ដើមបណ្តឹង​ប្តេជ្ញា​បញ្ជូន​ដីកា​កោះ​ហៅ​លោកហ៊ុន ម៉ាណែត ពេល​មក​អាមេរិក​បើ​រួច​ខ្លួន​លើក​នេះ

លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ​​កូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ ​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក​ ចូល​រួម​នៅ​ក្នុង​​លំហាត់​សមយុទ្ធ​«ឆ្មាំ​អង្គរ​២០១៤‍» ជាមួយ​យោធា​សហរដ្ឋ​អាមេរិក នៅ​មេបញ្ជាការដ្ឋាន​រថពាស​ដែក​នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤។

ក្រុម​ដើម​បណ្តឹង​កំពុងតែ​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​ ប៉ុន្តែ​ក៏ត្រៀម​លក្ខណៈ​ប្តឹង​បន្ត​ដែរ​ បើ​សិន​ជា​លទ្ធផល​មិន​បាន​ដូច​ការ​រំពឹងទុក។

ក្រុមមេធាវី​ និង​ដើម​បណ្តឹង​ក្នុង​សំណុំរឿង​ប្រឆាំង​នឹង​លោកឧត្តម​សេនីយ៍​ ហ៊ុន ម៉ាណែត​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្តេជ្ញា​ថា​ នឹង​បន្ត​ក្តីក្តាំ​រហូត​ដល់​តុលាការ​សហព័ន្ធ​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន បើសិន​ជា​ការ​សម្រេច​របស់​ចៅក្រម​នៅ​រដ្ឋ​កាលីហ្វញ៉ា​មិន​បាន​តាម​ការ​ចង់​បាន​របស់​ខ្លួន។

តុលាការ​សហព័ន្ធ​នៅ​តំបន់​ភាគ​កណ្តាល​នៃ​រដ្ឋកាលីហ្វញ៉ា​ បាន​បើក​សវនាការ​ស្តាប់​ភស្តុតាង​បន្ថែម​ទៀត​ពី​សាក្សី​កាលពីថ្ងៃ​ព្រហស្បតិ៍​ ហើយ​នឹង​សម្រេច​ចេញ​សាលក្រម​នៅ​សប្តាហ៍​ក្រោយ​ថា ​ការ​ប្រគល់​ដីកា​កោះ​ឱ្យ​លោក ហ៊ុន ម៉ាណែត ​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កងយោធ​ពល​ខេមភូមិន្ទ​មាន​សុពលភាព​ ឬ​ទេ។

នៅក្នុង​សវនាការ​នោះ​មាន​សាក្សី​សំខាន់ៗ​ចំនួន​បីនាក់​ ដែល​ចូល​មក​ឆ្លើយ​បំភ្លឺ​ក្នុងនោះ​មាន​លោក​ សាន គឹមហុង ​និង​លោក ​នួន ខាវី ​ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់នៅ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា។

សាក្សី​ទាំងពីរ​ដែល​មាន​វត្តមាន​នៅក្នុង​ពិធី​ជប់លៀង​នៅ​ភោជនីយដ្ឋាន​ឡាលូន​ កាលពី​យប់​ថ្ងៃទី​៩ ខែមេសា ​ឆ្នាំ​២០១៦​ បាន​បដិសេធ​ថា​ពួកគេ​មិនបាន​ដឹង​ពី​ការ​ព្យាយាម​ប្រគល់​ដីកា​កោះ​ឱ្យ​លោក​ឧត្តមសេនីយ៍​ ហ៊ុន ម៉ាណែត​ ទេ។ ហើយ​មាន​សាក្សី​ម្នាក់​ថែម​ទាំង​បដិសេធ​ថា​ ខ្លួន​មិន​ដែល​ស្គាល់​លោក ហ៊ុន ម៉ាណែត​ ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​មេធាវី​ អ៊ុច បូ​ ដែល​តំណាង​ឱ្យ​ដើម​បណ្តឹង។

