អ្នកភ្នំពេញ​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​ដោយ​សភាព​ស្ងប់​ស្ងាត់

ពលរដ្ឋ​ម្នាក់​កំពុង​អុជ​ទៀន​ ​ក្នុង​ថ្ងៃ​បិណ្ឌ​ទី​១៣ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦​ ខែ​កញ្ញា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

សំឡេង​អាចារ្យ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ដល់​ជីដូន​ជីតា ​បុព្វការីជន​របស់​ប្រជា​ពលរដ្ឋ​មួយ​ក្រុមនៅ​ក្នុង​ពិធី​បង្សុកូល​មួយ​បាន​លាន់​ឮ ​ក្នុង​វត្តកំសាន្ត​ ខណ្ឌច្បារ​អំពៅ ជាយ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

អស់​រយៈ​ពេល​១៤​ថ្ងៃ​មក​ហើយ​ ពុទ្ធសាសនិក​កម្ពុជា​នៅ​ទូទាំង​ប្រទេស បាន​នាំ​គ្នា​ទៅ​វត្តជា​រៀង​រាល់​ថ្ងៃ ​ដើម្បី​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ។​ ពិធី​សាសនា​រយៈពេល​១៥​ថ្ងៃ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​នេះ ​ដែល​ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី​១៥​ ឬ​ជា​ថ្ងៃ​បញ្ចប់​ពិធី​កាន់​បិណ្ឌ​ដែល​ពលរដ្ឋ​កម្ពុជា​និយម​ហៅ​ថា​ជា​ថ្ងៃ​ភ្ជុំ​ធំ។​

ក្នុង​អំឡុង​ពេល​ពិធី​កាន់​បិណ្ឌ ​ពុទ្ធ​បរិស័ទ​កម្ពុជា ​នាំ​គ្នា​ធ្វើ​បាយ​ម្ហូប និង​ប្រគេន​ទេយ្យ​ទាន​ដល់​ព្រះ​សង្ឃ ដើម្បីបញ្ជូន​មគ្គ​ផល​ទៅ​ដល់​ដូនតា ដែល​ជាបុព្វការី​ជន​របស់​ពួកគេ​រៀងៗ​ខ្លួន។ រាល់​ការ​ប្រគេន​ទេយ្យ​ទាន​ ព្រះ​សង្ឃ​តែងសូត្រ​ធម៌​ ព្រម​ជាមួយ​អាចារ្យ​វត្ត​ សូត្រ​ជាមួយ​ពុទ្ធបរិស័ទ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​បន្ត។

ប្រជា​ពលរដ្ឋ​កំពុង​ប្រគេន​ទេយ្យទាន​ដល់​ព្រះ​សង្ឃ​ក្នុង​ថ្ងៃ​បិណ្ឌ​ទី​១៣ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦​ ខែ​កញ្ញា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

ប្រជា​ពលរដ្ឋ​កំពុង​អុជ​ធូប​បួង​សួង​ ក្នុង​ថ្ងៃ​បិណ្ឌ​ទី​១៣ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦​ ខែ​កញ្ញា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

កំពុង​អង្គុយ​សំពះ​ព្រះសង្ឃ​ក្នុង​បរិវេណ​ព្រះ​វិហារ អ្នកស្រី​ ផល សុខ​អាន ក្នុង​សម្លៀក​បំពាក់​អាវ​ស ពានា​ក្រមា​ពី​ចំហៀង រៀប​រាប់​ថា​ អ្នក​ស្រី​មក​វត្ត​ជាមួយ​ក្រុម​គ្រួសារ​ និង​កូនៗ។ អ្នក​ស្រី​បញ្ជាក់​ថា​ ការ​ធ្វើ​បុណ្យ​នេះ​ជា​ការ​បង្ហាញ​គំរូ​គោរព​ប្រពៃណី​ដល់​កូនៗ​ជំនាន់​ក្រោយ​ផង​ និង​ដើម្បី​បួង​សួង​ឧទ្ទិស​កុសល​ដល់​សាច់​ញាតិ​ដែល​បាន​បាត់​បង់​ជីវិត​កន្លង​ទៅ​ផង។

«គោល​បំណង​កាន់​ព្រះ​ពុទ្ធ​សាសនា​យើង​កុំ​ឲ្យ​បាត់​បង់​ដល់​ក្មេង​ជំនាន់​ក្រោយ។ នាំ​កូន​នាំ​ចៅ​មក​ឲ្យ​គេ​យល់​ដឹង​ថា​ធ្វើ​បុណ្យ​យ៉ាង​ម៉េច អី​យ៉ាង​ម៉េច​ ដើម្បី​ឲ្យ​ទៅ​ដល់​ជីដូន​ជីតា​ញាតិ​ការ​ប្រាំ​ពីរ​សន្តាន​អី​អីចឹង​ទៅ»។

