ប៉ូលិសហ្វីលីពីននិយាយថា ជនរងគ្រោះដែលខ្លួនបានសង្គ្រោះកាលពីសប្តាហ៍មុនទាំងនោះត្រូវបានបង្ខំឱ្យធ្វើការរហូតដល់ ១៨ ម៉ោងក្នុងមួយថ្ងៃ ដោយការឆបោកផ្នែករូបិយបណ្ណ Crypto។ សកម្មភាពនេះត្រូវបានរាយការណ៍ថា បានធ្វើឡើងនៅក្នុងអគារមួយនៅក្រុង Mabalacat ដែលមានចម្ងាយពីរម៉ោងតាមរថយន្តពីរដ្ឋធានីម៉ានីល។
អ្នកស្រី Michelle Sabino មេបញ្ជាការនគរបាលជាតិប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតនៅហ្វីលីពីនបានថ្លែងប្រាប់វីអូអេថា៖ «អ្នកទាំងនោះបានទាក់ទងជាមួយនឹងមនុស្សដែលពួកគេឆបោកតាមបណ្តាញសង្គមហ្វេសប៊ុក និងតាមកម្មវិធី App សម្រាប់ណាត់ជួប។ ពួកគេបន្លំធ្វើជាស្រឡាញ់ជនរងគ្រោះ ហើយយកលុយរបស់ជនរងគ្រោះ»។
ប៉ូលិសនិយាយថា ជនរងគ្រោះពីការជួញដូរមនុស្ស មកពីប្រទេសវៀតណាម ចិន ឥណ្ឌូណេស៊ី ហ្វីលីពីន នេប៉ាល់ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងតៃវ៉ាន់។
អ្នកស្រី Sabino បានថ្លែងថា៖ «ពួកគេត្រូវបានទាក់ទាញដោយសារបង្ហោះតាមបណ្តាញសង្គម ដែលសន្យាផ្តល់ការងារប្រាក់ខែច្រើន ហើយបែរជាត្រូវមកជាប់នៅក្នុងអគារដែលមានអ្នកយាមប្រដាប់អាវុធរារាំងពួកគេមិនឱ្យចាកចេញ»។ អ្នកស្រីបន្ថែមថា ឧក្រិដ្ឋជនដែលចាត់ចែងមជ្ឈមណ្ឌលឆរបោកនោះ មកពីប្រទេសចិន។
អាជ្ញាធរហ្វីលីពីន បានទទួលព័ត៌មានសម្ងាត់អំពីអគារនោះពីសំណាក់មន្រ្តីនៅឥណ្ឌូណេស៊ី ដែលទទួលបានសារដង្ហើយសុំជំនួយពីពលរដ្ឋឥណ្ឌូណេស៊ីដែលជាប់នៅក្នុងអគារនោះ។
ប្រតិបត្តិការខុសច្បាប់បែបនេះត្រូវបានហៅថា «រោងចក្របោកប្រាស» អនឡាញ ហើយត្រូវបានរកឃើញនៅតាមបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន ប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ អ្នកជំនាញនិយាយថា នេះជាវិស័យមួយដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលមានជនរងគ្រោះពីការជួញដូរមនុស្សរាប់ម៉ឺននាក់។
អង្គការប្រឆាំងការឆរបោកក្នុងពិភពលោក Global Anti-Scam Organization បានប្រាប់វីអូអេថា ជនរងគ្រោះជាញឹកញយជាអ្នកបានរៀននៅសាកលវិទ្យាល័យ និងអ្នកធ្វើការក្នុងការិយាល័យ ដែលចេះប្រើប្រាស់បណ្តាញទាក់ទងសង្គម។ អ្នកខ្លះបានបាត់បង់ការងារអំឡុងវិបត្តិជំងឺកូវីដ១៩ ហើយព្យាយាមរកការងារធ្វើ។ មានសេចក្តីត្រូវការជនឆបោកជាច្រើនដែលអាចនិយាយអង់គ្លេស ឬចិន ពីព្រោះភាសាទាំងពីរនេះ មានមនុស្សនិយាយច្រើនក្នុងពិភពលោក។
រោងចក្រឆបោកទាំងឡាយភាគច្រើនស្ថិតនៅតំបន់ដាច់ស្រយាល។ ក៏ប៉ុន្តែសវនាការរបស់ព្រឹទ្ធសភាហ្វីលីពីនមួយ កាលពីពេលថ្មីៗនេះបានបង្ហាញថា កន្លែងខ្លះស្ថិតនៅទីប្រជុំជនធំៗ។
សេចក្តីរាយការណ៍ពីមុនមករបស់វីអូអេលើបញ្ហានេះបានបង្ហាញថា នៅកន្លែងឆបោកខ្លះ អ្នកដែលធ្វើការមិនបានល្អត្រូវរងការវាយដំ ហើយអ្នកខ្លះថែមទាំងត្រូវគេសម្លាប់ចោលផង ប៉ុន្តែអ្នកស្រីមេបញ្ជាការនគរបាល Sabino បានប្រាប់វីអូអេថា មកទល់នឹងពេលនេះ គ្មានភស្តុតាងថា អំពើហិង្សាប្រភេទនេះបានកើតមាននៅអគារនៅក្រុង Mabalacat នោះទេ។
ជាញឹកញយ ជនរងគ្រោះអាចបង់លុយដើម្បីលោះខ្លួនចេញពីមណ្ឌលឆបោក ប៉ុន្តែតាមធម្មតាត្រូវចំណាយប្រាក់រាប់ម៉ឺនដុល្លារ ដែលគ្រួសារភាគច្រើននៅតំបន់អាស៊ីអាគ្នេយ៍គ្មានលទ្ធភាពបង់ប្រាក់ច្រើនបែបនេះទេ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា