នាយករដ្ឋមន្ត្រីខ្មែរលោកហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានប្រតិកម្មទៅនឹងការអត្ថាធិប្បាយរបស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយរូប ជុំវិញការឡើងកាន់អំណាចរបស់អតីតមេដឹកនាំបដិវត្តន៍ខ្មែរ ក្នុងនោះមានលោក ប៉ែន សុវណ្ណ ដែលជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបានស្លាប់កាលពី៦ឆ្នាំមុន។
ក្នុងសារជាសំឡេងរយៈពេលជាង១ម៉ោង ដែលបកស្រាយប្រវត្តិសាស្ត្រក្រោយការដួលរលំរបបប៉ុល ពត លោកហ៊ុន សែន បានចោទប្រកាន់ថា លោកប៉ែន សុវណ្ណ បានសាងកំហុសច្រើន ដែលតម្រូវឱ្យថ្នាក់ដឹកនាំប្រទេសក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបង្ខំចិត្តចាប់ខ្លួនលោកប៉ែន សុវណ្ណ ហើយបញ្ជូនទៅឱ្យប្រទេសវៀតណាមវិញ ដោយសារអតីតនាយករដ្ឋមន្ត្រីខ្មែររូបនេះជាបុគ្គលមកពីវៀតណាម។
បើតាមលោកហ៊ុន សែន ក្នុងសម័យក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលជារដ្ឋាភិបាលបណ្តោះអាសន្ននិងក្រោយមកក្លាយសាធារណរដ្ឋប្រជាមានិត កម្ពុជា លោក ជា ស៊ីម កាន់តំណែងជាប្រធានសភា និងរដ្ឋមន្ត្រីមហាផ្ទៃ លោក ប៉ែន សុវណ្ណ មានតំណែងជានាយករដ្ឋមន្ត្រី ឬប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោកហ៊ុន សែនផ្ទាល់ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោ កចាន់ ស៊ី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ លោក ជា សុទ្ធ ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងផែនការ លោក ហេង សំរិន ជាប្រធានរដ្ឋ ហើយលោក សាយ ភូថង ជាអនុប្រធានរដ្ឋ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនរំឭកឡើងវិញថា ទោះបីលោក ប៉ែន សុវណ្ណ ត្រូវបានថ្នាក់ដឹកនាំនយោបាយកម្ពុជាក្រោយសម័យប៉ុល ពល ឱ្យធ្វើជានាយករដ្ឋមន្ត្រីផង និងជាអគ្គលេខាធិការបក្សនយោបាយផងតាមការចង់បានរបស់គាត់ក៏ដោយ ក៏គាត់នៅបង្កជម្លោះជាមួយលោក ជា ស៊ីម និងលោក ហេង សំរិន ដោយការបញ្ជូនកម្លាំងឱ្យទៅឆែកឆេរផ្ទះរបស់មេដឹកនាំទាំងពីរ និងប៉ុនប៉ងមកឆែកផ្ទះរបស់លោកផ្ទាល់។
លោកហ៊ុន សែន មិនបានបញ្ចេញឈ្មោះគណបក្សនយោបាយនោះពេញទេ តែគេដឹងថា គឺជាគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន ដែលមានឈ្មោះដើមជា«គណបក្សប្រជាជនបដិវត្តន៍កម្ពុជា»។
