លោក James Ricketson ផលិតករខ្សែភាពយន្តឯកសារជនជាតិអូស្ត្រាលី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចនៅថ្ងៃសុក្រនេះ ឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំពីបទ«ចារកម្ម»ពាក់ព័ន្ធនឹងការងារផលិតកុន និងសកម្មភាពរបស់លោកក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនៅប្រទេសកម្ពុជា។
ក្នុងការប្រកាសសាលក្រមដែលចាប់ផ្ដើមនៅម៉ោង១០ព្រឹក ថ្ងៃសុក្រនេះ នៅសាលាដំបូងរាជធានីភ្នំពេញ លោកចៅក្រមសេង លៀង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានឡើងអានសាលក្រមក្នុងន័យដើមយ៉ាងដូច្នេះថា៖
«វិនិច្ឆ័យសេចក្តី តុលាការសម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ James Staniforth Ricketson ភេទប្រុស អាយុ៦៨ឆ្នាំ … ឲ្យជាប់ពន្ធនាគារកំណត់រយៈពេល៦ឆ្នាំ ពីបទធ្វើចារកម្ម និងប្រមូលព័ត៌មានជាអាទិ៍ដែលធ្វើឲ្យអន្តរាយដល់ការការពារជាតិ កាលពីអំឡុងខែធ្នូឆ្នាំ២០១០ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧»។
នៅពេលការប្រកាសសាលក្រមបានបញ្ចប់ភ្លាមៗ លោក Ricketson ដែលស្ថិតក្នុងឯកសណ្ឋានអ្នកជាប់ឃុំ អាវដៃវែង និងខោជើងវែង ពណ៌ទឹកក្រូច មានសភាពបែកញើសលើរាងកាយផង បានបែរមកខាងក្រុមអ្នកសារព័ត៌មាន និងក្រុមគ្រួសារ ដែលមានវត្តមានក្នុងសាលាជម្រះក្ដី ដោយបានលើកត្រដាងដៃទាំងពីរ ហើយបានស្រែកថា៖
«មិនគួរឲ្យជឿសោះ! តើប្រទេសណាមួយដែលខ្ញុំធ្វើចារកម្ម [ហើយបញ្ជូនព័ត៌មានទៅ]ឲ្យ?»
រំពេចនោះ ក្រុមមន្ត្រីនគរបាល ដែលត្រូវបានដាក់ពង្រាយក្នុងបន្ទប់សវនាការលេខ១របស់សាលាដំបូងរាជធានី បានបង្គាប់ឲ្យក្រុមគ្រួសារលោក Ricketson និងក្រុមអ្នកសារព័ត៌មានចេញពីសាលាដំបូងភ្លាមៗ ហើយលោក Ricketson ក៏ត្រូវបានក្រៀកចូលរថយន្តពណ៌ត្រេអ៊ីរបស់សមត្ថកិច្ច បញ្ជូនចេញទៅមន្ទីរឃុំឃាំងវិញភ្លាមៗ ដោយឥតបង្អង់។
លោក Jesse Ricketson កូនប្រុសរបស់លោក James Ricketson ដែលបានចូលរួមស្តាប់ការប្រកាសសាលក្រមនោះ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅសាលសវនាការថា ការសម្រេចនេះធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់ឪពុករបស់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិរបស់លោក James Ricketson ផងដែរ។ លោកបន្ថែមដោយរំពឹងថា លទ្ធផលថ្មីៗនាពេលខាងមុខនឹងមានភាពប្រសើរឡើងសម្រាប់ឪពុករបស់លោក។
លោកបញ្ជាក់ថា៖
«វាពិតជាដំណើរដ៏វែងឆ្ងាយ និងលំបាកលំបិន ទម្រាំតែបានមកដល់ចំណុចនេះ ហើយការណ៍ដែលទទួលបានលទ្ធផលបែបនេះ នៅពេលនេះ វាពិតជាធ្វើឲ្យខូចចិត្តណាស់។ ខ្ញុំពិតជាទទួលយល់នូវអារម្មណ៍ឈឺចាប់ដែលលោកឪពុកខ្ញុំកំពុងជួបប្រទះនៅនេះ។ គាត់មុខជាកំពុងតែខកចិត្តយ៉ាងខ្លាំង ហើយគ្មាននរណាអាចដឹងទេថា នឹងមានអ្វីកើតឡើងបន្ទាប់។ ហើយនេះគឺពិតជាការខូចខាតដ៏ធ្ងន់ធ្ងរមួយ»។
