លោកណាន់ ស៊ី អតីតឯកអគ្គរដ្ឋទូតប្រទេសកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ បានមានប្រសាសន៍ នៅថ្ងៃអាទិត្យនេះថា លោកនឹងមិនប្រគល់ខ្លួនតាមដីកាស្វែងរកការចាប់ខ្លួនលោក ចេញដោយតុលាការក្រុងភ្នំពេញទេ ហើយលោកបានមានប្រសាសន៍ថា នឹងស្វែងរកយុត្តិធម៌ចំពោះរឿងក្តីនេះ។
«ខ្ញុំមិនប្រគល់ខ្លួនទេ។ ខ្ញុំចេញមុខដើម្បីតតាំងរកយុត្តិធម៌។ បើរកឃើញថា ខ្ញុំមានកំហុស អាហ្នឹង ខ្ញុំនឹងទទួលទោសទៅតាមសុឆន្ទៈនៃច្បាប់របស់ជាតិ»។
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ បានប្រកាសសាលក្រមកំបាំងមុខសម្រេចកាត់ទោសឲ្យលោកណាន់ ស៊ីជាប់ពន្ធនាគាររយៈពេលបួនឆ្នាំ និងចេញដីកាបង្គាប់ឲ្យចាប់ខ្លួន បន្ទាប់ពីតុលាការបានរកឃើញថា លោកណាន់ ស៊ីមានកំហុសជាប់ពាក់ព័ន្ធនឹងការកេងបំបាត់ថវិការបស់ក្រសួងការបរទេសក្នុងការសាងសង់ស្ថានទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ មានទឹកប្រាក់ចំនួនជាង៤៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោកណាន់ ស៊ី បានមានប្រសាសន៍ប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទថា ការសម្រេចរបស់តុលាការគឺជារឿងអយុត្តិធម៌ ដែលលោកមិនអាចទទួលយកបាន ហើយលោកនឹងប្តឹងឧទ្ធរណ៍ចំពោះការប្រកាសសាលក្រមរបស់តុលាការក្រុងភ្នំពេញ។
«ការកាត់ក្តីកំបាំងមុខខ្ញុំ មិនអាចឲ្យខ្ញុំចូលដល់នគរ។ នេះគឺជាចេទនាមួយដែលជាប្រការមួយ ដែលកើតឡើងពីគំនិត និងការចងអាឃាតនិងមានបំណងមិនល្អដល់រូបខ្ញុំ»។
លោកគី តិច មេធាវីការពារក្តីរបស់ក្រសួងការបរទេស មិនបានលើកឡើងអំពីនីតិវីធិបន្តរបស់តុលាការទេ ដោយលោកគ្រាន់តែបានបញ្ជាក់ថា តាមផ្លូវច្បាប់អាជ្ញាធរចាប់ផ្តើមអនុវត្តការងាររបស់ខ្លួន បន្ទាប់ពីតុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកណាន់ ស៊ី។
«អាហ្នឹងខ្ញុំមិនទាន់ហ៊ានសម្រេចទេបង ពីព្រោះនេះជានីតិវិធី»។
វីអូអេព្យាយាមទាក់ទងមន្ត្រីក្រសួងការបរទេសសំខាន់ៗ ដែលរួមបញ្ចូលទាំងលោកគុយ គួង អ្នកនាំពាក្យក្រសួងការបរទេសផងដែរ តែមិនអាចធ្វើទំនាក់ទំនងបាននៅថ្ងៃអាទិត្យនេះ។ ក្រសួងការបរទេសបានប្តឹងលោកណាន់ ស៊ីចំនួនពីរករណីគឺករណីព្រហ្មទណ្ឌ និងសំណងរដ្ឋប្បវេណី ពាក់ព័ន្ធនឹងការធ្វើឲ្យបាត់បង់ថវិកាជាតិមានចំនួនទឹកប្រាក់ចំនួន៤៣ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងការសាងសង់ស្ថានទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ។
លោកណាន់ ស៊ីបានមានប្រសាសន៍ថា លោកមិនបានកេងបំបាត់ថវិការបស់ក្រសួងការបរទេសទេ ហើយលោកបានអំពាវនាវឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយលោកឱម យ៉ិនទៀងទៅពិនិត្យនិងវាយតម្លៃអគារស្ថានទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ថាតើវាសាកសមនឹងតម្លៃនៃការសាងសង់អស់លុយជាងមួយលានដុល្លារសហរដ្ឋអាមេរិកដែរឬទេ។
លោកណាន់ ស៊ីបានធ្វើជាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ តាំងពីឆ្នាំ២០០៦រហូតដល់ឆ្នាំ២០១១ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាឲ្យលោកទៅធ្វើជាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសនោះ។ ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថា លោកនៅតែជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច។
លោកញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ថា លោកណាន់ ស៊ីបានចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិចតាំងពីឆ្នាំ២០០៦មកម្ល៉េះ៕