អ្នកស្រី ផល សុខអាន ​បន្ថែម​ថា ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​មាន​ការ​រៀប​ចំ​បាន​ប្រសើរ​ជាង​ឆ្នាំ​មុនៗ ទាំង​ការ​ស្លៀកពាក់​ និង​ការ​រៀបចំ​ម្ហូប​អាហារ។

«ការ​ស្លៀក​ពាក់​ក្មេងៗ​ឥឡូវ​ក៏​អត់​សូវ​លេច​លើ​លេច​ក្រោម​អី​អញ្ចឹង ស្លៀក​មក​រៀង​សុភាពៗ​សមរម្យ​ខ្លះ។ ឆ្នាំ​មុន​មាន​អ្នក​ខ្លះ​ស្លៀក​រាង​ខើច​លើ​ខើច​ក្រោម​បន្តិច​ដែរ​ ដូច​ថា​ប្រព័ន្ធ​ហ្វេសប៊ុក​អី​អញ្ចឹង អញ្ចឹង​ទៅ​ទោះ​បី​ជា​ស្លៀក​សំពត់​ធម្មតា​ក៏​រៀង​វែងៗ អត់​មាន​អ្នក​ស្លៀក​ខ្លី​មក​វត្ត​ទេ»។

ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ ​ជា​ពិធី​បុណ្យ​ប្រពៃណី​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​គោរព​បដិបត្តិ​ព្រះពុទ្ធ​សាសនា ​ប្រារព្ធ​ក្នុង​រយៈពេល​១៥​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​១​រោច ខែ​ភទ្របទ​ ​ដែល​ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី​១​ រហូត​ដល់​ថ្ងៃ​ទី​១៥​រោច​ ឬ​ហៅ​ថា​ថ្ងៃ​ភ្ជុំ​ធំ។ ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ​ញាតិ​សន្ដាន​ទាំង​អស់នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្លរ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។

ក្រៅ​តែ​ពី​យក​ចង្ហាន់ និង​ទេយ្យទាន​ប្រគេន​ព្រះ​សង្ឃ ជារឿយៗ​គេ​តែង​ឃើញ​ប្រជាពលរដ្ឋ​រាប់បាត្រ បង្សុកូល ​និង​ពូន​ភ្នំខ្សាច់​ជាដើម។ ​ពិធី​ទាំង​នេះ​ដែល​មាន​ន័យ​ថា​ជា​កាយ​វិការ​សន្សំបុណ្យ​សម្រាប់​ខ្លួនផង សម្រាប់​បែងចែក​កុសល​ផល​បុណ្យ​ដល់​ញាតិ​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក និង​ជា​កាយវិការ​ធ្វើ​ពិធី​រំដោះ​កម្មពៀរ​ផង​ដែរ។

អ្នកស្រី អាត ខឿន ពុទ្ធបរិស័ទ​ម្នាក់​ទៀតដែលយក​ចង្ហាន់​ទៅវត្ត​កំសាន្ត ​ជាយ​រាជធានី​ភ្នំពេញ ប្រាប់ ​VOA ក្រោយ​បញ្ចប់​ការ​រាប់បាត្រ​ថា ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ ​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ដូច​ឆ្នាំ​មុនៗ​ដែរ ប៉ុន្តែ​អ្នកស្រី​ថា ក្នុង​ឆ្នាំ​នេះ តាម​វត្ត​នីមួយៗ​មាន​ការ​រៀបចំ​ពិធី​ និង​ម្ហូប​អាហារ​បាន​ប្រសើរ​ជាង​មុន។

«ពេល​ឆ្នាំ​ទៅ​យើង​មើល​ទៅ​ឃើញ​របៀប​មាន​ក្មេង​រញ៉េរញ៉ៃច្រើន តែ​នៅ​តែ​មាន​មនុស្ស​ច្រើន​អីចឹង។ តែឆ្នាំ​នេះ​អត់​សូវ​មានក្មេង​ទេ លក្ខណៈ​ថា​ល្អ​ស្អាត​ជាង​មុន»។

ពលរដ្ឋ​ម្នាក់កំពុង​អុជ​ធូប ​ក្នុង​ថ្ងៃ​បិណ្ឌ​ទី​១៣ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦​ ខែ​កញ្ញា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

ប្រជា​ពលរដ្ឋ​កំពុង​ពូន​ភ្នំ​ខ្សាច់ក្នុង​ថ្ងៃ​បិណ្ឌ​ទី​១៣ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦​ ខែ​កញ្ញា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

