អ្នក​សង្កេតការណ៍​សុំ​ឱ្យ​តុលាការ​ខ្មែរ​ក្រហម​បញ្ចប់​រឿងក្តី​នា​នា​​ដោយ​មិនមាន​ការលូកដៃ​ពី​រដ្ឋា​ភិ​បាល

ក្រុម​មន្រ្តី​នៃ​​សាលាក្តី​​កាត់ទោស​ខ្មែរ​ក្រហម នៅ​ក្នុង​សនិ្នសីទ​សារព័ត៌មាន​មួយ។​

លោក សុខ ខេមរា នៃ​វីអូអេ សំឡេង​សហរដ្ឋ​អាមេរិក​បាន​ជួបសម្ភាសជាមួយ​លោកស្រី​ ហេដឺរ រ៉ៃអិន (Heather Ryan)​ អ្នក​តាមដាន​ដំណើរការ​តុលាការ​ខ្មែរ​ក្រហម និង​ជាបុគ្គលិក​នៃ​អង្គការ​ OSJI ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។ លោកស្រីបាន​បង្ហាញ​ពីទស្សនៈ​ជុំវិញ​ដំណើរការ​រឿងក្តី​បន្ថែម​ទៀត​ ដែល​តុលាការ​អាចនឹង​ចាត់ការ ​និង​ការ​លូកដៃពីសំណាក់​រដ្ឋាភិបាល​កម្ពុជា​ចូលក្នុង​កិច្ច​ការ​របស់​សាលាក្តី។ ​ខាង​ក្រោម​នេះ​ជាកិច្ច​សម្ភាសទាំងស្រុង៖

១- អង្គការ​សហប្រជាជាតិ​ និង​កម្ពុជា​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​បញ្ចប់​សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម ហើយ​នៅ​ក្នុង​របាយ​ការណ៍​របស់​អង្គការ​លោក​ស្រី និង​សេចក្តី​ថ្លែងការណ៍​របស់​នាយក​អង្គការ លោក ជែម ហ្គោលស្តូន (Jam Goldston) ទៀត​សោត ​បាន​បញ្ជាក់​ថា​ ការ​គំរាម​ជ្រៀត​ជ្រែក​នយោបាយ​កើត​ឡើង ​ពេល​រៀបចំ​យុទ្ធសាស្ត្រ​បញ្ចប់​សាលាក្តី ​ហើយ​កេរ្តិ៍​តំណែល​របស់​សាលាក្តី​អាច​មាន​ជានិទណ្ឌភាព។ តើរឿង​នោះ​មាន​ន័យ​យ៉ាង​ម៉េច?

ច៎ា! ក្តី​បារម្ភ​គឺថា ​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​ រួម​ទាំង​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ផង​ បាន​បញ្ជាក់​ថា​ គេ​មិន​ចង់​ឲ្យ​រឿង​ក្តី​មួយ​ចំនួន ​ដែល​ដំណើរ​ការ​កាត់ទោស​បាន​បោះ​ជំហាន​ទៅ​មុខ​ហើយ​នោះ​ មាន​ដំណើរ​ការ​ទេ។ ហើយ​ប្រព័ន្ធ​តុលាការ​គួរតែ​ឯករាជ្យ​នៅ​ពេល​អង្គ​នីតិប្រតិបត្តិ​របស់​រដ្ឋាភិបាល​ដែល​មាន​នាយក​រដ្ឋមន្ត្រី​ និង​មន្ត្រី​ដទៃ​ទៀត​ជ្រើស​រើស​ជន​ដែល​ត្រូវ​ចោទ​ប្រកាន់​ ហើយ​នឹង ​ជន​ដែល​មិន​ត្រូវ​ចោទ​ប្រកាន់។ ​ពេល​នោះ​អ្នក​មានស្ថានភាព​មួយ​ដែល​បង្កើត​និទណ្ឌភាព​ ដោយ​សារ​ថា ​អ្នក​គ្មាន​តុលាការ​ឯករាជ្យ ​និង​ការសម្រេច​ទោស​ដោយឯករាជ្យ។ ​ដូច្នេះ​យើង​មាន​ក្តីបារម្ភ។ អង្គការ OSJI​ បារម្ភ​ពីព្រោះ​រដ្ឋាភិបាល​ហាក់​ដូចជា​កំពុង​ព្យាយាម​បញ្ជា​តុលាការ​ថា ​ជនណា​ត្រូវស៊ើប​អង្កេត និង​ត្រូវ​កាត់​ទោស។ ធ្វើ​បែប​នោះ​អាចនាំ​ទៅកាន់​និទណ្ឌភាព ​ដែល​អ្នក​ប្រព្រឹត្តអំពើ​ឧក្រិដ្ឋកម្ម​ត្រូវ​បាន​ការពារ​ដោយ​អង្គការ​នីតិ​ប្រតិបត្តិ​របស់​រដ្ឋាភិបាល។