លោក ហ៊ុន សែន បន្តថា លោកប៉ែន សុវណ្ណត្រូវបានរកឃើញថា មានចេតនាប្រមូលផ្តុំអំណាច ក្រោយការប្រជុំមួយនាចុងខែវិច្ឆិកា ឆ្នាំ១៩៨១ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនយោបាយស្នូលចំនួន៥នាក់ ក្នុងនោះមានលោកប៉ែន សុវណ្ណ ដែលជាអ្នកកោះឱ្យមានការប្រជុំនោះ លោកជា ស៊ីមលោកហេង សំរិន លោកសាយ ភូថង និងខ្លួនលោកផ្ទាល់។
លោកនាយករដ្ឋមន្ត្រីបានអត្ថាធិប្បាយបន្តអំពីការប្រជុំនោះថា លោកប៉ែន សុវណ្ណដែលទទួលបានការរៀនសូត្រពីប្រទេសវៀតណាមនោះ បានលើកឡើងពីផែនការច្បាមយកអំណាចយោធាពីលោកចាន់ ស៊ី ដែលលោកប៉ែន សុវណ្ណ ចង់ឱ្យទៅកាន់ក្រសួងឧស្សាហកម្ម ជំនួសលោកកែវ ចិន្តា ដែលមានតួនាទីជាលេខាធិការបក្សក្រុងភ្នំពេញផង និងជារដ្ឋមន្ត្រីក្រសួងឧស្សហកម្មផង។ លោកបន្តថា លោកប៉ែន សុវណ្ណ មិនចង់ឱ្យលោកកែវ ចិន្តាមានតំណែងពីរក្នុងពេលតែមួយទេ។
«ប៉ែន សុវណ្ណបានស្នើថា ត្រូវយកកែវ ចិន្តាចេញហើយក្រសួងឧស្សាហកម្មអត់មានកន្លែងទំនេរទេ...អត់មានរដ្ឋមន្ត្រីទេ។ ដូច្នេះ សូមប្រគល់ឱ្យសមមិត្តចាន់ ស៊ី ជាឧបនាយករដ្ឋមន្ត្រីទៅកាន់ជារដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម ឯរដ្ឋមន្ត្រីការពារជាតិ ដែលបងចាន់ ស៊ីធ្លាប់កាន់ កំពុងតែកាន់នេះ គាត់កាន់ជានាយករដ្ឋមន្ត្រី ផង និងជារដ្ឋមន្ត្រីការពារជាតិផង។ នេះជាផែនការដែលប៉ែន សុវណ្ណ បានត្រៀមរៀបចំដើម្បីដណ្តើមយកការកាន់កាប់កម្លាំងយោធាបន្ថែម»។
លោកហ៊ុន សែនបន្ថែមថា៖ «នៅពេលដែលចេញពីប្រជុំ ប៉ែន សុវណ្ណចេញទៅមុនបាត់។ បងជា ស៊ីម ចេញបន្ត។ បងហេង សំរិនចេញបន្ត។ បងសាយ ភូថង ចាប់ខ្ញុំជាប់។ បងសាយ ភូថង បានប្រាប់ខ្ញុំថា ប៉ែន សុវណ្ណក្បត់ហើយ ដូច្នេះយើងមិនអាចទុកប៉ែន សុវណ្ណបានទេ។ ដូច្នេះ ខ្ញុំក៏បានបញ្ជាក់ថា ពិតប្រាកដណាស់បង មិនអាចទុកបានតទៅទៀតទេ។យើងត្រូវតែដោះស្រាយបញ្ហារបស់យើងហើយ ប៉ុន្តែតើត្រូវធ្វើយ៉ាងម៉េច បើប៉ែន សុវណ្ណគឺជាមនុស្សដែលមកពីវៀតណាមអ៊ីចឹង តើយើងយកទៅណា?»
លោកហ៊ុន សែនដែលបច្ចុបុ្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជាផង និងជានាយករដ្ឋមន្ត្រីផងនោះ បានបន្តរំឭករឿងចាប់ខ្លួនលោកប៉ែន សុវណ្ណនេះទៀតថា លោកបានពិភាក្សាជាមួយគណៈការិយាល័យនយោបាយបក្សដែលមានសមាជិកយ៉ាងហោចណាស់៦រូប ដែលរួមមានរូបលោកផ្ទាល់ លោកសាយ ភូថង លោកហេង សំរិន លោក ជា ស៊ីម លោកចាន់ ស៊ី លោក ប៊ូ ថង ដើម្បីនាំខ្លួនលោកប៉ែន សុវណ្ណ ទៅឱ្យប្រទេសវៀតណាម វិញ ទីដែលប្រពន្ធកូនលោកប៉ែន សុវណ្ណរស់នៅ។
បើតាមការអត្ថាធិប្បាយរបស់លោកហ៊ុន សែនលោកប៉ែន សុវណ្ណ បានមកធ្វើជាថ្នាំងថ្នាក់ចិត្តជាមួយវៀតណាមនៅពេលគាត់មកចូលរួមជាមួយក្រុមអ្នកនយោបាយជំទាស់ ហើយអ្វីដែលលោកប៉ែន សុវណ្ណសរសេរក្នុងសៀវភៅរបស់គាត់ក្រៅពីចាប់ខ្លួនគាត់យកទៅវៀតណាមនោះ គឺយកជាការមិនបានទេ។លោកហ៊ុន សែនថា លោកប៉ែន សុវណ្ណត្រូវបានចាប់ខ្លួនដោយលោកផ្ទាល់ ជាមួយលោកសាយ ភូថង និងថា លោកប៉ែន សុវណ្ណក៏មិនបានជាប់គុកងងឹតនៅវៀតណាម ដូចដែលលោកប៉ែន សុវណ្ណធ្លាប់និយាយពេលគាត់នៅរស់នោះដែរ។
«បើតាមខ្ញុំដឹង ពេលនោះ គឺយើងដឹក គេដឹកយកទៅពោធិ៍ចិនតុង រួចហើយហោះចេញដំណើរទៅប្រទេសវៀតណាម។ គេបានដឹងហើយ យើងមិនចាំបាច់លាក់ទេរឿងប្រវត្តិសាស្ត្រនេះ។ ប៉ែន សុវណ្ណ ទៅជាប់គុកនៅវៀតណាម ពិតប្រាកដមែន ប៉ុន្តែមិនមែនជាគុកងងឹត ដូចប៉ែន សុវណ្ណថា នោះទេ។ ប៉ែន សុវណ្ណ មានសុខភាពល្អណាស់»។
ព័ត៌មានទាក់ទង៖ អ្នកតាមដាននយោបាយ ចាត់ទុកមរណភាពលោក ប៉ែន សុវណ្ណ ថាជាការបាត់បង់វីរជន ដែលហ៊ានប្រឆាំងនឹងវៀតណាមគួររំឭកផងដែរថា លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីលើកដំបូងរបស់កម្ពុជា ក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម បានស្លាប់កាលពីខែតុលា ឆ្នាំ២០១៦ ដោយរោគាពាធ នៅឯគេហដ្ឋានរបស់លោកក្នុងខេត្តតាកែវ។
លោក ប៉ែន សុវណ្ណ កើតនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ១៩៣៦ នៅភូមិចានទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកទទួលបានការបណ្ដុះបណ្ដាលយោធាជាន់ខ្ពស់ និងយោធានយោបាយសេដ្ឋកិច្ចនៅប្រទេសវៀតណាម។
ក្នុងចន្លោះពេលឆ្នាំ ១៩៧៩ ដល់១៩៨១ លោកគឺជាមេដឹកនាំបក្សបដិវត្តន៍កម្ពុជា។ នេះបើយោងទៅតាមប្រវត្តិសង្ខេបនៃអ្នកតំណាងរាស្ត្រ ដែលបានកត់ត្រាទុកនៅក្នុងឯកសាររបស់អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលស្ដីពីប្រវត្តិសង្ខេបតំណាងរាស្ត្រនីតិកាលទី៥ឆ្នាំ ២០១៣ ដល់២០១៨ ចេញផ្សាយកាលពីខែមករា ឆ្នាំ២០១៥។
ឯកសារដដែលបានបង្ហាញថាលោក ប៉ែន សុវណ្ណ បានក្លាយជាឧត្ដមទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សសិទ្ធិមនុស្សពីឆ្នាំ២០០៨ ដល់២០១២ នៅមុនពេលលោកជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺនាឆ្នាំ ២០១៣។
ក្នុងការផ្តល់សេចក្តីអធិប្បាយអំពីការចាប់ខ្លួនលោកប៉ែន សុវណ្ណនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានកែតម្រូវការអត្ថាធិប្បាយរបស់អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ឈ្មោះខាន់ សុវណ្ណ ពាក់ព័ន្ធនឹងការលើកឡើងថា សហភាពសូវៀត និងវៀតណាម បានប្រជែងគ្នាលើកបន្តុបមេដឹកនាំខ្មែរក្រោយសម័យប៉ុល ពលឱ្យធ្វើជានាយករដ្ឋមន្ត្រី ដែលមេដឹកនាំទាំងនោះ មានលោកប៉ែន សុវណ្ណ លោកចាន់ ស៊ី និងរូបលោកផ្ទាល់។ លោកលើកឡើងថា រឿងនេះមិនពិតទេ ហើយមរណភាពរបស់លោកចាន់ ស៊ី ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនោះ គឺបណ្តាលមកពីជំងឺមហារីកឈាម និងមិនទាក់ទងនឹងរឿងអ្វីផ្សេងទៀតនោះដែរ។
«ប៉ុន្តែអ្វីដែលលោកខាន់ សុវណ្ណនិយាយថា សូវៀត មិនពេញចិត្តជាមួយអ្នកមកពីវៀតណាមមកកាន់តំណែងនាយករដ្ឋមន្ត្រីនៅកម្ពុជាទេ ដូច្នេះចាត់តាំងប៉ែន សុវណ្ណ ត្រូវតម្រូវឱ្យវៀតណាមចាប់ប៉ែន សុវណ្ណយកទៅវៀតណាមវិញ។ ពេលដែលចាត់តាំងបងចាន់ ស៊ី ទៅដើរយ៉ាងរំភើយ ត្រឡប់មកវិញ មកទាំងក្តារមឈូស ចង់សំដៅថា នេះជាការសម្លាប់ដោយសូវៀត។ នេះជាការភាន់ច្រឡំ និងជាការបំពានមួយដ៏ធំនៃប្រវត្តិសាស្ត្រ»។
លោកហ៊ុន សែន បន្ថែមថា សូវៀតបានខិតខំព្យាបាលលោកចាន់ ស៊ី តែនៅមិនអាចសង្គ្រោះអតីតនាយករដ្ឋមន្ត្រីខ្មែររូបនេះបានពីជំងឺមហារីកឈាមដដែល។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពី លោក ខាន់ សុវណ្ណ តាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកបានទេនៅថ្ងៃចន្ទនេះ។ ប៉ុន្តែក្នុងបណ្តាញសង្គមហ្វេសប៊ុក លោកខាន់ សុវណ្ណ បានផ្សាយឡើងវិញនូវការអត្ថាធិប្បាយរបស់លោកហ៊ុន សែន និងបានថ្លែងថា លោកហ៊ុន សែនបានជម្រះនូវពាក្យចចាមអារ៉ាមនានាកាលពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងនោះក៏មានទាក់ទងនឹងការស្លាប់របស់លោកចាន់ ស៊ីផងដែរ។ លោកខាន់ សុវណ្ណនិយាយថា៖
«អ៊ីចឹង វាមានអ្នកមាត់ដាចមួយចំនួនជំនាន់នោះ និយាយថា គេថា ហ៊ឺស ឯងចង់ខ្លាំងជាមួយសូវៀតអ្ហេ៎ !ទៅមិនរួចទេអាអូន!...ម្តងព្រមានម្តងដកប៉ែន សុវណ្ណ លើកទីពីរដាក់ចាន់ ស៊ីមកទៀត ។ អាហ្នឹងអ្នក អ្នកមាត់ តាមតៀមកាហ្វេជំនាន់រដ្ឋកម្ពុជាហ្នឹងវាអ៊ីចឹង»។
ដោយឡែក អ្នកវិភាគនយោបាយលោកសេង សារី យល់ថា ការអធិប្បាយរបស់លោកហ៊ុន សែន អំពីដំណើរដើមទងនៃការកសាងប្រទេសក្រោយសម័យខ្មែរក្រហម និងការឡើងកាន់អំណាចរបស់មេដឹកនាំខ្មែរនាសម័យគំាទ្រដោយប្រទេសកុម្មុយនីស្តនោះ ជាទម្រង់នៃការព្យាយាមតាក់តែងប្រវត្តិសាស្ត្រឡើងវិញ ក្នុងនាមជាអ្នកឈ្នះ និងមិនបានផ្សារភ្ជាប់នឹងបញ្ហានយោបាយកម្ពុជានាពេលពេលបច្ចុប្បន្ននេះទេ។
