ប៉ូលិស​ប្រដាប់​ដោយ​ខែល​និង​ដំបង​ឆក់​បាន​​បំបែក​បាតុកម្ម​​ពលរដ្ឋ​​តំបន់​បឹងកក់​នៅ​មុខ​ស្ថានទូត​ចិន

រូបថត​ថត​ពី​អាកាស​មួយ​នេះ​កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​២០១០ បង្ហាញ​ពី​ការ​បូម​ខ្សាច់​បំពេញ​បឹង​កក់​ក្នុង​ទី​ក្រុង​ភ្នំពេញ​​ក្នុង​គម្រោង​អភិវឌ្ឍន៍​ដ៏​ចម្រូង​ចម្រាស់​មួយ។

ក្រុម​អាជ្ញាធរ​ប៉ូលិស​បាន​វាយ​បំបែក​ប្រជា​ពលរដ្ឋ​មកពី​តំបន់​បឹងកក់​ ​ដែល​ប៉ុនប៉ង​យក​ញាត្តិ​មកដាក់​ស្ថាន​ទូតចិន​ ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ក្រុមហ៊ុន​ចិន​មួយ ​ដែល​មាន​ភាគហ៊ុន​៥១%​ក្នុងការ​អភិវឌ្ឈ​តំបន់​បឹងកក់។

ក្រុម​អាជ្ញាធរ​ប៉ូលិស​ក្រុង​ភ្នំពេញ​ប្រដាប់​ដោយ​ខែល ​និង​ដំបង​ឆក់​នៅ​ថ្ងៃច័ន្ទ​នេះ​ ​បាន​វាយ​បំបែក​ក្រុម អ្នកស្រុក​មកពី​តំបន់​ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​លេចធ្លោ​មួយ​នៅ​បឹងកក់​ ​ខណៈ​ពេល​ដែល​ពួកគេ​មាន​គ្នា​ប្រមាណ​ជិត​៣០នាក់​បាន​ព្យាយាម​ដាក់​ញត្តិ​តវ៉ា​ដល់​ស្ថានទូត​ចិន​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ក្រុមហ៊ុន​ចិន​មួយ ​ដែល​បាន​មក​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​បឹងកក់។

ការវាយ​បំបែក​នេះ​មិនបាន​ធ្វើឲ្យ​ក្រុម​អ្នក​ស្រុក​ណាម្នាក់​ទទួល​រងរបួស​ទេ​ ​គ្រាន់តែ​ក្រុម​ប៉ូលិស​មាន​គ្នា​ប្រមាណ​២០​នាក់​ ​បាន​រុញច្រាន​ប្រជា​ពលរដ្ឋ​ឲ្យ​ចេញពី​មុខស្ថានទូត​ចិន​តែ​ប៉ុណ្ណោះ។

លោក​ឧត្តម​សេនីយ៍​ត្រី​ទូច ​ណារុថ​ ​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ​ ​បាន​មាន​ប្រសាសន៍​ថា​ ការ​វាយ​បំបែក​របស់​ប៉ូលិស​នេះ​ ​គឺ​ដោយសារ​តែ​យើង​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ស្ថានទូត​ចិន។

«ស្ថានទូត​ចិន​គេ​ប្តឹង។ ​គេ​ប្តឹង​យើង​ទៅ​ដាក់​ញត្តិ​ដាក់​អ្វី។ គេ​មាន​ដឹង​រឿង​អ្វី។ គេ​អត់​ទទួល។​ យើង​ម៉េច​ទុក​ឲ្យ​អ្នកហ្នឹង​នៅមុខ​ស្ថានទូត​កើត»។

ក្រុម​ប្រជា​ពលរដ្ឋ​បាន​ព្យាយាម​យក​ញត្តិ​មួយច្បាប់​ ​ដើម្បី​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​ចិន​ ​ចំពោះ​ក្រុមហ៊ុន​ Hongjun Investment ​ដែល​មាន​ទុន​៥១%​ ក្នុងការ​អភិវឌ្ឍ​តំបន់​បឹងកក់​ជាមួយ​និង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​របស់​លោក​ឧកញ៉ា​ឡៅ ម៉េងឃីន ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

ញត្តិ​របស់​ក្រុម​ប្រជា​ពលរដ្ឋ​មិនត្រូវ​បាន​ស្ថានទូត​ចិន​ទទួល​យក​ទេ។ ​បើតាម​មន្រ្តី​ប៉ូលិស​មួយរូប​ប្រចាំ​ការ​នៅ​ស្ថានទូត​ចិន ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ ប្រជា​ពលរដ្ឋ​បាន​យក​ញត្តិ​មកដាក់​ស្ថានទូត​ចិន​នេះ​គឺ​ខុស​គោលដៅ​ហើយ។

លោក​បាន​មាន​ប្រសាសន៍​ថា​ ​ពួកគេ​គួរតែ​យក​ញត្តិ​ទាំងនេះ​ទៅដាក់​នៅ​ការិយាល័យ​ប្រឹក្សា​ពាណិជ្ជ កម្ម ​និង​សេដ្ឋកិច្ច​របស់​ស្ថានទូត​ចិន​វិញ។

