លោក​ប៉ែន សុវណ្ណ​​​ស្ទះ​សរសៃ​ឈាម​​ សន្លប់​បាត់ស្មារតី​

លោក ប៉ែន សុវណ្ណមាន​បញ្ហាស្ទះសសៃឈាម ហើយ​ត្រូវ​បាន​បញ្ជូន​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​

លោក ប៉ែន សុវណ្ណ ជាតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ប្រឈមមុខ​បញ្ហា​សុខភាព​ដ៏ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​បញ្ជូន​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រាជធានី ភ្នំពេញ​នៅយប់​ថ្ងៃអាទិត្យទី​១៨ខែ​មករា​នេះ។​

បើយោងតាម​ទំព័រហ្វេបុក​របស់​លោកសម សង្ស៊ី​និងលោកកឹម សុខាបានឲ្យ​ដឹងថា លោកប៉ែន សុវណ្ណមានបញ្ហាស្ទះសរសៃឈាម​នៅជិតបេះដូង និងក្នុងខួរក្បាល។ ​ លោក​ ប៉ែន សុវណ្ណ ​សន្លាប់បាត់ស្មារតីហើយ​នៅ​ពាក់​កណ្តាល​អាធ្រាត្រថ្ងៃអាទិត្យនេះ គណប​ក្សសគ្រោង​ដឹកលោក​ទៅ​ព្យាបាល​នៅប្រទេសសិង្ហបុ​រី ​តាមយន្តហោះ​ពិសេស។

លោក​សម រង្ស៊ី​និង​លោកកឹម សុខាបានទៅមើល​លោក​ប៉ែន​ សុវណ្ណ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ដោយ​ផ្ទាល់។​ លោកប៉ែន​ សុវណ្ណគឺជា​អតីត​នាយករដ្ឋមន្ត្រី ​១៩៧៩-​១៩៨១​ ​មុនពេលលោកត្រូវរដ្ឋាភិបាលវៀតណាម​ចាប់​យក​ទៅ​ឃុំឃាំងពីបទ​ប្រឆាំងនឹងនយោបាយរបស់​វៀតណាម​នៅប្រទេស​កម្ពុជា​ ជាពិសេសរឿង​ជន​អន្តោ​ប្រវេសន៍វៀតណាមនៅ​កម្ពុជា។

ក្នុងផែន​ការដឹក​លោក​ប៉ែន​ សុវណ្ណទៅ​ព្យាបាល​នៅ​ប្រទេសសិង្ហបុរី តាម​យន្តហោះ​ពិសេសនេះ គណបក្ស​សង្គ្រោះជាតិ​ធ្វើ​ការ​អំពាវនាវឲ្យបង​ប្អូនជនរួមជាតិ ​ទាំងនៅ​ក្នុង​ប្រទេស និងក្រៅប្រទេស ​ជួយរួមចំណែក​ក្នុងការព្យាបាលលោក​ប៉ែន សុវណ្ណ ​ដោយផ្តល់​វិភាគទាន ​ដើម្បីជួយ​ទប់ទល់ចំណាយដ៏ច្រើន។​ ​វិភាគទានអាចផ្តល់​តាម​រយៈមន្ទីរ​សភាជាតិ ​ឬក៏តាម​រយៈ​គណបក្សសង្គ្រោះជាតិ។ ​

គណបក្ស​សង្គ្រោះជាតិនឹង​រៀបចំ​កម្ម​វិធី​ទទួលវិភាគទាន​នេះនៅព្រឹក​ថ្ងៃ​ច័ន្ទ​ទី១៩ ខែមករានេះ៕​