ហ្វីលីពីន​ច្រាន​ចោល​ការ​តាំង​ទីលំនៅ​ជា​ថ្មី​ជា​អចិន្ត្រៃយ៍​របស់​ជនភៀស​ខ្លួន​មក​ពី​អូស្រ្តាលី

  • Simone Orendain

រូបភាព​ឯកសារ ៖ លោក​ប្រធានាធិបតី​ហ្វីលីពីន​ Benigno Aquino និយាយ​នៅ​ក្នុង​សនិ្នសីទ​សារព័ត៌មាន​មួយ​ក្នុង​ក្លឹប​អ្នក​កាសែត​ជាតិ​ជប៉ុន​ ក្នុង​ទីក្រុង​តូក្យូ​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​។​

ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​លោក​ Benigno Aquino បាន​ថ្លែង​ថា​ ហ្វីលីពីន​មិន​មានលទ្ធភាព​ទទួល​យក​ជនភៀស​ខ្លួន​អូស្រ្តាលី​មក​តាំង​ទី​លំនៅ​អចិន្ត្រៃយ៍​នៅ​ក្នុង​ប្រទេស​នេះ​ទេ។​

ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​លោក​ Benigno Aquino បាន​ថ្លែង​ថា​ ហ្វីលីពីន​មិន​មានលទ្ធភាព​ទទួល​យក​ជនភៀស​ខ្លួន​អូស្រ្តាលី​មក​តាំង​ទី​លំនៅ​អចិន្ត្រៃយ៍​នៅ​ក្នុង​ប្រទេស​នេះ​ទេ។​

ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​លោក​ Benigno Aquino បាន​ថ្លែង​ថា​ ហ្វីលីពីន​កំពុង​ពិចារណា​និង​សិក្សា​យ៉ាង​ម៉ត់ចត់​ ទៅ​លើ​សំណើ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ចូល​មក​កាន់​ប្រទេស​របស់​ខ្លួន។​ ប៉ុន្តែ​លោក​ Aquino បាន​ប្រាប់​អ្នក​រាយការណ៍​ថា​ មាន​កត្តា​មួយ​ចំនួន​ដែល​ត្រូវ​ពិចារណា។​

លោក​ Aquino​ បានថ្លែង​ថា​ «អូស្ត្រាលី​ដឹង​ហើយ​ថា​ យើង​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​អូស្តា្រលី​យ៉ាង​ខ្លាំង។​ ឥឡូវ​នេះ​ យើង​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ។​ ហ្វីលីពីនចង់​ជួយ​ដល់​អូស្ត្រាលី​ដែរ​ ប៉ុន្តែ​ការ​ជួយ​នោះ​គឺ​មាន​ដែន​កំណត់‍»។​

ប្រមាណ​មួយ​ភាគបួននៃ​ចំនួន​ប្រជាពលរដ្ឋ​ ១០០លាន​នាក់​របស់​ហ្វីលីពីន​ កំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ។​

កាលពី​ដើម​ខែ​តុលា​នេះ​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​អន្តោប្រវេសន៍​របស់​អូស្ត្រាលី​បាន​ថ្លែង​ថា​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​របស់​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សារ​អំពី​កិច្ច​ព្រម​ព្រៀង​ដ៏​មាន​សក្តានុពល​មួយ​នេះ​ ដែល​អូស្រ្តាលី​នឹង​ផ្តល់​ថវិកា​ដល់​ហ្វីលីពីន​សម្រាប់​ជន​ភៀស​ខ្លួន​ក្នុង​ការ​តាំង​ទី​លំនៅ​ជា​ថ្មី។​ សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ការ​បរទេស​ហ្វីលីពីនបាន​ឲ្យ​ដឹង​ថា​ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ជន​ភៀសខ្លួន​និង​កាតព្វកិច្ច​របស់​ពួក​គេ​ក្រោម​ច្បាប់​អន្តរជាតិ។

លោក​ Aquino​ បាន​បន្ថែម​ថា​ «​ប្រសិន​បើ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ដាក់​ស្នើ​នេះ​មិនមែន​គ្រាន់​តែ​ជា​ចំណុច​បណ្ដោះអាសន្ន​មួយ ប៉ុន្តែ​ជា​ការ​តាំង​ទី​លំនៅ​ជា​ថ្មី​នោះ​ យើង​មាន​អារម្មណ៍​ថា​នៅ​ពេល​នេះ​ យើង​មិន​មាន​សមត្ថភាព​ក្នុង​ការ​ផ្តល់​ការ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​ភៀស​ខ្លួន​ទាំង​នោះទេ‍»។

