អ្នកវិភាគ៖ កម្ពុជា​គួរ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ដើម្បី​បើក​ផ្លូវ​ឱ្យ​លោក​សម រង្ស៊ី​មក​វិញ

លោក សម រង្ស៊ី មេ​ដឹកនាំ​​ប្រឆាំង​និរទេស​ខ្លួន កំពុង​ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ​​ខ្មែរ​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ជិត​ រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០១១។ លោក​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១២​

ក្រោយ​មួយ​ថ្ងៃ​ដែល​មេដឹក​នាំ​គណបក្ស​ជំទាស់​ដ៏​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក​ សម រង្ស៊ី ​ត្រូវ​តុលាការ​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ពីរឆ្នាំ​បន្ថែម​ ទៀត​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​ ក្រុម​អ្នក​វិភាគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា​ការ​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​សម្រាប់​លោក​សម រង្ស៊ី​អាច​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​បោះ​ឆ្នោតគឺ​ជា​រឿង​សំខាន់។

លោក ​សម​រង្ស៊ី​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ត្រូវ​ជាប់​ទោស​១២ឆ្នាំ​ ប្រសិន​លោក​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ ពី​បទ​ទាក់​ទង​នឹង​ការ​ដក​ តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-វៀតណាម​កាល​ពី​ឆ្នាំ​២០០៩​នៅ​ខេត្ត​ស្វាយ​រៀង ​ហើយ​នឹង​ការ​ផ្សព្វ​ផ្សាយ​ ឯកសារ​ ព្រំដែន​ក្លែង​ក្លាយ។​ តែ​លោក​ សម រង្ស៊ី​បាន​ចាត់​ទុក​ថា​ការ​កាត់ក្តី​ករណី​របស់​លោក​តាម​រយៈ​តុលាការ​គឺជា​រឿង​មិន​សមរម្យ​ទេ​ ដោយ​សារ​លោក​សម រង្ស៊ី​បញ្ជាក់​ថា​ករណី​លោក​ជា​រឿង​នយោបាយ​គួរ​ត្រូវ​ដោះស្រាយ​តាម​បែប​នយោបាយ។​ ការ​ជាប់​ពិរុទ្ធភាព​របស់​លោក​សម រង្ស៊ី​ត្រូវ​ក្រុម​អ្នកវិភាគ​ក្នុង​ប្រទេស​កម្ពុជា​ព្រួយ​បារម្ភ​ខ្លាច​ថា​លោក​សម រង្ស៊ី ​មិន​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ​បាន​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ពេល​បោះ​ឆ្នោត​ជា​មួយ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​អំណាច​ជាង​៣​ទសវត្ស​មក​ហើយ​នោះ។

លោកស្រី ​ជា វណ្ណាត​ ជា​អតីត​នាយិកា​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​សង្គម​និង​ជា​អ្នក​ វិភាគ​ឯករាជ្យ​ម្នាក់​បាន​ថ្លែង​ថា៖​ ការ​បោះ​ឆ្នោត​មួយ​ដែល​អាច​មាន​លក្ខណៈ យុត្តិធម៌​ត្រឹម​ត្រូវ​ផង​ ហើយ​លទ្ធិ​ប្រជា​ធិបតេយ្យ​ពេញ​លេញ​ផង​នោះ​ លុះ​ត្រាតែ​មាន​វត្តមាន​របស់​មេដឹក​នាំ​បក្ស​ជំទាស់​គឺ​លោក ​សម រង្ស៊ី។

«ខ្ញុំ​មាន​ជំនឿ​ថា​សម្តេច​នាយក​លោក​ធ្លាប់​មាន​បទ​ពិសោធ​ខាងឈ្នះៗ​ ករណី​ឈ្នះៗ​លោក​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​បង្រួប​បង្រួម​ជាតិ ខ្ញុំ​សង្ឃឹម​ថា​ករណី​ឯកឧត្តម​សម រង្ស៊ី​នេះ​នឹង​មាន​ដំណោះស្រាយ​តាម​ផ្នែក​នយោបាយ​ណា​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្ស​សម រង្ស៊ី​ហ្នឹង​លោក​អាច​ នឹង​អញ្ជើញ​ មក​ចូល​រួម​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​និង​ចូល​រួម​ក្នុង​ការ​បោះឆ្នោត»។

លោក ​ស្រី ​ជា វណ្ណាត​ ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​លោក ​សម រង្ស៊ី​ត្រូវ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​បោះ​ឆ្នោត​ជូន​លោក​ដែរ។​ ហើយ​បើ​ការ​ប្រកួត​ប្រជែង​ក្នុង​ពេល​ បោះឆ្នោត​ខាង​មុខ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ឈ្នះ​ ពេលនោះ​ជា​ការ​ឈ្នះ​ដោយ​កិត្តិយស។

ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១២ និង​បោះ​ឆ្នោត​ជា​សកល​នៅ​ឆ្នាំ​២០១៣ខាង​មុខ។​ លោក ​សម រង្ស៊ី​ដែល គណបក្ស​លោក​ទទួល​បាន​អាសនៈ​ក្នុង​សភា​ចំនួន​២៦​ គឺជា​ដៃគូ​ប្រកួត​ប្រជែង

នយោបាយ​ដ៏​សំខាន់​ជា​មួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ចំនួន​៩០ក្នុង​ចំណោម​អសនៈ​សភា​សរុប​ចំនួន​១២៣។

លោក​ហង្ស ​ឆៃយ៉ា ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ បាន​ថ្លែង​ថាដំណោះ​ស្រាយ​នយោបាយ​មួយ​គួរ​កើត​មាន​ទៅ​តាម​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​បោះ​ឆ្នោត​ជូន​លោក ​សម រង្ស៊ី។ លោក ​ឆៃយ៉ា​ថ្លែង​ថា ​លោក ​សម រង្ស៊ី​មិន​អាច​មាន​ឱកាស​បម្រើ ​ដល់​អ្នក​គាំទ្រ​លោក​បាន​ទេ​ប្រសិន​បើ​លោក​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ហើយ​សហគមន៍​អន្តរជាតិ​នឹង​ដាក់​ចម្ងល់​ខ្លាំង​អំពី​បញ្ហា​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ប្រសិនលោក​សម រង្ស៊ី​ត្រូវ​គេ​រឹត​ត្បិត​សកម្មភាព​នយោបាយ។

«ហើយ​រឿង​ហ្នឹង​រឹត​តែ​ធ្វើ​ឲ្យ​បញ្ហា​ហ្នឹង​ពិបាក​ទៀត​ហើយៗ​យើង​ឃើញ​ថា​នឹង មាន​ជះ​ឥទ្ធិពល​ខ្លាំង​ពី​ព្រោះ​អ្នក​ដែល​ស្រឡាញ់​ឯក​ឧត្តម​សម រង្ស៊ី​និង​គណបក្ស ប្រឆាំង​សម រង្ស៊ី​ហ្នឹង​គេ​កំពុង​តែ​ទន្ទឹង​រង់ចាំ​ឲ្យ​គាត់​ចូល​ មក​ប្រទេស ​កម្ពុជា​វិញ​ដើម្បី​ដឹក​នាំ​គណបក្ស​គាត់​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ឆាប់ៗ​នេះ​បាទ»។

លោក​ ឆៃយ៉ា​បាន​អះអាង​ទៀត​ថា៖ ​រឿង​រ៉ាវ​ដក​បង្គោល​ព្រំដែន​នេះ​គួរ​តែ​ដោះ ស្រាយ​តាម​រយៈ​នយោបាយ​មិន​គួរ​ដោះ​ស្រាយ​តាម​ផ្លូវ​តុលាការ​ទេ។

«របៀប​ទំនាស់​ផ្នែក​នយោបាយ​គួរ​ដោះ​ស្រាយ​តាម​ហ្នឹង​ទៅ ​មិន​បាច់​យក​តុលាការ​អី​ដែល​បំភិត​បំភ័យ​ឲ្យ​ប្រជាជន​មិន​សប្បាយ​ចិត្ត​ទេ។ ​គេ​ចង់​ឃើញ​ ប្រទេស​កម្ពុជា​អភិវឌ្ឍ​ ព្រោះ​ប្រទេស​កម្ពុជា​ជួប​ប្រទះ​អកុសល​ប្រវត្តិ​សាស្ត្រ​ជូរចត់។ ហើយ​យើង​ឃើញ​ថា​បច្ចុប្បន្ន​នេះ​គួរ​ធ្វើ​យ៉ាង​ណា​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​ព្រោះ​អី​ ភាព​ក្រីក្រ​ហ្នឹង​ជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង»។

