តំណាង​អង្គការ​ខ្មែរ​អាមេរិកាំង​ដាក់​ញត្តិ​នៅ​ស្ថានទូត​កម្ពុជា​ និង​​ក្រសួង​ការបរទេស​អាមេរិក​រឿង​ចាប់​ខ្លួន​ថ្មីៗ​នៅ​កម្ពុជា

តំណាង​អង្គការ​និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ធ្វើ​បាតុកម្ម​និង​ដាក់​ញត្ដិ​នៅ​ស្ថានទូត​កម្ពុជា​​នៅរដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។ (ជឹង​ ប៉ូជីន/វីអូអេ)

តំណាង​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​មួយ​ក្រុម​នៅ​តាម​បណ្តា​រដ្ឋ​នានា​បាន​ប្រមូល​ផ្តុំ​គ្នា​ដាក់​ញត្តិ​ចំនួន២​កាលពី​ថ្ងៃ​ច័ន្ទ​ ទី២៨​ ខែកញ្ញា​នេះ ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ ដើម្បី​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ជាច្រើន​រូប​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ ដែល​ក្រុម​តំណាង​អង្គការ​នានា​ចាត់ទុកថា​ ជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​ជាតិ​ និង​អន្តរជាតិ ហើយ​គួរ​ត្រូវ​ដោះលែង​ឲ្យ​ពួកគេ​មាន​សេរីភាព​ឡើងវិញ។​

ញត្តិ​១​បាន​ជូន​ស្ថានទូត​កម្ពុជា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក ​និង​ញ្ញត្តិ​មួយ​ទៀត​បាន​ធ្វើ​ឡើង​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ។

ញត្តិ​ដែល​បាន​ដាក់​នៅ​ស្ថានទូត​កម្ពុជា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ត្រូវ​វបាន​ចែកចាយ​ជូន​អ្នក​យកព័ត៌មាន​ដែល​បាន​ចូលរួម ​ហើយ​ត្រូវ​បាន​អាន​ដោយ​លោក ​ទូច វិបុល​ ប្រធាន​ប្រតិបត្តិ​នៃ​ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យនោះ​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ស្តារ​មុខមាត់​ប្រទេស​កម្ពុជា​ឡើង​វិញ​ ដោយ​ដោះលែង​អ្នក​ទោស​មនសិការ​និង​អ្នក​ទោស​នយោបាយ​ទាំង​អស់​ដោយ​គ្មាន​លក្ខខណ្ឌ ។

លោក ទូច វិបុល​ បាន​អាន​សារ​នោះ​ដែល​មាន​ខ្លឹមសារ​ថា៖​ «ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ អ្នក​តាមដាន​ស្ថាន​ការណ៍​ជាតិ​និង​អន្តរជាតិ ​ដៃគូ​វិនិយោគ​បរទេស​ធំៗ ​និង​សហគមន៍​ម្ចាស់​ជំនួយ​អន្តរជាតិ​ដឹងច្បាស់​ថា​ រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​កំពុង​តែ​ដឹកនាំប្រាសចាក​កាន់តែ​ឆ្ងាយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ ​និង​សន្តិភាព​ដោយការ​ប្រើប្រាស់​វិធី​ចោទប្រកាន់​ខ្មែរ​ជាតិ​ឯង ​ជាជន​ក្បត់​ជាតិឬ​ជា​ឧទ្ទាម​ក្រៅ​ច្បាប់​ ពេលមាន​ទស្សនៈ​ផ្ទុយគ្នា​អំពី​វិវត្តន៍​សង្គម» ។

