ក្រុម​គ្រួសារ​និង​មនុស្ស​ជំនិត​រំឭក​ពី​ ​នួន ជា ​ដោយ​ប្រុង​ប្រយ័ត្ន

ស្ត្រីម្នាក់អង្គុយស្មឹងស្មាធទល់មុខទូរម្ឈូសតម្កល់សពនួន ជា នៅវត្តព្រំគីរីមរកត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

មហាជន​ស្គាល់ ​នួន ជា​ថា​ ជា​មេ​ខ្មែរក្រហម​ថា​ បងធំ​ទីពីរ​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ ដែល​កាច់​ចង្កូត​ប្រទេស​បាន​បី​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​ និង​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​១,៧​លាន​នាក់។ ​ក៏​ប៉ុន្តែ​សម្រាប់​អ្នក​ជំនិត​​ និង​ក្រុម​គ្រួសារ​វិញ ​លោក​នួន ជា​ត្រូវ​បាន​គេ​ស្គាល់​តាម​បែប​ផ្សេង។

ក្រុម​គ្រួសារ​និង​សាច់ញាតិ​បាន​លើក​ពី​គុណ​សម្បត្តិ​របស់ ​នួន​ ​ជា​ ​ប៉ុន្តែ​បាន​ព្យាយាម​មិន​លើក​ពី​ការ​កាត់ទោស​លើ​រូប​លោក​ទេ។​

អង្គុយ​ក្បែរ​មឈូស​តម្កល់​សព​របស់​ស្វាមី​ ​នៅ​ឯ​វត្ត​ព្រំ​គិរីមរកត​ ​ស្រុក​សាលាក្រៅ​ ​ខេត្ត​ប៉ៃលិន​ ​អ្នកស្រី​ ​លី​ ​គឹ​ម​សេង​ ​វ័យ៨៤ឆ្នាំ​ ​បាន​រៀបរាប់​ថា​ស្វាមី​អ្នកស្រី​ជា​មនុស្ស​ស្លូតបូត​និង​នឹងនរ។​

«ហ្អេស! ​គាត់​មនុស្ស​អ្នក​ត្រឹមត្រូវ។​ ​អ្នកស្មោះត្រង់។​ ​អ្នក​ស្លូតបូត​ទេតើ​ ​ចា៎!។​ អត់​មាន​ថា​ ​ឆេវឆាវ​ ​ច្រងេង​ច្រងាងអ្វី​យ៉ាងម៉េចគឺ​អត់ទេ​ ​ជាមួយ​ក្រុម​គ្រួសារ​ក៏​ដូច​ជា​អ្នកភូមិ​ផង​របង​ជាមួយ​អ៊ីចឹង​ដែរ​ណា៎»។​

នួន ជាបាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅនា​ជន្មាយុ​៩៣​ឆ្នាំ​ ​ខណៈ​កំពុង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ទាក់ទិន​នឹង​«ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត»​លើ​ការ​ដឹក​នាំ​របប​ខ្មែរ​ក្រហម​ដ៏​ប្រល័យ។​ ប្រជាជន​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់​បាន​ស្លាប់​ក្នុង​របប​នេះ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

អ្នកស្រីលី គឹមសេងរៀបរាប់​ថា ​ប្តី​របស់​អ្នកស្រី​ជា​មនុស្ស​ដែល​លាក់​ការណ៍​សម្ងាត់​ខ្ពស់​បំផុត។​

«គាត់​មិន​ដែល​និយាយ​ស្អី​ឱ្យ​ខ្ញុំ​ឮ​ផង​ ​អត់ទេ។​ ​នែ​ ការណ៍​សម្ងាត់​គាត់​រហូត ​ចា៎។ ​គាត់​អត់​ដែល​និយាយ​អី​ទេ»។​

អ្នកស្រី លី គឹមសេង ឈរស្វាគមន៍ភ្ញៀវមកចូលរួមបុណ្យសព នួន ជា ជាស្វាមី នៅវត្តព្រំគីរីមរកត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

​នួន ជាមាន​ឈ្មោះ​កំណើត​ថា​ ​ឡៅ គឹមរន​ ​កើត​នៅ​ភូមិ​វត្តគ​ ​ក្នុង​ខេត្ត​បាត់ដំបង។​ ​លោក​បាន​ចាក​ចេញ​ទៅ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ធម្មសាធ​ប្រទេស​ថៃ​ ​ក្នុង​ទសវត្សរ៍​១៩៤០​ហើយ​ក៏​បាន​ចូលរួម​តស៊ូ​នយោបាយ​ជាមួយ​បក្ស​កុម្មុយនីស្ត​ថៃមុន​នឹង​ត្រឡប់​មក​កម្ពុជាដើម្បី​កសាង​បក្ស​និង​ចលនា​កុម្មុយ​នីស្ដ​ក្នុង​ប្រទេស​កំណើត។​

នួន ជា​បាន​កាន់​កាប់​តួនាទី​នយោបាយ​យ៉ាង​សំខាន់​ក្នុង​ជួរ​បក្ស​កុម្មុយនិស្ត​របស់​ខ្មែរក្រហម។​ លោក​ត្រូវ​បាន​នគរបាល​យុត្តិធម៌​ចាប់​ខ្លួន​នៅ​ឆ្នាំ​២០០៧​ ​ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ជំនុំ​ជម្រះ​ក្ដី​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​រហូត​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ​អស់មួយ​ជីវិត​ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ​និង​អំពី​ប្រល័យ​ពូជសាសន៍។​

អ្នកស្រី ឡៅ ជាលីនដា​ ​កូនស្រី​ទីបី​របស់​នួន ជា​ បានកើតនៅ​ទីក្រុង​ភ្នំពេញ​ ​កាល​ពី​ឆ្នាំ​១៩៦៧​ ​ខណៈ​ដែល​ នួន ជារស់​នៅ​លាក់​ខ្លួន​ជា​សម្ងាត់​កសាង​បណ្ដាញ​បក្ស​កុម្មុយ​នីស្ដ​កម្ពុជា​នៅ​ភ្នំពេញ។​

«គាត់​ល្មម!​ គាត់​មិនជា​កាច​ ​មិនជា​ស្លូត។ ​អ្វី​ដែល​ខុស​បានគាត់​ ​.​.​.​ ​គាត់​នែ​ជា​អ្នក​ម៉ឺងម៉ាត់​ ​ហើយ​ហ្មត់​ចត់​ណា៎។ ​បើ​គាត់​និយាយ​ម៉ាត់​ណា​គឺ​ម៉ាត់​ហ្នឹង​ ​ជា​មួយកូនៗ​ក៏​អ៊ី​ចឹង»។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា ​តើ​អ្នកស្រី​ជឿ​ថា ​នួន ជាជា​ឪពុក​ប្រព្រឹត្ត​កំហុស​ឬ​ទេ​ ​អ្នកស្រីឡៅ​ ​ជាលីនដានិយាយ​ថា៖​

«ខ្ញុំ​មិនបាច់​ឆ្លើយ​ក៏​បាន​ដែរ​បញ្ហា​ហ្នឹង។​ ​ខ្ញុំ​អត់​ចង់​ឆ្លើយ​ចា៎។​ ​កុំ​ឆ្លើយ​ល្អ​ជាង​ចា៎។​ ​កុំ​និយាយ»។​

អ្នកស្រី ឡៅ ជាលីនដា (អាវស) ឈរស្វាគមន៍ភ្ញៀវមកចូលរួមបុណ្យសព នួន ជា ជាឪពុក នៅវត្តព្រំគីរីមរកត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

នួន ជា គឺជា​កូន​ទីពីរ​ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​សរុប​៦​នាក់។​ ​អ្នកស្រី ភូ ពូន​ ​ដែលជាប្អូន​ទី​ប្រាំ​របស់​ ​នួន ជា ​មិន​ធ្លាប់​មាន​ប្រវត្តិ​អនុស្សាវរីយ៍​ពី​កុមារ​ភាព​ជាមួយនឹង​បងប្រុស​ដែលជាមេ​ខ្មែរក្រហម​រូប​នេះ​ឡើយ។​

បច្ចុប្បន្ន​មាន​អាយុ​៨២​ឆ្នាំ​ ​អ្នកស្រី ភូ ពូន​ ដែល​ហៅ​ ​នួន ជា ​ថា​«បងនូច»ក៏​ធ្លាប់​បាត់បង់​សមាជិក​គ្រួសារ​ដែរ​ រួម​មាន​ស្វាមី ​និង​កូន​បី​នាក់​ ក្នុង​របប​ខ្មែរក្រហម។ ​ប៉ុន្តែ​នៅ​ពេល​ដែល​សួរ​អំពី​ទស្សនៈ​យល់​ឃើញ​អំពី​កេរ្តិ៍​ឈ្មោះ​របស់​ នួន ជា ជា​បង​ប្រុស​ ​អ្នកស្រី ភូ ពូន លើក​ឡើង​ថា៖​

