គម្រោងបង្កើតដែនជម្រកសមុទ្រដែលស្នើឡើងដោយប្រធានាធិបតីហ្វីលីពីន នៅក្នុងតំបន់មានជម្លោះនៃសមុទ្រចិនខាងត្បូង អាចនឹងធ្វើឲ្យគូរបដិបក្ខចិនមិនសប្បាយចិត្ត ទោះបីវាជាបេសកកម្មស្រាវជ្រាវអេកូឡូស៊ី និងការមានទំនាក់ទំនងប្រសើរឡើងវិញជាមួយមហាអំណាចអាស៊ីក្នុងពេលថ្មីៗនេះក៏ដោយ។
ប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីចុងខែវិច្ឆិកាថា លោកមានគម្រោងនឹងចេញបញ្ជាប្រកាសដាក់តំបន់ត្រីកោណនៅតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ជាតំបន់ហាមឃាត់មិនឲ្យនេសាទ។ លោក Duterte និយាយថា លោកបានជូនដំណឹងដល់សមភាគីចិនរួចហើយអំពីផែនការរបស់លោកនៅក្នុងតំបន់នោះ ដែលគ្របដណ្តប់លើផ្ទៃទឹកប្រមាណ១៥៨គីឡូម៉ែត្រការ៉េ។
ការប្រជែងទាមទារដែនទឹក
ចាប់តាំងពីខែសីហាមក ចិននិងហ្វីលីពីនបានចាប់ព្យាយាមផ្សះផ្សាការខូចខាតផ្នែកទំនាក់ទំនង ដែលកើតឡើងដោយសារតែការទាមទារជាន់គ្នាយកដែនដីតូចមួយដែលមានចម្ងាយ១៩៨គីឡូម៉ែត្រ ភាគខាងលិចកោះ Luzon។ នាវារបស់ចិននិងហ្វីលីពីន បានប្រឈមមុខដាក់គ្នាអស់រយៈពេល២ខែនៅតំបន់ថ្មប៉ប្រះទឹកនោះ កាលពីឆ្នាំ២០១២។ បញ្ជារបស់លោកប្រធានាធិបតីនាពេលនោះ បានអះអាងជាថ្មីយ៉ាងមានប្រសិទ្ធភាពលើអធិបតេយ្យភាពរបស់ហ្វីលីពីន។
លោក Jonathan Spangler នាយកស្ថាប័នអ្នកវិភាគបញ្ហាសមុទ្រចិនខាងត្បូង (South China Sea Think Tank) នៅក្នុងក្រុងតៃប៉ិនិយាយថា៖ «ការកំណត់តំបន់ថ្មប៉ប្រះទឹក Scarborough Shoal ថាជាដែនជម្រកសមុទ្រ នឹងអាចជាការទាមទារអធិបតេយ្យភាពសារជាថ្មីដោយហ្វីលីពីនទៅលើតំបន់នោះ។ រាល់សកម្មភាពជាឯកតោភាគីណាមួយដែលធ្វើឡើងក្នុងន័យអធិបតេយ្យភាព គឺអាចនឹងបង្កឲ្យមានការប៉ះទង្គិចរវាងភាគីដែលទាមទារទាំងនោះ បើទោះបីជាការទាមទារទាំងនោះធ្វើឡើងក្នុងទម្រង់ជាកិច្ចខិតខំប្រឹងប្រែងអភិរក្សដែនជម្រកសមុទ្រក៏ដោយ»។
ប្រទេសចិនទាមទារ៩៥%នៃដែនសមុទ្រចិនខាងត្បូង រួមទាំងដែនទឹកភាគខាងលិចនៃប្រជុំកោះរបស់ហ្វីលីពីនផងដែរ។ ចិនបានធ្វើឲ្យរដ្ឋាភិបាលក្រុងម៉ានីលនិងភាគីរដ្ឋាភិបាលប្រទេសអាស៊ី៤ទៀតមិនសប្បាយចិត្ត ចាប់តាំងពីឆ្នាំ២០១០មក ដោយសារសកម្មភាពមួយចំនួន ដូចជាការចាក់ដីបង្កើតជាប្រជុំកូនកោះសិប្បនិម្មិត ដាក់កម្លាំងយោធានៅលើកោះសិប្បនិម្មិតមួយចំនួន និងការបើកនាវាកាត់ដែនសមុទ្រដែលត្រូវបានទាមទារដោយប្រទេសផ្សេងទៀតជាដើម។
ដែនសមុទ្រនោះមានទំហំ ៣,៥លានគីឡូម៉ែត្រការ៉េ លាតសន្ធឹងចាប់ពីប្រទេសសិង្ហបុរី ដល់កោះតៃវ៉ាន់។ ដែនសមុទ្រនោះមានផ្ដល់អត្ថប្រយោជន៍សម្រាប់នេសាទ ការដឹកជញ្ជូនតាមផ្លូវទឹក និងអាចជាប្រភពប្រេងឥន្ធនៈនៅក្រោមបាតសមុទ្រនេះ។
