រដ្ឋមន្ដ្រីការបរទេសហ្វ៊ីលីពីនលោក Albert F. Del Rosario បានជំរុញក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានបូក៣ កាលពីល្ងាចថ្ងៃអង្គារ៍ ឲ្យមានការអនុវត្តសេចក្ដីប្រកាសប្រតិបត្តិ (Declaration of Conduct) ឲ្យបានពេញលេញដើម្បីជំនួយដល់ការ តាក់តែងក្រមប្រតិបត្តិ (Code of Conduct) ស្ដីពីជម្លោះលើដែនសមុទ្រចិនខាងត្បូង។
ជម្លោះដែនដីនេះដែលជាប់ពាក់ព័ន្ធនឹងប្រទេសចំនួនបួន ហើយប្រទេសពីរក្នុងនោះគឺហ្វ៊ីលីពីននិងវៀតណាមបានធ្វើការតស៊ូយ៉ាងខ្លាំងក្លា។
លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជានិងជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ានបានឲ្យដឹងថា រដ្ឋមន្ដ្រីការបរទេសហ្វ៊ីលីពីនបានទាញចំណាប់អារម្មណ៍លើបញ្ហានេះក្នុងកិច្ចប្រជុំនៃរដ្ឋមន្ដ្រីការបរទេសអាស៊ានបូក៣ គឺបូកជាមួយនឹងរដ្ឋមន្ដ្រីនិងអនុរដ្ឋមន្ដ្រីការបរទេសមកពីប្រទេសចិន ជប៉ុននិងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។
លោកបញ្ជាក់ថា លោក Albert F. Del Rosario គ្រាន់តែចង់ឲ្យមាន «ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសេចក្ដីប្រកាសប្រតិបត្តិ (Declaration of Conduct) ដើម្បីជំរុញឆ្លោះទៅរកការបញ្ចប់ក្រមប្រតិបត្តិ»។
រដ្ឋមន្ដ្រីការបរទេសអាស៊ាននឹងត្រូវជួបប្រជុំជាមួយរដ្ឋមន្ដ្រីការបរទេសចិនផងដែរ នៅថ្ងៃពុធស្អែកនេះ។
លោក ស៊ូរីន ពិតស៊ូវ៉ាន់ (Surin Pitsuwan) អគ្គលេខាធិការអាស៊ានជិតផុតអាណត្តិ បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា បញ្ហាចរាចរណ៍ដែនសមុទ្របានស្ថិតក្នុងបញ្ហាដែលត្រូវចាត់ទុកជាការប្រុងប្រយ័ត្នខ្ពស់ក្នុងការជជែកឆ្ពោះទៅរកការសម្រេចក្រមប្រតិបត្តិស្តីពីជម្លោះនៅដែនសមុទ្រចិនខាងត្បូង។
រដ្ឋមន្ដ្រីការបរទេសអាស៊ានបានខកខានក្នុងកិច្ចប្រជុំកាលពីថ្ងៃច័ន្ទក្នុងការព្រមព្រៀងគ្នាទាំងស្រុងលើក្រមប្រតិបត្តិនេះ ដោយទំនងជាពុំមានការចុះសម្រុងគ្នាលើមូលដ្ឋានមួយចំនួន។
ឆ្លើយទៅនឹងសំណួររបស់អ្នកកាសែតជាភាសាចិន លោក Yang Gie Chi រដ្ឋមន្ដ្រីការបរទេសចិនបញ្ជាក់ថា ប្រទេសចិនមានជំនឿថា«សន្ទុះជាវិជ្ជមាននិងសហប្រតិបត្តិការក្នុងបញ្ហាសមុទ្រចិនខាងត្បូងនេះ» នឹងមានការគាំទ្រ ហើយភាពជឿនលឿន «ក្នុងការរក្សាសន្តិភាព ស្ថេរភាពក្នុងតំបន់នឹងមិនត្រូវប៉ះពាល់ឬរារាំងនោះទេ»៕