ពលរដ្ឋ​កោះកុង​បារម្ភ​ដោយ​សារ​មន្ត្រី​យោធា​ចេញ​មុខ​ទិញដី​ឱ្យ​ក្រុមហ៊ុន​ចិន ​UDG

សំណង់សណ្ឋាគារមួយនៅក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនចិនUDG ។ (ស៊ុន ណារិន/VOA Khmer)

ក្តី​បារម្ភ​ដោយសារ​ថ្មីៗនេះ​​មាន​ក្រុម​យោធា​បាន​ចុះ​ទៅ​ចរចាទិញ​ដី​លំនៅដ្ឋាន​របស់​ពួកគេ​ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​ចិន Union Development Group។ ហើយ​អ្នកភូមិអាច​នឹង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ឬ​ការ​ចាក​ចេញ​​ពី​លំនៅ​ដ្ឋាន​ដ៏​សុខសាន្ត​របស់​ពួក​គេ។

នៅ​លើ​កូន​ជ្រោយឈ្មោះ «កៀនទឹក» ​ជាប់​ឆ្នេរ​សមុទ្រ​ដាច់ស្រយាល​នៃភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បុទុម​សាគរ​ ខេត្ត​កោះកុង​ អ្នក​ភូមិ​ហាក់​ដូចជា​រស់​នៅ​បង្កប់​ដោយ​ក្តី​បារម្ភ។ ក្តី​បារម្ភ​ដោយសារ​ថ្មីៗនេះមាន​ក្រុម​យោធា​បាន​ចុះ​ទៅ​ចរចាទិញ​ដី​លំនៅដ្ឋាន​របស់​ពួកគេ​ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​ចិន Union Development Group។ ហើយ​ពួក​គេ​អាច​នឹង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ឬ​ការ​ចាក​ចេញពី​លំនៅ​ដ្ឋាន​ដ៏​សុខសាន្ត​របស់​ពួក​គេ។

លោក ហួត ហាក់​ អាយុ​៣៧​ឆ្នាំ ​គឺជា​អ្នក​នេសាទ​ម្នាក់​ក្នុង​ភូមិ​ដាច់​ស្រយាល​នេះ។ លោក​បានថ្លែង​ប្រាប់​VOA​នៅ​ផ្ទះ​របស់​លោក​ថា ខុស​ពី​ការ​ចរចា​មុនៗ នៅ​ពេល​នេះ ​មនុស្ស​មួយ​ក្រុម​ដែល​អះអាង​ថា​ជាតំណាង​ឲ្យ​ក្រុមហ៊ុន​Union Development Group​មាន​មន្រ្តី​យោធា ​និង​អាជ្ញាធរ​ភូមិ​ឃុំ​ បាន​ចុះ​មក​ចរចាទិញ​ដី​នៅ​ទីនេះ​ឲ្យ​ក្រុមហ៊ុន។

លោក​មាន​ប្រសាសន៍​ថា៖ «គេ​និយាយ​ថា​គេ​នឹង​សាង​សង់​កំពង់​ផែ​ទឹក​ជ្រៅ ហើយ​តំបន់​យោធា កំពង់​ផែ​យោធា​នឹង​ធ្វើ​នៅ​ទីនេះ»។

លោក ហួត ហាក់ អាយុ៣៧ឆ្នាំ គឺជាអ្នកនេសាទម្នាក់ក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលប្រឈមនឹងការបាត់បង់ដី។ (ស៊ុន ណារិន/VOA Khmer)

លោក​ ហួត​ ហាក់​ ចាត់​ទុក​ថាការណ៍​ដែល​ភ្នាក់​ងារ​យោ​ធា​ចេញ​មុខ​ចរចា​ទិញ​ដីប្រជា​ពល​រដ្ឋឲ្យ​ក្រុមហ៊ុន​ចិន​បែប​នេះ គឺ​ជាការ​គំរាម​កំហែង​មួយ​ដល់​ប្រជាពលរដ្ឋ។

