ខណៈទន្លេសាបបានប្រទះនឹងភាពរាំងស្ងួត ទឹកហូរពីទន្លេមេគង្គចាក់បញ្ចូលទន្លេដ៏ធំនេះ មិនទៀងខែ ប្រជានេសាទបានលើកឡើងថាផលនេសាទត្រីឆ្នាំនេះធ្លាក់ចុះ ហើយត្រីសម្រាប់ធ្វើប្រហុកក៏ខ្វះខាត។ ការណ៍នេះនាំមានក្តីបារម្ភថាអ្នកមានជីវភាពខ្វះខាតប្រឈមនឹងកង្វះអាហារជាប្រហុក ដែលពួកគេអាចស្តុកទុកសម្រាប់បរិភោគពេញមួយឆ្នាំ ពេលប្រឈមនឹងវិបត្តិជំងឺកូវីដ១៩។
អ្នកស្រី ឈួន ឡាន់ ជាសមាជិកសហគមន៍នេសាទកំពង់ភ្លុកក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប មានប្រសាសន៍ថាទឹកទន្លេសាបឆ្នាំនេះ ឡើងមកយឺតខុសប្រក្រតី ដែលនាំឲ្យអ្នកស្រីយល់ថាជាមូលហេតុធ្វើឲ្យផលនេសាទត្រីធ្លាក់ចុះ ហើយវាក៏ប៉ះពាល់ការធ្វើប្រហុកផងដែរ។
អ្នកស្រីថ្លែងប្រាប់VOAថា៖ «សម្រាប់ខ្ញុំ ទាក់ទងនឹងត្រីប្រហុកនេះ គឺត្រីដែលមានស្រកា ត្រីនេះបើសិនទឹកឡើងលឿន វាអាចទាន់ពេលវេលារដូវកាលត្រីពងកូន។ វាអាចរីកសុសសាយ អាចពងកូន ភ្ញាស់បាននៅហ្នឹងទន្លេយើង»។
អ្នកស្រី ឈួន ឡាន់ ដែលតែងតែរក្សាប្រហុកប្រមាណ៣០គីឡូក្រាមជារាល់ឆ្នាំ ដើម្បីបរិភោគក្នុងគ្រួសារ លើកឡើងថាឆ្នាំនេះប្រហែលជាមិនអាចធ្វើបានទេ ដោយសារខ្វះត្រី។
អ្នកស្រីបញ្ជាក់ថា៖ «វាអត់មានត្រីធ្វើប្រហុក។ ហើយសូម្បីតែអ្នកធ្វើប្រហុក ក៏អត់មានប្រហុកលក់ឲ្យដែរ»។
អ្នកស្រីបន្ថែមថា៖ «បើអត់មានប្រហុក ប្រហែលជាចំណាយជាងមុន។ ដោយសារតែកាលណាអត់ប្រហុក វាមានតិចតួច វាត្រូវឡើងថ្លៃខ្លាំង។ ដូច្នេះយើងត្រូវចំណាយលុយច្រើនក្នុងការទិញ»។
គណៈកម្មការទន្លេមេគង្គ ដែលមានប្រទេសជាសមាជិកចំនួន៤ រួមមានថៃ ឡាវ កម្ពុជា និងវៀតណាម បានលើកឡើងកាលពីកន្លងទៅថាទឹកទន្លេសាបរបស់កម្ពុជា ជួបប្រទះភាពរាំងស្ងួត មិនធ្លាប់មានពីមុនមក ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។
ប្រជានេសាទម្នាក់ទៀត ក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ លោក សូយ កែវ អាយុ៤២ឆ្នាំ ដែលនេសាទត្រីប្រមាណ២០ឆ្នាំមកហើយ មានប្រសាសន៍ថាផលត្រីឆ្នាំនេះបន្តធ្លាក់ចុះ ដែលលោកបន្តបារម្ភថានេសាទត្រីលែងបាន ទៅថ្ងៃខាងមុខទៀត។ ប្រជានេសាទដែលដាក់មងចាប់ត្រីជារៀងរាល់ថ្ងៃ លើកឡើងថាផលនេសាទត្រីរបស់លោក ពេលខ្លះ បានត្រី១០គីឡូក្រាម ហើយពេលខ្លះទៀត បានត្រឹម៣គីឡូក្រាមក្នុងមួយថ្ងៃ។
ប្រជានេសាទដែលមានកូន៤នាក់ មានប្រសាសន៍ថា៖ «បើតាមការគិតរបស់ខ្ញុំ ព្រោះខ្ញុំធ្លាប់រស់នៅបឹងទន្លេសាប ត្រីពីមួយឆ្នាំទៅមួយឆ្នាំ គឺអត់ទៅៗ។ មិនដឹងធ្វើម៉េចទេឥឡូវ។ អ្នកស្រុកខ្ញុំ អ្នកខ្លះចំណាកស្រុកទៅដាំចេក ដាំអីណា។ ពេលនេះនៅបានតិចតួច។ តិចទៀតអត់ មានតែចំណាកស្រុកដែរ»។
កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថាទិន្នផលត្រីទឹកសាបឆ្នាំនេះ ធ្លាក់ចុះ ដោយសារតែបម្រែបម្រួលអាកាសធាតុ និងការហូរទឹកចូលទន្លេសាបយឺតយ៉ាវ។