លោក ប៉ូល ហេយ​ ជា​អ្នក​ប្រគល់​ដីកាកោះ​ ត្រូវ​បាន​គេ​វាយ​ឱ្យ​របួស​ពេល​ដែល​លោក​ព្យាយាម​ប្រគល់​ឯកសារ​តុលាការ​ដល់​លោក​ ហ៊ុន​ ម៉ាណែត។

លោក អ៊ុច បូ​ បាន​បញ្ជាក់​បន្ថែម​ថា៖

«យើង​សួរ​ច្រើន​ដែរ​ជាពិសេស​ សាន គឹមហុង​ តើ​ទាក់ទង​ខាង​អង្គរក្ស​សមត្ថកិច្ច​ថា​អ្នកណា​អ្នក​វាយ​លោក ​ប៉ូល ហេយ​ ហើយ​ធម្មតា​ គេ​បដិសេធ​ហើយ​ ព្រោះ​ប៉ូលិស​ស៊ើបអង្កេត​នៅ​ទីនោះ‍»។​

លោក ​អ៊ុច បូ​ បាន​បន្ថែម​ថា ​លោក​ ដេវីត ថឺនណូឡូ​ ប៉ូលិស​ទីក្រុង​ឡុងប៊ិច​ និង​អ្នកស៊ើប​អង្កេត​ក៏​បាន​ផ្តល់​សក្ខីកម្ម​ដែរ ​ដោយ​បញ្ជាក់​ថា ​សំណុំរឿង​វាយ​លោក ប៉ូល ហេយ ​នៅ​បន្ត​ការស៊ើប​អង្កេត​នៅឡើយ​ទេ ​ដែល​អាច​នឹង​មាន​ជា​សំណុំរឿង​ព្រហ្មទណ្ឌ​ថ្មី​មួយ​ទៀត ​ដែល​នឹង​ត្រូវ​ដាក់​ប្តឹង​ទៅ​តុលាការ​នៅ​ពេល​ក្រោយ។

លោក​មាជ សុវណ្ណារ៉ា (ឆ្វេង) ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​ញ៉យ ចំរើន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក មាជ សុវណ្ណារ៉ា ​និង​ភរិយា​ ជេមី មាជ ព្រម​ទាំង​កូនស្រី​ទាំង​បី​នាក់​របស់​លោក បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក ​ហ៊ុន ម៉ាណែត ​និង​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៦ នៅ​តុលាការ​រដ្ឋ​កាលីហ្វញ៉ា។ បណ្តឹង​នោះ​ចោទ​ប្រកាន់​ពី​ការធ្វើ​ទារុណកម្ម​ អំពើ​ភេរវកម្ម ​ការ​ឃុំឃាំង​ដោយ​ខុសច្បាប់​ និង​ការ​វាយ​ធ្វើ​បាប​ជាដើម។

ក្រុម​ដើម​បណ្តឹង​កំពុងតែ​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​ ប៉ុន្តែ​ក៏ត្រៀម​លក្ខណៈ​ប្តឹង​បន្ត​ដែរ​ បើ​សិន​ជា​លទ្ធផល​មិន​បាន​ដូច​ការ​រំពឹងទុក។​

លោក​ អ៊ុច បូ​ បាន​បន្ថែម​ថា៖

«រឿងហ្នឹង​ បើសិន​ជា​ចៅក្រម​គាត់​សម្រេច​ថា​ ការហុច​បណ្តឹង​ហ្នឹង​អត់​មាន​សុពលភាព​ដោយសារ​អត់​បាន​ហុច​ទៅ​ ហ៊ុន​ ម៉ាណែត​ ផ្ទាល់ដៃ​ ក៏​ប៉ុន្តែ​ភាគី​ខាង​យើង​ យើង​ដឹង​ថា​ការ​ប្រគល់​ដីកា​មាន​សុពលភាព​ហើយ​...។ បើសិនជា​គាត់​សម្រេច​អីចឹង​មែន​ យើង​ត្រូវ​ទទួល ​ហើយ​យើង​នឹង​ដាក់​ញត្តិ​ស្នើ​សុំ​ផ្ទេរ​សំណុំរឿង​យើង​ដូរ​ដែន​យុត្ថាធិការ​ទៅ​វ៉ាស៊ីនតោន​វិញ‍»។