លោក គង់ សំអុន មេធាវីការពារក្តីឲ្យលោក James Ricketson ប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅរបងតុលាការថា ក្នុងសវនាការរយៈពេល៧ថ្ងៃកន្លងទៅនេះ តុលាការមានភស្តុតាងតិចតួចបំផុតដើម្បីដាក់បន្ទុកលើកូនក្តីរបស់លោក។ លោកបន្ថែមថា តុលាការក៏មិនមានភស្តុតាងណាមួយបានបញ្ជាក់ថា លោក James Ricketson ធ្វើជាចារកម្មឲ្យប្រទេសណាមួយនោះទេ។
លោកមេធាវី គង់ សំអុនបន្ថែមថា លោកនឹងពិភាក្សាជាមួយកូនក្តីដើម្បីស្នើសុំឲ្យមានការលើកលែងទោស មុននឹងប្តឹងទៅឧទ្ធរណ៍ជាបន្ត។
លោកបញ្ជាក់ថា៖
«បើថា យើងបានការលើកលែងទោសពីព្រះមហាក្សត្រ ការប្តឹងឧទ្ធរណ៍នេះវាត្រូវបោះបង់ចោលហើយ យើងអត់ចាំបាច់ប្តឹងអីបន្តទៀតទេ។ ក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងអាចសង្ឃឹមបានច្រើន។ យើងឃើញមានការអនុគ្រោះច្រើនពីរាជរដ្ឋាភិបាលចំពោះប្រភេទអ្នកទោសមនសិកាបែបនេះ»។
ការប្រកាសសាលក្រមនៅព្រឹកនេះធ្វើឡើងបន្ទាប់ពីសវនាការដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរបានបញ្ចប់ទៅនៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយនឹងការជជែកគ្នាតឹងសរសៃករវាងតំណាងអយ្យការ និងភាគីចុងចម្លើយទាក់ទិននឹងការបកស្រាយទាញសេចក្ដីសន្និដ្ឋានពីសកម្មភាពផលិតកុន និងសកម្មភាពរបស់លោក Ricketson មកដាក់បន្ទុកលើរូបលោក។
ការធ្វើសវនាការស្ដាប់អង្គហេតុបានឡើងកម្ដៅកាលពីដើមសប្ដាហ៍នេះ នៅពេលដែលមានការជជែកដេញដោលអំពីការប្រាស្រ័យទាក់ទងរវាងលោក Ricketson និងបណ្ដាមេដឹកនាំសំខាន់ៗនៃគណបក្សសង្គ្រោះជាតិ បូករួមនឹងការព្រាងលិខិតរបស់ផលិតករភាពយន្តរូបនេះទៅកាន់រដ្ឋាភិបាលអូស្រ្តាលីកាលពីឆ្នាំ២០១៦ កុំឲ្យអញ្ជើញលោកនាយករដ្ឋមន្រ្តីហ៊ុន សែនទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី។
ក្រុមចៅក្រម និងតំណាងអយ្យការបានចោមរោមសួរអំពីគោលជំហរនយោបាយរបស់លោក James Ricketson ថា មានសមានចិត្តគាំទ្រគណបក្សសង្គ្រោះជាតិ ឬយ៉ាងណា ហើយថា តើលោកមានចេតនាប៉ុនប៉ងធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងកង់បេរ៉ា និងរដ្ឋាភិបាលក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមានសភាពល្អក់កករ ឬយ៉ាងណា។
លោកព្រះរាជអាជ្ញារងសៀង សុខ ដែលត្រូវបានគេស្គាល់ថា ធ្លាប់ទទួលកាន់សំណុំរឿងក្ដី ប្រឆាំងនឹងបណ្ដាសកម្មជននយោបាយល្បីឈ្មោះជាច្រើន ក៏ជាតំណាងអយ្យការក្នុងរឿងក្ដីប្រឆាំងនឹងលោក James Ricketson ផងដែរ។
ក្នុងការទាញសេចក្ដីសន្និដ្ឋានបញ្ចប់ ក្នុងនាមជាតំណាងអយ្យការកាលពីថ្ងៃពុធ លោកសៀង សុខបានប្រមូលអង្គសេចក្ដីចោទដាក់បន្ទុកលើលោក James Ricketson ថា បានប្រើប្រាស់ការងារមនុស្សធម៌ និងផលិតកុនគ្រាន់តែជាលេសដើម្បីស្ថិតក្នុងប្រទេសកម្ពុជា ចាំឈ្លបយកការណ៍ប្រឆាំងនឹងប្រទេសកម្ពុជា។