ញត្តិ​ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យនោះ​មាន​ខ្លឹមសារ​ថា យើង​ខ្ញុំ​សូមទទូច​ឲ្យ​ដោះលែង​លោក​ រ៉ុង ឈុន ​ព្រះភិក្ខុ ​កើត សារ៉ាយ លោក​ មាន ព្រហ្មមុនី​ កញ្ញា​ អេង ម៉ាឡៃ ​(ហៅសូ មេត្តា) ​លោក​ មួង សុភក្ត្រ ​លោក​ ថា ឡាវី យុវតី ​ឈឿន ដារ៉ាវី ​លោក​ ហ៊ុន វណ្ណៈ​ យុវតី ​ស កន្និកា ​លោក​ សួង សុភ័ណ្ឌ ​កញ្ញា ​សាន ស្រីនិច​ លោក ​ថុង រដ្ឋា ​កញ្ញា​ ភួង កែវរស្មី ​កញ្ញា ​ឡុង គន្ធា ​លោក​ គា សុគន្ធ ​លោក ​ឡុង ពុទ្ធារ៉ា ​ និង​អ្នក​ឯទៀត​ដើម្បី​ឲ្យ​ពួក​គាត់​អាច​អនុវត្ត​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ ។​ ហើយ​ញត្តិ​នោះ ​ក៏​បាន​ទទូច​ទម្លាក់​ចោល​បទចោទប្រកាន់​នានា​ប្រឆាំង​នឹង​អ្នក​នយោបាយ​និង​ផ្តល់​សេរីភាព​នយោបាយ​ពេញ​លេញ​ដល់ពួក​គាត់​ឡើងវិញ​ ដែល​រួមមាន​ លោក​ កឹម សុខា ​លោក​ សម រង្ស៊ី​ និង​សហការី​ទាំង​អស់​នៃគណបក្ស​សង្គ្រោះ​ជាតិ។

តំណាង​អង្គការ​និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ធ្វើ​បាតុកម្ម​និង​ដាក់​ញត្ដិ​នៅ​ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ (ជឹង​ ប៉ូជីន/វីអូអេ)

នៅពេល​ថ្មី​ៗ​នេះ​ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​បង្កើន​ការចាប់​ខ្លួន​ពួកសមាជិក​គណ​បក្ស​ប្រឆាំង​និង​សកម្មជន​នានា​ដែល​បាន​តវ៉ា​អំពី​រឿង​ព្រំដែន​ បរិដ្ឋាន ​និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ក្រោមបទ​ចោទ​ប្រកាន់​ថា មានជាប់​ទាក់ទង​នឹង​បទ​ញុះញង់​ឲ្យ​បង្ក​ភាព​វឹក​វរ​ដល់​សន្តិសុខ​សង្គម។​ ហើយ​ការបង្កើន​ការចាប់​ខ្លួន​នេះ ​ស្រប​ពេល​នៃ​ការដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ចំនួន​២០​ភាគរយ​និង​ផល​ប៉ះពាល់​ពី​ជំងឺ​រាត្បាត​កូវីដ១៩ ។​ ការចាប់​ខ្លួន​នោះបាន​ធ្វើ​ឲ្យ​មាន​ការ​ថ្កោលទោស​ពី​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប ​និង​អង្គការ​អន្តរជាតិ​ជាច្រើន ។​

ញត្តិ​នោះ​ក៏​បាន​លើកឡើង​នូវ​ការ​ទាមទារ​របស់​លោក​ Alan Lowenthal ​សមាជិក​សភា​អាមេរិក​ និង​លោក ​Robert A. Destro ​ឧបការី​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុកលទ្ធិ​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​ ដែល​បាន​រំឭក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ និង​សិទ្ធិ​សេរីភាព​នៃ​ការជួប​ជុំតវ៉ា​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។​ ហើយ​ក៏​បាន​លើក​ឡើង​នូវ​ការសម្តែង​នូវ​ការព្រួយ​បារម្ភ​របស់​លោក​ស្រី​ Rhona Smith​ អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ និង​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​កម្ពុជា ​យ៉ាងដិត​ដល់​ ក៏បាន​សម្តែង​កង្វល់​ចំពោះ​ការ​ចាប់ខ្លួន​សកម្មជន​ខ្មែរ​ជាបន្ត​បន្ទាប់​ ។