លោក​បន្ថែម​ថា៖ «ធម្មតា​អ្នកដែល​ចុះមកដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ឲ្យ​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​មាន​ក្រសួង​ដែន​ដី​ នគរ​រូប​នីយកម្ម តែ​អានេះ​មាន​ផ្នែក​ខាង​យោធា​ ប៉ុន្តែ​សួរ​ទៅ​គេ​ថា​គេ​គ្រាន់ជា​អ្នក​ពាំនាំ​ពាក្យ​ ហើយ​បើ​មាន​បញ្ហា​អី​ទៅ​ដល់​ថ្នាក់​លើ»។

ប្រជាជន​រាប់​សិប​គ្រួសារ​ក្នុង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បុទុម​សាគរ ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន Union Development Group ​ឬ​ UDG​ អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ។ ក្រុម​ហ៊ុន UDG​ មាន​ផែនការ​វិនិយោគ​ទីនេះ​ឲ្យ​ទៅជា​តំបន់​កម្សាន្ត​ឈ្មោះថា​«តារាសាគរ»លើ​ផ្ទៃ​ដី​សម្បទាន​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល​ទំហំ​៤៥.០០០​ហិកតា​ក្នុង​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​កោះកុង​ គឺ​ស្រុកបុទុម​សាគរ​ និង​គិរីសាគរ។ គម្រោង​វិនិយោគ ​ក្នុង​ទំហំ​ទឹក​ប្រាក់​៣.៨០០លាន​ដុល្លារ​អាមេរិក។

គម្រោង​ដែល​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៨ មាន​ការ​សាង​សង់​កាស៊ីណូ សណ្ឋាគារ កន្លែង​វាយ​កូន​ហ្គោល តំបន់​កម្សាន្ត​តាម​ឆ្នេរ ​ព្រលាន​យន្ត​ហោះ​ និង​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​ជា​ដើម។ គម្រោងនេះ នឹង​លាត​សន្ធឹង​លើបណ្តោយ​ឆ្នេរសមុទ្រ​ខ្មែរ​ចំនួន​២០ភាគរយ​ផង​ដែរ។​

លោក ហួត ហាក់ ​មាន​ប្រសាសន៍​ថា នៅ​ទីនេះ ​លោក​អាច​ប្រកប​របរ​នេសាទចិញ្ចឹម​កូន​ទាំង​ពីរ​នាក់​ និង​ជា​ទីតាំង​បន្សល់​ទុក​ពី​ដូនតា​របស់​លោក​មក។ លោកមាន​ប្រសាសន៍​ថា លោកមិន​ចង់​ចាក​ចេញ​ពី​តំបន់​នេះ​នោះ​ទេ។

កង្វល់​របស់​លោក​ត្រូវ​ចែក​រំលែក​ដោយ​អ្នក​ភូមិ​ដទៃ​ទៀត។

អ្នកស្រី ម៉ី ឡា អាយុ​៦៣​ឆ្នាំ ដែល​មាន​ដី​ទំហំ​៨៥​អា ក៏មិន​ចង់​ចាក​ចេញ​ពី​ភូមិ​ចម្លង​គោ​នេះ​ដែរ។

អ្នកស្រី​បាន​ថ្លែង​ប្រាប់ ​VOA ​ថា៖ «ដី​ហ្នឹង ខ្ញុំ​ទៅ​ថ្ងៃ​មុន គេ​ថា​ដី​ហ្នឹង​ គេ​យកធ្វើ​កំពង់​ផែ​ តែមិនដឹង​ផែ​ស្អី​។ ដី​ហ្នឹង​វា​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន Union គេ​ចង់​ទិញ​ដី​ហ្នឹង​យក​ធ្វើ​កំពង់​ផែ​ តែ​មិន​ដឹង​កំពង់​ផែ​អី​ ព្រោះ​ប្រជាពលរដ្ឋ​អត់​ដឹង​ទេ»។

