អ្នក​ជំងឺ​ធ្លាប់​ព្យាបាល​នៅ​ក្រៅ​ប្រទេស​​ស្ទាក់​ស្ទើរ​​​​ប្រើប្រាស់​សេវា​សុខាភិបាល​ក្នុង​ស្រុក

ទិដ្ឋភាពនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

ភ្នំពេញ — មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ក៏​ដូច​ជា​មន្ទីរ​ពេទ្យ​រដ្ឋ​ផ្សេង​ទៀត​នៅ​ភ្នំពេញ មាន​ភាព​មមាញឹក​ជាង​ពេល​រាល់​ដង ខណៈមាន​វិបត្តិ​ជំងឺ​កូវីដ​១៩ ​ដែល​ពលរដ្ឋ​កម្ពុជា​ពិបាក​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​ព្យាបាល​ជំងឺ និង​ពិនិត្យ​សុខភាព។​

នៅ​ខាង​មុខ​អគារ​សង្គ្រោះ​បន្ទាន់​ក្នុង​ពេទ្យ​កាល់​ម៉ែត​ គេ​ឃើញ​គ្រែ​ជា​ជួរៗ​ដែល​មាន​អ្នក​ជំងឺ​ស្នាក់​នៅ​ពេញ។ បងប្អូន​ សាច់ញាតិ​ និង​មិត្តភក្តិ​របស់​អ្នក​ជំងឺ​ខ្លះ​ អង្គុយអែប​គៀនផ្លូវ​ដើរ អង្គុយនៅ​តាម​បង់មាន​ប្រក់​ឆត្រ ខ្លះ​ចង​អង្រឹង ខ្លះ​ក្រាល​កន្ទេលនៅ​ក្រោម​ដើម​ឈើ ដើម្បី​គេង​សម្រាក។ អ្នកខ្លះ​ទៀត​បោះ​តង់​ពណ៌​ខៀវ​បៃតង​ ដែល​ជា​តង់​ប្រើ​សម្រាប់​សម្រាក​តាម​ព្រៃ​ភ្នំ​ក្នុង​ដំណើរ​កម្សាន្ត​ជាដើម។

លោក ពិសិដ្ឋ ដែល​សុំប្រាប់ត្រឹម​នាម​ខ្លួន​និយាយ​ថា ម្តាយ​របស់​លោក​ អាយុ​៥៩​ឆ្នាំ នៅ​បន្ត​ព្យាបាល​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃនៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។ ពិសិដ្ឋ អាយុ​២៧ឆ្នាំ បាន​ប្រាប់ ​VOA ​ថា​ លោក​ធ្លាប់​បាន​នាំ​ម្តាយ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯកជន​ផាយ៉ាថៃ ​ក្នុង​ទីក្រុង​បាងកក ​ប្រទេស​ថៃ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០​ អំឡុង​ពេល​មាន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ ដោយសារ​ជំងឺ​កូវីដ​១៩។

លោក​និង​ម្តាយបាន​សម្រាក​នៅ​ទីនោះ ប្រមាណ២​ខែ រួម​ទាំង​ការ​ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ។

លោក​ប្រាប់ VOA​ តាម​ទូរស័ព្ទ​ថា៖ «យើង​ខ្លាច។ និយាយ​អត់​ខ្លាច​ម៉េច? បើ​នៅ​ផ្អើល​កូវីដ​សឹង​អី ប៉ុន្តែ​នៅ​តែ​ពុះ​ពារ​ទៅ​ ដោយ​សារ​យើង​ទុកចិត្ត​នៅ​នោះ​ជាង​ហ្នឹង​ឯង»។

ពិសិដ្ឋ​ដែល​មក​ពី​ខេត្ត​កំពង់​ចាម​ និង​ជាអ្នក​ប្រកប​របរ​លក់ដូរ​ម្នាក់ និយាយ​ថា​ លោក​ស្ទាក់​ស្ទើរក្នុង​ការ​ព្យាបាល​ម្តាយ​នៅ​ភ្នំពេញ ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​សេវា​សុខាភិបាល​កន្លង​មក​នៅ​ប្រទេសថៃ​បាន​ធ្វើ​ឲ្យ​លោក​មាន​សង្ឃឹម។

លោក​និយាយ​ថា៖ «សម្រាប់​ខ្ញុំ​យល់​ថា​ បើ​រឿង​ជីវិត​យើង​មើល​មិនឃើញ​ទេ។ ប៉ុន្តែ​សម្រាប់​ទឹក​ចិត្ត​និង​ក្តី​សង្ឈឹម​ គឺនៅ​ប្រទេស​គេ​សង្ឃឹម​ជាង​។ នៅ​ប្រទេស​គេ​យើង​មាន​អារម្មណ៍​ថា​ កក់​ក្តៅ​ជាង បើ​និយាយ​ទៅ។ មិន​មែនថា ​មើល​ងាយ​ខ្មែរ​ទេ ​ប៉ុន្តែ​យើង​ព្យាបាល​នៅ​ខ្មែរ​ឆ្អែត​ហើយ។ បើ​នៅ​ខ្មែរ ដូច​អត់​មាន​អារម្មណ៍​នៅ​ហ្នឹង​ខ្លួន​អញ្ចឹង វា​ចង់​អស់​អារម្មណ៍។ អ្នក​ជំងឺ​ព្យាបាល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ដដែលៗ​អញ្ចឹង​ទៅ។ បើ​នៅ​ប្រទេស​គេ ក្នុង​អំឡុង​ពេល​ដែល​គេ​ឃុំ​យើង​ហ្នឹង​ណា​ ឃុំ​ពី​កូវីដ​ហ្នឹង គេ​មិន​ទាន់​ព្យាបាល​ទាំង​ស្រុង​ផង អ្នក​ជំងឺ​ធូរ​បណ្តើរ​ៗ​ហើយ​ហ្នឹង»។

ទិដ្ឋភាពនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

ទោះជាយ៉ាងណា ម្តាយ​របស់​លោក​ត្រូវ​បន្ត​ការ​ព្យាបាល​ជំងឺ​តម្រង​នោមរ៉ាំរ៉ៃ​នេះ ដូច្នេះ​លោក ពិសិដ្ឋ ត្រូវ​ធ្វើ​ដំណើរ​ទៅ​មក​រវាង​ខេត្ត​កំពង់​ចាម និង​ទីក្រុង​ភ្នំពេញជា​រៀង​រាល់​សប្តាហ៍។

លោក​បន្ត​ថា​ លោក​ចង់​ឃើញ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍ក្នុង​ចំណោម​ក្រុម​គ្រូ​ពេទ្យ​ខ្មែរ ដែល​លោកថាអាចផ្តល់​កម្លាំង​ចិត្ដដល់អ្នក​ជំងឺ​និង​បង្កភាព​ងាយ​ស្រួល ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដែល​ជា​បទ​ពិសោធន៍​ល្អ​ លោក​ទទួល​បាន​ពី​សេវា​ព្យាបាល​នៅ​ប្រទេស​ថៃ។

មិន​មាន​ស្ថិតិ​ជាក់​លាក់​បង្ហាញ​អំពី​ចំនួន​ធ្លាក់​ចុះ​នៃ​ទេស​ចរណ៍​សុខាភិបាល​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ។

ប៉ុន្តែ​លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ ប្រាប់​វីអូអេ​ថា ​កាល​ពី​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩ យ៉ាង​តិច ​៤០%​ នៃ​អ្នក​ដែលចេញ​ដំណើរកម្សាន្ត​ក្រៅ​ប្រទេស បាន​ទៅ​ពិនិត្យ​សុខភាព។ VOA បាន​ព្យាយាម​ទាក់ទងអ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី ឱ វណ្ណឌីន ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប។

ចាប់​តាំង​ពីអាជ្ញាធរថៃ​និង​វៀត​ណាម​ប្រកាស​បិទ​ច្រក​ឆ្លង​កាត់​ព្រំដែន​ទាំង​អស់​ជាមួយ​កម្ពុជា​ ចាប់​ពី​ខែ​មីនា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ប៉ង​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ទាំង​នោះ ត្រូវ​អាក់​ខានគម្រោង​របស់​ខ្លួន។

ក្រុម​គ្រូ​ពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​ក្នុង​ស្រុក​មើល​ឃើញ​ការ​កើន​ឡើង​នៃ​អ្នក​ជំងឺ​ជា​បន្ត​បន្ទាប់​ នៅ​តាម​អគារ​ព្យាបាល​ជំងឺ​របស់​ខ្លួន។