តែទាំងសហមេធាវីការពារក្ដី និងលោក James Ricketson ផ្ទាល់ បានបដិសេធការចោទប្រកាន់នេះ និងថា ការចាប់ទោសអូសដំណើររូបលោកពីបទឈ្លបយកការណ៍នេះគ្រាន់តែជាការផ្ញើសារដល់បណ្ដាអ្នកសារព័ត៌មានខ្មែរ និងបរទេសដទៃទៀត ដែលតែងធ្វើសេចក្ដីរាយការណ៍ព័ត៌មានពីជ្រុងអវិជ្ជមាននៃការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។
ក្នុងសវនាការកាលពីដើមសប្ដាហ៍នេះ លោក James Ricketson បានឡើងថ្លែងចោទលោកតំណាងអយ្យការសៀង សុខថា បានប្រព្រឹត្តខុសនីតិវិធី ហើយលោកថា លោកក៏កំពុងពិចារណាប្ដឹងលោកព្រះអាជ្ញារងល្បីឈ្មោះរូបនេះទៀតផង។
កន្លងមករដ្ឋាភិបាលអូស្ត្រាលីរបស់លោកអតីតនាយករដ្ឋមន្ត្រី Malcolm Turnbull ក៏ធ្លាប់បានអំពាវនាវឲ្យមានការដោះលែងលោក James Ricketson ដែលជាពលរដ្ឋរបស់ខ្លួនផងដែរ តាមរយៈការថ្លែងអន្តរាគមន៍របស់អតីតរដ្ឋមន្ត្រីការបរទេស Julie Bishop ក្នុងជំនួបរបស់អ្នកស្រីនៅប្រទេសសិង្ហបុរីកាលពីដើមខែនេះជាមួយនឹងសមភាគីកម្ពុជារបស់អ្នកស្រីគឺលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន។
តែនៅខណៈដែលលោក James Ricketson ត្រូវបានកាត់ទោសនៅថ្ងៃសុក្រនេះ រដ្ឋាភិបាលទីក្រុងកង់បេរ៉ាកំពុងតែឆ្លងកាត់នូវអន្តរកាលនយោបាយ ឆ្លងចូលក្បាលម៉ាស៊ីនដឹកនាំថ្មី ក្រោយពីព្រឹត្តិការណ៍ធ្វើបក្សប្រហារផ្ទៃក្នុងគណបក្សសេរីនិយម (Liberal Party) កំពុងកាន់អំណាច ដែលរដ្ឋាភិបាលថ្មីរបស់លោក Scott Morrison មិនទាន់នឹងបានចូលកាន់តំណែងបានក្ដៅកៅអីស្រួលបួលនៅឡើយ។
ពីទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលលោកកំពុងបំពេញទស្សនកិច្ចផ្លូវការលើកទីមួយ ក្នុងនាមជានាយករដ្ឋមន្ត្រី លោក Scott Morrison បានថ្លែងថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្ដល់ជំនួយចាំបាច់នានាជាបន្តដល់លោក James Ricketson។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងកាលពីថ្ងៃសុក្រ ក្នុងន័យដើមយ៉ាងដូច្នេះថា៖
«គាត់ [James Ricketson] អាចនឹងរំពឹងទទួលបានរាល់ជំនួយផ្នែកកុងស៊ុល និងជំនួយផ្សេងទៀតពីរដ្ឋាភិបាលអូស្ត្រាលី ដូចដែលអស់លោកអាចរំពឹងទទួលបានក្នុងកាលៈទេសៈបែបនេះ។ ហើយខ្ញុំយល់ថា ដូចសព្វមួយដងក្នុងព្រឹត្តិការណ៍របៀបនេះ ខ្ញុំយល់ថា វាល្អបំផុតដែលគេត្រូវដោះស្រាយបញ្ហាដោយស្ងប់ស្ងៀម និងដោយចំពោះចំៗតែម្ដង នៅក្នុងវិធីសាស្ត្រមួយដែលអាចផ្ដល់ជំនួយដែលប្រសើរបំផុតដល់ពលរដ្ឋរបស់យើង»។
កម្ពុជាកំពុងព្យាយាមបន្ធូរបន្ថយកម្ដៅនយោបាយ តាមរយៈការធ្វើអន្តរាគមន៍ដោះលែង និងលើកលែងទោសដល់សកម្មជននយោបាយ សិទ្ធិមនុស្ស ដីធ្លី និងអ្នកសារព័ត៌មានដែលជាប់ទោស ក្នុងពន្ធនាគារនាពេលកន្លងមក។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានថ្លែងនៅថ្ងៃសុក្រនេះ ដោយបរិហារការកាត់ទោសលោក James Ricketson ថា ធ្វើឡើងមានចរិតនយោបាយ និងបានបន្ទោសរដ្ឋាភិបាលអូស្ត្រាលីចំពោះការបណ្ដោយឲ្យមានការកាត់ទោសលោក Ricketson បែបនេះ។
