ប៉ូលិស​ខេត្ត​កំពង់ស្ពឺ​ស៊ើប​អង្កេត​អំពី​សព​ក្មេង​ប្រុស

នេះ ជារូប​ក្មេង​ប្រុស ​ខឹម សុផាត ​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ដើម​ខែ​មករា​ ឆ្នាំ២០១៤នេះ។ ហើយ​សាកសព​ដែល​គេ​រក​ឃើញនោះ សមត្ថ​កិច្ច​​មិន​ទាន់​អាច​កំណត់​បានថា ​ជា​សព​របស់​ ខឹម សុផាត​បាន​នៅ​ឡើយ​ទេ​ ដរាប​ណា​លទ្ធផល​ការ​ធ្វើ​កោសល្យ​វិច័យ​សាក​សព​មិន​ទាន់​បាន​បង្ហាញ​ផ្លូវ​ការ។​​

កងកម្លាំង​មាន​សមត្ថកិច្ច​ខេត្ត​កំពង់​ស្ពឺ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ចាប់​ផ្តើម​បើក​ការ​ស៊ើប​អង្កេត​នៅ​កន្លែង​ដុត​សាកសព​មួយ​ ក្បែរ​ជើង​ភ្នំ​ម្រះ​ព្រៅ​ ដែល​គេ​សង្ស័យ​ថា​ ទំនង​ជា​សាក​សពក្មេង​ប្រុស​ជនរង​គ្រោះអាយុ​១៦​ឆ្នាំ​ ដែល​ត្រូវ​គេ​បាញ់របួស​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​មួយ​កាល​ពី​ដើម​ខែ​មករា​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា។

កាល​ពី​ចុង​សប្តាហ៍​មុន ​មន្ត្រី​គណបក្ស​ប្រឆាំងបាន​អះអាង​ថា​ មាន​ក្មេង​ឃ្វាលគោ​ម្នាក់​បាន​ប្រទះ​ឃើញ​កន្លែង​ដុត​សាក​សព​មួយ ​នៅ​ក្បែរ​ជើង​ភ្នំ​ម្រះ​ព្រៅ​ជា​តំបន់​ដាច់​ស្រយាល​ពី​ភូមិ ​ក្រោយ​មក​ដំណឹង​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ថា ជាសព​ជន​រង​គ្រោះ​ឈ្មោះខឹម សុផាត​ អាយុ​១៦​ឆ្នាំ​ ជាកម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ដើម​ខែមករា។​

លោកម៉ិច សោភ័ណ្ឌ​ អធិការ​រង​ប៉ូលិសស្រុក​សម្រោងទង​មាន​ប្រសាសន៍ថា​ ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ចបាន​ចាប់​ផ្តើម​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ហើយ។​ ក៏ប៉ុន្តែ​មិន​ទាន់​ចុះ​ទៅ​ដល់​ទីតាំង​កន្លែង​កើត​ហេតុ​ទេ​ ដោយ​សារ​តែ​មាន​ចម្ងាយផ្លូវ​ឆ្ងាយ ​និង​ផ្លូវ​លំបាក​ធ្វើ​ដំណើរ។​

លោក​មាន​ប្រសាសន៍ថា​ សមត្ថ​កិច្ចមិន​ទាន់​អាច​កំណត់​ថា ​សព​ជន​រង​គ្រោះ​នោះ​ ឈ្មោះ​ខឹម សុផាត​បាន​នៅ​ឡើយ​ទេ​ ដរាប​ណា​លទ្ធផល​ការ​ធ្វើ​កោសល្យ​វិច័យ​សាក​សព​មិន​ទាន់​បាន​បង្ហាញ​ផ្លូវ​ការ។

លោក​និយាយ​ថា៖​ ​«យើង​ឮ​សូរ​ព័ត៌មាន​ យើង​មិន​ទាន់​ច្បាស់​ការថា​ យ៉ាង​ម៉េចៗ​ពិត ឬ​ក៏​មិន​ពិត​ ពីព្រោះ​យើង​មិន​ទាន់​ទៅ​ដល់​កន្លែង​កើត​ហេតុ»។​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រមូល​យក​ភស្តុតាង​ពីកន្លែង​ដុត​សាកសព​មក​ទី​ស្នាក់​ការ​កណ្តាលរបស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​ ​ក៏​ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ដល់​អ្នក​កាសែតទេ ​នៅ​ពេល​ដែល​វីអូអេ​បាន​ព្យាយាម​សាក​សួរ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​

