ភ្នំពេញ/សៀមរាប — ក្នុងពេលផ្ដល់បទសម្ភាសន៍អំឡុងបាយថ្ងៃត្រង់មួយពេលជាមួយ VOA នៅភោជនីយដ្ឋានដ៏ស្ងប់ស្ងៀមមួយកន្លែងក្បែរមហាប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ អ្នកស្រី យង់ មឿន អតីតកម្មាភិបាលនៃបដិវត្តន៍ខ្មែរក្រហមបានលើកឡើងថា អ្នកស្រីស្គាល់មេដឹកនាំចលនានេះគឺ សាឡុត ស ឬ ប៉ុល ពត ច្បាស់ណាស់។
និយាយសម្លេងធំ ច្បាស់ មួយៗ អ្នកស្រី យង់ មឿន ដែលគ្រានោះអាយុ ៧១ឆ្នាំ បានប្រាប់ពីទំនាក់ទំនងរវាងអ្នកស្រី និងប៉ុល ពតថា៖
«រួចការប្រាស្រ័យទាក់ទងរវាងគាត់នឹងខ្ញុំហ្នឹង វាពិសេស ពិសេសត្រង់ថា គាត់ក៏ទុកខ្ញុំជាពិសេសដែរ ដូចថា ការនិយាយ ការសំណេះសំណាល គាត់ទុកដូចកូនចៅ ដូចជិតណា៎ដែលយើងថា ជិតស្និទ្ធណា៎»។
ប៉ុល ពត អតីតលេខាបក្សកុម្មុយនីស្ដកម្ពុជា ដែលរបបកម្ពុជាប្រជាធិបតេយ្យរបស់លោកបានជម្លៀសមនុស្សដោយបង្ខំចេញពីផ្ទះសម្បែង ទីក្រុង ប្រើប្រជាជនធ្វើការដូចសត្វធាតុនៅតាមជំរំពលកម្មទូទាំងប្រទេស បង្អត់អាហារ ប្រហារជីវិតប្រជាពលរដ្ឋដោយមិនមានការកាត់សេចក្ដីត្រឹមត្រូវ។
ទង្វើទាំងនេះបានបណ្ដាលឲ្យមនុស្សយ៉ាងហោច១លាន៧សែននាក់ស្លាប់បាត់បង់ជីវិត ហើយរបបលោកត្រូវបានគេចារថា ជារបបប្រល័យពូជសាសន៍ដ៏ឃោរឃៅនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
ប៉ុល ពត មេដឹកនាំកំពូលនៃចលនានេះ ត្រូវគេដឹងថា មានចរឹតប្រុងប្រយ័ត្ន និងទុកចិត្តមនុស្សតិចបំផុត។ ក្នុងចំណោមមនុស្សតិចបំផុតដែលប៉ុល ពតទុកចិត្តនោះក៏មានអ្នកស្រី យង់ មឿន ផងដែរ។ ប៉ុល ពត ទុកចិត្តអ្នកស្រី យង់ មឿន ដល់កម្រិតមួយដែលលោកអនុញ្ញាតឱ្យអ្នកស្រីទទួលបន្ទុកចម្អិន និងរៀបចំម្ហូបអាហារសម្រាប់លោកអស់រយៈពេលជាង ១៤ឆ្នាំ។
លើសពីនេះទៅទៀត អំឡុងពេលដែលលោក ប៉ុល ពត នៅកាន់អំណាច លោកបានចាត់តាំងអ្នកស្រី យង់ មឿន ឲ្យបម្រើការងារនៅស្ថានទូតខ្មែរប្រចាំនៅទីក្រុងប៉េកាំង ប្រទេសចិន។ ចិនជាសម្ព័ន្ធមិត្តសំខាន់ជាងគេបង្អស់របស់របបកុម្មុយនីស្ដដែលដឹកនាំដោយលោក ប៉ុល ពត។
ជិតពីរឆ្នាំក្រោយពីបានផ្ដល់សម្ភាសន៍ដល់ VOA អ្នកស្រី យង់ មឿន បានទទួលមរណភាព កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅ ហើយរូបរាងកាយរបស់អ្នកស្រីក៏ត្រូវបានកូនចៅធ្វើបុណ្យ បូជារំលាយក្ខន្ធកាលពីចុងសប្ដាហ៍ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មូលដ្ឋានចុងក្រោយរបស់ខ្មែរក្រហម ដែលនៅមិនឆ្ងាយពីទីតាំងបូជា និងបញ្ចុះសព ប៉ុល ពត អតីតមេកើយរបស់អ្នកស្រីនោះទេ។ នេះបើយោងតាមកូនប្រុស និងអតីតសហការីរបស់អ្នកស្រីយង់ មឿន។
អ្នកស្រី យង់ មឿន មានជន្មាយុ៧៣ឆ្នាំ ពេលទទួលមរណភាព។ អ្នកស្រីត្រូវបានរកឃើញថា មានជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយទៅហើយ កាលពីអំឡុងខែវិច្ឆិកាកន្លងទៅ នៅពេលអ្នកស្រីត្រូវបានបញ្ជូនទៅជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យ។ នេះបើតាមលោក ពេជ្រ សុជាតិ កូនប្រុសពៅក្នុងចំណោមកូនទាំងបីរបស់អ្នកស្រី យង់ មឿន។
អ្នកស្រី យង់ មឿន មានឈ្មោះកំណើតយង់ យ៉ែម។ អ្នកស្រីកើតក្នុងក្រុមគ្រួសារដែលមានឪពុកម្ដាយជាកសិករក្នុងសហគមន៍ព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនាឆ្នាំ១៩៤៨ ជិតចុងបញ្ចប់នៃការគ្រប់គ្រងប្រទេសកម្ពុជាក្រោមនឹមត្រួតត្រានៃរបបអាណានិគមបារាំង។
យុវតី យង់ មឿន បានឈប់រៀន ហើយចូលព្រៃម៉ាក់គី ចូលរួមចលនាកុម្មុយនីស្ដ កាលពីឆ្នាំ១៩៦៧ ពេលដែលរបបសង្គមរាស្ត្រនិយម ដែលបន្តិចម្ដងៗ បានងាកទៅរកក្រុមដែលមាននិន្នាការមនោគមវិជ្ជាកុម្មុយនីស្ដនិយម។ អ្នកស្រីត្រូវបានគេចាត់បញ្ជូនទៅតំបន់ព្រៃភ្នំខេត្តរតនៈគិរី ទីដែលមេដឹកនាំចលនាកុម្មុយនីស្ដសម្ងំលាក់ខ្លួន ហើយក្នុងពេលខ្លីប៉ុណ្ណោះ អ្នកស្រីអាចចូលទៅធ្វើការជិតដិតជាមួយមេដឹកនាំចលនានេះតែម្ដង។
ទីបំផុត មុនពេលរបបនេះឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ អ្នកស្រី យង់ មឿន អាចចូលទៅដល់ផ្ទះបាយរបស់ប៉ុល ពត ចម្អិនម្ហូបអាហារជូនមេដឹកនាំផ្ដាច់ការរូបនេះ។
ក្នុងបទសម្ភាសន៍កាលពីដើមខែមេសាឆ្នាំ២០១៨ អ្នកស្រីបានលើកឡើងអំពីការណ៍ដែលប៉ុល ពត និងមេដឹកនាំចលនាខ្មែរក្រហម ទុកចិត្តអ្នកស្រី។ អ្នកស្រីនិយាយយ៉ាងដូច្នេះថា៖
«ទុកថា យើងជាមនុស្សមួយត្រង់ ដឹងតែធ្វើការ អត់មានប្រមូលរឿងអីផ្ដេសផ្ដាស់ទេ ដឹងតែពីបំពេញភារកិច្ចល្អប៉ុណ្ណឹង វិន័យអង្គការប៉ុណ្ណឹង ឱ្យធ្វើអី ធ្វើហ្នឹងអ៊ីចឹង»។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រាប់ VOA ថា ការណ៍ដែលមានជំនឿជឿជាក់លើមនោគមវិជ្ជាដូចគ្នាអាចជាមូលហេតុមួយ ដែលរុញប៉ុល ពត និងអ្នកស្រី យង់ មឿនឱ្យជិតស្និទ្ធ និងមានទំនុកចិត្តលើគ្នា។
អ្នកចងក្រងប្រវត្តិសាស្ត្រខ្មែរក្រហមរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិកក្នុងន័យដើមយ៉ាងដូច្នេះថា៖
«តែរឿងម្យ៉ាងដែលយើងរមែងមើលរំលងនោះគឺ«ម្ហូបអាហារ» អំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។ ម្ហូបអាហារមានន័យស្មើនឹងអ្វីគ្រប់យ៉ាងទាំងអស់។ ហើយ ប៉ុល ពត ដូចជាមនុស្សម្នារធម្មតាដទៃទៀតដែរ ចូលចិត្តបរិភោគអាហារឆ្ងាញ់ៗ ខណៈដែលគោលនយោបាយរបស់លោកបានបង្អត់អាហារជនរួមជាតិរបស់លោកជាច្រើនលាននាក់ រហូតដល់ស្លាប់»។
លោក ឆាំង យុ បានបន្តទៀតថា៖
«អំឡុងរបបខ្មែរក្រហម «ម្ហូបអាហារ»ជាប្រភពនៃភាពផ្ទុយគ្នារវាងសភាវៈល្អ និងសភាវៈអាក្រក់ អំពើក្បត់ និងការទុកចិត្ត ការរស់រានមានជីវិត និងសេចក្ដីស្លាប់»។
អ្នកស្រី យង់ មឿន បានលើកឡើងថា អ្នកស្រីបានចម្អិនអាហារប្រចាំថ្ងៃជូន ប៉ុល ពត និងអតីតមេខ្មែរក្រហមផ្សេងទៀតពីឆ្នាំ១៩៦៧ មកទល់នឹងឆ្នាំ១៩៧៥ ពេលដែលអ្នកស្រីផ្លាស់ទៅរស់នៅប្រទេសចិន។ អ្នកស្រីបានត្រឡប់មកតំបន់ភ្នំជាយដែនថៃក្នុងប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៨៤ និងបន្តចម្អិនអាហារជូនប៉ុល ពតរហូតឆ្នាំ១៩៩០។
អ្នកស្រីបានរំឭកថា ប៉ុល ពត ចូលចិត្តបំផុតសម្លម្ជូរ និងញាំសាឡាត់តាមបែបបស្ចិមលោកលាយនឹងពងទាស្ងោរ ដែលក្រោយមកលោកតម្រូវឱ្យស្រុសបន្លែឱ្យឆ្អិន លើកលែងតែបន្លែការ៉ុតដែលត្រូវចិតជាចំណិតតូចៗ ងាយលោកទំពារខណៈដែលលោកចម្រើនវ័យកាន់តែចាស់ជរាទៅនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។
«លេង! គាត់លេងសើចធម្មតាៗ។ ចាំ គាត់ចេះតែចាំហើយ តែមិនដឹងយកទៅថា ម៉េច ឧទាហរណ៍ថា សម្លហ្នឹងវាប្រៃណា៎ អ្ហូ! ថ្ងៃណេះសាបណាស់សម្ល!។ គាត់និយាយផ្ទុយអ៊ីចឹង។ ដឹង! ពួកហ្នឹងដឹង តែនិយាយឡើងដឹងថា អ្ហូ ថ្ងៃនេះបែបចាស់ដៃបន្តិចហើយ ហិហិហិ។ គាត់និយាយកំប្លែងតែនិយាយផ្ទុយៗអ៊ីចឹងណា៎»។
ពេលរបបខ្មែរក្រហមចូលមកកាន់អំណាចនៅឆ្នាំ១៩៧៥ អ្នកស្រី យង់ មឿន ត្រូវបានចាត់តាំងឲ្យនៅបំពេញការងារនៅស្ថានទូតកម្ពុជាប្រជាធិបតេយ្យប្រចាំនៅប្រទេសចិនក្នុងតួនាទីជាមន្ត្រីលេខាទំនាក់ទំនងផ្ទាល់ជាមួយនឹងមន្ត្រីចិន និងមន្ទីរ៨៧០ ដែលជាការិយាល័យរបស់ ប៉ុល ពត នៅភ្នំពេញ។ ឯលោកពេជ្រ ជាងស្វាមីរបស់អ្នកស្រីបំពេញតួនាទីជាឯកអគ្គរដ្ឋទូត។
លោក សួង ស៊ីគឿន ដែលធ្លាប់បំពេញតួនាទីជាភារៈធារីនៅស្ថានទូតនោះដែរ បានរំឭកអំពីអ្នកស្រីយង់ មឿនយ៉ាងដូច្នេះថា៖
«គាត់ស្មោះជាមួយ ប៉ុល ពត ណាស់។ គាត់ស្មោះជាមួយកម្ពុជាប្រជាធិបតេយ្យ ដូចថា មិនវៀចវេរជាមួយកម្ពុជាប្រជាធិបតេយ្យ»។
