កុមារក្រីក្រនៅប្រទេសកម្ពុជាមានឱកាសតិចតួចណាស់ក្នុងការទទួលបានការសិក្សា។ កុមារដែលអភ័ព្វជាងគេគឺកុមារនៅតាមតំបន់ជនបទដាល់ស្រយាល ជាពិសេសកុមារជនជាតិដើមភាគតិចនៅភូមិភាគឦសាន ដូចជាកុមារក្នុងខេត្តរតនគិរីនេះ។ បើមិនមានមត្តេយ្យសាលាសហគមន៍ដែលផ្តូចផ្តើមគំនិត និងឩបត្ថម្ភដោយអង្គការ Plan International និងសហភាពអឺរ៉ុបទេកុមារទាំងនេះគ្មានឱកាសស្គាល់សាលារៀនទេ។
លោក Jan Jaapkleirensink នាយកអង្គការ Plan International ប្រចាំនៅប្រទេសកម្ពុជាបានថ្លែងអំពីសារៈសំខាន់នៃការអប់រំសិក្សាក្នុងវ័យកុមារ ប្រាប់អ្នកចូលរួមជិត៥០០នាក់ក្នុងពិធីសម្ពោធនៅឃុំម៉ាលិកស្រុកអណ្តូងមាស ខេត្តរតនគិរី។ លោកនិយាយថា ការធ្វើឲ្យជីវិតកុមារមានគុណភាពតាំងពីដំបូងគឺជាជំហ៊ានដ៏មានសារៈសំខាន់ដើម្បីឲ្យកុមារទទួលបានសិទ្ធិដ៏មានអត្ថន័យដទៃទៀត។
«គ្មានជោគជ័យក្នុងរយៈពេលវែងណាមួយដែលមិនឈានចាប់នូវជំហានដំបូងនោះទេ។ ការធានាបានជំហានដំបូងរបស់កុមារប្រកបដោយគុណភាពគឺជាការទទួលខុសត្រូវរបស់ពួកយើងទាំងអស់គ្នា»។
នាយកអង្គការ Plan International ប្រចាំនៅកម្ពុជាបានបន្តថា៖
«ក្នុងពេល៥ឆ្នាំកន្លងមកនេះ យើងឃើញមានកុមារអាយុពី៣ទៅ៥ឆ្នាំកើនឡើងពី១០%ទៅ៣០% ទៅចូលរៀនមត្តេយ្យសាលា។ យើងគិតថា នេះគឺជាជោគជ័យ តែមានកិច្ចការច្រើនទៀតត្រូវធ្វើ»។
អមជាមួយមត្តេយ្យសាលាសហគមន៍ គម្រោងដែលឩបត្ថម្ភថវិកាដោយសហភាពអឺរ៉ុបនេះក៏មានធ្វើបង្គន់អានាម័យ ដែលមានធុងទឹកហើយនឹងសាប៊ូសម្រាប់កុមារតូចៗទាំងនេះលៀងដៃតាមការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូដែលត្រូវចេះភាសាជនជាតិ ដើមភាគតិចផងដែរ។
លោកថង សាវុន អភិបាលខេត្តរតនគិរី អបអរសាទរគម្រោងនេះហើយបានប្រាប់អ្នកចូលរួមថា កុមារទាំងនេះមានសំណាងណាស់ ខណៈដែលអង្គការជំនួយចាត់ទុកថា កុមារទាំងនេះអភ័ព្វ ព្រោះគ្មានសាលារៀន។ លោកអភិបាលខេត្តថ្លែងថា កុមារទាំងនេះមានសំណាង ដោយលោកប្រៀបធៀបពួកគេជាមួយឪពុកម្តាយឬជីដូនជីតារបស់ពូកគេ។
«ប្អូនៗ ពិតជាមានឱកាសសំណាងជាងយើងខ្ញុំ ជាងលោកអ៊ុំ លោកពូ លោកមីងដែលអង្គុយនៅទីនេះ។ ប្អូនៗបានស្គាល់អ្វីដែលថា ភាពចាប់ផ្តើមដំបូងពីការអប់រំ»។
ឪពុកម្តាយឬជីដូនជីតារបស់កុមារទាំងនេះភាគច្រើនត្រូវកាន់កាំភ្លើងក្នុងវ័យសិក្ខា ដោយសារសង្គ្រាមវៀតណាមដែលហៀរចូលមកក្នុងប្រទេសកម្ពុជា ក្រោយពីមានការទម្លាក់គ្រាប់បែកលើផ្លូវលំហូ ជីមិញដែលឆ្លងកាត់ខេត្តរតនគិរី។សង្គ្រាមនោះនាំឲ្យខ្មែរក្រហមចូលកាន់អំណាចនៅថ្ងៃទី១៧ ខែមេសាឆ្នាំ១៩៧៥ ហើយមានពលរដ្ឋខ្មែរជាង១លាន៧សែននាក់ត្រូវស្លាប់ដោយអត់បាយ និងការសម្លាប់ចោល។