អ្នកស្រី ម៉ី ឡា អាយុ៦៣ឆ្នាំ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំថ្មស ដែលប្រឈមនឹងការបាត់បង់ដីទៅក្រុមហ៊ុនចិន។ (ស៊ុន ណារិន/VOA Khmer)

ប៉ុន្តែ​នៅ​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ២០១៨ រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុនកាត់​ឆ្វៀល​ដី​មួយ​ចំនួន​នៃ​ឃុំ​ថ្មស​ សម្រាប់​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ និង​អាស្រ័យ​ផល​ជាក់​ស្តែង។ ប៉ុន្តែ​សេចក្តី​សម្រេចមិន​បាន​បញ្ជាក់អំពី​ទំហំ​ដី និង​ចំនួន​ប្រជាជន​ដែល​ត្រូវ​ទទួល​ដី​នោះទេ។

ផ្អែក​តាម​អ្នក​ស្រី សាត រឿន អាយុ​៥៧​ឆ្នាំ ក្រុម​យោធា​បានតម្រូវ​ឲ្យ​ប្រជាពល​រដ្ឋធ្វើ​កំណត់​ហេតុ​ដោយ​មាន​ស្នាម​មេដៃ​ផង​ដែរ។ ក្នុង​កំណត់​ហេតុ​នោះអ្នក​ភូមិ​ត្រូវបញ្ជាក់​ពី​ទំហំ​ដី​របស់​ខ្លួននិង​តម្លៃ​ដី​ដែល​ត្រូវ​លក់។ អ្នក​ស្រី​បញ្ជាក់​ថា​អ្នក​ភូមិ​ជិត​២០​គ្រួសារ​បាន​សម្រេច​ផ្តិត​មេដៃ​លើ​កំណត់​ហេតុដែលធ្វើ​ឡើង​ដោយ​អគ្គនាយក​ដ្ឋាន​សម្ភារ:បច្ចេក​ទេស​នៃ​ក្រសួង​ការពារ​ជាតិ មេឃុំ​ថ្ម​ស ជំទប់​ទី​១ ក្រុម​ប្រឹក្សា ស្មៀន​ឃុំ និង​ប្រធាន​ភូមិ​ចម្លង​គោ។

មេឃុំ​ថ្មស លោក អិក គួន បាន​បញ្ជាក់​ថា ក្រុមការងារ​មក​ពី​ក្រសួង​ការពារ​ជាតិ កំពុង​តែ​ចរចា​ជាមួយ​ប្រជាពលរដ្ឋ​លើ​តម្លៃ​ដី ប៉ុន្តែ​មិន​ទាន់​មាន​ការ​ត្រូវ​រ៉ូវ​គ្នា​ណាមួយ​នៅឡើយ​ទេ។

​មេឃុំ​រូប​នោះ​មាន​ប្រសាសន៍​ថា តំបន់​នោះ​នឹង​ត្រូវ​អភិវឌ្ឍ​ជា​កំពង់​ផែ​ទឹក​ជ្រៅ ប៉ុន្តែ​នៅ​ពេល​សួរ​ថា​ធ្វើ​ផែ​យោធា​តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន លោក​បាន​ឆ្លើយ​ថា​មិន​ដឹង​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «ដឹង​ទេ រឿង​នេះ យើង​មិន​ហ៊ាន​សន្និដ្ឋាន រឿង​ផែន​ការ​រដ្ឋ យើង​ក្តាប់​មិន​ជុំ​ទេ»។
ទោះជា​យ៉ាងណា ​អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ លោក​ ឈុំ សុជាត​ បាន​បដិសេធ​ថា​ក្រុម​ទាហាន​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ចុះ​ទៅ​ចរចា​ជាមួយ​ក្រុមអ្នក​ភូមិ​ដើម្បីទិញ​ដី​ឲ្យ​ក្រុម​ហ៊ុន​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ព័ត៌មាន​មិន​ពិត​ទេ​បាទ។ ក្លែង​ក្លាយ​អត់​មាន​ពិត​ទេ។ កន្លែង​អភិវឌ្ឍន៍​នេះ​ជា​អភិវឌ្ឍន៍របស់​ក្រុមហ៊ុន​ Union Group ខាង​ស៊ីវិល។ អត់​មាន​ពាក់ព័ន្ធ​យោធា​ទេ»។

