ហ្វីលីពីន​និង​កូរ៉េ​ខាងត្បូង​បង្កើន​ទំនាក់ទំនង​ដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ

  • ​Reuters

ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos ថ្លែង​នៅទីក្រុង Quezon

ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​របស់​លោក​និង​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​របស់​ខ្លួន​ដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​លោក​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk Yeol។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​ជាច្រើន​ដូចជា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​និង​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ ក៏​ដូចជា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ឆ្មាំ​សមុទ្រ​និង​ថាមពល​នុយក្លេអ៊ែរ​ផងដែរ។

លោក Yoon បាន​និយាយ​ថា ប្រទេស​ទាំងពីរ​នឹង​ពង្រឹង​ភាព​ជា​ដៃគូ​របស់​ខ្លួន​លើ​ផ្នែក​សន្តិសុខ ដោយ​ប្រទេស​កូរ៉េ​ខាងត្បូង​ចូលរួម​នៅក្នុង​កម្មវិធី​ទំនើបកម្ម​យោធា​ហ្វីលីពីន។

លោក Yoon បាន​បញ្ជាក់​ថា មេដឹកនាំ​ទាំងពីរ​បាន​ឯកភាព​គ្នា​ប្រកាន់ខ្ជាប់​តាម​របៀប​រៀបរយ​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់ ដែល​ក្នុង​នោះ​រួម​ទាំង​សុវត្ថិភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ។ លោក​បាន​បន្ថែម​ថា មេដឹកនាំ​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​បណ្ដោយ​ឱ្យ​បន្ត​ទៅមុខ​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ឬ​ក៏​អ្វី​ដែល​លោក​ហៅ​ថា​ជា «ការ​បង្កហេតុ​ដ៏​ព្រហើន» នោះ​ទេ។

លោក Yoon នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី​ពី​ថ្ងៃ​ទី ៨ ដល់​ទី ៩ ខែ​តុលា​នេះ​មុន​ពេល​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ឡាវ​នៅ​ថ្ងៃ​បន្ទាប់​ដើម្បី​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​របស់​បណ្ដា​មេដឹកនាំ​នៃ​សមាគម​អាស៊ាន (ASEAN) និង​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី​ផ្សេង​ទៀត៕