លោកលើកឡើងបែបនេះ ស្របពេលរដ្ឋបាលជលផលប្រកាសឲ្យប្រជាជនដែលនិយមធ្វើប្រហុកផ្អក ចាប់ផ្តើមប្រមូលផលត្រី។
លោករដ្ឋមន្រ្តីបន្តថាការប្រមូលផលត្រីទឹកសាបទូទាំងប្រទេសឆ្នាំនេះ ថមថយប្រមាណ១៣% ហើយការចាប់ត្រីនៅទីតាំងនេសាទសំខាន់ៗដោយផ្ទាល់ បានធ្លាក់ចុះប្រមាណ៣០%។
ទោះបីផលនេសាទត្រីធ្លាក់ចុះ លោករដ្ឋមន្រ្តីកសិកម្មរូបនេះ បានថ្លែងថាវាមិនប៉ះពាល់ណាស់ណាទេដល់ការធ្វើប្រហុកឆ្នាំនេះ។
លោកមានប្រសាសន៍ប្រាប់សារព័ត៌មាន Fresh Newsដែលស្និទ្ធនឹងរដ្ឋាភិបាលថា៖ «ខ្ញុំគិតថាមិនជាប៉ះពាល់អីទេ មិនជាប៉ះពាល់ធ្ងន់ធ្ងរទេ។ ចំពោះត្រីប្រហុក[យើង]មិនខ្វាយខ្វល់រឿងហ្នឹងទេ។ ជារៀងរាល់ឆ្នាំ គឺមានគេយកទៅប្រើប្រាស់ ហាលធ្វើជាចំណីសត្វអីផង...ឆ្នាំនេះខ្ញុំគិតថាទោះបីថមថយ ក៏ប្រជាជនមានលទ្ធភាពនឹងធ្វើ[ប្រហុក]»។
លោក ឆង សំបូរ សមាជិកសហគមន៍នេសាទព្រែកស្រមោច ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប មានប្រសាសន៍ថាទឹកឡើងមិនទៀងទាត់ ដូច្នេះការនេសាទ ក៏មិនទៀងទាត់ដែរ។ លោកថាឆ្នាំនេះ មិនសូវមានត្រីកំភ្លាញសម្រាប់ធ្វើប្រហុក គឺសំបូរប្រភេទត្រីរៀល។
លោកបញ្ជាក់ថា៖ «ពីមុន យើងចាប់បានភាគច្រើនជាប្រភេទត្រីកំភ្លាញដែលគេធ្វើប្រហុក ធ្វើអី។ ប៉ុនឥឡូវ គេចាប់បានភាគច្រើនត្រីរៀល»។
នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT) លោក ឱម សាវ៉ាត មានប្រសាសន៍ថា កម្ពស់ទឹកទន្លេសាបឆ្នាំនេះស្ថិតក្នុងកម្រិតមធ្យម៦ម៉ែត្រ ដែលពីមុននៅចន្លោះពី៨ម៉ែត្រដល់១១ម៉ែត្រ។ លោកបន្តថាទឹកហូរពីទន្លេមេគង្គចូលទន្លេសាប ក៏យឺតសម្រាប់ឆ្នាំនេះ។ លោកបញ្ជាក់ថាកត្តាទាំងនេះធ្វើឲ្យផលត្រីធ្លាក់ចុះ ហើយត្រីសម្រាប់ធ្វើប្រហុក ក៏ធ្លាក់ចុះ តាមនោះដែរ។
លោក ឱម សាវ៉ាត ឲ្យដឹងទៀតថាត្រីប្រហុកពេលនេះ មានតម្លៃរហូតដល់៥ពាន់រៀលក្នុងមួយគីឡូក្រាម ដោយសារកង្វះត្រីសម្រាប់ធ្វើប្រហុក។ លោកបញ្ជាក់ថាតម្លៃនេះនឹងប៉ះពាល់ដល់ប្រជាជនដែលមានជីវភាពខ្វះខាត ហើយត្រូវការប្រហុក ខណៈពួកគេកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩។
លោកប្រាប់VOAថា៖ «ជាការពិតហើយ គាត់ចំណាយច្រើនជាងមុន។ ប៉ុន្តែដូចខ្ញុំថាទោះបី[ថ្លៃ] មួយឆ្នាំធ្វើម្តងពីរម្តង គាត់ចេះតែប្រវេប្រវាព្រោះអាហ្នឹងជាអាហារចំាបាច់សម្រាប់ជីវភាពរស់នៅរបស់គាត់។ គាត់ថាមានអាហ្នឹងចិញ្ចឹមគ្រួសាររបស់គាត់ ពេលដែលគាត់អត់មានលទ្ធភាពរកលុយទិញម្ហូបទិញអីបាន»។
ផលនេសាទត្រីទឹកសាបក្នុងឆ្នាំ២០១៩ បានធ្លាក់ចុះប្រមាណ១០% គឺពីជាង៥៣ម៉ឺនតោនក្នុងឆ្នាំ២០១៨ មកនៅ៤៧ម៉ឺនតោន។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម។
គួរបញ្ជាក់ថាទន្លេសាបរបស់កម្ពុជា គឺជាបឹងទឹកសាបធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវាបានផ្ដល់ផលនេសាទប្រមាណ៥០ម៉ឺនតោនជារៀងរាល់ឆ្នាំ៕