នៅក្នុងជំនួបមួយនៅថ្ងៃសុក្រនេះ មេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា លោកត្រៀមខ្លួនរួចជាស្រេចនៅក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី គឺលោក Prabowo Subianto ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ីក្នុងខែតុលាខាងមុខ។
លោក Prabowo ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ទាំងលោក ហ៊ុន ម៉ាណែត និងលោក Prabowo បានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។ នេះបើតាមសារដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាល្ងាចថ្ងៃសុក្រនេះ។
មេដឹកនាំនៃប្រទេសទាំងពីរបានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តនៅក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងឥណ្ឌូណេស៊ី-កម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក Prabowo នាពេលនេះ «នឹងចូលរួមពូនជ្រំ» ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។
ដំណើរទស្សនកិច្ចរបស់លោក Prabowo កើតឡើងក្រោយកម្ពុជាទទួលបានសព្វាវុធយោធាពីរដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងទំហំទឹកប្រាក់ប្រមាណ ៥ ០ម៉ឺនដុល្លារអាមេរិក ដោយក្នុងនោះរួមមានកាំភ្លើងខ្លី កំាំភ្លើងវែង និងគ្រាប់រំសេវជាដើម កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន ម៉ាណែត និងលោក Prabowo ក៏បានផ្លាស់ប្តូរទស្សនៈអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្ដានុពលមួយចំនួនមានជាអាទិ៍វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិនិងសន្ដិសុខ កសិកម្ម និងទេសចរណ៍ រួមទាំងការពិចារណាលើលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរបន្ថែមទៀត។
គួរបញ្ជាក់ថា កម្ពុជានិងឥណ្ឌូណេស៊ីកំពុងប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំ ២០២៤ នេះ៕