ការនេសាទកាន់តែប្រសើរ
លោក Hermogenes Esperon ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន បាននិយាយនៅឯកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ីប៉ាស៊ីហ្វិកក្នុងប្រទេសប៉េរូ កាលពីថ្ងៃទី២០ ខែវិច្ឆិកាថា លោក Duterteចង់រក្សាដែនជម្រកសមុទ្រនេះ ដើម្បីជួយបង្កើនបរិមាណត្រីនៅតំបន់ប៉ប្រះទឹកនេះ ដែលជាទីធ្លាប់សម្បូរទៅដោយត្រីជាច្រើន។
ទីប្រឹក្សារូបនេះនិយាយថា រដ្ឋាភិបាលអាចនឹងបញ្ជូនបុគ្គលិកឆ្មាំសមុទ្រស៊ីវិលទៅតំបន់ថ្មប៉ប្រះទឹកនោះ ហើយលោកសង្ឃឹមថា ប្រទេសចិននឹងយល់ព្រមទទួលសំណើបង្កើតដែនជម្រកសមុទ្រនេះ។
លោក Duterte បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំងកាលពីខែតុលា ហើយក្រុមមន្ត្រីចិនបានសន្យាផ្ដល់ជំនួយ២៤ពាន់លានដុល្លារដល់ប្រទេសហ្វីលីពីន។ ទស្សនកិច្ចនោះក៏បានបន្ធូរបន្ថយភាពតានតឹងដែលបង្កឡើងដោយប្រធានាធិបតីហ្វីលីពីនអាណត្តិមុន ដែលបានប្តឹងរដ្ឋាភិបាលក្រុងប៉េកាំងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ ដោយអង្គហេតុទាមទារដែនទឹកដោយភាគីចិន។ តុលាការបានចេញសេចក្ដីសម្រេចកាលពីថ្ងៃទី១២ ខែកក្កដាថា ប្រទេសចិនមិនមានឯកសារស្របច្បាប់គ្រប់គ្រាន់ ដើម្បីទាមទារដែនសមុទ្រនោះទេ។
លោក Ramon Casiple នាយកប្រតិបត្តិនៃវិទ្យាស្ថានតស៊ូមតិដើម្បីកំណែទម្រង់នយោបាយនិងការបោះឆ្នោតនិយាយថា ប្រទេសចិនគួរតែយល់ព្រមតាមសំណើដែនជម្រកសមុទ្រនោះ ព្រោះវានឹងបង្កើនបរិមាណត្រីឡើងវិញ ហើយបញ្ចៀសសំណួរអំពីអធិបតេយ្យភាពទៀតផង។
ភាគីទាំងពីរនឹងពិភាក្សាគ្នា
នៅទីបំផុត ភាគីទាំងពីរបានឯកភាពគ្នាកាលពីខែតុលាថានឹងពិភាក្សាគ្នាពីបញ្ហាសមុទ្រចិនខាងត្បូង ដែលប្រហែលជាអាចនឹងធ្វើឡើងនៅក្នុងឆ្នាំ២០១៧ខាងមុខនេះ។ កិច្ចប្រជុំនោះអាចនឹងពិភាក្សាទៅលើការរុករកប្រេងនិងឧស្ម័នរួមគ្នាផងដែរ។
លោក Casiple និយាយថា៖ «ពួកគេនឹងពិភាក្សាអំពីដែនជម្រកសមុទ្រ សិទ្ធិក្នុងការនេសាទ កិច្ចសហប្រតិបត្តិការឆ្មាំសមុទ្រ និងការចូលទៅកាន់តំបន់ថ្មប៉ប្រះទឹក Scarborough Shoal ប៉ុន្តែពួកគេនឹងមិនលើកពីបញ្ហាអធិបតេយ្យភាពនោះទេ»។
ភាគីចិនមិនបានបញ្ចេញមតិច្រើនក្នុងការពិភាក្សានោះទេ។ អ្នកនាំពាក្យនៃក្រសួងការបរទេសចិនក្នុងរដ្ឋធានីប៉េកាំងបានត្រឹមតែនិយាយថា ការទាមទារអធិបតេយ្យភាពរបស់ចិនទៅលើតំបន់នោះ គឺមិនមានការផ្លាស់ប្ដូរឡើយ។ លោក Spangler និយាយថា ដែនជម្រកសមុទ្រនឹងត្រូវការ «យ៉ាងហោចណាស់ការឯកភាពដោយយោគយល់» ពីភាគីទាមទារផ្សេងទៀត ក្រៅពីរដ្ឋាភិបាលក្រុងម៉ានីល ដើម្បីកាត់បន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង។