អ្នក​ស្រីសាវ៉េត កើត ​ដែល​ស្វាមី​របស់​អ្នកស្រី​បាន​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារ​ក៏បាន​ចូលរួម​នៅ​ក្នុង​ការដាក់​ញត្តិ​នេះ​ដែរ។​ អ្នក​ស្រី​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដោះលែង​លោក​ មាន ព្រហ្មមុនី​ ស្វាមី​របស់​អ្នកស្រី​និង​សកម្មជន​ផ្សេងៗទៀត។​ អ្នក​ស្រី​បាន​និយាយ​ថា ៖

«មកទល់ពេល​នេះ ​ខ្ញុំមិន​បាន​ទទួល​ដំណឹង​អ្វី​ច្បាស់​លាស់​អំពី​ស្វាមី​របស់​ខ្ញុំ​ទេ។ ​គ្រាន់តែ​ដឹង​ថា ប្អូន​ថ្លៃ​របស់​ខ្ញុំ​នៅ​ទីនោះ​ថា​ ស្វាមី​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ»។

បន្ទាប់ពី​ការអាន​ញត្តិ​នៅ​ខាង​មុខ​ស្ថានទូត​កម្ពុជារួច​ លោក​ទូច វិបុល ​ដែល​ជាតំណាង​ឲ្យ​ជន​រងគ្រោះ ​បាន​យក​ញត្តិ​នោះ​ទៅ​ប្រគល់​ឲ្យ​តំណាង​ស្ថាន​ទូត​កម្ពុជា​ ក៏​ប៉ុន្តែ​មិន​មាន​អ្នក​តំណាង​ណា​មក​ទទួល​ញត្តិ​នោះ​ទេ​ ទោះបី​លោក​បាន​ព្យាយាម​គោះទ្វារ​ការិយាល័យ​នោះ​ ចំ​ពេល​មាន​ការដាក់​ស្លាក​សញ្ញា​ថា ​ស្ថានទូត​បើក​ទ្វា​ក៏ដោយ។​ លោក​ ទូច វិបុល​ និយាយ​ថា​ ទោះបី​មន្ត្រី​រដ្ឋាភិបាល​ មិន​អើ​ពើ​ជាមួយ​ញត្តិ​ និង​ការទាមទារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដោយ ​ក៏​លោក​នៅ​តែ​ព្យាយាម​ធ្វើ​ឲ្យ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន​ បាន​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​និង​ជន​រងគ្រោះ​ទាំងនោះ ។​ លោក ​ទូច វិបុល ​បាន​ថ្លែង​បន្ត​ទៀត​ថា៖

«ដូច​ខ្ញុំ​បាន​ជម្រាប​ពីដើមទី​អញ្ចឹង​គឺ​ថា​ រាល់ការ​ធ្វើ​បាតុកម្ម​ម្តងៗ​និង​រាល់​ផ្ញើសារ​សំឡេង​របស់​យើង​ម្តងៗ​ យើង​តែង​តែ​បាន​ទទួល​ការឆ្លើយ​តប​ពី​សហគមន៍​អន្តរជាតិ​ ជាពិសេស​ការដាក់​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​លើ​ក្រុមហ៊ុន​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​ ជា​ការឆ្លើយ​តប​ទៅនឹង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន សែន ​ព្រងើយ​កន្តើយ​ មិន​ចង់​ ស្តាប់​មិន​ចង់ឮ​សំឡេង​ទាមទារ​របស់​ប្រជាពល​រដ្ឋនោះ ។

តំណាង​អង្គការ​និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ធ្វើ​បាតុកម្ម​និង​ដាក់​ញត្ដិ​នៅ​ស្ថានទូត​កម្ពុជា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។ (ជឹង​ ប៉ូជីន/វីអូអេ)