ប៉ុន្តែ​បើ​តាម​ឯកសារ​ រូបថត ​និង​វីដេអូ​ដែលវីអូអេ​ទទួល​បាន ​មាន​ឈ្មោះនិង​រូបថត​របស់​មន្រ្តី​មក​ពី​អគ្គនាយកដ្ឋាន​សម្ភារ:​បច្ចេកទេស​នៃ​ក្រសួង​ការពារជាតិ។

Union Development Group ឬ​ UDG​ នេះ​ ត្រូវ​បាន​សហរដ្ឋអាមេរិក​សង្ស័យ​ថា​មាន​គម្រោងបង្កើត​ហេដ្ឋារចនា​សម្ព័ន្ធ​មួយ​ដែល​អាច​ក្លាយ​ជាមូលដ្ឋាន​យោធា​របស់​ប្រទេស​ចិន។ ហើយព្រលាន​យន្តហោះ​ដែល​ក្រុម​ហ៊ុន​នេះ​កំពុង​ស្ថាបនា និង​ជិត​បញ្ចប់ មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ការ​ចុះចតរបស់​យន្ត​ហោះ​យោធា​។

ក្នុង​ការ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ កាសែត​ The Wall Street Journal បាន​លើក​ឡើងថា ប្រទេស​កម្ពុជា ​និង​ចិន ​បាន​ចុះ​ហត្ថ​លេខា​រួម​គ្នា​លើ​កិច្ច​ព្រម​ព្រៀងសម្ងាត់មួយ​ដែល​ថា ​កម្ពុជា​ផ្តល់​ឲ្យ​ភាគី​ចិន​នូវ​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ប្រើប្រាស់​ផ្នែក​ខ្លះ​នៃមូលដ្ឋានកង​ទ័ព​ជើង​ទឹក​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ​ហើយ​នៅមិន​ឆ្ងាយ​ពី​អាកាស​យានដ្ឋាន​ធំ​មួយ ​ដែល​កសាង​ដោយ​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​ខេត្ត​កោះកុង។​

តំបន់កម្សាន្តឆ្នេរសមុទ្រដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន​ UDG។ (ស៊ុន ណារិន/VOA Khmer)

ប៉ុន្តែ​កន្លង​ទៅ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​និង​រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​កម្ពុជា​ លោក ទៀ បាញ់ បាន​លើក​ឡើង​ថា​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន​ Union Development Group (UDG) គឺ​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​ទេសចរណ៍​តែ​ប៉ុណ្ណោះ។

តំណាង​ក្រុមហ៊ុន​ UDG ​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ផង​ដែរ។ នេះ​បើ​យោង​តាម​លោក Wang Chao ​អនុប្រធាន​ក្រុមហ៊ុន​ UDG ដែល​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ឈ្មោះ ​Khmer Times កាល​ពី​ដើម​ឆ្នាំ​២០១៩។

អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា អ្នក​ស្រី ​Emily V Zeeberg​ បាន​ផ្ញើ​សារ​អេឡិក​ត្រូនិក​មក​កាន់​ VOA ​ដោយ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​«អំពី​វត្តមាន​យោធា​បរទេស​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ ដោយ​ថា ​វា​អាច​«គំរាម​កំហែង​ដល់​ទំនាក់​ទំនង​ និង​ភាព​ជា​កណ្តាល​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ក្នុង​អាស៊ាន»៕