នៅតំបន់ផ្សេងទៀតក្នុងសមុទ្រចិនខាងត្បូង តៃវ៉ាន់បានបង្កើតឧទ្យានជាតិមួយអស់រយៈពេល៩ឆ្នាំមកហើយនៅដែនជម្រកសមុទ្រ Dongsha Atoll ក្នុងប្រជុំកោះ Pratas ដើម្បីបង្កើនផ្កាថ្មឡើងវិញ។ ចិនក៏ទាមទារយកតំបន់ប្រជុំកោះ Pratas នោះដែរ ប៉ុន្តែមិនបានប្រជែងដោយចំហលើតំបន់អភិរក្សរបស់តៃវ៉ាន់ឡើយ។
កាលពីខែតុលា ទីក្រុងមួយនៅប្រទេសចិន បានចេញបញ្ជាដល់បុគ្គលណាក៏ដោយដែលគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិនត្រូវចៀសវាងការចូលទៅតំបន់អេកូឡូស៊ីដែលមានលក្ខណៈពិសេស គឺអន្លង់សមុទ្រជម្រៅ ៣០១ម៉ែត្រ នៅប្រជុំកោះ Paracel នៅក្បែរប្រទេសវៀតណាម។
លោក Douglas Guilfoyle សាស្ត្រាចារ្យផ្នែកច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលីនិយាយថា តំបន់អភិរក្សដែនសមុទ្ររបស់រដ្ឋាភិបាលក្រុងម៉ានីល អាចត្រូវគេមើលឃើញថាជាការទាមទារអធិបតេយ្យភាព ដោយគ្មានវិធានការប្រើប្រាស់យោធា។
លោកបន្ថែមថា រដ្ឋាភិបាលក្រុងម៉ានីលក៏មានសិទ្ធិប្រកាសអំពីដែនជម្រកនោះជាឯកតោភាគីផងដែរ ពីព្រោះថាតំបន់ថ្មប៉ប្រះទឹកនោះស្ថិតនៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ដែលមានប្រវែង ៣៧០ គីឡូម៉ែត្រ។
លោក Guilfoyle និយាយថា៖ «ខ្ញុំមិនគិតថា មានច្បាប់អន្តរជាតិណាបានព្រមព្រៀងគ្នាកំណត់និយមន័យអំពីដែនជម្រកសមុទ្រនោះទេ»។
កាលពីឆ្នាំមុន តុលាការអន្តរជាតិបានកាត់សេចក្ដីថា ចក្រភពអង់គ្លេសបានល្មើសច្បាប់អន្តរជាតិ ដោយសារការបង្កើតដែនជម្រកសមុទ្រនៅជុំវិញប្រជុំកោះ Chagos ដែលក៏ត្រូវបានទាមទារដោយប្រទេសម៉ូរីស (Mauritius) ដែលស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌាផងដែរ។
លោកបន្ថែមថា៖ «វិធីមួយនៅក្នុងការកំណត់ដែនជម្រកសមុទ្រ គឺប្រហែលជាការទាមទារអធិបតេយ្យភាពដោយសន្តិវិធី ដោយប្រកាសថាអ្នកនឹងព្យាយាមការពារនិងអភិរក្សបរិស្ថាននៅក្នុងតំបន់។ គោលបំណងនេះស្ដាប់ទៅគួរឲ្យទុកចិត្តបាន ហើយជាវិធីដែលអ្នកនឹងប្រើប្រាស់ជាទូទៅតាមរយៈការបញ្ជូនឆ្មាំសមុទ្រ ឬនាវាត្រួតពិនិត្យការនេសាទ។ ធ្វើដូច្នេះ មើលទៅដូចជាស្រាលជាងការបញ្ជូនកងទ័ពជើងទឹកទៅ។ តែទោះជាយ៉ាងណាក៏ដោយ ក៏សកម្មភាពនេះនៅតែជាការបង្ហាញឲ្យឃើញពីការប្រើអំណាចលើអធិបតេយ្យភាពដដែល»៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា