នគរបាល​រក​ឃើញ​គ្រឿង​ផ្សំ​ផលិត​គ្រឿង​កែ​សម្ផស្ស​ក្លែង​ក្លាយ​ប្រាំពីរ​តោន

ឱសថស្ថាន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា

នគរបាល​កម្ពុជា​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់ ដែល​ជា​អ្នក​ផលិត​គ្រឿង​កែ​សម្ផស្ស​ខុស​ច្បាប់​ដ៏​ធំ​មួយ​នៅ​ភ្នំពេញ។ នគរបាល​បាន​រក​ឃើញ​ថា ជន​សង្ស័យ​ទាំង​ពីរ​បាន​លាក់​ទុក​គ្រឿង​ផ្សំ​សម្រាប់​ផលិតគ្រឿងកែ​សម្ផស្ស​ចំនួន​ប្រាំពីរ​តោន។

កាលពី​ថ្ងៃ​អង្គារ​ នគរបាល​បាន​រក​ឃើញ​វត្ថុធាតុ​ផ្សំ​គ្រឿង​កែ​សម្ផស្ស​ក្លែង​ក្លាយ​ចំនួន​ប្រាំពីរ​តោននៅក្នុង​ផ្ទះ​ចំនួន​បី​របស់​ម្ចាស់​កម្មសិទ្ធិ​នៃ​ការ​រកស៊ី​តែ​មួយ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ​ជាយ​ក្រុង​ភ្នំពេញ។ ធាតុផ្សំ​ទាំងនោះ​រួមមានម្សៅ​សាប៊ូ​ក្លែងក្លាយ​ ប្រេង និង​ថ្នាំទឹក​លាបខ្លួន ​រួមទាំង​ម្សៅ ​ដែលឈ្មួញ​ខុសច្បាប់​នេះ​ប្រើ​សម្រាប់​ផលិត​គ្រឿង​សំអាង​ក្លែងក្លាយ​អស់រយៈ​ពេល​ជាង​ដប់ឆ្នាំ​មក​ហើយ។ នេះ​បើ​យោងតាម​ប្រភព​ពី​មន្ដ្រី​នគរបាល។ ជនជាប់​ពាក់ព័ន្ធ​ចំនួន​បួន​នាក់​ត្រូវ​បានចាប់ខ្លួន​ ក្នុង​នោះមានកម្មករ​ និង​អ្នក​តំណាង​របស់ឈ្មួញម្នាក់​។

លោក​ វរៈសេនីយ​ ឡុង​ ស្រេង​ ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​ ដែល​បាន​ដឹកនាំ​ប្រតិបត្តិការ​បង្ក្រាប​នេះបាន​ឲ្យដឹង​ថា ​ឈ្មួញ​ដែល​បើក​អាជីវកម្ម​ខុស​ច្បាប់នេះ​ចំនួន​ពីរ​នាក់ បាន​រត់​គេចខ្លួន​មុន​ពេល​នគរបាល​មកដល់។ នគរបាល​កំពុង​ស្វែងរក​ចាប់​ពួកគេ​នា​ពេល​នេះ។

លោក​ ឡុង ​ស្រេង ​បន្ថែម​ថា​ ឈ្មួញ​ខុស​ច្បាប់​ខាង​លើ​បាន​ទិញ​គ្រឿផ្សំ​នានា ​ពី​ផ្សារ​នៅ​ក្នុង​ប្រទេស​រួច​យក​មក​លាយ​ធ្វើ​ជា​គ្រឿង​សំអាង​សម្រាប់​កែ​សម្ផស្ស​ដោយ​ខ្លួន​ឯង ​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ និង​ដោយ​គ្មានលក្ខណៈ​បច្ចេកទេស​ឡើយ​។ ផលិតផល​ដែល​ពួកគេ​ផលិត ត្រូវ​បាន​យកទៅ​ចែក​ចាយ​លក់​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា។

នៅ​ប្រទេស​កម្ពុជា ​សម្ភារៈ​ និង​ផលិតផល​ក្លែងក្លាយ​ត្រូវ​គេដឹង​ថា​ បាន​ធ្វើ​ចរាច​យ៉ាង​ទូលំ​ទូលាយ​នៅលើ​ទីផ្សារ​ និង​នៅ​ក្នុង​ទីផ្សារ​ងងឹត។ មន្ដ្រី​កាំកុងត្រូល​របស់​ក្រសួង​ពាណិជ្ជកម្ម ​និង​មន្ដ្រី​ផ្លូវការ​ក្រសួង​សុខា​ភិបាល​ មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃនេះ។ ទោះ​ជា​យ៉ាងណា​ លោក​វេជ្ជ​បណ្ឌិត​ វឹង​ ជឹម​ ហៀង​ អនុ​ប្រធាន​នាយក​ដ្ឋានឱសថ​ ចំណី​អាហារ​ និង​គ្រឿង​សំអាង ​បាន​ប្រាប់​កាសែត​ជា​ភាសា​អង់គ្លេស​ The ​Cambodia ​Daily​ កាលពី​ថ្ងៃ​ពុធ​ថា​ គ្រឿង​កែសម្ផស្ស​ក្លែងក្លាយ​អាច​នឹង​បំផ្លាញ​ស្បែក​ និង​បំពុល​អ្នក​ប្រើប្រាស់​ពីព្រោះ​ អ្នក​ផលិត​គ្រឿង​អស់ទាំង​នេះ​ប្រើ​ជាតិគីមី​មួយ​ចំនួន ​ដែល​គ្មាន​ការ​អនុញ្ញាត។

វេជ្ជបណ្ឌិត​ក្រសួង​សុខាភិបាល​មួយរូប​ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ ​បានពន្យល់​ថា ​ការ​ប្រើ​ប្រាស់​ផលិតផល​កែ​សម្ផស្ស​ដែល​មាន​ជាតិ​គីមី​ខុស​បទដ្ឋាននិង​បណ្ដាល​ឲ្យប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ ពីព្រោះ​សារធាតុ​គីមី​ដែល​ត្រូវ​ហាមឃាត់​នឹង​ជ្រាប​ចូល​សរសៃ​ឈាមដែល​នៅ​ខាង​ក្រោម​ស្បែក។ ការ​ប្រើប្រាស់​គ្រឿង​កែសម្ផស្ស​ក្លែង​ក្លាយ​ទាំង​នេះយូរ​ទៅ សារធាតុ​គីមី​ទាំងនេះ​ នឹង​បំផ្លាញ​ថ្លើម​ គ្រលៀន ​ជាដើម។ ជាពិសេស​សារធាតុ​បារ៉ត​បង្ក​ឲ្យ​មានគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ជាង​គេ។

យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated ​Press ​បាន​ឲ្យដឹង​ថា​ ស្ដ្រី​ខ្មែរ​អាយុ​២៣ ​ឆ្នាំ ​ម្នាក់​ បាន​ស្លាប់ កាលពី​ខែ​ ​មិនា ​កន្លង​ទៅ​ បន្ទាប់ពី​បាន​ប្រើប្រាស់​ក្រែម​ធ្វើ​ឲ្យ​ស្បែក​ស ​ដែល​មាន​ជាតិ​បារ៉តខ្ពស់៕