នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនមួយដែលបានចេញផ្សាយនៅថ្ងៃសៅរ៍នេះ សាលាក្រុងភ្នំពេញ ដោយមានការសហការជាមួយក្រសួងអភិវឌ្ឃន៍ជនបទ បានប្រកាសលក់អង្ករដល់ប្រជាពលរដ្ឋចំនួនប្រាំមួយកន្លែងផ្សេងៗគ្នានៅក្នុងទីក្រុងភ្នំពេញបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីអង្ករបាននិងកំពុងឡើងថ្លៃនាពេលបច្ចុប្បន្ននេះក្នុងពេលដែលកម្ពុជាបានជួបប្រទះនឹងវិបត្តិទឹកជំនន់ដ៏ធ្ងន់ធ្ងរ។
នៅក្នុងសេចក្តីជូនដំណឹងរបស់សាលាក្រុងភ្នំពេញបានឲ្យដឹងថា សាលាក្រុងគ្រោងដាក់លក់អង្ករនៅថ្ងៃអាទិត្យនៅវេលាម៉ោង៧និង៣០នាទីនៅមុខវត្តបទុមវតី ផ្សាររាត្រីក្នុងសង្កាត់ផ្សារចាស់ មុខស្ថានីយរថភ្លើងក្នុងសង្កាត់ស្រះចក ផ្សារច្បារអំពៅក្នុងសង្កាត់ច្បារអំពៅទី២ សាលាសង្កាត់ស្ទឹងមានជ័យ និងផ្សារជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ។ ក៏ប៉ុន្តែសេចក្តីជូនដំណឹងមិនបានបញ្ជាក់អំពីតំលៃប៉ុន្មានអង្ករនោះទេ។
លោក កែប ជុតិមា អភិបាលក្រុងភ្នំពេញ និងលោក កើត ឆែ នាយករងរដ្ឋបាលនៃសាលាក្រុងភ្នំពេញមិនបានធ្វើអត្ថាធិប្បាយទេដោយលោកទាំងពីរបានអះអាងថា កំពុងជាប់រវល់ប្រជុំ។ ការបញ្ចេញលក់អង្កររបស់សាលាក្រុងភ្នំពេញ និងក្រសួងអភិវឌ្ឃន៍ជនបទនេះបានធ្វើឡើង ដោយសារក្នុងរយៈពេលប៉ុន្មានសបា្តហ៍នេះអង្ករបានឡើងថ្លៃ ដែលបណ្តាលមកពីកម្ពុជាបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ទន្លេមេគង្គ និងទឹកជំនន់ទឹកភ្លៀង។
អ្នកលក់អង្ករមួយរូបនៅក្នុងទីក្រុងភ្នំពេញបាននិយាយថា អង្ករក្នុងមួយបាវទម្ងន់៥០គក្រឡើងតម្លៃពីពីរដុល្លារទៅបីដុល្លារទៅតាមប្រភេទអង្ករ។
អ្នកស្រីបានបញ្ជាក់ថា អង្ករផ្កាម្លិះ១គក្រតម្លៃ៣.២០០រៀល ផ្កាខ្ញី ១គក្រតម្លៃ២.៧០០រៀល នាងខុន១គក្រតម្លៃ២.៦០០រៀល និងនាងមិញ១គក្រតម្លៃ២.៥០០រៀល។
«លេខមួយ៣២ (៣.២០០) លេខពីរ២៧ (២.៧០០) លេខបី២៦ (២.៦០០) លេខបួន២៥ (២.៥០០)»
ការឡើងថ្លៃអង្ករនាពេលបច្ចុប្បន្នក្នុងបរិបទទឹកជំនន់នេះបានធ្វើឲ្យប្រជាពលរដ្ឋខ្លះបានទិញអង្ករទុក។
អ្នកស្រីសោ ភ័ណ្ឌអាយុ២៨ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យក្រុងភ្នំពេញបាននិយាយថា អ្នកស្រីបានទិញអង្ករទុកដោយបារម្មណ៍ថាអង្ករនឹងឡើងថ្លៃ។ អ្នកស្រីបាននិយាយថាអង្ករបានឡើងថ្លៃក្នុង១បាវទម្ងន់៥០គីឡូក្រាម ឡើងលើសពីធម្មតារហូតដល់៣ដុល្លារ។
