តុលាការសួរនាំលោក កឹម សុខា អំពីការប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងវោហារសព្ទមួយចំនួន

រូបឯកសារ៖ លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ពេលទៅដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០។

នៅ​ក្នុង​សវនាការ​លើក​ទីពីរ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​សួរនាំ​លោក កឹម សុខា អំពី​ការ​ប្រព្រឹត្ត​ទៅ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​វោហារ​សព្ទ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ រហូត​លោក​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ផ្តន្ទា​ទោស​ពី​បទ​ក្បត់​ជាតិ។

អតីតប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ លោក កឹម​សុខា​ បាន​បង្ហាញ​ខ្លួន​ជា​លើ​កទី ២ ​នៅក្នុងសាល​សវនាការ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ដែល​មាន​ការចូលរួម​ឃ្លាំមើល​ពីមន្ត្រី​សិទ្ធិ​មនុស្ស​ និង​តំណាង​ស្ថានទូត​មួយ​ចំនួន។

ក្រោយ​សវនាការ​រយៈពេល​ជាង​៣ម៉ោង សហ​មេធាវី​ការពារក្តី​ឱ្យ​លោក​ កឹម​ សុខា​ គឺលោក អាង​ ឧត្តម​ ប្រាប់​អ្នក​កាសែត​ថា​ នៅ​ក្នុង​សវនាការ តុលាការ​សាលាឧទ្ធរណ៍​បាន​សួរ​ដេញ​ដោល​លោក កឹម សុខា អំពី​ប្រវត្តិ​អប់រំ ការងារ និង​ការ​ធ្វើ​នយោបាយ​របស់​លោក ក៏ដូច​ជា​ការ​ប្រព្រឹត្ត​ទៅ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​មិ​ន​ទាន់​មានក្រម​ព្រហ្មទណ្ឌ។

លោក​បន្ថែម​ថា ​លោក​ កឹម សុខា​ ក៏បាន​ពន្យល់​អង្គ​សវនា​ការ​ថា​កិច្ចការ​អប់រំ​សិទ្ធិ​មនុស្ស​ ដែល​លោក​បាន​ធ្វើ​ គឺ​ដើម្បី​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ។

លោក​ថ្លែង​ថា​៖ «គាត់​និយាយ​សំខាន់​ៗ​ដែរ​ពីរឿង​ពាក្យ​សម្តី​ដែល​គាត់​ គេ​លើក​យក​មក​គាស់​កកាយ​ រឿង​សារ​ដែល​គាត់​យក​ទៅ​អប់រំ​ពេល​ចុះ​អប់​រំ​នូវបញ្ហា​សិទ្ធិមនុស្ស​ប្រជាធិប​តេយ្យ​ គាត់​សង្កត់​លើ​ហ្នឹង។​ អ្វីដែល​គាត់​ធ្វើ​ សកម្មភាព​ទាំងឡាយ​ ពាក្យ​សម្តី​ទាំង​ឡាយ​ គឺ​សង្កត់​ធ្ងន់​ទៅ​ការ​ពង្រឹង​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ ប៉ុណ្ណឹង​ទេ ហើយ​និង​ការ​គោរព​សិទ្ធិមនុស្ស»។

បើ​តាម​លោក ​អាង ឧត្តម​ តុលាការ​ក៏​បាន​សួរ​អំពី​សារ​នយោ​បាយ​របស់​លោក កឹម សុខា ដែល​បាន​ថ្លែង​កន្លង​មក ដូចជា​ដើម្បី​ប្តូរ​ខាង​លើ​ត្រូវ​គាស់​ពី​ខាង​ក្រោម​ឡើង និង​ដើម្បី​មាន​ការ​ផ្លាស់​ប្តូរ​ត្រូវ​តែ​មាន​ការ​ប្រថុយ​ជាដើម​។

​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក យី សុខសាន្ត ដែល​បាន​ចូលរួម​ឃ្លាំមើល​សវនាការ​កាលពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ​ ថ្លែង​ថា ​តុលាការ​បាន​សួរ​លោក កឹម សុខា​ អំពី​ពាក្យ​សម្តី​មួយ​ចំនួន​ដែល​លោក​បាន​ប្រើ​កន្លង​មក​ ហើយថា ​លោក កឹម សុខា​ បាន​សុំ​មិន​ឆ្លើយ​សំណួរ​ណា​ដែល​លោក​ធ្លាប់​បកស្រាយ​រួច​ហើយ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​កុំ​ឱ្យខាត​ពេល​វេលា។

លោក អាង ឧត្តម សហមេធាវីការពារក្តីឲ្យលោកកឹម សុខា ថ្លែងទៅកាន់អ្នកកាសែតនៅខាងក្រៅសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលបានចូលរួមឃ្លាំមើលសវនាការលើកទីពីររបស់លោកកឹម សុខា នៅសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

