ប្រទេសចិនបានផ្តល់ជំនួយជាកាមេរ៉ាសុវត្ថិភាពចំនួន២០០គ្រឿងដើម្បីដាក់នៅតាមភ្លើងស្តុបនានាក្នុងរាជធានីភ្នំពេញ។ មន្ត្រីនគរបាលបានឲ្យដឹងថា កាមេរ៉ាសុវត្ថិភាពនេះនឹងអាចជួយសមត្ថកិច្ចក្នុងការឃ្លាំមើលបទល្មើស និងការគោរពច្បាប់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
ក្នុងសប្តាហ៍នេះ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានចាប់ផ្តើមដាក់កាមេរ៉ាសុវត្ថិភាពនៅតាមភ្លើងស្តុបនៃមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ។ មន្ត្រីជំនាញអះអាងថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះនឹងក្លាយជាឧបករណ៍ និងភស្តុតាងសំខាន់ក្នុងការអនុវត្តច្បាប់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងជួយសម្រួលដល់សមត្ថកិច្ចក្នុងការរក្សាសណ្តាប់ធ្នាប់ និងបង្រ្កាបបទល្មើសក្នុងទីក្រុងភ្នំពេញ។
ក្នុងគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោកសោម ធារិទ្ធ នាយកការិយាល័យទូរស័ព្ទនៃនាយកដ្ឋានវិទ្យុទាក់ទង ក្រសួងមហាផ្ទៃ ដែលដឹកនាំការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ បានឲ្យដឹងថា៖ «ការបំពាក់កាមេរ៉ានេះមានសារៈសំខាន់ក្នុងការទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ក៏ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ និងការមិនគោរពច្បាប់ចរាចរណ៍ពីអ្នកដំណើរទូទៅដែលបំពានស្លាកសញ្ញា ភ្លើងស្តុប ហើយសមត្ថកិច្ចនឹងធ្វើការផាកពិន័យទៅតាមភស្តុតាងជាក់ស្តែង ដែលមានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព»។
ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះគឺជាជំនួយពីប្រទេសប្រទេសចិនដែលបានផ្តល់កាមេរ៉ាសុវត្ថិភាពចំនួន២០០គ្រឿងដើម្បីដាក់នៅតាមភ្លើងស្តុបគោលដៅចំនួន២០ក្នុងរាជធានីភ្នំពេញ។ គោលដៅបំពាក់កាមេរ៉ាសុវត្ថិភាពទាំង២០នោះគឺស្តុបច្រមុះជ្រូកក្បាលថ្នល់ ស្តុបក្រសួងមហាផ្ទៃ ស្តុបចំការមន ស្តុបបូកគោ ស្តុបពេទ្យចិន ស្តុបទូតអាលឺ្លម៉ង់ ស្តុបផ្សារអូរឫស្សី ស្តុបផ្សារថ្មី ស្តុបសួនកាណាឌីយ៉ា ស្តុបសណ្ឋាគារណានជីង ស្តុបដេអិន ស្តុបវិទ្យាល័យសន្ធរម៉ុក ស្តុបទេពផន ស្តុបម៉ុងឌីយ៉ាល់ ស្តុបផ្សារដើមគរ ស្តុបអាងទឹកអូរឡាំពិក ស្តុបនាងគង្ហីង ស្តុបផ្សារដេប៉ូ ស្តុបអូឡាំពិច និងស្តុបច្បារអំពៅ។
លោកគៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិឲ្យដឹងថា គោលដៅចំនួន២០នេះជាដំណាក់កាលដំបូង ហើយរដ្ឋាភិបាលកម្ពុជារំពឹងថា នឹងអាចពង្រីកគោលដៅបានពាសពេញទីក្រុងភ្នំពេញ។