VOA បាន​ព្យាយាម​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន តែ​មិន​បាន​ជោគជ័យ​ទេ ដោយសារ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ ហើយ​សារ​ផ្ញើ​សំឡេង​ក៏​ពេញ​មិន​អាច​ទទួល​សារ​បន្ថែម​បាន។

ពាក់ព័ន្ធ​ទៅនឹង​អត្ថាធិប្បាយ​របស់​លោក​ សុខ ឥសាន្ត​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​ជា​គណបក្ស​គ្រប់​គ្រង​ប្រទេស​ដែល​ថា​ ការទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ និង​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​ គ្មាន​ឥទ្ធិពល​អ្វី​ដល់​រដ្ឋាភិបាល​ ហើយ​ថា​ដោយ​ហេតុដូច្នេះ​ហើយ​ បាន​ជា​ស្ថានទូត​ខ្មែរ​មិន​ព្រម​បើកទ្វារ​ទទួល​ញត្តិនោះ ​លោក​ ទូច វិបុល ​បាន​ថ្លែង​ថា៖

«ប្រាកដ​ណាស់​លោក ​សុខ ឥសាន្ត​ បាន​ផ្តាំ​ផ្ញើរ​តាម​ស្ថានទូត​ខ្មែរ​ឲ្យ​ធ្វើ​មិន​ដឹង​មិនឮ​សំឡេង​របស់​ប្រជាពលរដ្ឋ​ខ្មែរ ​ហើយ​រដ្ឋាភិបាល​ចេះ​តែដើរ​ស្រែក​ថា ​អង្គការ​សហប្រជាជាតិ​នៅ​សហភាព​អឺរ៉ុប បាន​ធ្វើ​អំពើ​អយុត្តិធម៌​មកលើ​កម្ពុជា ​ក៏ប៉ុន្តែ​ការដែល​រដ្ឋាភិបាល​ដើរ​ចាប់​ចង​គេ​ ចាប់​ព្រះសង្ឃ​ ហើយ​ការសំខាន់​បំផុត​គឺ​ការចាប់​ព្រះសង្ឃ​ផ្សឹក​ទាំង​ថ្ងៃ​ត្រង់»។

បើ​ទោះបី​មិន​មាន​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ណា​ចេញមក​ទទួលញត្តិ​នោះ​ក៏ដោយ​ ក៏លោក​នាថបណ្ឌិត ឫទ្ធិពល​តំណាង​ឲ្យ​អង្គការ​ Overseas Khmer Summit ​ឬ ​(OKS) ​បាន​ថ្លែង​ថា​ លោក​សង្ឃឹម​ថា​ញ្ញត្តិ​នោះ ​នឹង​បាន​ទៅ​ដល់​រដ្ឋាភិបាល​ខ្មែរ។​ លោក​បាន​ថ្លែង​ថា៖

«ញត្តិ​នេះ​ ត្រូវ​តែ​ទៅ​ដល់​រដ្ឋាភិបាល​ខ្មែរ​ ពីព្រោះតែ​លោក ​ទូច វិបុល ​ដែល​តំណាង​ឲ្យ​អង្គការ​ចលនា​និស្សិត​ខ្មែរ​និង​អង្គការ​នានា​ បាន​ឡើង​គោះទ្វារ​ស្ថានទូត​ដែល​ដាក់​ផ្លាក​ថា​ Open ​មានន័យ​ថា​ ធ្វើ​ការ​បន្ទាប់ពី​ការចុច​កន្តឹង​នៅ​ខាង​ក្រៅ​ច្រើនដង​មក​ ក៏ប៉ុន្តែ​មិន​មាន​អ្នក​បើក​ទ្វារ។​ ហើយ​ខាង​សន្តិសុខ​អាមេរិកាំង​ ក៏​និយាយថា ​អត់អី​ទេ ​ព្រោះ​ទ្វារ​របងបើក​ ហើយ​ស្ថានទូត​បើក​ធ្វើការ​ ។ អ្នក​អាច​គោះទ្វារ​បាន​ ហើយ​លោកវិបុល​ គោះ ​ទ្វារ​ដោយ​ស្របច្បាប់ ​ហើយ​ជា​ច្រើន​លើក​ច្រើនសារ​មិនមានអ្នក​តំណាង​ស្ថាន​ទូត​មក​ទទួល​ញត្តិទេ។​ យើង​បាន​សួរ​ខាង​សន្តិសុខអាមេរិកាំង​ គេ​ថា​ បើ​គ្មាន​អ្នក​មក​បើក​ទ្វារ​ អ្នក​អាច​ដាក់​ញត្តិ​នោះ​នៅ​ក្នុង​ប្រអប់​សំបុត្រ​បាន​ » ។