២-​ភាគី​អន្តរជាតិ​នៃតុលាការ ​កំពុង​ដំណើរការ​ឆ្ពោះ​ទៅ​កាន់​ការ​ចោទ​ប្រកាន់​ជនសង្ស័យ​ប្រាំ​នាក់​បន្ថែម​ទៀត​ គឺ​មានន័យ​ថា ជា​ករណី​០០៣ និង​០០៤ ក៏​ប៉ុន្តែ​ ដូចរដ្ឋាភិបាល​ដែរ ​ភាគី​កម្ពុជា​បាន​រារាំង ​តើ​ករណី​ថ្មី​បន្ថែម​ទាំងនេះ​ គួរ​ត្រូវ​និយាយ​យ៉ាង​ដូចម្តេច​ក្នុង​យុទ្ធសាស្រ្ត​បញ្ចប់? តើ​មាន​លទ្ធភាព​ណា​មួយ​ ​ដែល​ថា ​ថវិកា​សម្រាប់​តុលាការ​ទៅ​ថ្ងៃ​អនាគត​ត្រូវ​ពឹង​ផ្អែកលើ​យុទ្ធសាស្រ្ត​បញ្ចប់​សាលាក្តី​នេះ​ទេ?

ចា៎! ដោយ​កិច្ចចរចា​នានា​អំពី​យុទ្ធសាស្ត្រ​បញ្ចប់​សាលាក្តី​មិន​ទាន់​ឃើញ​ច្បាស់​នៅ​ឡើយ ដូច្នេះ​យើង​មិន​ទាន់​ប្រាកដ​ថា ​តើ​ជម្រើស​អ្វី​ដែល​គេពិចារណា​ទេ។ ជា​ការ​ពិត​ដោយ​សារ​តែ​រឿងក្តី​លេខ​០០៣ និង​០០៤ គឺ​ជា​ផ្នែក​នៃ​ដំណើរ​ការតុលាការ​រួច​ទៅ​ហើយ ​ក្នុង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នោះ ​រឿង​ក្តី​ទាំង​នេះគួរត្រូវ​បាន​បញ្ចប់​ដោយ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហើយ​មិន​គួរ​ត្រូវ​បាន​ទាត់​ចោល​ទេ បើ​ពុំ​ដូច្នោះ​ទេ​ ត្រូវដោះ​ស្រាយឬ​បោះ​ចោល​តុលាការ​ដែល​ជា​ផ្នែក​មួយ នៃ​យុទ្ធសាស្ត្រ​បញ្ចប់នោះ។ ​ឥឡូវនេះ​ ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ចាប់​អារម្មណ៍ ​ចង់ដឹង​ថា​ តើ​តុលាការ និង​បញ្ចប់​ប្រតិបត្តិការណ៍​របស់​ខ្លួន​ក្នុង​អំឡុង​រយៈពេល​ដ៏​សមរម្យ​មួយ។ ក៏​ប៉ុន្តែ​រឿង​នោះ មាន​ន័យ​ថា​ តុលាការ​ត្រូវ​តែ​បញ្ចប់ ​និង​ ដោះ​ស្រាយ​តាម​នីតិ​វិធីនូវ​រឿង​ក្តី​ទាំង​អស់​ដោយ​រួមទាំងរឿងក្តី​លេខ​ ០០៣ និង០០៤ផង​ដែរ។ ដូច្នេះ​យុទ្ធសាស្ត្រ​បញ្ចប់ ​អាច​បង្ហើយកិច្ចការ​តុលាការបន្ទាប់​ពី​ដោះស្រាយ​រឿង​ក្តី​លេខ​០០៣ និង​០០៤ ​ត្រូវ​ដោះ​ស្រាយ​រួច​ ប៉ុន្តែ​មិនអាចមុន​នោះ​ទេ។

៣-បើ​អញ្ចឹង​រឿង​នេះ​នឹង​ក្លាយ​ជា​បញ្ហា​ស្មុគ​ស្មាញ​ក្នុង​ការធើ្វយុទ្ធសាស្រ្ត​បញ្ចប់។ តើត្រូវការ​រយៈ​ពេល​ប៉ុន្មាន​ដើម្បី​រៀបចំ​យុទ្ធសាស្រ្តបញ្ចប់​នេះ? ហើយ​តើវា​នឹង​បញ្ចប់​តាម​របៀប​យ៉ាង​ម៉េច​ទៅ​បើ​តាម​អ្នក​ស្រ្តី​គិត?

ច៎ា! វា​ជា​រឿង​ពិបាក​នឹង​ដឹង​ថា​តើ​យុទ្ធសាស្រ្តនឹង​ត្រូវ​បាន​បញ្ចប់ ​ប៉ុន្តែ​វា​អាច​ប្រើ​ពេល​យូរ​ ពីព្រោះ​ជារឿយៗ​យុទ្ធសាស្ត្រ​បញ្ចប់​តុលាការ​ទាម​ទារ​ការ​ចរចា​ជា​ច្រើន​រវាងរដ្ឋា​ភិបាល​កម្ពុជា​ និង​អង្គការ​សហប្រជា​ជាតិ។ ហើយ​បទពិសោធ ​បាន​បង្ហាញ​ថា ​រាល់​ការ​ផ្លាស់​ប្តូរ​ រាល់​កិច្ច​ព្រមព្រៀង​រវាង​អង្គការ​សហ​ប្រជា​ជាតិ​និង​រដ្ឋាភិបាល​កម្ពុជា​ប្រើ​ពេល​ដ៏វែង​ក្នុង​ការ​ដោះ​ស្រាយ។ ដូច្នេះ​ហើយ ​យុទ្ធសាស្ត្រ​បញ្ចប់​សាលាក្តី​មិន​អាច​ត្រូវ ​ដោះ​ស្រាយ​បាន​ក្នុង​រយៈពេល​ជា​ច្រើន​ខែ​ទៅ​មួយ​ឆ្នាំ​ទេ។ គេ​ពុំ​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេថា​រដ្ឋាភិបាល​កម្ពុជា​ចង់​ឃើញ​អ្វី​ក្នុង​យុទ្ធសាស្ត្រ​បញ្ចប់ ហើយ​យើង​ក៏​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ដែរ​ ថា​តើ​អង្គការ​សហ​ប្រជាជាតិ ឬ​ម្ចាស់​ជំនួយ​ចង់​បាន​អ្វី​នៅ​ក្នុង​យុទ្ធសាស្រ្ត​បញ្ចប់​នោះ។​ ដូច្នេះ​វា​ជា​ការ​ពិបាក​ក្នុង​កិច្ច​ចរចា​រវាង​ភាគី​ពាក់ព័ន្ធ​ទាំង​ឡាយ។

៤- ខ្ញុំ​ចង់​និយាយ​ថា ​អង្គ​ជំនុំ​ជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​កាត់ទោស​រឿងក្តីទីមួយ​រួច​ហើយ ហើយ​បច្ចុប្បន្ន​កំពុង​រៀប​ចំ​កាត់​ទោស​ជន​ជាប់​ចោទ​បួន​នាក់​បន្ថែម​ទៀត ​ហើយ​រៀបចំ​ជំហាន​បន្ទាប់ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា​ អាណត្តិ​របស់​សាលា​ក្តី​កំណត់ការ​ជំនុំ​ជម្រះទោស​តែ​ប្រាំ​នាក់​ប៉ុណ្ណោះ​ហើយ​ព្រមាន​ថា​ រឿងក្តី​ថ្មី​ទៀត ​មិន​អាច ​ធ្វើ​ទៅ​បាន​ដោយ​គ្មាន​ការ​ចរចា​ជា​ថ្មី​រវាងអង្គ​ការ​សហ​ប្រជា​ជាតិ​ និង​កម្ពុជា​ទេ។ ​តើ​អ្នក​ស្រី​មាន​យោបល់​យ៉ាង​ណា​ដែរ?