លោកអភិបាលបានរំឭកដែរថា មានគម្រោងជាច្រើនដែលត្រូវបរាជ័យវិញ ក្រោយពីអង្គការជំនួយបានផ្ទេរការទទួលខុសត្រូវឲ្យសហគមន៍ អាជ្ញាធរមូលដ្ឋានដែលមិនបានបន្តនិរន្តរភាពនៃគម្រោង។ លោកបានអំពាវនាវឲ្យមេភូមិ មេឃុំ ជួយថែរក្សាសមិទ្ធផលទាំងនេះ ហើយសូមឲ្យអង្គការ Plan International និងសហភាពអឺរ៉ុបបន្តជួយអង្គការគ្រួសារយើង និងអង្គការបណ្តុះកុមារ ដើម្បីធ្វើឲ្យគម្រោងនេះមាននិរន្តរភាព។
«អញ្ចឹងស្នើជួយពិនិត្យនៅលើលទ្ធភាពដែលអាចជួយបន្ត។ ហើយយើងខ្ញុំនឹងបន្តគាំទ្ររាល់សកម្មភាពគម្រោងជាអាទិភាពនៅក្នុងតំបន់ ខេត្តរតនគិរីយើងខ្ញុំ ជាមួយនឹងអង្គការ Plan ក៏ដូចជាអង្គការដៃគូ សង្គមស៊ីវិលផ្សេងៗ ដែលមានវត្តមាននៅក្នុងខេត្តរតនគិរី»។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានប្រាប់អ្នកចូលរួមថា ការអប់រំពីបឋមវ័យនៅមត្តេយ្យសាលាធ្វើឲ្យកុមារមានឱកាសប្រសើរឡើងក្នុងការសិក្សានៅបឋមសិក្សា មធ្យមសិក្សា ហើយពួកគេមានសក្តានុពលក្នុងការរៀនជំនាញសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគេ នៅពេលពួកធំពេញវ័យ។ លោកបន្តថា ការអប់រំក្នុងដំណាក់កាលដំបូងធ្វើឲ្យកុមារក្លាយជាមនុស្សមានសីលធម៌ និងចេះជួយសហគមន៍។
«ដូចយើងបានដឹងហើយថា ទារកនិងកុមារតូចត្រូវឆ្លងកាត់ការរៀន និងការវិវត្តច្រើនណាស់ក្នុងដំណាក់កាលដំបូងនៃជីវិតរបស់គេ។ ដើម្បីធានាថា រាងកាយ ជាពិសេសខួរក្បាលរបស់កុមាររីកចម្រើនឲ្យបានពេញលេញ កុមារត្រូវការការគាំពារ និងការគាំទ្រ ពិសេសក្នុងដំណាក់កាលដ៏សំខាន់នេះ ដូចជាអាហារូបត្ថម្ភល្អ ទម្លាប់អណាម័យល្អ ការគាំទ្រឲ្យមានសុខភាពល្អ ការអប់រំល្អ និងលទ្ធភាពទទួលបានការសិក្សា»។
លោករម៉ាម សេងប៊ុនលីជាគ្រួបង្រៀនៅមត្តេយ្យសាលាសហគមន៍នៅឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី ប្រាប់ VOA ថា ទៅអនាគត ក្មេងជំនាន់ក្រោយពិបាក ព្រោះគេមិនអាចពឹងលើអនុផលព្រៃឈើ និងដីដែលចេះតែឡើងថ្លៃនោះទេ។
«បើសិនជាប្អូនៗទាំងអស់គ្នាគាត់អត់ចេះ ថ្ងៃក្រោយនឹងយ៉ាប់ហើយ ព្រោះគាត់ទាំងអស់គ្នាអត់ចេះ។ ព្រោះអីឧទាហរណ៍ថា នៅក្នុងភូមិអត់មានអ្នកចេះអក្សរ ហើយជីវភាពរស់នៅវានឹងលំបាក ព្រោះអីសម័យហ្នឹងអត់មានដី គេពឹងទៅលោកចំណេះ»។
