ក្រុង​ហ្វ៊ីឡាដែលហ្វៀ​ បង្ហូត​ទង់​ជាតិ​ខ្មែរ​លើក​ដំបូង

លោក​ឯក​អគ្គរដ្ឋទូត​ខ្មែរ​ប្រចាំ​​សហរដ្ឋ​អាមេរិក​ ហែម​ ហេង ចូល​រួម​ក្នុង​ពិធី​បង្ហូត​ទង់​ជាតិ​​​ខ្មែរ​នៅ​ទី​ក្រុង​ Philadelphia។

សាលាក្រុង​ហ្វ៊ីឡាដែលហ្វៀ (Philadelphia) រដ្ឋ ភែនស៊ីលវ៉ានៀ​ (Pennsylvania) បានបង្ហូតទង់​ជាតិ​កម្ពុជា​ឡើង​ជាផ្លូវការ​នៅ​កណ្តាល​ទីក្រុងនៃ​ដើម​កំណើត​សេរីភាព​របស់​សហរដ្ឋ​អាមេរិក។ នេះ​ជាជោគជ័យ​មួយ​របស់​សហគមន៍​ខ្មែរ ហើយ​ពួកគេ​បាន​ស្នើ​សុំ​ឱ្យ​មាន​ឯកភាព​ជាតិ​មួយ។

ទង់​ជាតិប្រាសាទ​កំពូល​បី ដែល​ជា​ទង់​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ត្រូវ​បានបង្ហូត​ឡើង​នៅ​ទីក្រុង​ហ្វ៊ីឡាដែលហ្វៀ កាលពីថ្ងៃ​សុក្រ ​ដែល​ជា​សញ្ញា​បង្ហាញ​នូវ​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នូវ​វត្តមាន​របស់​សហគមន៍​ខ្មែរ​នៅ​ ក្នុង​ទឹក​ដី​នៃ​ដើម​កំណើត​សេរីភាព​របស់​អាមេរិក។

ក្នុង​ពិធី​នោះ ​ក៏​មាន​ការបង្ហូត​ឡើង​នូវ​ទង់​ជាតិ​ប្រទេស​ចំនួន​១៨​ផ្សេង​ទៀត​ផងដែរ​ ដែល​មាន​ដូច​ជា ទង់​ជាតិ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ​ណេប៉ាល់ និង​បង់ក្លាដេស​ជាដើម។

ក្រោយពី​បាន​ហៅ​ឈ្មោះ​ប្រទេស​នីមួយៗ​ចប់​ លោក ម៉ៃឃើល នុធ័រ (Michael Nutter) អភិបាល​ក្រុង​ ​ហ្វ៊ីឡាដែលហ្វៀ បាន​ប្រកាស​ជា​ផ្លូវ​ការ​ឱ្យ​ទទួល​ស្គាល់​វត្តមាន​សហគមន៍​ទាំងនេះ​នៅ​ក្នុង​ទីក្រុង​របស់​លោក។ លោក​បន្តថា៖

«សូម​មេត្តា​ទទួល​ស្គាល់​បណ្តា​ប្រទេស​ដ៏​អស្ចារ្យ​ទាំង​នេះ។ នេះ​គឺ​ជាអ្វី​ដែល​ជា​គុណ​តម្លៃ​របស់អាមេរិក»។

