តុលាការក្រុងភ្នំពេញលើកពេលប្រកាសសាលក្រមមេដឹកនាំគណបក្សប្រឆាំងរឿងក្លែងបន្លំឯកសារនិងផ្សព្វផ្សាយព័ត៌មានមិនពិត។ បន្ទាប់ពីសវនាការអស់រយៈពេលជិត៦ម៉ោងក្រោមការយាមកាមយ៉ាងតឹងរ៉ឹង លោកកែ សាខន ប្រធានក្រុមប្រឹក្សាជំនុំជំរះនៃតុលាការក្រុង បានប្រកាសថារឿងក្ដីនេះនឹងប្រកាសនៅថ្ងៃទី២៣ខែកញ្ញាខាងមុខនេះ។
តុលាការក្រុងភ្នំពេញ នៅថ្ងៃពុធនេះ បានលើកពេលប្រកាសសាលក្រមមេដឹកនាំគណបក្សប្រឆាំង រឿងក្លែងបន្លំឯកសារនិងផ្សព្វផ្សាយព័ត៌មានមិនពិត ហើយការកំណត់កាលបរិច្ឆេទនៃការប្រកាសសាលក្រមជាផ្លូវការនឹងធ្វើនៅថ្ងៃទី២៣ខែកញ្ញាខាងមុខនេះ នេះបើតាមការបញ្ជាក់របស់លោកកែ សុខន ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ។
សវនាការប្រឆាំងលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនេះ បានប្រើរយៈពេលជិតប្រាំមួយម៉ោង ក្រោមការយាមកាមយ៉ាងតឹងរ៉ឹងបំផុតពីសមត្ថកិច្ចច្រើនរាប់សិបនាក់ប្រដាប់ដោយអាវុធ ដែលត្រូវបានដាក់ពង្រាយជុំវិញបរិវេណតុលាការ។
អ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យចូលស្តាប់នៅក្នុងបន្ទប់សវនាការនេះទេ ក៏ប៉ុន្តែតុលាការបានប្រើប្រាស់ឧគ្ឃោសនសព្ទបំពងសំឡេងត ផ្សាយបន្តផ្ទាល់ចេញពីបន្ទប់សវនាការមកក្នុងបរិវេណតុលាការដើម្បីឲ្យសារធារណជនបានស្តាប់។
សវនាការដែលប្រើពេលជិតប្រាំមួយម៉ោងនេះ មានការជជែកគ្នាយ៉ាងតឹងសរសៃករវាងមេធាវីការពារជនជាប់ចោទ និងតំណាងអយ្យការព្រមទាំងមេធាវីតំណាងរាជរដ្ឋាភិបាល។
ក្រោយពីចប់សវនាការ លោកគី តិច មេធាវីការពារក្តីតំណាងឲ្យរដ្ឋាភិបាល បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា មូលហេតុដែលយើងបានចោទប្រកាន់ថាក្លែងបន្លំឯកសារនេះ គឺដោយសារតែលោកសម រង្ស៊ី បានយកផែនទីទៅប្រើមាត្រដ្ឋានខុសពីការពិត។
«ទៅធ្វើ Datum ផ្សេងហ្នឹង គឺធ្វើឲ្យមានការប្រែប្រួលទៅលើចំណុចទាំងអស់មាននៅក្នុងផែនទីគឺទាំងខ្សែបន្ទាត់ព្រំដែន គឺថាវារំកិល។ នៅក្នុងហ្នឹង អ្នកជំនាញយើងបានបំភ្លឺហើយ គឺថាដាក់របៀបនេះគឺអាចរំកិលដល់ទៅ៥៣០ម៉ែត្រ»។
មានសាក្សីយ៉ាងតិចចំនួនពីររូប ដែលបានចូលបំភ្លឺនៅក្នុងសវនាការនេះ ហើយសាក្សីទាំងនោះ បានអះអាងថា មានចំណុចបួន ដែលលោកសម រង្ស៊ី បានដាក់បង្ហាញខុសពីការពិតនោះ គឺទីមួយ ផែនទីដែលមានបណ្តាញក្រឡាការ៉ូ ដែលខុសពីផែនទីតម្កល់នៅអង្គការសហប្រជាជាតិមិនមានកាឡាការ៉ូនោះទេ ទីពីរ ផែនទីដែលដាក់បង្ហាញទីតាំងបង្គោលខុសពីទីតាំងដែលគណៈកម្មាធិការព្រំដែនបានធ្វើ ទីបី លោកសម រង្ស៊ី បានប្រើប្រាស់បច្ចេកទេសដាក់ទីតាំងបង្គោល ដោយបានទទួលយកឧបករណ៍ GPS ទៅដាក់នៅលើផែនទី ដែលផលិតដោយកងយោធាសហរដ្ឋអាមេរិកដែលប្រើមាត្រដា្នន១/៥០០០០ គឺខុសនឹងបច្ចកទេស និងទីបួន ទីតាំងបង្គោលលេខ១៨៦ គណៈកម្មាធិការបច្ចេកទេសពុំទាន់បានកំណត់នៅឡើយទេ។
