បញ្ហាសុខភាពរបស់កូនក្ដីដែលមានវ័យកាន់តែចាស់ជរាបានក្លាយជាកង្វល់របស់ក្រុមមេធាវីការពារក្ដីសម្រាប់ការបើកសវនាការក្នុងសំណុំរឿង០០២ក្នុងរយៈពេលបីខែទៀតនេះ។ ក្រុមមេធាវីបានស្នើនៅក្នុងកិច្ចប្រជុំរៀបចំការកាត់ក្ដីក្នុងសំណុំរឿងនេះនៅថ្ងៃអង្គារនេះឲ្យសាលាក្ដីពិចារណាឲ្យបានជាក់លាក់ពីលទ្ធភាពក្នុងការចូលរួមសវនាការពេញលេញនៃកូនក្ដីរបស់ផងខ្លួន។
យ៉ាងហោចណាស់មានមេធាវីរបស់អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ខ្មែរក្រហមចំនួនបីក្រុមបានទាមទារឲ្យអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមផ្តោតការយកចិត្តទុកដាក់ជាចម្បងទៅលើបញ្ហាសុខភាពរបស់កូនក្តីផងខ្លួនមុននឹងកំណត់កម្មវិធីបើកសវនាការនៅក្នុងសំណុំរឿង០០២ដែលគេគ្រោងបើកការជំនុំជម្រះនៅក្នុងអំឡុងខែមិថុនា ឆ្នាំនេះ។
ការទាមទារនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបិទទ្វារនៅថ្ងៃអង្គារនេះ នៅសាលាក្តីខ្មែរក្រហម ដើម្បីកំណត់ប្រតិទិនសម្រាប់ការកាត់ទោសជនជាប់ចោទដ៏មានសារៈសំខាន់ចំនួនបួននាក់នៅក្នុងសំណុំរឿងនេះ គឺ នួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ។
លោកសហមេធាវីសុន អារុណ ការពារក្តីឲ្យនួន ជា អតីតប្រធានសភាខ្មែរក្រហមមានប្រសាសន៍ថា ក្រុមមេធាវីការពារក្តីបានស្នើឲ្យអង្គជំនុំជម្រះសាលាដំបូងរកដំណោះស្រាយផ្តោតទៅលើបញ្ហាសុខភាពជនជាប់ចោទនៅពេលដែលមានបញ្ហានៅក្នុងអំឡុងពេលកំពុងដំណើរការសវនាការ។
«អ្នកកាត់ទោសទំាងប៉ុន្មាន សុទ្ធតែមនុស្សចាស់អស់ហើយ។ ហើយគាត់មានជំងឺញឹកញាប់ កាលណា ឡើងសវនាការទៅ ជួនកាលឈាមគាត់ឡើងលើជិត ២០ ទៅ២១ និង២២ អញ្ចឹងទៅ។ មានជំងឺអញ្ចឹងកើតឡើងខ្ញុំត្រូវធ្វើយ៉ាងម៉េច។ ខ្ញុំមេធាវីការពារនួន ជា ខ្ញុំលើករឿងនេះមកដាក់ សួរថាគេគិតយ៉ាងម៉េច។ គេថា ដំណោះស្រាយទីមួយកាត់ធម្មតាអញ្ចឹងទៅ កាលណាគាត់មិនស្រួល គេហៅថា Audio Conference»។
សូមបញ្ជាក់ថា ជនជាប់ចោទនួន ជា អាយុជិត៨៥ឆ្នាំទៅហើយមានបញ្ហាសុខភាពច្រើនផ្នែកសម្ពាធឈាមនិងបញ្ហាភ្នែក។ រីឯអៀង សារី អាយុជិត៨៦ឆ្នាំ មានបញ្ហាបេះដូង និងបញ្ហាឆ្អឹងខ្នង។ ចំណែកឯ ប្រពន្ធរបស់គាត់គឺអៀង ធីរិទ្ធ អាយុ៦៩ឆ្នាំត្រូវសហមេធាវីបញ្ជាក់ថា មានបញ្ហាផ្លូវចិត្ត ដែលធ្វើឲ្យគាត់មានស្មារតីមិននឹងនរពិបាកនៅក្នុងការពិភាក្សា។ចំណែកឯខៀវ សំផន ដែលហាក់បីដូចជានៅរឹងមាំជាងគេ អាយុជិត៨០ឆ្នាំទៅហើយ មានជំងឺម្តងម្កាលដែរ ។
ក្រុមមេធាវីបានស្នើឲ្យសាលាក្តីខ្មែរក្រហមផ្តល់គ្រូពេទ្យជំនាញផ្នែកមនុស្សចាស់ដើម្បីធ្វើការវាយតម្លៃទៅលើសម្បទារបស់ជនជាប់ចោទទាំងផ្នែកផ្លូវចិត្តនិងផ្លូវកាយ។