​អ្នកស្រី ជេមី មាជ​ ភរិយា​របស់​លោក ​មាជ សុវណ្ណារ៉ា ​ដែល​មាន​វត្តមាន​នៅ​ក្នុង​បន្ទប់​សវនាការ​បាន​បញ្ជាក់​ប្រាប់​ វីអូអេ​ ថា៖

«ចំណែក​ពាក្យ​បណ្តឹង​ដែល​ត្រូវ​ចៅក្រម​បដិសេធ​ថា​ សំណុំរឿង​នាង​ខ្ញុំ​មិន​បាន​ហុច​ដល់​ដៃ​លោក ហ៊ុន ​ម៉ាណែត ​នោះ​ គឺ​នាងខ្ញុំ​មិន​តក់ស្លុត​ ហើយ​ក៏​មិន​អស់​សង្ឃឹម​ទេ​ហើយ​ពួកយើង​នឹង​បន្ត​ដាក់​ពាក្យ​បណ្តឹង​រហូត​ដល់​តុលាការ​នៅ​វ៉ាស៊ីនតោន​ឌីស៊ី‍»។​

លោក ញ៉យ ចំរើន ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​ដាក់​ឈ្មោះ​បញ្ចូល​ជាដើម​បណ្តឹង​ក្នុង​សំណុំរឿង​នេះ​ដែរ ​បន្ទាប់ពី​លោក​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​បាតុករ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អង្គរក្ស​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ កាលពី​ខែតុលា​ឆ្នាំ​២០១៥។

លោក ញ៉យ ចំរើន បាន​បញ្ជាក់​ថា៖

«បើសិន​សាលក្រម​ចេញ​មក​ថា​ យើង​ប្រគល់​ក្រដាស​មិន​សមរម្យ។ អីចឹង​ឧត្តមសេនីយ៍​ ហ៊ុន ម៉ាណែត ​មក​ដល់​ជាន់​ដី​សហរដ្ឋ​អាមេរិក​ពេល​ណា​ដីកា​ត្រូវ​ដល់​ពេល​ហ្នឹង‍»។

ការណ៍​ដែល​ក្រុម​ដើមបណ្តឹង​គ្រោង​នឹង​ដាក់​ពាក្យ​សុំ​ប្តូរ​ដែន​យុត្ថាធិការ​មក​រដ្ឋធានី​វ៉ាស៊ីនតោន​ គឺ​ដោយសារ​ជនចុង​ចម្លើយ​អាច​នឹង​នៅ​សល់តែ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តម្រូវឱ្យ​ឆ្លងកាត់​តាម​ប្រព័ន្ធ​ការទូត​រវាង​ប្រទេស​ទាំងពីរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​មេធាវី។

ពួកគេ​ក៏​បញ្ជាក់​ផងដែរ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​យក​ឯកសារ​បណ្តឹង​នោះ​ជា​ផ្លូវការ​កាលពី​ចុង​ឆ្នាំ​មុន ​ដែល​ចុះហត្ថលេខា​ទទួល​ដោយ​លោក​ ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា។

រហូត​មក​ដល់​ពេល​នេះ ​នៅ​មិនទាន់​មាន​ប្រតិកម្ម​តប​យ៉ាងណា​ពី​ក្រុម​មេធាវី​របស់​លោក​ ហ៊ុន ម៉ាណែត​ ដែល​ជា​ចុង​ចម្លើយ​នៅ​ឡើយ​ទេ៕