ក្រោយពីពីពិធីកាត់ខ្សែបូរសម្ពោធការប្រើប្រាស់មត្តេយ្យសាលាសហគមន៍ជានិមិត្តរូបនៃមត្តយ្យសាលាទាំង៣៣ក្នុងស្រុងអណ្តូងមាស ស្រុកវើនសៃ និងស្រុក តាវែង លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានប្រាប់ VOA ថា ខណៈដែលសហភាពអឺរ៉ុបកំពុងសិក្សាពង្រីកគម្រោងនេះទៅកាន់ខេត្តស្ទឹងត្រែងនោះ ស្ថាប័នរបស់លោកនិងដៃគូ គឺ Plan International នឹងនៅតែបន្តជួយរក្សានិរន្តរភាពមត្តេយ្យសាលាសហគមន៍ ដែលសម្ពោធនៅថ្ងៃទី៥ខែមេសានេះ។ ទោះជាយ៉ាងណាក្តី លោកសង្កត់ធ្ងន់ថា៖
«យើងរំពឹងថា ក្នុងពេលណាមួយ រដ្ឋាភិបាលថ្នាក់ជាតិ និងក្រោមជាតិនឹងទទួលយកការងារនេះច្រើនឡើងដើម្បីធានាថា ការការងារនេះនឹងបន្តនិរន្តរភាព»។
លោកថា ប៊ុនឡត មេឃុំតាឡាវ ដែលមាន៥ភូមិ និងមានប្រជាជនជាង៥០០គ្រួសារ បានប្រាប់ VOA ថា កុមារទាំងនេះមានការយល់ដឹងច្រើនខាងអនាម័យ និងចេះស្រឡាញ់មិត្តភក្តិ ក្រោយពីបានចូលរៀន ពីរខែមុនពិធីសម្ពោធន៍។ តែលោកក៏បានលើកពីក្តីបារម្ភរបស់លោកក្នុងការរក្សានិរន្តរភាពនៃមត្តេយ្យសាលាសហគមន៍ក្នុងឃុំរបស់លោកដែរ ក្រោយពីម្ចាស់ជំនួយដកខ្លួនទៅពង្រីកគម្រោងនេះក្នុងខេត្តផ្សេងទៀត ព្រោះប្រជាជនក្នុងឃុំរបស់លោកក្រីក្រ។
«មត្តេយ្យសាលាសហគមន៍នេះ បើសិនយើងអាចដាក់ទៅបាន យើងដាក់ជាមត្តេយ្យរដ្ឋដើម្បីមានការគាំទ្របច្ចេកទេស ឬជំនួយពីរដ្ឋាភិបាល»។
អង្គការ Plan International បានចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ដោយធ្វើការក្នុងខេត្តក្រុងចំនួន១៧នៃខេត្តក្រុងទាំង២៥។ ប្រតិបត្តិការក្នុងខេត្តរតនគិរីចាប់ផ្តើមកាលពីឆ្នាំ២០១១ ដោយមានកិច្ចសហការពីសហគមន៍ អង្គការដៃគូអភិវឌ្ឍន៍ និងរដ្ឋាភិបាល។
Plan Internatilnal បានជួយកុមារក្នុងការសិក្សា និងជួយអប់រំសុខភាពដល់កុមារជាង៦០ម៉ឺននាក់ហើយ ជាពិសេសកុមារជនជាតិដើម និងកុមារក្រីក្រនៅជនបទដាច់ស្រយាល។ មានកុមារជិត១០០០នាក់បានចូលរៀនក្នុងមត្តេយ្យសាលារបស់គម្រោងនេះ។
គម្រោងនេះក៏មានមត្តេយ្យសាលាចល័យផងដែរ ព្រោះកុមារត្រូវធ្វើដំណើរចេញពីក្នុងភូមិដាច់ស្រយាលទៅតាមឪពុកម្តាយដែលទៅធ្វើការចល័តតាមចម្ការនៅឆ្ងាយពីមត្តេយ្យសាលាសហគមន៍។
VOA បានព្យាយាមសម្ភាសកុមារទាំងនេះ និងជនជាតិដើមភាគតិចក្នុងសហគមន៍តែមិនបានទទួលចម្លើយបានក្បោះក្បាយទេ ដោយសារនាំងភាសា។ ពួកគេភាគច្រើនបានត្រឹមតែបង្ហាញទឹកមុខស្រេកអរ និងនិយាយថា សប្បាយចិត្ត៕