លោក​ Aquino បាន​យោង​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​ ១៩៧៩​ នៅ​ពេល​ដែល​ប្រទេស​ហ្វីលីភីន​ទទួល​ជន​ភៀស​ខ្លួន​គេចពី​សង្គ្រាម​នៅ​វៀតណាម​និង​ជន​ភៀស​ខ្លួន​ដែល​គេច​ពី​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា។​ លោក​បាន​ថ្លែង​ថា​ ជនភៀស​ខ្លួន​ចំនួន​៤សែន​នាក់​មក​ពី​ប្រទេស​ទាំង​ពីរ​នោះ ​មក​ស្នាក់​នៅ​ហ្វីលីពីន​បណ្តោះ​អាសន្ន​តែ​ពីរ​ ឬ​បី​ឆ្នាំ​ប៉ុណ្ណោះ។​ ប៉ុន្តែ​លោក​បាន​លើកឡើង​ថា​ ពួក​គេ​នៅ​ហ្វីលីពីន​អស់​រយៈ​ពេល​ ១៥ឆ្នាំ​ ហើយ​អ្នក​ខ្លះ​បាន​ក្លាយ​ជា​ពលរដ្ឋ​ដែល​តាំង​ទីលំនៅ​អចិន្ត្រៃយ៍​ទៅហើយ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជន​ភៀស​ខ្លួន​ Rohingya រាប់​ពាន់​នាក់​ត្រូវ​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​ អ្នក​ខ្លះ​ទៀត​មក​ពី​ប្រទេស​អ៊ីរ៉ង់​និង​អាហ្វហ្កានីស្ថាន​បាន​ធ្វើ​ដំណើរ​តាម​សមុទ្រ​ដោយ​សង្ឃឹម​ថា​នឹង​ទៅ​ដល់​ប្រទេស​អូស្រ្តាលី។​

ប៉ុន្តែ​ចាប់​តាំង​ឆ្នាំ​ ២០១៣​មក រដ្ឋាភិបាល​អូស្ត្រាលី​មិន​អនុញ្ញាត​ឲ្យ​ទូក​ជន​ភៀស​ខ្លួន​ទាំង​នោះ​ចុះ​ចត​នៅ​ច្រាំង​របស់​ពួក​គេ​នោះ​ទេ។​ ប៉ុន្តែ​អូស្តា្រលី​បាន​ឲ្យ​អ្នក​ទាំង​នោះ​ចុះ​ចត​នៅ​ជំរំ​នៅ​លើ​កូន​កោះ​ Nauru នៃ​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ និង​នៅ​ប្រទេស​ Papua New Guinea​។​

កាល​ពី​ឆ្នាំ​មុន​ អូស្ត្រាលី​បាន​ផ្តល់​ថវិកា​រាប់​សិប​លាន​ដុល្លារ​ដល់​កម្ពុជា​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​កោះ​ Nauru។​ ប៉ុន្តែ​មាន​ជន​ភៀស​ខ្លួន​តែ ៦នាក់​ប៉ុណ្ណោះ​ដែល​ទទួល​យក​ការ​តាំង​ទី​លំនៅ​ជា​ថ្មី​នេះ​ ហើយ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ គឺ​បុរស​ជនជាតិ Rohingya ម្នាក់​ បាន​សុំ​ត្រឡប់​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ហើយ។​

តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​ទទួល​ជំនួយ​ជា​ទឹក​ប្រាក់​រហូត​ដល់​ទៅ ៤០លាន​ដុល្លារ​ ជា​ថ្នូរ​នឹង​ការ​ទទួល​យក​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ទាំង​នោះ​ ដែល​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ការពារ​សិទ្ធិ​ជន​ភៀស​ខ្លួន​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង។​ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​បាន​ឲ្យ​ដឹង​ថា​ ទង្វើ​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​គោល​ការណ៍​នៃ​អនុ​សញ្ញា​ជនភៀស​ខ្លួន​ ដែល​ប្រទេស​ទាំង​ពីរ​នេះ​បាន​ចុះ​ហត្ថលេខា។​

ជន​ភៀស​ខ្លួន​និង​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ជាង​៦០០​នាក់ ​ត្រូវ​ស្នាក់​នៅ​លើ​កោះ​ Nauru។​ ជន​ភៀស​ខ្លួន​រាប់​រយ​នាក់​ទៀត​កំពុង​ជាប់​ឃុំ​នៅ​លើ​កោះ​ Manus របស់​ប្រទេស​ Papua New Guinea ក្រោម​ការ​រៀប​ចំ​របស់​រដ្ឋាភិបាល​អូស្រ្តាលី។​ ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ជឿ​ថា​មក​ពី​ប្រទេស​នៅ​តំបន់​អាស៊ី​ភាគ​ខាង​ត្បូង​និង​តំបន់​មជ្ឈិម​បូព៌ា៕