ទោះបីជាក្នុងឋានៈផ្លូវការពេលនោះលោក សួង ស៊ីគឿន ជាភារៈធារីមានលំដាប់ធំជាង តែលោកថា ការអនុវត្តជាក់ស្ដែង អ្នកស្រី យង់ មឿន ដែលជាអ្នកតំណាងការិយាល័យលេខាបក្សនៅប៉េកាំង មានសិទ្ធិអាជ្ញាបញ្ជាដ៏ធំធេងក្នុងការចាត់ចែងកិច្ចការទូទៅ និងទំនាក់ទំនងចេញចូលរបស់ស្ថានទូត។
«បាទគាត់អំណាចធំជាង ជារួមខ្ញុំទទួលស្គាល់អ៊ីចឹងតែម្តង»។
លោកសាស្ត្រាចារ្យ Andrew R. Mertha នាយកកម្មវិធីសិក្សាធិការកិច្ចការប្រជាជាតិចិននៅសាកលវិទ្យាល័យ John Hopkins សហរដ្ឋអាមេរិក បានលើកឡើងថា ប៉ុល ពតទុកចិត្តអ្នកស្រីយង់ មឿនឱ្យកាន់តួនាទីសំខាន់ ទាំងតំណែងស្លាប់រស់ក្នុងផ្ទះបាយផង និងតំណែងតំណាងជាមាត់ជាត្រចៀករបស់លោកនៅប៉េកាំងផង ដោយសារតែប្រវត្តិសាវតារបស់អ្នកស្រីមានប្រភពចេញពីវណ្ណៈកសិករអធន។
ក្នុងការស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ Mertha អ្នកស្រី យង់ មឿន ជាមនុស្សសំខាន់ដែលបានរៀបចំដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏ល្បីខ្ចរខ្ចាយរបស់ប៉ុល ពតទៅកាន់ប្រទេសចិន កាលពីខែកញ្ញាឆ្នាំ១៩៧៧។ នៅពេលនោះ មេដឹកនាំចិនក្រោយរបបបដិវត្ដន៍វប្បធម៌ បានព្យាយាមបញ្ចុះបញ្ចូលសមមិត្តកម្មាភិបាលកម្ពុជាឱ្យបន្ធូរដៃ កុំដាច់ណាត់ពេកលើខ្សែបន្ទាត់នយោបាយបដិវត្តន៍។
«យ៉ាងណាក្ដី ការអំពាវនាវរបស់ចិននាគ្រានោះមិនត្រូវបានគេធ្វើតាមនោះទេ ដូចដែលអ្វីដែលស្រ្តីរូបនេះបានបរិយាយមកប្រាប់ខ្ញុំ។ បើទោះបីជាគាត់ទំនងជាស្រឡាញ់ពេញចិត្តនឹងជីវភាពរស់នៅក្នុងប្រទេសចិននាគ្រានោះ គាត់ជាកម្មាភិបាលដ៏ស្មោះស្ម័គ្រឥតងាករេនៃមន្ទីរ៨៧០»។
លោកសាស្ត្រាចារ្យ Mertha បានបន្តថា តួនាទីរបស់អ្នកស្រី យង់ មឿន សំខាន់ ដ្បិតអីសា្ថនទូតខ្មែរក្រហមនៅប៉េកាំងជាច្រកចេញចូលដ៏សំខាន់ក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងសម្ព័ន្ធមិត្តបរិបាលផ្នែកនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់នៃរបបកុម្មុយនីស្ដខ្មែរ។
«ស្វាមីរបស់អ្នកស្រី [យង់ មឿន] ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិន ដែលការណ៍នេះ យើងអាចនិយាយបានថា ទំនាក់ទំនងដ៏សំខាន់របស់កម្ពុជាជាមួយប្រទេសចិនត្រូវបានកម្រិតឱ្យក្រុមគ្រួសារមួយនេះជាអ្នកទទួលចាត់ចែង។ ទំនាក់ទំនងនេះពិតណាស់មានគុណប្រយោជន៍សំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ព្រោះតែប្រទេសចិនជាបរិបាលរដ្ឋដ៏ធំបំផុតសម្រាប់របបកម្ពុជាប្រជាធិបតេយ្យ»។
