ឆ្មាំមុទ្រហ្វីលីពីនប្តេជ្ញារក្សាវត្តមាននៅក្នុងតំបន់ជម្លោះមួយក្នុងសមុទ្រចិនខាងត្បូង ដើម្បីធានាថាប្រទេសចិនមិនធ្វើសកម្មភាពគ្រប់គ្រងតំបន់ខ្ពង់រាបបាតសមុទ្រ Sabina Shoal នោះទេ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន។
ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានដាក់នាវាមួយគ្រឿងក្នុងតំបន់ខ្ពង់រាបនេះ និងបានចោទប្រទេសចិនថា កំពុងបង្កើតកោះសិប្បនិម្មិតមួយនៅទីនោះ ខណៈពេលជម្លោះដែនទឹកកំពុងឡើងកម្តៅខ្លាំង។ ឆ្មាំសមុទ្រហ្វីលីពីនបន្ថែមទៀតថា ខ្លួនបានដាក់នាវាពីរគ្រឿងផ្សេងទៀតឱ្យផ្លាស់វេនគ្នានៅក្នុងតំបន់នោះ។
ចាប់តាំងពីការដាក់នាវាប្រចាំការនៅទីនោះតាំងពីខែមេសាកន្លងទៅ ខ្លួនបានឃើញពំនូកផ្កាថ្មងាប់ជាច្រើនត្រូវបានគេចាក់ទៅលើទីតាំងវាលខ្សាច់ក្នុងតំបន់ខ្ពង់រាប Sabina Shoal នេះ ក្នុងទំហំកាន់តែធំឡើងៗ។
អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក Jay Tarriela បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះថា ឆ្មាំសមុទ្រហ្វីលីពីនត្រូវធានាថា ខ្លួនអាចមានលទ្ធភាពដើម្បីរារាំង «ចិនមិនឱ្យកាន់កាប់តំបន់Sabina Shoal បានដោយជោគជ័យនោះឡើយ»។
ដោយស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន តំបន់ខ្ពង់រាបបាតសមុទ្រមួយនេះ ស្ថិតនៅលើផ្លូវនាវាធ្វើដំណើររបស់នាវាហ្វីលីពីន ក្នុងការបំពេញបេសកកម្មផ្គត់ផ្គង់សម្ភារៈផ្សេងៗដល់កងយោធារបស់ខ្លួន ដែលកំពុងប្រចាំការនៅទីតាំងនាវាចម្បាំងមួយកន្លែងក្នុងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលហ្វីលីពីននិងចិន បានប្រឈមមុខដាក់គ្នាជាញឹកញាប់។
ប្រទេសចិនបានធ្វើសកម្មភាពទាមទារគ្រប់គ្រងទឹកដីក្នុងទ្រង់ទ្រាយធំនៅលើកោះមួយចំនួនក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយបង្កើតទីតាំងមូលដ្ឋានទ័ពអាកាសនិងយោធា ដែលធ្វើឱ្យមានការបារម្ភខ្លាំងដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងប្រទេសជាច្រើនក្នុងតំបន់៕