លោកអភិបាលក្រុង​ក៏​បាន​ប្រាប់​អ្នក​កាសែត​នា​ពេល​ក្រោយ​មក​ទៀត​ថា៖

«ទីក្រុងហ្វ៊ីឡាដែលហ្វៀ សូម​ស្វាគមន៍។ សូមស្វាគមន៍​មក​កាន់​សហរដ្ឋ​អាមេរិក។ ទីក្រុងហ្វ៊ីឡាដែលហ្វៀ គឺ​ជា​ទីកន្លែង​ដែល​មាន​ភាព​រាក់​ទាក់​ចំពោះជនអន្តោ​ប្រវេសន៍ជា​ច្រើន។ យើង​ជឿជាក់​លើ​សេរីភាព។ យើង​ចង់​ឱ្យ​មនុស្ស​គ្រប់​គ្នា ​មាន​អារម្មណ៍​ថា​យើង​ស្វាគម​ពួកគេ​នៅ ​ទីនេះ ​ហើយ​ថ្ងៃនេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​របស់​យើង​និង​ការ​សម្តែង​ឱ្យ​ដឹង​ថា​មនុស្ស​គ្រប់​គ្នាត្រូវ​តែ​មាន​អារម្មណ៍​កក់ក្តៅ​នៅ​ទីនេះ»។

ជនភៀស​ខ្លួន​ខ្មែរ​បាន​មក​នៅ​ទីក្រុង​ហ្វ៊ីឡាដែលហ្វៀ ​ប្រហែ​ល​ជា​៣០ឆ្នាំ​មក​ហើយ​ និង​បាន​បង្កើតជាសហគមន៍​របស់​គេ​ដែល​ពេល​នេះ​មាន​សមាជិក​ចំនួន​ប្រហែល​ជាង​ពីរ​ម៉ឺន​នាក់។

ក្រោយ​ពី​ពិធី​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នេះ​ តំណាង​សហគមន៍​ខ្មែរ​បាន​ធ្វើពិធី​បែប​ព្រះពុទ្ធ​សាសនា​នៅ ​ពីក្រោម​ទង់​ជាតិ​ខ្មែរ​ដែល​បាន​ដាក់​បង្ហូត​នៅ ​ជិត​រង្វង់​មូលឡូហ្កាន (Logan) ជិត​សួន​ ប៊ែនចាមិន ហ្វ្រ៊ែងគ្លីន ផាកវ៉េ (Benjamin Franklin Parkway)។

ព្រះតេជគុណ​ រ័ត្ន មុន្នី ​ចៅអធិការ​វត្ត​ព្រះពុទ្ធ​រង្សី និង​ជា​អ្នក​ដឹកនាំ​សហគមន៍​បាន​មាន​សង្ឃ​ដីការថា៖

«ជោគជ័យ​នៅ​ថ្ងៃ​នេះ​គឺ ​បាន​មក​ដោយ​សារ​ញាតិញោម ​ដោយសារ​ខ្មែរយើង​ទាំងអស់​គ្នា។ បើ​អញ្ចឹង​សូម​ញាតិ​ញោម ​ពុទ្ធិបរិស័ទ​ទាំងអស់​គ្នា​អបអរសាទរ​អនុមោទនា​នូវ​ទង់​របស់​ខ្មែរ​យើង​ដែល​បាន​ជោគជ័យ​នៅ​ថ្ងៃ​នេះ។​ ជយោ ខ្មែរ! ជយោ ព្រះពុទ្ធសាសនា! ជយោ ខ្មែរ​នៅ ហ្វ៊ីឡាដែលហ្វៀ!»

ប្រជាពលរដ្ឋ​ដែល​ចូលរួម​បាន​បង្ហាញ​នូវ​ទឹក​មុខ​សប្បាយ​រីករាយ​បើទោះបី​ជា​ត្រូវ​ឈរ​ក្រោម​អាកាសធាតុ​ដ៏​ត្រជាក់​កម្រិត​៥អង្សារសេ​ក៏​ដោយ។

លោក ត្រៃ ហ៊ល ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិក ​ដែល​បាន​មក​រស់​នៅ ​ទីក្រុង​ហ្វ៊ីឡាដែលហ្វៀ តាំង​ពីឆ្នាំ​១៩៨០ បាន​បញ្ជាក់​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា៖

