ​ថា​ វា​អាច​មាន​គុណភាព​ដូច​របស់​ដើម​របស់​វា​ទេ​បាទ។​ វាអាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ដែរ​បាទ»។​

លោក​បន្តថា៖ «អ៊ីចឹង​នេះ​ជា​បញ្ហា​ប្រឈម​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ការ​គិត​គូរ​អំពី​អនាម័យ​ អំពី​សុខភាព​របស់​គាត់​បាទ។​ ជា​បញ្ហា​សំខាន់ ​ហើយ​សម្ភារៈ​ប្រើប្រាស់»។

ផ្ទះ​ប្រជាជន​នៅ​ក្នុងបរិវេណ​វត្ត​ប្រយូរវង្ស​ នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

ក្លោងទ្វារ​វត្ត​ប្រយូរវង្ស​ត្រូវ​បាន​ថតនៅរាជធានីភ្នំពេញ កាលពី​ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

អ្នក​រក​ស៊ី​តាម​ដង​ផ្លូវ​ ដែល​ជីវិត​ពឹង​ផ្អែក​លើ​ចំណូល​មួយ​ថ្ងៃៗ ​កាន់​តែ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្ពស់ ​ដោយសារ​ការ​ការពារ​មិន​មែន​ជា​ជម្រើស​ចាំបាច់​សម្រាប់​ពួក​គេ។​អ្វី​ដែល​សំខាន់​នោះ ​គឺ​ការ​ចេញ​ទៅ​រក​ស៊ី​នៅ​ខាង​ក្រៅ។ ប៉ុន្តែ​ប្រជាជន​ត្រូវ​បាន​ណែនាំ​ឲ្យ​នៅ​ផ្ទះ ប្រសិន​បើ​មិន​ចាំបាច់​ទៅ​ខាង​ក្រៅ។ ​ នេះ​នាំ​ឲ្យ​ការ​រកស៊ី​របស់​ពួកគេ​ កាន់​តែ​ធ្លាក់​ចុះ ហើយ​ចំណូល​កាន់​តែ​លែង​មាន។​

កន្លង​ទៅ ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បាន​ប្រកាសថា​ ការ​ព្យាបាល​ជំងឺ​កូវីដ​១៩​ក្នុង​ប្រទេស​កម្ពុជា ​គឺ​មិន​គិត​ថ្លៃ​នោះ​ទេ​សម្រាប់​ទាំង​ប្រជា​ពលរដ្ឋ​កម្ពុជា​ និង​ជន​បរទេស​ដែល​កើត​ជំងឺ​នេះ។ ​លោក ​ហ៊ុន សែន​ ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​រាជធានី​ខេត្ត​ទិញ​ក្រមា ​ម៉ាស់ ​ឬ​ទឹក​លាង​ដៃ​យក​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​តាម​សហគមន៍​ផង​ដែរ។​

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ក៏​បានព្រមាន​ម្ចាស់​ឱសថស្ថាន​នានា ​ដែលលក់​ម៉ាស់តម្លៃ​ថ្លៃ​ និង​ថា​ បើ​ពួកគេ​នៅ​តែ​បន្ត​លក់​ម៉ាស់​តម្លៃ​ថ្លៃ​អាជ្ញាធរ​នឹង​រឹប​អូស​ម៉ាស់​ទាំង​នោះ​ហើយ​អាច​ប្រឈម​នឹង​ការ​បិទ​អាជីវ​កម្ម​រហូត។

លោក​ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា៖«បើ​អ្នក​ឯង​នៅ​តែ​បន្ត​ឡើង​ថ្លៃ ​ទៅ​រឹបអូស​យក​មក។​ដាក់​បញ្ជា​រឹប​អូស​យក​ហ្មង!​ទម្លាក់​ថ្លៃ»។

នៅ​សប្តាហ៍​នេះ ​ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រកាស​ទិញ​ម៉ាស់​ចំនួន​ ៥​លាន​២​សែន ពី​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស ​ដើម្បី​ត្រៀម​ចែក​ជូន​ប្រជាពល​រដ្ឋ​ និង​មន្ទីរពេទ្យ​មួយ​ចំនួន។​

ចំណែក​ក្រសួង​សុខាភិបាល​បាន​បង្ហោះ​សារ​ដែល​មាន​ជារូបភាព​និង​វីដេអូ​ស្តីអំពី​ការ​លាង​សម្អាត​ដៃ​ ការ​ពាក់​ម៉ាស់​ និង​ការ​រក្សា​គម្លាត​ពីគ្នា​ជាដើម ​នៅ​តាម​បណ្តាញ​សង្គម។​ អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​ ក៏​បានប្រកាស​សារ​តាម​ឧបករណ៍​បំពង​សំឡេង​ចល័ត​តាម​រថយន្ត ​ឬ​ម៉ូតូ​នៅ​តាម​ផ្លូវ​ផង​ដែរ​ ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ។​

លោក ​លី សូវ៉ាន់​ អ្នក​នាំពាក្យ​នៃ​ក្រសួង​សុខាភិបាល​បាន​និយាយ​ប្រាប់​ VOA​ តាម​ប្រព័ន្ធ​Whatsapp​ កាលពីថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​អំពី​ជំងឺ​នេះ។​

ក្រៅ​ពី​ការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពល​រដ្ឋ​ចេះ​ការពារ​ខ្លួន​អង្គការ​សុខភាព​ពិភព​លោក ​បាន​ណែនាំ​ឲ្យ​ប្រទេស​ទាំង​អស់​បន្ត​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​នេះ ​ហើយ​ការ​ធ្វើ​តេស្តកាន់​តែ​ច្រើន ​ស្វែង​រក​អ្នក​ដែល​មាន​ទំនាក់​ទំនង​ស្និទ្ធស្នាល​ជាមួយ​អ្នក​ឆ្លង​វីរុស ​និង​ដាក់​ពួកគេ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ​ជា​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​ទប់ស្កាត់​ការរាត​ត្បាត​នៃ​វីរុស​នេះ។​

នៅ​សប្តាហ៍​នេះ ​លោក​ លី សូវ៉ាន់ ​អ្នក​នាំពាក្យ​របស់​ក្រសួង​សុខាភិបាល ​បាន​ថ្លែង​ថា​ក្រសួង​បាន​ធ្វើ​តេស្ត​មនុស្ស​ជាង​ ៤​ពាន់​នាក់​ នៅ​ក្នុង​ស្រុក​រហូត​មក​ដល់​ពេល​នេះ ​ដោយ​មិន​រាប់​បញ្ចូល​នាវា​កម្សាន្ត​អន្តរជាតិ​ដែល​សុំ​ចូលចត​នៅ​កម្ពុជា​កាល​ពី​កន្លង​ទៅ ​ក្រោយ​មាន​ការ​បដិសេធ​ពី​ប្រទេស​មួយ​ចំនួន។​

ត្រឡប់​ទៅអ្នក​ស្រី បូ ផល្លី ​ដែល​រស់​នៅ​ក្នុង​បរិវេណ​វត្ត​ប្រយូរវង្សវិញ​អ្នកស្រី​សង្ឃឹម​ថា​ អ្នកស្រី​ និង​អ្នក​ភូមិ​នៅ​ទីនេះ ​នឹង​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល ​ដូចជា​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ ​និង​ការ​ចែក​សម្ភារៈ​ការពារ​ខ្លួន ​ដូច​ជា​ម៉ាស់​ ទឹក​លាង​ដៃ ​ឬ​ឧបករណ៍ពិនិត្យ​កម្តៅជាដើម។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «គាត់​(ប្រជា​ពលរដ្ឋ)​អត់អាច​សម្ងំ​នៅ​ក្នុង​ផ្ទះ​គេច​ពី​អាកូរ៉ូណា​ហ្នឹង​បាន​ទេ។ ​ អ៊ីចឹង​គាត់​ត្រូវ​បង្ខំ​ចិត្ត​ទៅ​ធ្វើការងារ​លក់​ដូរ​លក់​អី​ ហើយ​គាត់​ប្រឈម​មុខ​ច្រើន​ដែរ។ ​ដូច្នេះ​បើ​សិន​ជា​អាច​បង​សំណូម​ពរ​ទៅ​កាន់​រដ្ឋាភិបាល ​គ្រប់ស្ថាប័ន​ទាំងអស់ ​ឲ្យ​គាត់​មក​ជួយ​តំបន់​នៅ​វត្ត​ប្រយូរ​វង្ស​ហ្នឹង​ឲ្យ​គាត់​ជួយ​បាញ់​ថ្នាំ​ បាញ់អី​សម្លាប់​ទៅ»៕​