អ្នកនាំពាក្យរូបនេះបានលើកឡើងបន្តទៀតថា ទិន្នន័យដែលទទួលបានពីកាមេរ៉ានេះនឹងរួមចំណែកក្នុងការបង្កើតវិធានការណ៍ថ្មីក្នុងការ រក្សាសណ្តាប់ធ្នាប់សន្តិសុខ ព្រមទាំងលើកកម្ពស់ឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍។
លោកគៀត ច័ន្ទថារិទ្ធថ្លែងថា៖
«កាមេរ៉ានេះជាវិធានការណ៍មួយដើម្បីឲ្យនគរបាលអាចដឹងថា កន្លែងណាកកស្ទះ ឬក៏ពេលគ្រោះថ្នាក់ទៅ យើងអាចបង្ហាញបានថា គ្រោះថ្នាក់ហ្នឹងកើតឡើងដោយសារមូលហេតុអី? អញ្ចឹង នៅពេលដែលទីបញ្ជាការបានឃើញហេតុការណ៍ ឬបញ្ហាផ្សេងៗដែលនគរបាលត្រូវរៀបចំ ត្រូវដោះស្រាយ គឺយើងនឹងបញ្ជូនក្រុមការងារទៅ»។
កម្ពុជាទើបតែប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីដែលមាន១២ជំពូក និង៩២មាត្រានៅដើមឆ្នាំ២០១៥នេះ។ ច្បាប់ថ្មីនេះបន្ថែមទម្ងន់ទោស និងបង្កើនការផាកពិន័យដល់អ្នកដែលប្រព្រឹត្តខុសច្បាប់ ក៏ប៉ុន្តែការអនុវត្តច្បាប់នៅតែមានឧបសគ្គ និងចំណុចខ្វះខាតនៅឡើយ។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំ ក្នុងឆ្នាំ២០១៤ មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍សរុបប្រហែល១ម៉ឺន៥ពាន់នាក់ ដែលក្នុងនោះមានអ្នកស្លាប់ជាង២ពាន់នាក់ និងរបួសធ្ងន់ជាង៦ពាន់នាក់។ កត្តាដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការមិនគោរពច្បាប់ចរាចរណ៍។
អ្នកធ្វើដំណើរមួយចំនួនធំ ដែល VOA សំឡេងសហរដ្ឋអាមេរិកបានជួបសម្ភាសន៍ បានបង្ហាញការគាំទ្រ និងការត្រេកអរចំពោះការបំពាក់កាមេរ៉ានេះ ខណៈដែលប៉ូលិសចរាចរណ៍នៅតាមគោលដៅបដិសេធការសម្ភាស។ ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវសាធារណៈនាទីក្រុងភ្នំពេញ យល់ថា វានឹងជួយដល់ការអនុវត្តច្បាប់ចរាចណ៍ និងអាចកាត់បន្ថយគ្រោះថ្នាក់ផងដែរ។
នាងសុខ លីន វ័យ២៥ឆ្នាំ បុគ្គលិកលក់គ្រឿងអគ្គិសនីនៅទីក្រុងភ្នំពេញ។ សុខ លីនគាំទ្រការបំពាក់កាមេរ៉ានេះ ដែលនឹងអាចជួយ ជំរុញនូវការអនុវត្តច្បាប់ចរចរណ៍បានមួយកម្រិត។
«បើសិនជាយើងដាក់កាមេរ៉ាទៅ បើមានរឿងអី យើងអាចដឹង។ ប្រហែលជាអាចកាត់បន្ថយរឿងចោរឆក់អីច្រើន។ ដូចនៅស្រុកគេអញ្ចឹងពេលមានកាមេរ៉ា គេអត់សូវហ៊ានទេ។ សូម្បីតែជិះខុសច្បាប់ចរាចរណ៍ក៏អត់សូវហ៊ានដែរ»។
លោកណារិទ្ធជាបុគ្គលិកអង្គការក្នុងស្រុកមួយ។ បុរសវ័យ៣០ឆ្នាំនេះបានប្រាប់ VOA ខេមរភាសាថា កាមេរ៉ានេះមានអត្ថប្រយោជន៍ ជាពិសេសនៅពេលយប់ ដែលជាពេលអត្រាគ្រោះថា្នក់ចរចារណ៍កើនឡើងនោះ។
«ជួយការពារប្រជាពលរដ្ឋ ជាពិសេសនៅពេលយប់។ អញ្ចឹង វាអាចមានករណីច្រើនកើតឡើង ដូចជាពេលខ្លះបើកបរហួសល្បឿនកំណត់។ យប់ឡើងស្រវឹងអាចបង្កគ្រោះថ្នាក់។ អញ្ចឹង យើងមិនដឹងអ្នកណាខុស អ្នកណាត្រូវ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម»។