«ខ្ញុំ​ឃើញ​ថា បងប្អូន​ខ្មែរ​យើង​ទាំងអស់​ ទាំង​សហគមន៍​ខ្មែរ​ដែល​បាន​ទាមទារ ជាពិសេស​ទីក្រុង ហ្វ៊ីឡាដែលហ្វៀ ​យើ​ង​នេះ ​និង​លើក​ទង់​ជាតិ​ខ្មែរ​យើង។ យើង​ខ្ញុំ​ទាំង​អស់​គ្នា គឺ​សប្បាយ​រីករាយ​ជា​ទី​បំផុត ដែល​មិន​ដែល​មាន​នៅ​ក្នុង​ទីនេះ រយៈពេល​៣០ឆ្នាំ​កន្លង​មក​នេះ។ ដូច្នេះ​ខ្ញុំ​មិន​មាន​អ្វី​ក្រៅ​ពី​ការ​រំភើប​ញាប់​ញ័រ​រីករាយ​ដែល​បាន​ឃើញទង់​ជ័យ​នេះ​លើក​ឡើង​ជា​ទី​មួយ​នៅហ្វ៊ីឡាដែលហ្វៀ»។

រីឯ​លោក ​លាង​ គឹមឆាយ ​វិញ​ឆ្លើយ​បន្ទរថា៖

«ថ្ងៃនេះ​ខ្ញុំមាន​អារម្មណ៍​សប្បាយ​ដែល​បាន​ឃើញ​ទង់ជាតិ​ខ្មែរ​យើង​នៅ ​ទីក្រុង​ហ្វ៊ីឡាដែលហ្វៀ​ រដ្ឋ​ ភែនស៊ីលវ៉ានៀ នេះ។ វា​មាន​ន័យ​ថា​ រដ្ឋាភិបាល​គេ​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​ពលរដ្ឋ​ខ្មែរ​យើង​នៅ រដ្ឋ​ភែនស៊ីលវ៉ានៀ នេះ»។

នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​ទង់​ជាតិ​ខ្មែរ​ត្រូវ​បាន​បង្ហូត​ឡើង​ក្នុង​ទីក្រុង​ហ្វ៊ីឡាដែលហ្វៀ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ហែម ​ហេង ​ឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក​ ដែល​បាន​ចូលរួម​ក្នុង​ពិធីនោះ។ លោក ហែម ហេង ​ក៏​បាន​កោត​សរសើរ​ ចំពោះ​សហគមន៍​ខ្មែរ​ដែល​បាន​តស៊ូ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នេះ ដោយ​ថ្លែង​ថា៖

«នេះ​ជា​មោទនភាព​របស់​ខ្មែរ​យើង។​ ខ្មែរក្នុង​ស្រុក​ក៏ដូចជា​ខ្មែរ​ក្រៅ​ស្រុក​ ជាមោទនភាព​ទាំងអស់​គ្នា ហើយ​ខ្ញុំ​សូម​កោត​សរសើរ​អស់​ពីដួងចិត្ត​ចំពោះ​បង​ប្អូនដែល​បាន​ខិតខំ​តស៊ូ ​ក្នុង​រយៈពេល​៣០ឆ្នាំ​នេះ ដើម្បី​ឱ្យ​បាន​ទង់​ជ័យ​ (ជាតិ) យើង​ហូត​អណ្តែត​នៅ​លើ​អាកាស​នៅ​ថ្ងៃនេះ​ហើយ ​យើង​ឃើញថា ទង់ជាតិ​យើង​មាន​តែ​មួយ​ទេ។ ដូច្នេះ​យើង​នៅ​ទីនេះ​សូម​ឱ្យ​រួបរួម​គ្នា​កុំ​ឱ្យ​បែក​បាក់​គ្នា។ យើង​នៅ​ក្រៅ​ប្រទេស ​យើង​ត្រូវ​នៅ​ដំបូល​តែមួយ»។

កាល​ពីចុង​ខែ​កញ្ញា​កន្លង​មក​ កម្ពុជា​បាន​សម្ពោធ​បើក​ស្ថាន​កុងស៊ុល​កិត្តិយស​មួយ​នៅ ​ទីក្រុង ហ្វ៊ីឡាដែលហ្វៀ នេះ​ដើម្បី​បម្រើ​ដល់​សហគមន៍​ខ្មែរ​នៅ​ទីនោះ៕