លោកផាត់ ពៅសៀង សហមេធាវីការពារក្តីឲ្យអៀង ធីរិទ្ធ បញ្ជាក់ថា ការកំណត់កាលបរិច្ឆេទបើកសវនការបានលុះត្រាតែបញ្ហាសុខភាពរបស់ជនជាប់ចោទត្រូវបានដោះស្រាយច្បាស់លាស់។
«ពេទ្យគេវាយតម្លៃហើយបានយើងអាចតវ៉ា តតាំងគ្នាអញ្ចឹងទៅ ហើយយើងដាក់ថ្ងៃសវនាការជាក់លាក់បាន»។
សូមបញ្ជាក់ថា អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមគ្រោងនឹងបើកកិច្ចប្រជុំរយៈពេល បីថ្ងៃសម្រាប់រៀបចំបើកសវនការសំណុំរឿង០០២។ ក៏ប៉ុន្តែកិច្ចប្រជុំនេះបានចប់សព្វគ្រប់នៅក្នុងរយៈពេល ត្រឹមតែមួយថ្ងៃប៉ុណ្ណោះនៅថ្ងៃនេះ។
តាមគម្រោងដែលចូលរួមពិភាក្សាឲ្យគ្រប់ភាគី បានផ្តោតការជជែកលើមាត្រាចំនួនពីរនៃវិធានផ្ទៃក្នុងការទួលស្គាល់សហមេធាវីបរទេសការជជែកអំពីបណ្តឹងនិងការឆ្លើយតបបណ្តឹង ការផ្តោតទៅលើកម្មវិធីនៃការកាត់ទោសការកាត់បន្ថយចំនួនសាក្សី ការជំទាស់របស់ក្រុមមេធាវីការពារក្តីចំពោះការចោទប្រកាន់ជាដើម។
លោកសហមេធាវី Michela Pestment ការពារក្តីឲ្យអតីតរដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរក្រហម អៀង សារី មានប្រសាសន៍ថា ជនជាប់ចោទមានបញ្ហាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយបញ្ហានេះត្រូវបាន ជជែកនៅក្នុងកិច្ចប្រជុំនេះ។ ហើយលោករំពឹងថា អង្គជំនុំជម្រះសាលាដំបូង នឹងផ្តល់ដំណោះស្រាយយ៉ាងត្រឹមត្រូវមួយ។
រីឯសហមេធាវីលោកស សាវ៉ាន ការពារក្តីឲ្យខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម មិនបានទាមទារឲ្យមានការដោះស្រាយអំពីបញ្ហាសុខភាពរបស់ជនជាប់ចោទនោះទេ។ក៏ប៉ុន្តែលោកស សាវ៉ាន បានសង្កត់ ធ្ងន់ទៅលើការអនុវត្តនៅក្នុងការកាត់ក្តីដោយអនុលោមទៅតាមប្រព័ន្ធ Common Law និង Civil Law ។
លោករាជ សម្បត្តិ ប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម មិនបានធ្វើអត្ថាធិប្បាយទៅលើខ្លឹមសារនៃការជជែកនៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះទេ។
«កិច្ចប្រជុំបានបញ្ចប់ហើយ ការជជែកទៅលើអង្គហេតុ គឺយើងអត់និយាយទេអាហ្នឹង ពីព្រោះកិច្ចការ របស់ចៅក្រម»។
យ៉ាងណាក៏ដោយសហមេធាវីលោកផាត់ ពៅសៀង មានប្រសាសន៍ថា អង្គជំនុំជម្រះសាលាដំបូងនឹងលើកយកមកជជែកបន្ថែមទៀត នូវបញ្ហាគន្លឹះមួយចំនួនដូចជាបញ្ហាផ្លូវច្បាប់និងការជជែកអំពីបញ្ហាដែលទាក់ទងទៅនឹងការកាត់ទោសអៀង សារី ជាលើកទីពីរ បន្ទាប់ពីលោកអៀង សារី ត្រូវកាត់ទោសម្តងរួចទៅហើយដោយរបបរដ្ឋកម្ពុជានៅឆ្នាំ១៩៧៩៕