ចា៎! អាណត្តិ​របស់​សាលាក្តី​មិន​មែន​ត្រឹម​តែ​កាត់​ទោស​រឿង​ក្តី​ប្រាំ​នោះ​ទេ។ អាណត្តិ​របស់​សាលាក្តី​គឺ​ត្រូវ​កាត់​ទោស​ជន​ទាំង​ឡាយ​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ និង​មេ​ដឹក​នាំ​ជាន់​ខ្ពស់។ ហើយ​រឿង​នេះ​ស្រេច​ទៅ​លើ​ព្រះរាជ ​អាជ្ញា​នៃ​តុលាការ​ក្នុង​ការ​កំណត់​ និង​ស្រេច​ទៅ​លើ​ចៅក្រម​ ក្នុង​ការ​កំណត់​ថា​ជន​ណាចូល​ក្នុង​លក្ខណៈ​ជា​មេដឹក​នាំ​ជាន់​ខ្ពស់ ​និង​ជន​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នោះ។ ហើយគ្មាន​អ្នក​ណាបាន​ដឹង​ថា ​មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវបាន​ចរចា​ថា​ ត្រូវ​នាំ​ខ្លួន​តែ​ជន​ប្រាំនាក់​ទៅកាត់​ទោស​នោះ​ទេ។ ដូច្នេះ​តាម​ទស្សនៈ​របស់​យើង​ ទស្សនៈ​របស់​អង្គការ​ OSJI ​គឺ​ថា​វា​គ្មាន​ន័យ​ទេ​ ដែល​ថា​ អាណត្តិ​របស់​តុលាការ​គឺ​នាំ​ខ្លួន​ជន​តែ​ប្រាំ​នាក់​ ឡើង​តុលាការ​។ អាណត្តិ​តុលាការ​គឺ​ធំធេង​ជាង​នោះ។

៥- បាទ! លោកស្រី​ រ៉ៃអិន​ (Ryan) នៅ​ក្នុង​ករណី​តុលាការ​ជួប​ប្រទះ​បញ្ហា​ធ្ងន់​ធ្ងរ​ទៅ​អនាគត​ ដូចជា​ខ្វះខាត​ថវិកា ​មិន​អាច​រកដំណោះ​ស្រាយ​ណា​មួយជាមួយ​ភាគី​អង្គការ​សហប្រជាជាតិ​ លើ​ការចោទ​ប្រកាន់​ថ្មី ​ពេល​នោះ​រឿង​ក្តី​ដែលនៅ​សេស​សល់ ​អាច​ត្រូវបានផ្ទេរ​ទៅតុលាការ​ក្នុង​ស្រុក ​តើ​រឿង​នោះ​ជា​ សេណារីយោ​ល្អ​សម្រាប់​កម្ពុជា​ទេ? ​តើ​រឿង​នោះ​អាច​ជា​លទ្ធផល​គួរ​ឲ្យ​ពេញចិត្ត​ សម្រាប់​ភាគី​អន្តរជាតិ​ទេ?​សូម​អ្នក​ស្រី​ពន្យល់។