បន្ទាប់​មក​នៅ​ម៉ោង​២រសៀល​ថ្ងៃ​ដដែល​នោះ​ ក្រុម​តំណាង​អង្គការ​ និង​តំណាង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រមាណ​ជិត​១០នាក់បន្ត​ដំណើរ​ទៅ​កាន់ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រគល់​ញត្តិ​ជូន​លោក​ Mike Pomeo រដ្ឋ​មន្ត្រី​ការបរទេសសហរដ្ឋ​អាមេរិក​ ដើម្បី​ថ្លែង​អំណរ​គុណ​ចំពោះលោករដ្ឋ​មន្ត្រី​ដែល​បាន​បង្ហាញ​ជំហរ​ដ៏មាន​ឥទ្ធិពល​ឆ្លើយតប​នឹងសេចក្តី​ត្រូវការ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ថ្លែង​ដូច្នេះ​ត្រូវ​គេ​គិត​ថា​ ទំនងជា​យោង​ទៅ​លើ​អត្ថាធិប្បាយ​របស់​លោក​ Mike Pompeo ​ដែល​បញ្ជាក់​នៅ​លើ​បណ្តាញ ​Twitter ​កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញានេះ​ថា៖ ​«យើង​នឹង​មិន​អត់ឱន​ដល់​សកម្មភាព​ទាំង​ឡាយ​ណា​ ដែល​ប្រឆាំង​មនុស្ស​ស្លូត​ត្រង់ ហើយ​នឹង​បន្ត​នៅ​ជាមួយ​ពលរដ្ឋ​កម្ពុជា»។​

អត្ថាធិប្បាយ​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​គឺ​កើត​ឡើង​ភ្លាមៗ​ក្រោយពេល​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុមហ៊ុន​ចិន​ ដែល​កំពុង​ធ្វើប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សារតែការ​រឹបអូស​ដីធ្លី និង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង​ដើម្បី​អភិវឌ្ឍ​គម្រោង​មណ្ឌល​កម្សាន្ត ​និង​កន្លែង​លេង​ល្បែង​ដ៏​ប្រណិត​ក្នុង​ទឹកប្រាក់​ចំនួន ​៣,៨ ពាន់​លាន​ដុល្លារ។

មណ្ឌល​កម្សាន្ត​ទេសចរណ៍​ តារាសាគរ ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ​យូញៀន​ ឌីវេឡុបមេន គ្រុប​ ឬ​ Union Development Group (UDG) ​របស់​ចិន ​នៅ​ក្នុង​ខេត្ត​កោះកុង ​រួម​មាន​អាកាស​យានដ្ឋាន​អន្តរជាតិ ​និង​ផែ​សម្រាប់​កប៉ាល់​ទេសចរណ៍​ ដែល​ «របាយការណ៍​គួរ​ឱ្យ​ទុក​ចិត្ត» ​បាន​លើក​ឡើង​ថា ​អាច​ជា​ទីតាំង​ប្រើប្រាស់បាន​ដោយ​យោធា​ចិនហើយត្រូវក្រុមមន្ត្រីរដ្ឋាភិបាល​កម្ពុជា​បដិសេធ​ពី​ការ​លើកឡើង​ដូច្នេះ៕