លោក​ ជៀម ​យាប​ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អ្នក​តំណាង​រាស្ត្រ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​ឥទ្ធិពល​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស ចំពោះ​តុលាការ។​ លោក​ថ្លែង​ថា​ករណី​លោក​ សម រង្ស៊ី​ ជា​រឿង​តុលាការ​និង​ការ ប្រព្រឹត្ត​របស់​លោក​សម ​រង្ស៊ី​ ដែល​មិន​មាន​អ្នក​ណា​បញ្ជា​ឲ្យ​គាត់​ដក​បង្គោល​ព្រំដែន​ដែល​ខុស​ច្បាប់​នោះ។​ នៅពេល​សួរ​អំពី​ដំណោះស្រាយ​នយោបាយ​នឹង​អាច​កើត​មាន​ឬទេ​ចំពោះ​លោក សម រង្ស៊ី​ពេល​នេះ? លោក​ជៀម យាប​បាន​បញ្ជាក់​ថា​មាន​ដំណោះស្រាយ​ឬ​យ៉ាង​ណា​គឺ​ស្រេច​លើ​គណបក្ស​សម ​រង្ស៊ី ​និង​ខ្លួន​លោក ​សម រង្ស៊ី​ផ្ទាល់​ដែល​ទាក់ទង​យ៉ាង​ណា​ជាមួយ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ក្នុង​ការស្នើ​លើក​លែង​និង​បន្ទូរ​បន្ថយ​ទោស​ពី​ព្រះមហាក្សត្រ។

«ពី​ព្រោះ​នេះ​ជា​ឆន្ទានុ​សិទ្ធិ​របស់​សម្តេច​តេជោ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ លោក យល់​ឃើញ​យ៉ាង​ណាៗ​នោះ​ជា​សិទ្ធិ​របស់​លោក»។

ក្រុម​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​ត្រូវ​ចាប់​ខ្លួន​ ឬ​ផ្តន្ទា​ទោស​រួម​ទាំង​លោក ​សម រង្ស៊ី​ ផង​ កាល​ពី​អតីតកាល​ធ្លាប់​សរសេរ​លិខិត​បំភ្លឺ​ ឬ​សុំ​ទោស​លោក​ ហ៊ុន​ សែន ដើម្បី​ជា​ថ្នូរ​នឹង​ការលើកលែង​ទោស​ឬ​ស្នើ​ឲ្យ​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​បន្ទាប់​ពី​តុលាការ​សម្រេច​ទោស​នៅ​ពេល​មាន​ករណី​ក្តី​ក្តាំ​តុលាការ​ជា​មួយ​គ្នា។

លោក ​សម រង្ស៊ី​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ស.រ.អ.​កាលពី​សប្តាហ៍​មុន​ដើម្បី​ជួប​ជាមួយ​មន្ត្រី​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​ស.រ.អ​ត្រួត​ពិនិត្យ​មើល​ស្ថានការណ៍​ កម្ពុជា​ឡើងវិញ​ជា​ពិសេស​ទាក់ទង​នឹង​រឿង​បោះ​ឆ្នោត​ពេល​ខាង​មុខ។​ លោក​បញ្ជាក់​ថា​ប្រសិន​បើ​បញ្ហា​មួយ​ចំនួន​រួម​ទាំង​សេរីភាព​របស់​គណបក្ស​ជំទាស់​ ដែល​មិន​អាច​មាន​សេរីភាព​ធ្វើអ្វី​បាន​នុះ ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ នឹង​ក្លាយ​ជា​ការបោះ​ឆ្នោត​ដែល​មិន​បាន​ការ។

មន្ត្រី​សហគមន៍​អឺរ៉ុប​កាល​ពី​ខែ​ថ្មីៗ​នេះ​បាន​ថ្លែង​ប្រាប់​វីអូអេ​ ផ្នែក​ខេមរភាសា​ថា នយោបាយ​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​បើ​មាន​ការចូលរួម​របស់ លោក​សម រង្ស៊ី៕