«មនុស្សចិត្ត​វា​មិន​ដូច​គ្នា​ទេ​ ​មាន​អ្នក​ស្រឡាញ់​ ​មាន​អ្នក​ស្អប់។ [ខ្ញុំ]​ឧទ្ទិស​ឱ្យ​គាត់​ចាប់​ភព​កន្លែង​ល្អ​ចា៎ ​ឱ្យ​ល្អ​ជាង​ហ្នឹង!»។

អ្នកស្រី ភូ ពូន ប្អូនស្រីទីប្រាំងរបស់ នួន ជា អង្គុយនៅវត្តព្រំគីរីមរកត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

លោក ​ឃុន ឃឿង​ អាយុ​៥៥​ឆ្នាំ​ ជា​អតីត​ទាហាន​បម្រើ​ឱ្យ​របប​សាធារណ​រដ្ឋ​ប្រជា​មានិត​កម្ពុជានិង​រដ្ឋ​កម្ពុជា។ លោក​ធ្លាប់​មាន​ប្រវត្តិ​តស៊ូ​ប្រយុទ្ធ​ប្រដាប់​អាវុធ​នឹង​ក្រុម​ឧទ្ទាម​ខ្មែរក្រហម។​ ​លោក​បាន​មក​រស់​នៅ​តំបន់​ផ្សារ​ព្រំ​ ​ស្រុក​សាលា​ក្រៅ​ ​ខេត្ត​ប៉ៃលិននេះ​ ​នៅដើម​ទស​វត្សរ៍២០០០​និង​បានក្លាយ​ជា​អ្នក​ស្រុក​អ្នកភូមិ​ជាមួយ​ នួន ជា។​

«ពូ​ស្ដាយ​គាត់​ដែរ​ ​ដែល​គាត់​ជា​អ្នក​ដឹកនាំ​មួយ​ដែរ​ ​តែ​គាត់​ធ្វើ​ម៉េច​តាម​វា ​សង្គម។ចុះ​សង្គម​កាលពី​គាត់​ ប៉ុលព​ត​ ​គាត់​នៅ​សង្គម​ប៉ុលពត​ ​តែ​ដល់​មក​ឥឡូវ​ ​សង្គម​បត់​បែន​គឺ​តាម​បត់បែន។ ​អារម្មណ៍​គាត់​គឺ​ទៅ​វត្ត​ទៅ​វ៉ា​អី​ធម្មតា»។​

សម្រាប់​ចៅ​អធិការ​វត្ត​ព្រំ​គិរីមរកត​ ព្រះ​តេជគុណ​វ៉ែន ចន្ទសុម៉ៃ​ ​ព្រះ​ជន្ម​៤៣​ព្រះ​វស្សា នួន ជា​ ហាក់​ដូច​ជា​ឪពុក​សម្រាប់​វត្ត​នេះ​តែ​ម្ដង​ ​ត្បិត​លោក​បាន​ជួយ​ផ្ចុងផ្ដើម​នឹង​អ្នកភូមិ​ដទៃ​ទៀត​ដើម្បី​សាង​សង់​វត្ត​នេះ​នៅ​ចុង​ទស​វត្សរ៍​១៩៩០។​

«គាត់​បង្ហាត់​ទ្រឹស្ដី​ពុទ្ធសាសនា។​ ​គាត់​គោរព​បូជា​ពុទ្ធសាសនា​ណាស់​ ​ព្រោះតែ​គាត់​មាន​អារម្មណ៍​មួយ​ហ្នឹង​ហើយ​បាន​អាត្មា​ទទួល​ស្រឡាញ់​គាត់ ​ត្រង់​ថា ​គាត់​និយាយ​ភាសា​បែប​ពុទ្ធសាសនា​ហ្នឹងបាន​ច្រើន​ ​ដល់​អ៊ីចឹង​ទៅ​ ​បាន​សន្ទនា​គ្នា​ ​ឈាន​ទៅ​ទំនាក់​ទំនង​គាត់​បាន​វែង​ឆ្ងាយ!»។​

ខណៈ​ដែល​ព្រះ​តេជគុណ​ព្រះ​ចៅ​អធិការ​កំពុង​មាន​ថេរ​ដីកា​ ​មេរុត្រូវ​បាន​ក្រុម​ជាង​លើក​ដំឡើងរួច​ជា​ស្រេច​ក្នុង​បរិវេណ​វត្ត​ព្រំ​គិរីមរកត​ដើម្បី​ត្រៀម​សម្រាប់​ការ​បូជាសព​នួន ជា។​ ​សព​នួន ជា​នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​សុក្រ​នេះ​វេលា​ម៉ោង​៧​យប់៕