សកម្មជនសិទ្ធិមនុស្សអន្តរជាតិរូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាន តាមរយៈសារអេឡិចត្រូនិក ក្នុងន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរយ៉ាងដូច្នេះថា៖
«រឿងដែលគួរស្រងាកចិត្តនោះគឺថា រដ្ឋាភិបាលអូស្ត្រាលីនៅឈរស្ងៀមឲ្យភាគីកម្ពុជាដើរជាន់ឈ្លីលើខ្លួន ដោយមិនអាចសម្ដែងការជំទាស់ជាសាធារណៈ និងជាខ្លាំងក្លានោះទេ នៅចំពោះមុខការសម្ដែងយកគួរ ដ៏គ្មានហេតុផលនេះ ហើយសូមទាមទារឲ្យមានការដោះលែងលោក Ricketson ជាបន្ទាន់ និងគ្មានលក្ខខណ្ឌឡើយ»។
យ៉ាងណាក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លើកឡើងថា តុលាការកម្ពុជាកាត់សេចក្តីដោយយោងលើអង្គហេតុ និងអង្គច្បាប់ មិនមែនដូចការចោទប្រកាន់របស់អង្គការ Human Rights Watch នោះទេ។
លោកបញ្ជាក់ថា៖
«Human Rights Watch បានលាបពណ៌ទៅលើតុលាការខ្មែរ ស្អីក៏ជារឿងនយោបាយដែរ ក៏ប៉ុន្តែគាត់ភ្លេចគិតពីមូលដ្ឋានគ្រឹះរបស់តុលាការ គឺអង្គហេតុ និងអង្គច្បាប់នេះឯង។ ដូច្នេះអ្វីដែលគាត់និយាយ យើងមិនយកចិត្តទុកដាក់ទេ ពីព្រោះគាត់មិនមានសភាវៈល្អក្នុងន័យជាមនុស្សសុច្ចរិត និងស៊ីវិល័យ»។
លោក James Ricketson ត្រូវបានចាប់ខ្លួនកាលពីដើមខែមិថុនា ឆ្នាំ២០១៧ ក្រោយពីលោកបានថតពីលើអាកាស ដោយប្រើប្រាស់ឧបករណ៍ថតរូប ដែលហៅថា Drone ផ្ដិតយកទិដ្ឋភាពក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកកឹម សុខា។
បន្ទាប់ពីការចាប់ខ្លួនលោក James Ricketson ការចាត់វិធានការច្បាប់ប្រឆាំងនឹងអ្នករិះគន់ និងគណបក្សជំទាស់នៅកម្ពុជាក៏ចាប់កក្រើកឡើងជាបន្តបន្ទាប់។ ចំណែកបណ្ដាប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលមិនចំណុះនឹងរដ្ឋអំណាចត្រូវបានគេបង្ខំឲ្យបិទទ្វារ។
លោកកឹម សុខាត្រូវបានចាប់ខ្លួនទៅទទួលការចោទប្រកាន់ពីបទចូលដៃចូលជើងនឹងបរទេស ប្រុងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា រីឯគណបក្សសង្គ្រោះជាតិរបស់លោកកឹម សុខាត្រូវបានតុលាការកំពូលរំលាយចោល កាលពីខែវិច្ឆិកា ឆ្នាំទៅមិញ បូករួមនឹងការដាក់បម្រាមលើលោក កឹម សុខា និងសហការីសរុប១១៨រូប មិនឲ្យធ្វើនយោបាយម្នាក់ៗប្រាំឆ្នាំ។
ដោយគ្មានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតថ្ងៃទី២៩ខែកក្កដាកន្លងទៅ ដោយបានប្រមូលអាសនៈអស់គ្មានសល់ ទាំង១២៥កៅអីក្នុងសភា។
បណ្ដាប្រទេសបស្ចិមលោក រួមមានប្រទេសអូស្ត្រាលីផង បានព្រួតគ្នាថ្កោលទោសដំណើរការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីខែកក្កដា ដោយនិយាយថា មិនមានលក្ខណៈសេរី និងមិនយុត្តិធម៌នោះទេ៕