អ្នកស្រីសោ ភ័ណ្ឌមិនត្រឹមតែទិញអង្ករទុកសម្រាប់ខ្លួនឯងទេ ក៏ប៉ុន្តែអ្នកស្រីបានផ្តល់ដំណឹងឲ្យបងប្អូនទិញអង្ករទុកផងដែរ។
«ចា៎ ខ្ញុំប្រាប់ដែរ បងប្អូនសាច់ឈាមបង្កើតៗ។ ខ្ញុំប្រាប់ឲ្យគាត់ទិញដែរហ្នឹងពីព្រោះតាមរាល់ឆ្នាំមកឲ្យតែមានបុណ្យទានអីក៏ម្ហូបអាហារឡើងថ្លៃដែរ ដល់ពេលមានទឹកជំនន់អញ្ចឹងខ្ញុំចេះតែឲ្យបងប្អូនទិញទុកឲ្យហើយទៅក្រែងលោឡើងថ្លៃជាងហ្នឹងទៀត»។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សប្រឆាំងបាននិយាយថា ដើម្បីទប់ស្កាត់ការឡើងថ្លៃអង្ករ រដ្ឋាភិបាលត្រូវបានរកមធ្យោបាយទិញអង្ករទុកស្តុកដោយខ្លួនឯងក្នុងករណីចាំបាច់ត្រូវបញ្ចេញអង្ករមកលក់។
«អង្ករនៅក្នុងប្រទេសកម្ពុជាតែងតែបណ្តែកបណ្តោយឲ្យឡើងចុះទៅតាមទីផ្សារ។ រដ្ឋាភិបាលអត់មានវិធានការណ៍ដើម្បីទប់ស្កាត់ទេ ហើយជាក់ស្តែងយើងឃើញហើយប៉ុន្មានខែចុងក្រោយនេះសូម្បីតែទឹកជំនន់កើតឡើងរដ្ឋាភិបាលមិនអាចទប់ស្កាត់តម្លៃទំនិញបានដែរ»។
ទឹកជំនន់កាលពីចុងខែសីហាបានសម្លាប់មនុស្សចំនួន២៤៧នាក់ហើយគិតមកត្រឹមថ្ងៃសៅនេះ។
លោក ញឹម វណ្ណដា អនុប្រធានទី១នៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថារដ្ឋាភិបាលបានបញ្ចេញស្បៀងចំនួន២.៩០០តោនទៅតាមខេត្តទាំង១៦ដែលបានទទួលរងផលប៉ះពាល់ និងថវិការចំនួន២០០លានរៀល។ លោកបានមានប្រសាសន៍ទៀតថា ឥឡូវនេះយើងបានបញ្ចេញអង្ករចំនួន១.០០០តោនបន្ថែមទៀតដើម្បីជូនប្រជាជនដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់។
«មកដល់ឥឡូវ យើងបានបញ្ចេញស្បៀង២.៩០០តោនហើយ។ លើកមុន១.៩០០តោនទៅតាមខេត្ត១៦ក្នុងនោះថវិការមួយខេត្ត២០០លាន»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីថ្ងៃកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសលុបចោលពីធីបុណ្យអំទូកជាប្រវត្តិសាស្រ្តហើយគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយវិញ ដោយសារតែកម្ពុជាបានទទួលរងគ្រោះដោយទឹកជំនន់។
ការបញ្ជាក់របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋ១,២លាននាក់ ផ្ទៃដីដំណាំស្រូវ៣៩០.០០០ហិកតា ស្មើនិង១៦%នៃផ្ទៃដីដាំស្រូវ ផ្លូវ១.៩៧០គីឡូម៉ែត្រ ការខូចខាតផ្លូវ៥៨៣គម ដាច់ផ្លូវ៨៧គម និងបានសម្លាប់មនុស្ស២៤៧នាក់៕