ក្នុងបទសម្ភាសន៍ជាមួយ VOA អ្នកស្រី យង់ មឿន បានរំឭកពីជីវិតដ៏ត្រកាលរបស់អ្នកស្រីក្នុងរដ្ឋធានីនៃប្រទេសចិន ដែលថ្នាក់ដឹកនាំចិនមិនចង់ឱ្យអ្នកស្រី និងស្វាមីវិលត្រឡប់មកកម្ពុជាវិញផង។ អ្នកស្រីបានលើកឡើងថា៖
«យើងមានមិត្តភាពល្អនៅចិន ហើយគេក៏ឃើញសមត្ថភាព ការធ្វើការងារនៅកន្លែងនោះ ក៏គេហៅថា ការពង្រឹងពង្រីកមិត្តភាពក៏មាន ហើយការប្រាស្រ័យទាក់ទងជាមួយនឹងម្ចាស់ស្រុកក៏គេទទួលបាន។ ដល់តែអ៊ីចឹង អ្នកដឹកនាំចិនចេះតែសុំពន្យារៗហ្អា»។
យ៉ាងណាក៏ដោយ មកទល់នឹងដង្ហើមចុងក្រោយរបស់អ្នកស្រីកាលពីសប្ដាហ៍មុន អ្នកស្រីយង់ មឿនហាក់នៅតែជាអ្នកជឿជាក់ទៅលើបដិវត្តន៍ខ្មែរក្រហម និងគោល«គំនិតស្នេហាជាតិ»របស់ប៉ុល ពត បើទោះបីជាអ្នកស្រីយល់ថា មេដឹកនាំរូបនេះមានកំហុសក្នុងការដឹកនាំប្រទេសរហូតស្លាប់ប្រជាជនរាប់លាននាក់។
«បើមានខ្មែរក្រហមនៅគឺដាច់ខាតហើយ ដាច់ក្បាលដាច់កន្ទុយហើយ។ កូននៅក្នុងអង្រឹងក៏ទៅសិនហើយ ចោលកូនហើយ គឺឧត្ដមគតិហ្នឹងរឹងណាស់ រឹងច្បាស់ហ្មង។ ដូចខ្ញុំ ចោលកូនចោលចៅ មិនដែលស្គាល់ថា កូននៅជុំផងហ្នឹង លះបង់រហូត មិនបានគិតអ្វីទាំងអស់»។
ការណ៍នេះត្រូវបានបញ្ជាក់ដោយលោកពេជ្រ សុជាតិ កូនប្រុសពៅរបស់អ្នកស្រី យង់ មឿន។ លោក សុជាតិ ដែលកើតក្រោយរបបខ្មែរក្រហមបានលើកឡើងថា ឪពុកម្ដាយលោកមិនសូវមានពេលនៅជុំគ្រួសារនិងនៅជាមួយលោកឡើយ ដោយសារការងារតស៊ូតម្រូវឱ្យអ្នកទាំងពីរធ្វើការឆ្ងាយពីរូបលោក។
បើទោះបីជាឪពុកម្ដាយលោកមានអតីតភាពជាមួយនឹងរបបខ្មែរក្រហមយ៉ាងណាក្ដី លោកពេជ្រ សុជាតិបានលើកឡើងថា លោកសូមនិយាយពីបទពិសោធន៍ផ្ទាល់រស់នៅជាមួយនឹងអ្នកទាំងពីរ ដែលលោកថា តែងប្រៀនប្រដៅលោកឱ្យដើរលើផ្លូវល្អ។
«គាត់មានតែបណ្ដុះមនសិកាឱ្យកូនចៅហ្នឹង កុំឱ្យមានការភ្លើតភ្លើនទៅតាមសង្គមដែលគេពង្វក់។ រឿងកុំឱ្យលេង ដូចថា សម័យខ្ញុំជំទង់ៗ ខ្ញុំនៅរៀនហ្នឹង កុំឱ្យ កុំឱ្យនាំគ្នាដើរលេងទៅចូលគ្រឿងញៀនអ៊ីចឹង។ និយាយទៅ គាត់មានតែការអប់រំល្អៗអ៊ីចឹង ឱ្យស្រឡាញ់ជាតិ ប្រជាជន ស្រឡាញ់ទឹកដីអ៊ីចឹង។ អាហ្នឹងក៏គាត់អប់រំដែរ អ៊ីចឹងណា៎បង»។
កាលពីថ្ងៃច័ន្ទ ខណៈលោក ពេជ្រ សុជាតិ កំពុងរៀបចំបុណ្យខួបគម្រប់៧ថ្ងៃជូនអ្នកស្រីយង់ មឿនតាមប្រពៃណីព្រះពុទ្ធសាសនាដែលខ្មែរក្រហមធ្លាប់ហាមប្រាម លោកនិយាយប្រាប់ VOA ថា ឪពុកម្ដាយរបស់លោកក៏តែងតំណាលប្រាប់កូនចៅអំពីការងារតស៊ូ ទាំងក្នុងការរស់នៅ ក្នុងការងារនយោបាយ និងការងារការទូតរបស់ខ្លួនផងដែរ៕