«ពាណិជ្ជ​កម្ម​ វា​នៅ​ក្រោម​ស្ថានទូត។​ អញ្ចឹង​ គេត្រូវ​ដោះស្រាយ​ម៉េចៗ។​ បើ​គេដោះ​មិនចេញ​ គេ​បញ្ជូន​មក​ស្ថានទូត។ ​ខ្ញុំ​ប្រាប់​តាម​ភារកិច្ច​របស់​ខ្ញុំ​ គឺ​ស្ថានទូត​គេ​អត់​ទទួល។​ តែ​ប៉ុណ្ណឹង»។

នៅ​ក្នុង​ញត្តិ​មួយច្បាប់​របស់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ ដែល​មាន​ស្នាម​ផ្តិច​មេដៃ​របស់​ប្រជា​ពលរដ្ឋ​ មួយ​ចំនួន​បាន​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​វិនិយោគ​របស់​ប្រទេស​ចិន​បាន​ចាប់ដៃ​គូ​ជាមួយ​និង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​សម្រាប់​អភិវឌ្ឍតំបន់​បឹងកក់។

ប្រជា​ពលរដ្ឋ​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​នេះ​ផ្តល់​សំណង ក្នុង​មួយម៉ែត្រ​ការ៉េ​ចំនួន​១៥០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​និង​ទីពីរ​ផ្តល់​ដី​១៥ហិកតា​នៅ​តំបន់​បឹងកក់​ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​អភិវឌ្ឍន៍​ដោយខ្លួន​ឯង។

អ្នកស្រី​លី មុំ ​តំណាង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ ​បាន​និយាយ​ថា​ ​ស្ថានទូត​ចិន​គ្មា​ន​ជំហរ​ដោះ ស្រាយ​ជុំវិញ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ទេ។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​ប្រជា​ពលរដ្ឋ​រងគ្រោះ​នឹង​ធ្វើការ​តវ៉ា​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ទៀត។

«យើង​ដឹង​ថា​ ​ក្រុមហ៊ុន​ចិន​ហ្នឹង​ ​គាត់​ដាក់​វិនិយោគ​នៅ​បឹងកក់​៥១%។ ​អញ្ចឹង​គាត់​ជា​ឯក​អគ្គរដ្ឋទូត​ ​ គាត់ត្រូវតែ​មាន​នីតិវិធី​និយាយ​ជាមួយ​ក្រុមហ៊ុន​ចិន​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ចិន​ចុះ​មក​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់។ ​នេះ​គាត់​ត្រូវតែ​និយាយ​ប្រាប់​ក្រុមហ៊ុន​ក្នុងស្រុក​ហ្នឹង​ ​ដូចជា​ស៊ូកាគូអ៊ីន​ ​ឲ្យ​គាត់​ដោះស្រាយ​ដែរ» ។

ចំណែក​អ្នកស្រី​ទេព វ៉ានឌី ​តំណាង​ប្រជា​ពលរដ្ឋ​មួយរូប​ផ្សេងទៀត​ ​បាន​និយាយថា​ ​អ្នកស្រី​នឹងផ្ញើ​ឯកសារ​ទាំងនេះ​ជូន​មហា​ព្រះ​វីរៈក្សត្រ​ ​បន្ទាប់ពី​បរាជ័យ​ក្នុង​ការ​តវ៉ា​នៅ​ស្ថានទូត​ចិន។

«ព្រោះ​អ្វី​សម្តេចតា​ ​សម្តេចយាយ​ ​រាល់ថ្ងៃ​លោក​គង់នៅ​ប្រទេស​ចិន​ ​អញ្ចឹង​ខ្ញុំ​គិត​ថា​ ​គាត់​មាន អាទិភាព​ខ្លះ​សម្រាប់​ជួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​ហើយ​គាត់​ក៏មាន​អាទិភាព​និយាយ​ជាមួយ​ក្រុមហ៊ុន​ចិន​ឲ្យ​ដោះស្រាយ​ជាមួយ​កូនចៅ​ខ្មែរ​រស់នៅ​តំបន់​បឹងកក់​ហ្នឹង​ដែរ»។

មន្រ្តី​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ពុំអាច​ធ្វើ​ទំនាក់​ទំនង​បានទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​ ក្រុមហ៊ុន​ស៊ូកាគូអ៊ីន ​និង​ក្រុមហ៊ុន​ចិន​បាន​ធ្វើការ​អភិវឌ្ឍ​រួមគ្នា​ក្នុងការ​ជួលដី​បឹងកក់​អស់រយៈ​ពេល​៩៩ឆ្នាំ​ សម្រាប់​អភិវឌ្ឍ​ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ទំនើបៗ។

ក្រុមហ៊ុន​ទាំងពីរនេះ​បាន​ទទួល​រង​នូវការ​ចោទប្រកាន់​ពី​ប្រជា​ពលរដ្ឋ​ថា​ ​បាន​រំលោភ​បំពាន​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់។

កាលពី​ថ្ងៃសុក្រ​ ​សប្តាហ៍មុន​ ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បាន​ព្យាយាម​ឈូសឆាយ​ដី​ប្រជា​ពលរដ្ឋ​នៅតំបន់​ បឹងកក់​ ហើយ​បាន​វាយ​អ្នក​ថតរូប​នៃ​សារព័ត៌មាន​ភ្នំពេញ​ប៉ូស្តិ៍ (Phnom Penh Post) ​មួយរូប​រហូត​ដល់​មាន​របួស​ទៀត​ផង៕