លោក​ប្រាប់​អ្នកកាសែត​នៅ​ខាងក្រៅសាលា​ឧទ្ធរណ៍​ភ្នំពេញ​យ៉ាង​ដូច្នេះ៖ «នៅ​ក្នុង​សវនាការ​មួយ​ព្រឹក​នេះ​ គឺ​ដេញ​ដោល​ពាក់​ព័ន្ធ​ទៅ​នឹង​ពាក្យ​ថា​ខ្លៅ​ ខ្លាច​ ឃ្លាន​ ហើយ​និង​ពាក់​ព័ន្ធ​នឹង​អាគាស់​ថ្មពី​ក្រោម​អីចឹង អាហ្នឹង​វា​គ្រាន់​តែ​ជា​ពាក្យ​ស្លោក​មួយ​ដែល​គាត់​បកស្រាយ​នៅ​ក្នុង​សវនាការ​ ហើយ​ការ​ពិនិត្យ​ទៀត​ ការ​សួរ​ដេញ​ដោល​នេះ​ គឺ​ហាក់​ដូច​ជា​ មិនៗមាន​គេហៅ​ថា​ សកម្មភាព​ឱ្យទៅ​មុខ​ឱ្យលឿន​ទេ ពាក់​ព័ន្ធ​ទៅ​នឹង​ជន​ជាប់​ចោទ​ គាត់​ថា ការ​សួរ​ដេញ​ដោល​ដដែល​ៗហ្នឹង វា​ធ្វើ​ឱ្យប៉ះ​ពាល់​ទៅ​ដល់​ពេល​វេលា​របស់​គាត់​ ហើយ​សំណូមពរ​ចុងក្រោយ​ គាត់​ថា​ គាត់​មាន​សុខ​ភាព​មិន​ល្អ​ ហើយ​គាត់​សុំ​ពេល​ខ្លះ​ឆ្លើយ​ មិន​ឆ្លើយ​ ដោយ​សារ​ការ​សួរ​ដេញ​ដោល​នៅ​សាលា​ដំបូង​ ក៏គ្រប់​គ្រាន់​ហើយ»។

កាល​ពី​ថ្ងៃទី​ ៣​ ខែ​មីនា ​ឆ្នាំ​ ២០២៣​ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​លោក ​កឹម សុខា ​ឱ្យ​ជាប់​ឃុំ​រយៈ​ពេល ​២៧ ​ឆ្នាំ ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ​ឬ​ឃុប​ឃិត​ ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរ​ទេស​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពី​ឆ្នាំ​ ២០១៧។​ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក​ កឹម សុខា ​ធ្វើ​នយោ​បាយ​ ​មិន​ឱ្យ​ចេញ​ពី​ផ្ទះ ​និង​មិន​អនុញ្ញាត​ឱ្យ​ជួប​ជន​បរទេស​ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ​។

អតីត​នាយក​រដ្ឋមន្រ្តី ​លោក​ ហ៊ុន សែន​ ធ្លាប់​បាន​ប្រតិកម្ម​ទៅ​នឹង​តំណាង​ទូត​បរទេស​នៅ​កម្ពុជា​ថា​ បាន​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ក្នុង​នោះ​មាន​ករណី​លោក ​កឹម សុខា។ ​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​ ២០២៣ ​លោក​លើក​ឡើង​ថា​ តំណាង​ទូត​បរទេស​មួយ​ចំនួន​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក ​កឹម សុខា ក្នុង​ពេល​ដែល​តុលាការ​កំពុង​ស៊ើប​អង្កេត​រឿង​ឃុប​ឃិត​ជា​មួយ​បរទេស។

អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ លោក ឃុន លាងម៉េង​ ប្រាប់​វីអូអេថា ​សវនាការ​លោក កឹម សុខា នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ចំនួន ​៩ ​លើក​ ដោយ​មិន​មាន​ការ​ប្រែប្រួល​ឡើយ។ អ្នកនាំពាក្យរូបនោះ​មិន​ឆ្លើយ​សំណួរ​ជុំវិញ​ការ​មិន​អនុញ្ញាត​ឱ្យអ្នក​កាសែត​បាន​ចូល​ស្តាប់​សវនាការ​របស់​លោក កឹម សុខា។ ​

ទោះយ៉ាង​ណា​ បន្ទាប់​ពី​សវនាការ​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ​ លោក កឹម សុខា នឹង​វិល​ត្រឡប់​មក​កាន់​សាលា​ឧទ្ធរណ៍​ភ្នំពេញជា​ថ្មី​ទៀត​នា​ថ្ងៃ​ទី ​២២ ខែកុម្ភៈខាង​មុខ​នេះ ដើម្បី​បន្ត​សវនាការ​លើក​ទីបី​របស់​លោក៕