លោកជួង ជូងី មេធាវីការពារក្តីលោកសម រង្ស៊ី បានមានប្រសាសន៍ថា ផែនទីដែលលោកសម រង្ស៊ី បានដាក់បង្ហាញនេះ គឺត្រឹមត្រូវ ពីព្រោះបានចម្លងពីអ្នកជំនាញផែនទីមួយរូប ហើយអ្វីដែលលោក សម រង្ស៊ីបានធ្វើនេះ គឺដើម្បីការពារបូរណភាពទឹកដីកុំឲ្យបាត់បង់។
លោកជួង ជូងីបានមានប្រសាសន៍ថា សុំឲ្យតុលាការធ្វើការវិនិច្ឆ័យ ពីព្រោះរឿងក្តីនេះគឺជារឿងប្រវត្តិសាស្រ្ត ហើយអ្នកធ្វើសាក្សីក៏ជារឿងប្រវត្តិសាស្រ្តផងដែរ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យ និងជាអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅខាងក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញថា បើចៅក្រមមានសុភវិនិឆ្ឆ័យត្រឹមត្រូវ កាត់សេចក្តីដោយឯករាជ្យ និងគ្មានហេតុផលនយោបាយនៅពីក្រោយនោះទេ នោះលោកសម រង្ស៊ីនឹងរួចផុតពីការចោទប្រកាន់។
«គេប្រើប្រាស់ជាឧបករណ៍នយោបាយដើម្បីបំបិតមាត់គណបក្សប្រឆាំង ដើម្បីបន្ទុចបង្អាក់សកម្មភាពអ្នកតំណាងរាស្រ្ត ដែលហ៊ានងើបឡើងតស៊ូការពារបូរណភាពទឹកដីរបស់ខ្លួន ការពារយុត្តិធម៌ជូនប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេសគឺប្រជាពលរដ្ឋដែលបាត់បង់ដីធ្លីដោយសារការបោះបង្គោលព្រំដែន»។
ប្រសិនណាបើតុលាការរកឃើញថាមានទោសកំហុស នោះលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនឹងប្រឈមមុខការដាក់ពន្ធនាគារពីប្រាំឆ្នាំរហូតដល់១៥ឆ្នាំ តាមមាត្រាទី៤៩ ពីបទក្លែងបន្លំឯកសារ និងរយៈពេលពីប្រាំខែរហូតដល់ប្រាំឆ្នាំពីបទផ្សព្វផ្សាយព័ត៌មានមិនពិត តាមមាត្រាទី៦២នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល។
លោកសម រង្ស៊ី ដែលពេលនេះកំពុងស្នាក់នៅឯក្រៅប្រទេស ត្រូវបានតុលាការខេត្តស្វាយរៀង កាត់ទោសកំបាំងមុខ កាលពីចុងខែមករា ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ជាង ៦០លានរៀល ជាមួយនិងប្រជាពលរដ្ឋចំនួនពីររូបផ្សេងទៀត បន្ទាប់ពីតុលាការរកឃើញថា លោកជាប់ពាក់ព័ន្ធនឹងការដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងញុះញ៉ង់ឲ្យមានការរើសអើងជាតិសាសន៍។
ក៏ប៉ុន្តែលោកសម រង្ស៊ីធ្លាប់បានចោទប្រកាន់ថា ករណីរបស់លោកនេះជារឿងនយោបាយ៕