លោកប្រាប់វីអូអេបន្ថែមថា ក្នុងពេលលោកនាយករដ្ឋមន្ត្រីបកស្រាយអំពីសម័យកាលតស៊ូរបស់លោកនោះ ក៏អាចនាំឱ្យមានការចោទសួរពីសុក្រឹតភាពនៃព័ត៌មានដែលលោកនាយករដ្ឋមន្ត្រីបានបញ្ចេញ ដោយសារតែឥស្សរជនតស៊ូក្នុងជំនាន់លោកមួយចំនួនបានលាចាកលោកទៅហើយ។
«ប្រហែលជាអាច គាត់នៅតែជឿលើថាអ្នកឈ្នះគឺជាអ្នកសរសេរប្រវត្តិសាស្ត្រ។ដូច្នេះ នេះគឺជាការជជែកក្នុងចំណោមមហាជន ដែលៗមានការសង្ស័យថាសម្តេចនាយករដ្ឋមន្ត្រីកំពុងតែសរសេរប្រវត្តិសាស្ត្រក្នុងនាមជាអ្នកឈ្នះ»។
យោងតាមសៀវភៅរបស់លោក ប៉ែន សុវណ្ណ ដែលមានចំណងជើងថា៖«ប៉ែន សុវណ្ណ ជីវប្រវត្តិសង្ខេប និងបុព្វហេតុជាតិមាតុភូមិកម្ពុជា» ចេញផ្សាយកាលពីឆ្នាំ២០០២ លោកហ៊ុន សែន និងលោកសាយ ភូថង ត្រូវលោកប៉ែន សុវណ្ណពណ៌នាថាបានរិះគន់គាត់ចំពោះការមានទំនាក់ទំនងជិតស្និទ្ធជាមួយបញ្ញជន និងបានតែងតាំងអ្នកចេះដឹងទាំងនោះ ឱ្យកាន់ការងារតាមក្រសួងនីមួយៗ។
លោកប៉ែន សុវណ្ណបានប្រាប់អ្នកនិពន្ធសៀវភៅរបស់គាត់ថា៖ «ដោយសាររឿងនេះហើយ ទើបខ្ញុំបានត្រូវគេរិះគន់យ៉ាងខ្លាំង នៅពេលប្រជុំការិយាល័យមជ្ឈិមបក្សម្តងៗ ពិសេសលោកហ៊ុន សែន និងលោកសាយ ភូថងតែម្តង»។
អតីតនាយករដ្ឋមន្ត្រីខ្មែរបន្ថែមថា៖ «រាល់ពេលប្រជុំ គេបានរិះគន់ដល់ខ្ញុំថា មិត្តជាអគ្គលេខាធិការមជ្ឈិមបក្ស បើនៅតែមានការទំនាក់ទំនង និងជិតស្និទ្ធជាមួយបញ្ញវន្ត តទៅទៀត ឥទ្ធិពលរបស់មិត្ត ជាអគ្គលេខាធិការមជ្ឈិមបក្ស មុខជាថយចុះ ក្នុងចំណោមមហាជនទាំងមូល»។
នៅមុនពេលលោកប៉ែន សុវណ្ណ ត្រូវបានចាប់ខ្លួនដោយសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សប្រជាជនបដិវត្តន៍កម្ពុជា គឺលោកហ៊ុន សែន និងលោកសាយ ភូថងនោះ លោកប៉ែន សុវណ្ណបានប្រឆាំងនឹងសំណើររបស់លោកឡេ ឌឹកថ សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅក្នុងការអនុវត្តផែនការ«ក៥» ដែលមានន័យថា កែនកម្លាំងកាប់ឆ្ការព្រៃការពារព្រំដែនកម្ពុជា។ នេះបើតាមសៀវភៅរបស់លោកប៉ែន សុវណ្ណ។
លោក ប៉ែន សុវណ្ណពន្យល់ថា ផែនការនេះអាចធ្វើឱ្យកើតមានសោកនាដកម្មដល់អាយុជីវិត ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន និងបង្កការខាតបង់ទឹកដីរបស់កម្ពុជា។
លោក ប៉ែន សុវណ្ណ បានធ្វើសកម្មភាពតាមរបៀបមិនរណបវៀតណាម បើទោះជាលោកធ្លាប់ជាមនុស្សដែលវៀតណាមទុកចិត្តក៏ដោយ។ ឧទារហណ៍លោក ប៉ែន សុវណ្ណ ធ្លាប់បានពន្យល់ថា «នៅពេលខ្ញុំចង់បង្កើតកងទ័ពរបស់ខ្មែរផ្ទាល់ចំនួន៥កងវរសេនាធំ វៀតណាមមិនយល់ព្រម ហើយលោក ឡេ ឌឹកថ បានទៅសហភាពសូវៀតដើម្បីតវ៉ា»។
សកម្មភាពនេះដែលស្របនឹងបំណងសហភាពសូវៀតដែលចង់មានឥទ្ធពលបន្ថែមលើវៀតណាម ដោយដងសិទ្ធិបងធំរបស់វៀតណាមលើកម្ពុជានោះ បានធ្វើឱ្យវៀតណាមមិនចង់ប្រើលោក ប៉ែន សុវណ្ណ ហើយអ្នករណបរដ្ឋាភិបាលក្រុងហាណូយឆ្លៀតឱកាសកម្ចាត់លោកចោល។
ដូច្នេះបញ្ជាក់ថា អំណាចរបស់មន្ត្រីខ្មែរនៅសម័យវៀតណាមត្រួតត្រាប្រទេសកម្ពុជា មិនមែនជាអំណាចពិតទេ គឺជាអំណាចរណប និងតំណែងរណប។
ប៉ុន្តែការឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និង លោក ខាន់ សុវណ្ណ ដែលជាមនុស្សគណបក្សប្រជាជនកម្ពុជាតែមួយនោះ មានន័យថា មន្ត្រីកម្ពុជាក្នុងការត្រួតត្រាដោយវៀតណាម មានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចចិត្ត ហើយការចាប់ខ្លួនលោក ប៉ែន សុវណ្ណ ទៅឃុំឃាំងនៅក្នុងប្រទេសវៀតណាមនោះ ជាការសម្រេចចិត្ត ដែលវៀតណាមធ្វើតាមខែ្មរ។
តមកទៀតលោកប៉ែន សុវណ្ណ បានរំឭកឡើងវិញថាកាលពី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨១ លោកបានស្នើដល់ការិយាល័យនយោបាយមជ្ឈឹមបក្ស ដើម្បីបង្កើតគណៈកម្មការ និងតាក់តែងច្បាប់ស្តីពីអន្តោប្រវេសន៍វៀតណាម ដែលចេះតែហូរចូលប្រទេសកម្ពុជាដោយខុសច្បាប់ ប៉ុន្តែពេលនោះ មានសមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស២រូប បានប្រឆាំងដាច់ខាតគឺលោកហ៊ុន សែន និងលោកសាយ ភូថង។
ជាង១០ថ្ងៃក្រោយមក គឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨១ លោកហ៊ុន សែន និងលោកសាយ ភូថង អមដោយទាហានវៀតណាមក្រុមK10 និង A21 ចំនួន៤នាក់ បានទៅចាប់ខ្លួនលោកប៉ែន សុវណ្ណ។ នេះបើតាមសៀវភៅរបស់លោក ប៉ែន សុវណ្ណ។
អំឡុងពេលនោះ លោកប៉ែន សុវណ្ណលើកឡើងថា លោកសាយ ភូថង បាននិយាយថា៖ «បងឯងក្បត់ជាតិ» ហើយលោកហ៊ុន សែនក៏បានអានសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយមជ្ឈឹមបក្ស ដែលបើកផ្លូវឱ្យដករាល់មុខតំណែងដឹកនាំរបស់គាត់។
សម្រង់នៃសេចក្តីសម្រេចចិត្តរបស់ ការិយាល័យនយោបាយមជ្ឈឹមបក្សនោះបានសរសេរថា៖«ការិយាល័យនយោបាយមជ្ឈឹមបក្ស ប្រជាជនបដិវត្តន៍កម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញដើម្បីធ្វើសេចក្តីសម្រេចចិត្តដករាល់មុខតំណែងដឹកនាំរបស់បងប៉ែន សុវណ្ណ មូលហេតុដោយបងប៉ែន សុវណ្ណនៅតែបន្តប្រើអំពើផ្តាច់ការ ឯកសិទ្ធ ដោះស្រាយបញ្ហាដែលសមូហភាពមិនយល់ព្រម»។
យ៉ាងក៏ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា សៀវភៅរបស់លោកប៉ែន សុវណ្ណនោះគឺមានភាពមិនប្រក្រតី ហើយចំណុចដែលត្រឹមត្រូវនោះ គឺនៅត្រង់ពេលលោក និងសាយ ភូថង ទៅចាប់ខ្លួនលោកប៉ែន សុវណ្ណរួចបញ្ជូនទៅប្រទេសវៀតណាម។
ទោះបីមានការបកស្រាយពីភាគី លោកហ៊ុន សែនថាលោកប៉ែន សុវណ្ណ ជាអ្នកចង់កាន់មុខតំណែងច្រើន តែលោកប៉ែន សុវណ្ណ បានលើកឡើងនៅក្នុងសៀវភៅរបស់លោកថារាល់ការឡើងកាន់តួនាទីជាមេដឹកនាំក្នុងដំណាក់កាលនីមួយៗ ក្រោយសម័យប៉ុល ពត គាត់តែងតែត្រូវបានជ្រើសរើសដោយសម័យប្រជុំ ឬមហាសន្និបាត តាមរយៈសំឡេងឆ្នោតដោយចំហ និងសម្ងាត់។
លោកប៉ែន សុវណ្ណ បានអធិប្បាយក្នុងសៀវភៅរបស់គាត់ទៀតថា នៅពេលគាត់ត្រូវបានបញ្ជូនដល់វៀតណាម គាត់នៅមិនអស់ចិត្តចំពោះការចោទប្រកាន់របស់សហការីគាត់ថា គាត់បានប្រព្រឹត្តអំពើក្បត់ជាតិ។
លោកបានសួរខ្លួនឯងថា៖ «តើខ្ញុំក្បត់ឆន្ទៈ និងក្បត់ជាតិមាតុភូមិខ្លួនឯងដូចគេចោទមែនដែរឬទេ ? តើខ្ញុំមានកំហុសអ្វី ហើយតើហេតុអ្វីបានជាអ្នកដឹកនាំខ្មែរធ្វើបាប អ្នកដឹកនាំខ្មែរគ្នាឯង?តើដើម្បីអ្វី?តើហេតុអ្វីបានជាអ្នកដឹកនាំខ្មែរទាំងអស់គ្នា នៅពេលឃើញខ្ញុំមានកំហុសអ្វីមួយ មិនផ្តល់យោបល់រវាងជាតិខ្មែរដូចគ្នា ដើម្បីលើកគុណភាពដឹកនាំជាតិមាតុភូមិស្វែងរកសេចក្តីសុខ និងសុភមង្គលជូនជាតិមាតុភូមិកម្ពុជា បែរជាធ្វើបែបនេះចំពោះរូបខ្ញុំដែលជាអ្នកដឹកនាំដូចគ្នា?»
បើតាមសេចក្តីរាយការណ៍របស់វិទ្យុបារាំងអន្តរជាតិផ្សាយជាខេមរភាសាកាលពីឆ្នាំ២០១៦ ការដកហូតដំណែង លោក ប៉ែន សុវណ្ណ គឺបណ្ដាលមកពីលោកប្រមាថទីក្រុងហាណូយយ៉ាងខ្លាំង ដោយចង់មានទំនាក់ទំនងដោយផ្ទាល់ជាមួយទីក្រុងមូស្គូ ហើយរំលងទីក្រុងហាណូយ។ វិទ្យុបារំាងអន្តរជាតិ បានយោងទៅតាមសៀវភៅ «សុបិននិងការពិត» របស់លោក វ៉ាន់ឌី កាអុន ដែលជាអ្នកនិពន្ធអក្សរសិល្ប៍ និងប្រវតិ្តសាស្ត្រកម្ពុជា។
បើតាមសៀវភៅដដែល និងរាយការណ៍ដោយវិទ្យុបារំាងអន្តរជាតិនោះ ការដកលោកប៉ែន សុវណ្ណ ក៏បណ្ដាលមកពី លោក ប៉ែន សុវណ្ណ ប៉ុនប៉ងរំដោះកម្ពុជាពីការគាបសង្កត់របស់វៀតណាម ហើយប្រឆាំងនឹងនយោបាយអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា។
សេចក្តីរាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ បានសរសេរក្នុងន័យដើមថា៖ «ប៉ុន្តែសំខាន់ជាងនេះ លោកប៉ែន សុវណ្ណរបូតពីតំណែង ហើយត្រូវគេចាប់ដាក់គុក ក៏ព្រោះតែលោក ដែលជាអតីតខ្មែរវៀតមិញដណ្ដើមតួនាទីដឹកនាំរបស់ក្រុមខ្មែរក្រហមភូមិភាគបូព៌ាដែលគេស្គាល់ថាជាក្រុមលោក ជា ស៊ីមលោក ហេង សំរិននិងលោក ហ៊ុន សែនគឺទំនាស់ប្រជែងអំណាចរវាងចរន្តទាំងពីរនេះហើយ ដែលធ្វើឱ្យវៀតណាមបារម្ភ ហើយបង្ខំចិត្តកម្ចាត់ចោលមួយ»៕