នៅ​ពេល​កន្លង​ទៅ ​រាល់​ពេល​មាន​ពិធី​បុណ្យបែប​សាសនា និងប្រពៃ​ណី​ធំៗ​នៅ​កម្ពុជា គេ​តែង​ឃើញ​មាន​ការ​ថត​រូប​បង្ហោះ​នូវ​ម្ហូប​អាហារ​ដែល​មាន​ភាព​ហូរហៀរ រហូត​មាន​ការ​លើកឡើង​ថា​ជា​ការ​ខ្ជះ​ខ្ជាយ​ជាដើម។ យ៉ាង​ណាក្តី​នៅ​ឆ្នាំ​នេះ គេ​ឃើញ​ថា​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់បិណ្ឌ​នៅ​តាម​វត្ត​នីមួយៗ​ក្នុង​រាជធានី​ភ្នំពេញ​ ហាក់​មាន​ភាព​ស្ងប់​ស្ងាត់ និង​មិន​សូវ​សម្បូរ​ម្ហូប​អាហារ​ហូរ​ហៀរ​នោះ​ទេ។

លោក តុង សុផល អាចារ្យ​វត្ត​មហា​មន្រ្តី ដែល​កំពុង​ឈរ​រៀប​ចំ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​បាត្រ បាន​ប្រាប់ VOA ថា ​ក្នុង​ឆ្នាំ​នេះ​មិន​សូវ​មាន​ពុទ្ធ​បរិស័ទច្រើន​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ។

«ឆ្នាំ​មុនៗ​ សៅរ៍ អាទិត្យ​ដូច​ច្រើន​ដែរ​ច្រើន។ ដល់​ឆ្នាំ​ហ្នឹង​មិន​សូវ​ប៉ុន្មាន​ទេ ល្មម​ដែរ​ទេ។ ភាគ​ច្រើន​គេ​ដូរ​ផ្ទះ​ទៅ​នៅ​ឆ្ងាយៗ​អស់​ទៅ និង​ខ្លះ​គេ​ទៅ​ស្រែ​ទៅ​អី។ ពី​ដើម​គេ​នៅ​ផ្ទះ​នៅ​ហ្នឹង​ទៅ គេ​មក​ច្រើន ដល់​ឥលូវ​ភាគ​ច្រើន​គេ​ដូរ​ផ្ទះ​ទៅ​ឆ្ងាយ អញ្ចឹង​ពិបាក​ ផ្លូវ​វា​ចង្អៀត»។

លោក​អាចារ្យ​ដដែល​បន្ត​ថា សម្រាប់​ចង្ហាន់​ដែល​ប្រជាពលរដ្ឋ​ប្រគេន​ព្រះ​សង្ឃ គឺ​គ្រប់​គ្រាន់​ល្មម​សម្រាប់​ព្រះ​សង្ឃ​ក្នុង​វត្ត មិន​អាច​បែកចែក​ដល់​ជន​ក្រីក្រ​ផ្សេង​ទៀត​ដូច​ឆ្នាំ​កន្លង​ទៅ​ឡើយ។

«បាន​មក​ហ្នឹង​យាយៗ​គាត់​ផ្ទេរ​យក​ទៅប្រគេន​ព្រះ​សង្ឃ​ដាក់លើ​តុ​ហ្នឹង​ហ្មង អត់​មាន​ច្រក​យក​ទៅ​ណា​ទេ អត់​មាន​សល់ទេ។ សម្រាប់​តែ​ប្រគេន​ព្រះ​សង្ឃ​ហ្នឹង​ហ្មង​ អត់អី​ចាក់​ចោល ​សល់​ខ្ជីខ្ជារ​អី​ទេ។ ភាគ​ច្រើន​ឆ្នាំ​មុនៗ​បាន​យក​ទៅ​ឲ្យ​កុមារ​កំព្រា ឲ្យ​យក​ទៅ​ខាង​ពន្ធនាគារ​ខ្លះ តែ​ឆ្នាំ​នេះ​អត់​មាន​ទេ»។

ក្នុង​អំឡុង​ពិធី​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ រយៈពេល​១៥​ថ្ងៃ​ប្រជា​ពលរដ្ឋ​ពុទ្ធសាសនិក​កម្ពុជា​ តែងតែ​ធ្វើ​ដំណើរ​ទៅ​ច្រើន​វត្ត ដោយ​ពួកគេ​មាន​ជំនឿ​ថា​ សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​អាច​នឹង​ធ្វើ​ដំណើរ​ស្វែង​រក​កូន​ចៅ ​តាម​វត្តអារាម​នានា។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ចាប់​ផ្តើម​ស្ងប់ស្ងាត់ ដោយសារប្រជា​ពលរដ្ឋ​ជាច្រើនបានចាកចេញ​ពី​រាជធានី​ ទៅ​កាន់​ស្រុក​កំណើត និង​តំបន់ៗ​កំសាន្ត​ឆ្ងាយៗ៕