សកម្មជន​ដីធ្លី​ខ្វល់​នឹង​ការ​ដោះបំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ខណៈ​បារម្ភ​ពី​កូវីដ​១៩

រូបឯកសារ៖ ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិក នៅ​ឯ​តូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ​ខែ​មេសា​ ឆ្នាំ២០១៦។​ (​ឡេង ឡែន/VOA)

អ្នកស្រី សាត​ ផា ដែលជា​សកម្មជន​ដីធ្លី​មួយ​រូប​នៃ​តំបន់​បឹងកក់ ​ត្រូវ​បាន​ភ្នាក់ងារ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ចំនួន​បី​នាក់​ មកទារ​ប្រាក់​ដល់​ផ្ទះ​កាលពី​ចុង​ខែមេសា​ ដោយសារតែអ្នកស្រី​យឺតពេល​បង់​ប្រាក់​កម្ចី​អស់​រយៈពេល ​១ ​សប្តាហ៍​ហើយ។​

អ្នកស្រី​ សាត ផា​ គឺ​ជា​កូនបំណុល​ម្នាក់​ដែល​ជំពាក់​ប្រាក់​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ ដូច​ពលរដ្ឋ​ជាច្រើន​នាក់នៅ​ទូទាំង​ប្រទេស​ដែរ។​ សកម្មជន​សហគមន៍រូបនេះ​បាន​ខ្ចីប្រាក់ចំនួន​ ៧.០០០ ដុល្លារ​ ពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាយម៍​ ហើយ​ទើបតែ​បង់​បាន​មួយ​ខែ​ប៉ុណ្ណោះ។

របរ​របស់​អ្នកស្រី សាត ផា ជាអ្នកចាក់ថ្នាំសត្វ​ ត្រូវ​បានបាត់បង់តាំងពី​ចុងខែមីនា ​នៅពេល​ដែល​កម្ពុជា​រកឃើញ​ករណី​ឆ្លងវីរុស​នេះជាបន្តបន្ទាប់​លើ​ទេសចរបរទេស ដែលបាន​ចូលមក​កំសាន្ត​នៅកម្ពុជា។​ ​ដោយសារតែ​ការព្រួយបារម្ភ​ពី​ជំងឺ​កូវីដ​១៩​ មិន​មាន​អតិថិជន​ណា​ត្រូវការ​សេវា​នេះទៀតទេ។​ ការណ៍នេះនាំឲ្យអ្នកស្រីគ្មានចំណូល និងខ្វះខាតថវិកាសម្រាប់ទទួលទានប្រចាំថ្ងៃ។

ប្រទេស​កម្ពុជា​មាន​អ្នកជំងឺ​កូវីដ​១៩​ ចំនួន​ ១២៤ នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយសារ​ចំនួន​អ្នកឆ្លង​នៅក្នុង​តំបន់​និង​ពិភពលោក​នៅ​បន្ត​កើនឡើង​នាំ​ ការណ៍នេះ​បណ្តាលឲ្យ​សកម្មភាព​ពាណិជ្ជកម្ម​មួយ​ចំនួន​ត្រូវ​អាក់ខាន។

​រហូត​មកដល់​ចុងខែ​ឧសភា​នេះ មាន​រយៈពេល​ជាង​មួយ​ខែ​ហើយដែល​អ្នកស្រីនៅតែមិន​អាច​រក​ប្រាក់​បង់រំលោះ​បំណុល។

អ្នកស្រី សាត ផា ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ពួកខ្ញុំនៅទូទាំងប្រទេស​ហ្នឹង គឺមិនមែន​ពិបាក​តែខ្ញុំមួយទេ ​គឺពិបាកនៅទូទាំងប្រទេសហ្មង​។ អ្នក​ខ្លះ​ធនាគារ​តេ​ទៅ​ឲ្យ​ប្រចាំ​របស់​ លក់​របស់​យក​លុយ​មក​សង។ អ្នកខ្លះ​យំ​ក៏​មាន​ដែរ​ គឺ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ពិបាកមែនទែន»។​

កូន​អ្នកស្រី​ដែល​ធ្វើការ​នៅ​តាម​ហាង​លក់​អាហារ​ក្នុង​ក្រុងព្រះសីហនុ​ ក៏​ត្រូវ​ផ្អាក​ការងារ​មួយ​រយៈ​ដែរ។

អ្នកស្រី​ ច្រាយ នីម​ ដែលជា​សកម្មជន​សហគមន៍​ម្នាក់​ទៀត​ ក៏​បាន​ជំពាក់​ប្រាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ផ្សេង​ទៀត​ ចំនួន​ជាង ៥.០០០​ ដុល្លារ។ អ្នកស្រីក៏ធ្លាប់​ត្រូវ​បុគ្គលិក​គ្រឹះស្ថាន​នោះមកទារប្រាក់ដល់​ផ្ទះ​ផង​ដែរ។

អ្នកស្រី ច្រាយ នីម ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​ជំពាក់​លុយ​គេ​ក្នុង​អំឡុង​កូវីដ ​ខ្ញុំ​រាង​ខ្វះខាត​ក្នុង​អំឡុង​ខែ៤ ​ដោយសារ​លក់ដូរ​មិនដាច់។ ក្នុង​អំឡុង​ខែ៤​ខ្ញុំ​លើស​ថ្ងៃ ​ខ្ញុំ​ចាំ​សន្សំ​លុយ​គ្រប់​ឲ្យ​គេ​នៅ​ខ្វះ​តិចតួច​ វា​លើស​ថ្ងៃ​ពីរ​បីថ្ងៃ​។ គេ​មក​ដល់​ផ្ទះ ​គេ​មក​សំឡឹង​ទ្រព្យសម្បត្តិ​ហើយ​ខ្ញុំ​ ខ្ញុំ​ក៏​សូម​អង្វរ​គេ​ថា ​ខ្ញុំ​អត់​មាន​លុយ​ ចាំ​ខ្ចី​លុយ​គេ​គ្រប់​សង​ថ្លៃ​ធនាគារ​ទុក​ពេល​ឲ្យ​ខ្ញុំ​បន្តិច»។​

របរ​បោកគក់​ខោអាវ​ និង​លក់​បន្លែ​របស់​អ្នកស្រី​ ច្រាយ នីម​ ក៏​បាន​អាក់ខាន​មួយ​រយៈ​ដែរ។

អ្នកស្រីបានបន្ថែមថា ការចរចាជាមួយនឹងម្ចាស់បំណុល​មាន​ការផ្លាស់ប្តូរ​ ដោយ​ម្តង​អនុគ្រោះ​ចំនួន​បីខែ​ និង​ក្រោយមក​មិន​បាន​លើកលែង​វិញ​ ដោយ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជាមុន​ រហូត​ដល់​ហួសថ្ងៃ​កំណត់​បង់​ប្រាក់​ ទើប​ភ្នាក់ងារ​ទូរស័ព្ទ​មកទារ​ប្រាក់។

អ្នកស្រីច្រាយ នីម​បាន​បន្ថែម​ថា៖ «អ្វីដែលខ្ញុំខឹងឈឺចាប់មានន័យថា ​ក្នុងអំឡុងកូវីដ វាហាក់បីដូចជា​វា​បង្ហាញ​រឿង​ធនាគារ​មិនមាន​ចិត្ត​មេត្តា​។ រីឯ​ធនាគារ​ជាតិ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ថា ​សុំទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេងៗ​ កុំឲ្យ​គំរាម​ប្រជាពលរដ្ឋ​ក្នុង​អំឡុង​កូវីដ​ ប៉ុន្តែ​យើង​ឃើញ​ជាក់ស្តែង ​វា​អត់»។

អង្គការ​សិទ្ធិ​មនុស្សលីកាដូ​ បានរក​ឃើញ​ថា​ ពលរដ្ឋ​កម្ពុជា​ជាង ​២,​៥ ​លាននាក់ ជាប់​ជំពាក់​កម្ចី​ខ្នាត​តូច ហើយ​ត្រូវ​រង​គ្រោះ​បន្ថែម​ទៀត ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩។​

គណបក្ស​សង្គ្រោះជាតិបាន​អំពាវនាវ ​កាលពី​ថ្ងៃ​ច័ន្ទ​នេះ ​ឲ្យ​អាជ្ញាធរ​កម្ពុជាពន្យារ​ពេល​សង​បំណុល​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ជំពាក់​ធនាគារ ​ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នានា​។​

រូបឯកសារ៖ អ្នកលក់បន្លែហូបផ្លែកំពុងប្រកបរបររកស៊ីនៅក្នុងផ្សារមួយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ក៏​បានអំពាវនាវ​ឲ្យ​ធនាគារ ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​យកចិត្ត​ទុក​ដាក់​ «ដោះ​ស្រាយ​បញ្ហា​ជាមួយ​អតិថិជន​ប្រកប​ដោយ​ភាព​ទន់ភ្លន់​និង​អនុគ្រោះ» ហើយ​លោក​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ឲ្យ​ទប់ស្កាត់​សកម្មភាព​ណា​មួយ​ «ដែលមាន​ចេតនា​បំពុល​បរិយាកាស​ និង​ញុះញង់​បង្ក​ជា​បញ្ហា​សង្គម ​និង​អស្ថិរភាព​វិស័យ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា»។

លោក ជូ សីហា ​នាយក​សាខា​ខណ្ឌឫស្សីកែវ​ នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាយម៍​ ដែល​អ្នកស្រី ​សាត ផា ​ជំពាក់អះអាង​ថា​ គ្រឹះស្ថាន​ធ្វើ​តាម​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល។ លោក​បាន​បន្ថែម​ថា​ មាន​អតិថិជន​មួយ​ចំនួន​កំពុង​តែ​ដាក់​ពាក្យ​ស្នើសុំ​ និង​អ្នកខ្លះ​ទៀត​នៅ​បង់​បន្ត។

«យើង​មាន​វិធីសាស្ត្រ​ច្រើន​ក្នុង​ការជជែក​ក្នុង​ការផ្តល់​ជម្រើស​ដល់​អតិថិជន ​ស្រប​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែងរបស់អតិថិជន ​ពីព្រោះ​ផលប៉ះពាល់​ពី​កូវីដ​១៩ ​វា​អត់​ដូចគ្នា ​វា​មាន​សណ្ឋាន​ និង​លក្ខណៈ​ខុសៗ​គ្នា»។

លោក សីហា ​ពន្យល់​ថា ​ជម្រើស​ដែល​គ្រឹះស្ថាន​លោក​មាន​ច្រើន ​ក្នុង​នោះ​មាន​ការពន្យា​រពេលសង និង​ការពន្ធូរ​បន្ថយ​ ដោយ​បង់តែ​ការប្រាក់។ គិតត្រឹម​ដំណាច់ខែ​មេសា មានអតិថិជនជាង ២០ នាក់ ​ដែលត្រូវជា ​១០ ភាគរយនៃអតិថិជនរបស់សាខានេះ ស្នើចរចា​លក្ខខណ្ឌបង់ប្រាក់ ដោយពួកគេភាគច្រើន​ បាត់បង់​ចំណូល​ដែល​បាន​មក​ពី​វិស័យរោងចក្រ និង​ទេសចរណ៍។

សម្រាប់​ករណី​អ្នកស្រី​ សាត ផា ​លោក ​ជូ សីហា ​អះអាង​ថា ​អ្នកស្រី​ត្រូវបង់ប្រាក់កម្ចីប្រចាំខែ​នៅ​ថ្ងៃទី​២០​ ខែមេសា ​ហើយ​បុគ្គលិក​ចុះទៅ​ផ្ទាល់​ដើម្បី​ប្រមូល​ព័ត៌មាន ​នៅថ្ងៃទី​២៧ ​ខែមេសា។

លោក​បន្ថែម​ថា៖ «បន្ទាប់ពី​ចុះទៅ​ខាង​បុគ្គលិក​បាន​រាយការណ៍​មក​ខាង​សាខា​ថា ​អតិថិជន​ពិតជា​អត់លុយ​មែន។ យើង​ចុះជួប​គឺ​ដើម្បី​ប្រមូល​ព័ត៌មាន​ពីបញ្ហា​ទាំងអស់ហ្នឹង​។ អីចឹងបានជាថ្ងៃទី២៩ នាយកសាខា​ចុះ​ទៅសម្រប​សម្រួល​ពេល ដែលបាន​ព័ត៌មាន​ថា​ពិតជាប៉ះពាល់មែន ​យើង​ផ្តល់​ជាជម្រើស​ដោះស្រាយ​ឲ្យ​គាត់។ ប៉ុន្តែ​រាប់ពី​ថ្ងៃទី២៧​ហ្នឹង​រហូតមក​ គឺ​មិនមាន​បុគ្គលិក​ណា​បង្ខំ​ឲ្យ​ពួកគាត់​បង់​លុយ​ទេ»។​

នៅក្នុងពេលចុះទារបំណុល ​កាលពីចុងខែមេសា បុគ្គលិក​ម្នាក់​នៃ​គ្រឹះស្ថាន​បាន​ផ្តល់​យោបល់​ឱ្យ​អ្នកស្រី​យក​កាតគ្រី​ម៉ូតូ​ដាក់​បញ្ចាំ ​ដើម្បី​បាន​ប្រាក់បង់​រំលស់​ការប្រាក់​មួយរយៈសិន។ នេះបើតាមរូបភាព​វីអូអេ​ដែលបាន​ចែកផ្សាយ​នៅ​តាម​បណ្តាញ​សង្គម។ ប៉ុន្តែត្រូវបាន​អ្នកស្រីបដិសេធ​ដោយស្នើសុំ​ឲ្យ​ពន្យារ​ពេល​សង​មួយ​រយៈ​ រហូត​ដល់​ស្ថានភាព​សេដ្ឋកិច្ច​បាន​ប្រសើរ​ឡើង។​

លោកជូ សីហា​ បាន​បញ្ជាក់​បន្ថែម​ថា៖ «រាប់ពី​ថ្ងៃទី២៩​ ដែល​យើង​ជួបគាត់​ពេល​ហ្នុង​មក​ដល់​ថ្ងៃទី​២៧​ ខែ៥​នេះ​ យើង​ស្ថិត​នៅក្នុង​ដំណាក់កាល​ដំណោះស្រាយ​ជាមួយ​នឹង​គាត់​ ដោយ​សន្តិវិធី​ ហើយ​រាប់​ពី​ថ្ងៃទី​២៨មក ​មិនមាន​បុគ្គលិក​ណា​របស់​ស្ថាប័ន​ដែល​ចុះទៅជួបគាត់​ដើម្បី​ទារ​បំណុល​អីទេ។ យើង​មានតែ​កោះហៅគាត់​ឲ្យ​ដោះស្រាយ​សន្តិវិធី។ នៅក្នុងដំណាក់កាលនេះ យើងកំពុងតែដោះស្រាយជាមួយនឹងគាត់ហើយ»។​

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាយម៍​ ទុក​ពេល​ឲ្យ​ជំពាក់​ចំនួន ​៦ ខែ ​ប៉ុន្តែ​បាន​បន្ថែម​ទឹក​ប្រាក់​ចំនួន ​៦០០​ ដុល្លារ​ពី​លើ​ប្រាក់​ដែល​បាន​ជំពាក់​រួច​ហើយ។​ នេះបើ​តាម​ឯកសារ​ដែល​វីអូអេ​បាន​ឃើញ។ ប៉ុន្តែ​មិន​ត្រូវ​បាន​ភាគី​កូន​បំណុល​ព្រម​ទទួល​យក​ទេ។

អ្នកស្រី សាត ផា​ បាន​បញ្ជាក់​ថា​៖ «សុំអត់បង់ការប្រាក់មួយរយៈសិន ខ្ញុំថា​បើសិនដំណើរការកូនចៅខ្ញុំធ្វើការ ៦ ខែ ​ខ្ញុំ​នឹង​បង់​ឲ្យ​គាត់​វិញ​តាម​ក្រដាស​ដែល​ចេញ​មក​ឲ្យ​ខ្ញុំ»។

របាយការណ៍​នានា​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​កម្ពុជា​ជំពាក់​ប្រាក់ស្ថាប័ន​មីក្រូហិរញ្ញវត្ថុក្នុង​ទឹកប្រាក់ចំនួន​ជាង ​៨​ ពាន់​លាន​ដុល្លារ៕