លោកខឹម សឿន​ អាយុ​៤១​ឆ្នាំ​ ត្រូវ​ជា​ឪពុក​ជនរង​គ្រោះ​ឈ្មោះខឹម សុផាត ដែល​បាត់ខ្លួន​ មាន​ប្រសាសន៍ថា ​លោក​មិន​ទាន់​បាន​ឃើញ​ភស្តុតាង​កាក​សំណល់​ដុត​សាកសព​នៅ​ឡើយ​ទេ។​ ​ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ កូន​របស់​លោក​ត្រូវ​បាន​ក្រុម​សមត្ថកិច្ចបាញ់​ឲ្យរង​របួស​កាល​ពី​ថ្ងៃទី​៣​ខែ​មករា​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ ​រួច​ហើយ​បាន​លើក​ដាក់​លើ​រថយន្ត​ដឹក​ចេញ​ទៅ។​

លោក​និយាយ​ថា ​រហូត​មក​ដល់​ពេលនេះ​ អស់​រយៈ​ពេល​ជិត​៥​ខែ​មក​ហើយ​ដំណឹង​នៃ​ការ​បាត់​ខ្លួន​កូន​ប្រុស​របស់​លោក​បាន​ស្ងាត់​សូន្យ​ឈឹង។​ ​ហើយ​លោក​សន្និដ្ឋាន​ថា ​កូន​របស់​លោក​បាន​ស្លាប់​បាត់​ទៅ​ហើយ។​

បើ​ទោះ​បី​ជា​បាន​សន្និដ្ឋាន​ថា ​កូន​ប្រុស​បាន​ស្លាប់​ទៅ​ហើយ​ ​ក៏​លោក​ខឹម សឿន​ នៅ​តែ​មិន​ទាន់​ជឿ​ថា​ ​សព​ដែល​គេដុត​នៅ​កន្លែង​ដែលគេ​ទើប​នឹង​រក​ឃើញ​ថ្មីៗ​នេះជាសព​របស់​កូន​លោក​ ឬ​ក៏​យ៉ាង​ណា​នៅ​ឡើយ​ទេ។​

លោក​និយាយ​ថា៖​«មិន​ទាន់​ពិតទេ​ នៅទេ!»។​

លោក​នី ចរិយា​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​បញ្ជាក់​ថា​ លោក​មាន​ការ​សង្ស័យ​ចំពោះ​កន្លែង​ដុត​សាកសព​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។​ ក៏​ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ឲ្យបាន​១០០%​ថា​ ជា​សាកសព​ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំ​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ដើម​ខែ​មករា​នេះទេ។

លោក​បាន​ជំរុញ​ឲ្យអាជ្ញាធរ​មាន​សមត្ថកិច្ចយក​កាក​សំណល់​ដែល​សេស​សល់​យក​ទៅ​ធ្វើ​កោសល្យ​វិច័យ​នៅ​ប្រទេស​ថៃ​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ។

លោក​និយាយ​ថា៖​ «ការ​ធ្វើ​កោសល្យ​វិជ្ជសាស្រ្ត​ គេ​អាច​រក​ឃើញ​ថា​ តើ​DNA​សាកសព​ជាមួយ​ហ្នឹង​ជាមួយ​ឪពុក​មាន​លក្ខណៈដូច​គ្នា ​ឬ​ក៏​យ៉ាង​ម៉េច ​ដែល​គេ​អាច​សម្គាល់​ថា​ ពិត​ជាកូន​របស់​គាត់​ ឬ​ក៏​មិន​មែន​កូន​របស់​គាត់។ ​នេះ​ជាចំណុច​សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ»។

កាល​ពី​ដើម​ខែ​មករា​ កង​កម្លាំង​មាន​សមត្ថកិច្ចរបស់​រដ្ឋាភិបាល​បាន​បាញ់​បង្ក្រាប​យ៉ាង​បង្ហូរ​ឈាម​ទៅ​លើ​ការ​តវ៉ា​របស់​ក្រុម​កម្មករ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា។​

យ៉ាង​តិច​មាន​មនុស្ស​ប្រមាណ​៨​នាក់​ត្រូវ​បាន​ស្លាប់​ជាបន្តបន្ទាប់​នៅ​ក្នុង​ការ​បាញ់​បង្ក្រាប​នៅ​ស្ពាន​ក្បាល​ថ្នល់​ គល់​ស្ពាន​ស្ទឹង​មាន​ជ័យ​ និង​សួន​ឧស្សាកម្ម​កាណាឌីយ៉ា​ ព្រម​ទាំង​មាន​អ្នក​រង​របួស​ជា​ច្រើន​នាក់​ទៀត​ ហើយនឹង​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន​២៣​នាក់​ដាក់​ពន្ធនាគារ៕