បញ្ហា​ផ្ទេរ​សំណុំ​រឿង​នានា​ទៅ​កាន់​តុលាការ​កម្ពុជា​គឺ​ថា​ រដ្ឋា​ភិបាល​កម្ពុជា​បាន​ចង្អុល​បង្ហាញ​ថា ខ្លួន​គិត​ថា​ករណី​០០៣ ​និង​០០៤​ មិន​ត្រូវ​កាត់​ទោស​ទេ។ ហេតុ​ដូច្នេះ វា​ជា​ការលំបាក​ក្នុង​ការស្រមៃ​ថា តុលាការកម្ពុជា​មានលទ្ធភាព​កាត់​ទោសរឿង​ក្តីទាំង​នោះ​ប្រកប​ដោយ​យុត្តិធម៌។ ដូច្នេះ ខ្ញុំ​គិត​ថា​រឿង​នោះ​ នឹង​អាច​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​តុលាការ​ ឬ​ខូចខាត​ដល់ ​បុព្វហេតុ ​នៃ​និទណ្ឌភាព ​ប្រសិន​បើ​រឿង​ក្តី​០០៣ ​និង​០០៤​ នឹង​ត្រូវ​ផ្ទេរ​ទៅ​កាន់​តុលាការ​ក្នុង​ស្រុក។ ​រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូចជា​មាន​ឆន្ទៈ​នឹងអនុញ្ញាត​ឲ្យ​មាន​ការ​កាត់ទោស ​រឿង​ក្តី​០០២​ដោយ​សមរម្យ​ ហើយ​នោះ​គឺ​ជា​រឿង​វិជ្ជមាន ​ក៏​ប៉ុន្តែ វា​ជា​ការ​លំបាក​បន្តិច​ក្នុង​ការ​ស្រមៃ​ថា​ តុលាការ​ក្នុង​ស្រុក​របស់​កម្ពុជា​អាច​មានពិសោធ​ដើម្បី​កាត់ទោស​រឿងក្តី​ដ៏​ស្មុគ្រ​ស្មាញ ​ពាក់ព័ន្ធនឹង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ដោយ​គ្មាន​ជំនួយ​ពីបុគ្គលិក​អន្តរជាតិ​ដែល​មាន​បទពិសោធ​នោះ។ ​ដូច្នេះ​ ខ្ញុំ​គិត​ថា ​ការ​ផ្ទេរ​សំណុំ​រឿង​ទៅ​កាន់​តុលាការ​ក្នុង​ស្រុក​អាច​ជា​រឿង​ដ៏​សែន​លំបាក និ​ង​ធ្វើ​ឲ្យ​ខូចកេរិ៍្ត​ឈ្មោះ​ដែល​អង្គជំនុំជម្រះក្នុង​តុលាការ​កម្ពុជា​បាន​បង្កើតរួច​ហើយ​នោះ។

៦-បាទ! សំណួរ​ចុង​ក្រោយ​របស់​ខ្ញុំគឺ​ថា ​ទាក់​ទង​នឹងកិច្ច​សហ​ប្រតិ​បត្តិ​ការណ៍​ អង្គការ​សហប្រជាជាតិ​ មាន​លក្ខណៈ​ស្ងៀមស្ងាត់​ ទោះ​បី​ជាគ្មាន​កិច្ចសហ​ប្រតិបត្តិការណ៍​ពី​កម្ពុជា​ជុំវិញ​រឿង​ចោទ​ប្រកាន់​ដែល​ត្រូវ​រាំង​ស្កាត់​ក្តី ​ដូច្នេះ​នោះ​មាន​ន័យ ​ថា​អង្គការ​សហប្រជាជាតិមិន​អាច​លូក​ដៃ​ចូល​ក្នុង​តុលាការ? ​ហើយ​ប្រសិន​បើ​អង្គការ​សហប្រជាជាតិ​យល់​ព្រម ​មិន​ឲ្យ​មានការចោទប្រកាន់​ថ្មី​ទៀត ហើយ​សំណុំ​រឿង​សេស​សល់ ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ក្នុងស្រុក​ តើ​មាន​អ្វី​ជា​គុណវិបត្តិ​សម្រាប់​សាលាក្តី ​និងជា​កេរ្តិ៍ដំណែល​របស់​តុលាការ?

អញ្ចឹង​ហើយ! ​ខ្ញុំ​គិត​ថា​ ជា​អកុសល​ដែល​អង្គការ​សហ​ប្រជា​ជាតិ​មិនសកម្ម​ចំពោះ​រឿង​ ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​លូក​ដៃ​ក្នុង​ដំណើរ​ការជឿនលឿន​នៃ​សំណុំ​រឿង​លេខ​០០៣ និង ០០៤។ មក​ដល់​ពេល​នេះ​ ខ្ញុំ​គិត​ថា​ រឿងក្តី​០០៣ ​និង០០៤ ​ទំនង​ជា​អាច​ត្រូវទាត់​ចោល​ ​ឬ​បញ្ជូន​ទៅ​កាន់​តុលាការ​ក្នុង​ស្រុក។ ​រឿងនេះ​ ករណី​ទាំង​នោះ​ទំនង​ជា​មិន​អាច​ត្រូវ​កាត់ទោស​តាម​លក្ខណៈ​ ស្រប​នឹងបទដ្ឋាន​អន្តរជាតិ​ទេ ​ហើយ​អាចនឹង​ខូច​ខាត​ដល់​កេរ្តិ៍ឈ្មោះ​តុលាការ​។

បាទ! សូម​អរគុណ​លោក​ស្រី​ Ryan.

ចា៎! សូម​អរ​គុណ៕