ដោយឡែកនាងផឹង ផាវីន ជានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា គិតថា ការដាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវតែមួយមុខវាមិនទាន់គ្រប់គ្រាន់ឡើយ។ តែវាទាមទារឲ្យមានការផាកពិន័យឲ្យបានត្រឹមត្រូវផងដែរ។
នាងផាវីន ដែលមានវ័យ២៣ឆ្នាំ បានថ្លែងថា៖
«សំខាន់ ខ្ញុំគិតថា ដាក់កាមេរ៉ាហើយ យើងត្រូវធ្វើអីទៀត? បើគ្រាន់តែដាក់កាំមេរ៉ាមើលទេ វាអត់ទាន់ចប់ទេ។ ដូចនៅស្រុកគេអញ្ចឹង គេដាក់កាមេរ៉ាហើយ យើងមានចេញ Ticket [លិខិតផាកពិន័យ]ឲ្យគេ បើអ្នកហ្នឹងបំពានលើច្បាប់។ តែវាក៏ល្អដែរ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍អី យើងអាចមើលវីដេអូក្នុងកាមេរ៉ា យើងអាចដឹងថា អ្នកណាខុស អ្នកណាត្រូវ»។
ក្រុមមន្ត្រីសង្គមស៊ីវិលលើកឡើងថា ការដំឡើងកាមេរ៉ាសុវត្ថិភាពនេះ ជាចំណុចវិជ្ជមានចំពោះកម្ពុជា ដោយហេតុថា ការបំពាក់កាមេរ៉ាបែបនេះក៏មានធ្វើដូចគ្នាដែរនៅក្នុងប្រទេសរីកចម្រើន។ តែអ្វី ដែលគួរឲ្យបារម្ភនោះគឺតម្លាភាពនិងព្រំដែននៃការប្រើប្រាស់ទិន្នន័យដែលទទួលបានពីកាមេរ៉ាសុវត្ថិភាព និងការចូលរួមរបស់ប៉ូលិសចរាចរណ៍ក្នុងការអនុវត្តច្បាប់នោះ។
អ្នកស្រីចក់ សុភាពជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
«ខ្ញុំចង់ឃើញថា នីតិវិធីនៃការដំឡើង ឬក៏ការប្រើប្រាស់ព័ត៌មានដែលបាន Store(រក្សា)ទុក វាមានតម្លាភាព និងធ្វើយ៉ាងម៉េចកុំឲ្យមានការរំលោភសិទ្ធិបុគ្គល។ បើសិនជាគាត់ប្រើប្រាស់ក្នុងបំណងដើម្បីគ្រប់គ្រងឧក្រិដ្ឋកម្ម និងសម្រួលចរាចរណ៍ វាមិនបញ្ហាទេ។ តែយើងប្រាកដទេថា កាមេរ៉ាហ្នឹងប្រើប្រាស់ក្នុងគោលបំណងហ្នឹង? តើនឹងអាចមានការប្រើប្រាស់ផ្ទុយពីនេះដែរឬអត់?»
ទាក់ទងទៅនឹងការកាត់បន្ថយបទល្មើសចរាចរណ៍ អ្នកស្រីចក់ សុភាព អះអាងថា ប្រសិទ្ធភាពនៃកាមេរ៉ា វាផ្សារភ្ជាប់នឹងការអនុវត្តច្បាប់តឹងរ៉ឹងជាក់ស្តែងដោយមន្ត្រីប៉ូលិសចរាចរណ៍។
លោកអ៊ូ វីរៈ ប្រធានអង្គការវិភាគ និងស្រាវជ្រាវគោលនយោបាយFuture Forum (វេទិកាអនាគត) ហាក់ដូចជាមានគោលជំហរវិជ្ជមានចំពោះការដំឡើងកាមេរ៉ាសុវត្ថិភាពនេះ ហើយលោកយល់ថា ការដំឡើងកាមេរ៉ានៅកន្លែងសាធារណៈនេះពុំមានការប៉ះពាល់ដល់ឯកជនភាពរបស់បុគ្គលណាមួយឡើយ។ ចំពោះលោកអ៊ូ វីរៈ ការដំឡើងនេះនឹងអាចជួយផ្លាស់ប្តូរឥរិយាបទក្នុងការធ្វើដំណើរ ព្រមទាំងជួយជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាគោរពច្បាប់ចរាចរណ៍ច្រើនជាងមុន៕