ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​ឱកាស​ជួប​ជុំញាតិ​មិត្ត

បុណ្យ​កាន់​បិណ្ឌ​ ឬ​បុណ្យ​ដាក់​បិណ្ឌ​មាន​រយៈ​ពេល​១៥​ថ្ងៃ គឺ​រាប់​ចាប់​ពី​ថ្ងៃ​១រោច ដល់​ថ្ងៃ​១៥​រោច​ខែ​ភទ្របទ។

ភ្នំពេញ៖ នៅ​ថ្ងៃ​សុក្រ​នេះ គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​កាន់​បិណ្ឌ ឬហៅ​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។​ ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា បាន​នាំ​គ្នា​ទៅ​វត្ត​អារាម​យ៉ាង​ពពាក់​ពពូន។ ពួក​គេ​មាន​ជំនឿ​ថា ពិធី​បុណ្យ​នេះ​គឺ​ជា​ពិធី​ដ៏​មាន​សារៈសំខាន់​បំផុត​សម្រាប់​ឧទ្ទិស​កុសល​ដល់​សាច់​ញាតិ​ពួក​គេ​ដែល​បាន​លាចាក​លោក​ទៅ។

នៅ​ក្នុង​សំលៀក​បំពាក់​សំពត់​បត់​ខ្មៅ​ អាវ​ប៉ាក់​ស​ដៃ​វែង​ពានា​កន្សែង​ស អ្នកស្រី អ៊ឹង សាយ​ឃាង កាន់​បាយ​មួយ​ចាន​ជាមួយ​នឹង​ស្លាប​ព្រា​មួយ ធ្វើ​ដំណើរ​សំដៅ​ទៅ​កាន់​កន្លែង​រាប់​បាត្រ នៅ​ក្នុង​សាលា​ឆាន់ ក្នុង​វត្ត​សំពៅមាស ក្រុង​ភ្នំពេញ។ ពុទ្ធបរិស័ទ​ក្មេង ចាស់ ប្រុសស្រី កំពុង​តែ​ឈរ​តម្រង់​ជួរ​ប្រជ្រៀត​គ្នា ​ដើម្បី​រង់ចាំ​ទម្លាក់​បាយ​មួយ​ស្លាបព្រា​ម្ដងៗចូល​ទៅ​ក្នុង​បាត្រ​ដែល​តម្រៀប​នៅ​លើ​តុ​ខ្ពស់​ផុត​ពី​ដី។ ទាំង​អស់​គ្នា​សុទ្ធ​តែ​បួងសួង​ខ្សឹបៗ​ដោយ​សម្លេង​តិចៗ​បំផុត​រំលឹក​ដល់​វិញ្ញាណ​ក្ខន្ធ និង​ឧទ្ទិស​កុសល​ផល​បុណ្យ​ពី​ការ​ដាក់​បាត្រ​នេះ​ ជូន​ដល់​បុព្វការីជន​របស់​ពួក​គេ​ដែល​បាន​ចែក​ឋាន​ទៅ​រៀងៗ​ខ្លួន។

អ្នកស្រី សាយឃាង មាន​អាយុ​ប្រមាណ​៥០ឆ្នាំ ជឿ​ថា បាយ​ដែល​គាត់​ដាក់​បាត្រ​នេះ នឹង​ក្លាយ​ទៅ​ជា​ទាន​កុសល​ដល់​សាច់​ញ្ញាតិ​របស់​គាត់​ដែល​បាន​ស្លាប់​ទៅ។ អ្នក​ស្រី​បន្ត​ថា៖

«យើង​ចង់​ធ្វើ​បុណ្យ​នេះ​ដើម្បី​ឲ្យ​ជីដូនជីតា​យើង​ដូច​ថា អ្នក​ស្លាប់​ទៅ​ គាត់​មិន​ដឹង​ថា​ ទៅ​ជា​ស្អី​ហើយ​យើង​ធ្វើ​ហើយ​យើង​ឧទ្ទិស​បុណ្យ​ឲ្យ​ដល់​គាត់។ ទាន​ដែល​យើង​ធ្វើ​នេះ​បើ​ថា គាត់​កើត​ជា​មនុស្ស​ហើយ​ទៅ​ជា​ទេវតា​គាត់​អត់​អាច​ទទួល​បាន​បុណ្យ​នោះ​បាន​មក​យើង​វិញ​ហើយ​ក៏យើង​បាន​បុណ្យ​ទៅ​ប្រគេន​នោះ​ លោក​ទទួល​ទៅ​បើ​យើង​អត់​ធ្វើ​លោក​មាន​អី​ឆាន់។ ពុទ្ធសាសនា​ត្រូវ​តែធ្វើ​ហើយ។ខ្ញុំ​ទៅ​រាល់​ឆ្នាំ​អត់​ដែល​អត់​ទៅ​ទេ»។

ដោយសារ​តែ​នៅ​ថ្ងៃ​សុក្រ​នេះ គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធីកាន់​បិណ្ឌ ឬ​ហៅ​ថា ​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ ប្រជាពល​រដ្ឋ​កម្ពុជា​នាំ​គ្នា​សម្រុក​ទៅ​កាន់​ទី​វត្ត​អារាម ជា​ពិសេស​វត្ត​នៃ​ស្រុក​កំណើត​របស់​ពួក​គេ​ដើម្បី​ធ្វើ​ពិធី​ប្រគេន​ចង្ហាន់​រួម​មាន​ម្ហូប បាយ សម្ល បង្អែម​ដល់​ព្រះសង្ឃ ធ្វើ​ពិធីបង្សុ​កូល និង​ចូល​រួម​ការ​រាប់បាត្រ​ជា​ដើម​ ប្រយោជន៍​ដើម្បី​សន្សំ​កុសល​ផល​បុណ្យ​សម្រាប់​ខ្លួន​ឯង​ផង និង​សម្រាប់​ឧទ្ទិសផលបុណ្យ​នេះ​ដល់​ឪពុក​ម្ដាយ ជីដូន​ជីតា និង​សាច់​ញ្ញាតិ​របស់​ខ្លួន​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ។

បុណ្យ​កាន់​បិណ្ឌ​ ឬ​បុណ្យ​ដាក់​បិណ្ឌ​មាន​រយៈ​ពេល​១៥​ថ្ងៃ គឺ​រាប់​ចាប់​ពី​ថ្ងៃ​១រោច ដល់​ថ្ងៃ​១៥​រោច​ខែ​ភទ្របទ។ នៅ​ឆ្នាំ​នេះ​ពិធី​បុណ្យដាក់​បិណ្ឌបាន​ចាប់​ផ្ដើម​ចាប់​តាំង​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា​មក​ម្លេះ។ ខ្មោច​ប្រេត​ទាំងឡាយ​ត្រូវ​គេ​ជឿ​ថា នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មក​ទទួល​ផល​ពី​កូន​ចៅ​ សាច់​ញ្ញាតិ​ដែល​កំពុង​នៅ​រស់។​ ហេតុដូច្នេះ ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ទូទៅ ​នាំ​គ្នា​ប្រឹងប្រែង​ឆ្លៀត​ពេល​ទៅ​វត្ត យ៉ាង​ហោច​ណាស់​បាន​ចំនួន​មួយ​វត្តដែរ។ ក៏​ប៉ុន្ដែ​អ្នកស្រី អ៊ឹង សាយ​ឃាង បាន​ទៅ​វត្ត​រហូត​ទៅ​ដល់​ជាង​ដប់​វត្ត​ទៅ​ហើយ​ចាប់​តាំង​ពី​ថ្ងៃ​កាន់​បិណ្ឌ​ទី​១។

លោក យ៉ាន់ តុន គឺ​ជា​អាជីវករ​ក្រុង​ភ្នំពេញ​ម្នាក់​ដែល​បាន​មក​វត្ត​សំពៅមាស​នេះ​ដែរ។ លោក​បាន​ឲ្យ​ដឹង​ថា ទោះ​បីជា​លោក​រវល់​លក់​ដូរ​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​ឆ្លៀត​ពេល​មក​វត្ត​ឲ្យបាន​មួយ​វត្ត​ដែរ​ក្នុង​មួយ​ឆ្នាំ​នៅ​ក្នុង​អំឡុងរដូវ​បុណ្យ​ភ្ជុំ​នេះ ត្បិត​លោក​ខ្លាច​ជីដូន​ជីតា​របស់​លោកដាក់​ទំនាយ នៅ​ពេល​ដែល​ជីដូនជីតា​រក​គាត់​មិន​ឃើញ។ លោក​បន្ត​ទៀត​ថា៖

«ខ្ញុំ​អត់​ដែល​ខាន​ឆ្នាំ​ណា​ទាំង​អស់។ ឆ្នាំ​ណា​ខ្ញុំ​ទៅ​ ទាំង​អស់​រាល់​ឆ្នាំ។ ខ្ញុំខ្លាច​ក្រែង​លោ​ជីដូនជីតារបស់​យើង​មក​រក​យើង​អត់​ឃើញ​ ត្រូវ​បណ្តាសា​របស់​គាត់។ ភ្ជុំ​ខ្ញុំ​អត់ហ៊ាន​ខាន​ផង​សំខាន់​ជាង​គេ​បើ​ចូល​ឆ្នាំ​ខាន​អត់​អី​ទេ»។

លោក​មាជ ប៉ុណ្ណ ទី​ប្រឹក្សា​នៃ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត​បាន​ឲ្យ​ដឹង​ថា នៅ​រដូវ​បុណ្យ​ភ្ជុំនេះ គឺ​មាន​ជំនឿតៗ​គ្នា​ថា ជីដូនជីតា ឬ​សាច់​ញាតិ​ដែល​កើត​នៅ​ឋាន​ប្រេត ឬ​ទី​ទាប​គឺ​តែង​តែ​ទន្ទឹង​រងចាំ​ទទួល​យក​បុណ្យ​កុសល​ដែល​កូន​ចៅ​បញ្ជូន​ទៅ​ឲ្យ​នៅ​ក្នុង​អំឡុង​ពេល​បុណ្យភ្ជុំ​នេះ។ ប្រសិន​បើ​កូន​ចៅ​មិន​បាន​ធ្វើ​បុណ្យ​បញ្ចូន​ទៅ​ឲ្យ​ទេ​នោះ​ នឹង​ត្រូវ​បណ្តាសា​ជាមិន​ខាន។ លោក​បាន​បន្ត​ថា ចំណុច​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​យ៉ាង​មុតមាំ​ទៅ​លើ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ។

ព្រះតេជគុណ​ព្រះនាម កង ឃឿង ប្រធាន​ការកៈសង្ឈ ឬហៅថា​ជំនួយ​ការ​ព្រះចៅ​អធិការ​វត្ត​សំពៅមាស​មាន​សង្ឈ​ដីកា​ថា ពុទ្ធសាសនិក​ស្ទើរ​តែ​គ្រប់​រូប​មិន​ដែល​បោះ​បង់​ចោល​ការ​ទៅវត្ត​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំ​នេះ​ឡើយ។ ព្រះតេជគុណ​មាន​សង្ឃ​ដី​កា​ដូច្នេះ​ថា៖

«បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​ជា​បុណ្យ​មួយ​ដែល​ទាក់ទង​នឹង​ប្រពៃណី​ខ្មែរ​យើង​ផង​ហើយ​ព្រះពុទ្ធ​សាសនា​ផង​ ហើយ​យើង​សង្កេត​ឃើញ​មាន​ប្រជាជន​ចាប់​អារម្មណ៍​ហើយ​ធ្វើ​ច្រើន​ជាង​គេ​ ទាំង​ក្មេងទាំង​ចាស់។ យើង​អាច​សង្កេត​ឃើញ​ថា​ សឹង​តែ​គ្រប់​ផ្ទះ​យក​ចង្ហាន់​ទៅ​វត្ត​ក្នុង​ពិធី​បុណ្យ​នេះ​យ៉ាង​ហោច​ណាស់​ក៏​បាន​មួយ​វត្ត​ដែរ ​ដោយសារ​ពិធីបុណ្យ​នេះ​គឺ​ជា​ពិធី​បុណ្យ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​នឹក​គុណ​ម្តាយ​ឪពុក។ ធ្វើ​នេះ​ដើម្បី​អនុគ្រោះ​ដល់​ពពួក​ញាតិ​ទាំង​អស់​នោះ​បាន​សេចក្តីសុខ»។

រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​បាន​កំណត់​យក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ។ ដូចនេះ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ​ត្រូវ​បាន​ចាត់​ចូល​ទៅ​ក្នុង​បុណ្យ​ជាតិ​ដែល​មន្រ្តី​រាជការ បុគ្គលិក​ក្រុម​ហ៊ុន​ឯកជន និង​មន្រី្តតាម​អង្គការក្រៅ​រដ្ឋាភិបាល​បាន​ឈប់​សម្រាក​រយៈ​ពេល​បី​ថ្ងៃ​ដើម្បី​ប្រារព្ធពិធី​បុណ្យ​នេះ៕