​វេជ្ជ​បណ្ឌិត លោក គឹម​ ស៊ុនលី ជំនាញ​ខាង​ព្យាបាល​ជំងឺ​បាក់​បែក​ឆ្អឹង​នៅពេទ្យ​លោក​សង្ឃ ប្រាប់វីអូអេថា​ មន្ទីរ​ពេទ្យ​បាន​ដំឡើង​គ្រែ​បន្ថែម​ទៀត ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ​១៩ ​ក្នុង​ប្រទេស​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «និយាយរួមអ្នក​ជំងឺ​កន្លែង​ខ្ញុំ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គឺ​កើន​ខ្លាំង​ណាស់។ ឥឡូវ​នេះ​សឹង​តែ​អត់គ្រែ​ដាក់​ជំងឺ​ខ្ញុំ​ក្នុង​មួយ​ថ្ងៃ​ ដែល​គេង​ពេទ្យ​ពី​ ១៤០ ដល់ ​១៥០ ឬ​១៦០។ ​អា​នេះ​តែ​ផ្នែក​បាក់​បែក​ឆ្អឹង​ទេ​ណា។ ... ចាប់​តាំង​ពី​កូវីដ​ហ្នឹង​គឺ​សម្រុក​មក​ច្រើន​អញ្ចឹង​ហ្មង​...​១៤០​[គ្រែ] ឥឡូវ​ដំឡើង​២០​គ្រែ​ទៀត។ ២០​ គ្រែ​ហ្នឹង​ពេញ​ទាំង​អស់... ពេញ​ទាំង​អស់ ពេញ​ហៀរ​ដល់​ក្រៅ​ហ្មង​ណា»។

លោក​បន្ត​ថា​ តាម​ការ​សាកសួរ ភាគ​ច្រើននៃ​អ្នក​ជំងឺ​ទាំង​នោះ មិន​អាច​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន។

លោក​បន្ថែម​ថា៖ «ភាគ​ច្រើន​គាត់​ទៅ​វៀត​ណាម​ទៅ​ថៃ ទៅ​សាំងហ្គាពួ​រ​អញ្ចឹង​ទៅ។ អ្នក​ដែល​គេ​មាន​ធនធាន​ណា។ ប៉ុន្តែ​ឥឡូវ​ភាគ​ច្រើន​ល្មមៗ ​គាត់​អត់​ទៅ​ទេ។ គាត់​មក​ពេទ្យ​យើង​ធម្មតា​វិញ»។

នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​វិញ លោក​វេជ្ជ​បណ្ឌិត​ គឹម សមសាន្ត អនុ​ប្រធាន​ផ្នែក​ព្យាបាល​មនុស្ស​ចាស់ មាន​ប្រសាសន៍​ថា ​មាន​កំណើន​អ្នក​ជំងឺ​មក​ព្យាបាល​នៅ​មន្ទីរ​នេះ ​ដូច​គ្នា​នឹង​មន្ទីរ​ពេទ្យ​រដ្ឋ​ផ្សេង​ទៀត​ដែរ។

លោក​ប្រាប់ ​VOA ​ថា៖ «ពី​មុន​(​កូវីដ១៩​)​យើង​មាន​អ្នក​ជំងឺ​អត់​បាន​ពេញ​អគារ​ទេ។ ឥឡូវ​យើង​មាន​ពេញ​អគារ​ទាំង​អស់ ​រក​កន្លែង​សម្រាក​អត់​បាន​ផង» ។

លោកវេជ្ជ​បណ្ឌិត​ គឹម សមសាន្ត ឲ្យ​ដឹង​ថា​អ្នក​ជំងឺ​របស់​លោកមនុស្ស​ចាស់ ភាគ​ច្រើន​មាន​ជំងឺភ្លេច​ភ្លាំង ជំងឺ​បេះ​ដូង​ ​សរសៃ​ឈាម លើស​សម្ពាធឈាម និង​ជំងឺ​ដែល​បណ្តាល​ពី​មេរោគ​មួយ​ចំនួន​ ដែល​បង្ក​ឲ្យ​រលាក​ផ្លូវ​ដង្ហើម​និង​ពោះ​វៀន​ជា​ដើម។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា ​គឺ​ដោយ​គុណ​ភាព​សេវា​ យើង​វា​កាន់​តែ​អភិវឌ្ឍ​ខ្ពស់​ទៅៗ​ ដែល​អាច​ទទួល​យក​បាន​ពី​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ដែល​មក​ទទួល​សេវា​ព្យាបាល។ អញ្ចឹង​ការ​ផ្សព្វផ្សាយ​ចេះ​តែ​ទូលំ​ទូលាយ​ទៅ ចេះ​តែ​សំដៅ​មក​ធ្វើ​ការ​ព្យាបាល នៅ​អគារ​មនុស្ស​ចាស់​ហ្នឹង។ ជា​ពិសេស​ចាស់ៗ​ដែល​មាន​អាយុ​ ចាប់​ពី​៧៥​ឡើង»។

កាល​ពីខែ​កក្កដា ឆ្នាំ២០២០ លោក ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទៅ​ព្យាបាល​នៅ​ពេទ្យ​ក្រៅ​ប្រទេស ងាក​មក​រក​សេវា​ក្នុង​ស្រុក​វិញ ដោយ​សារ​ពិបាក​ធ្វើ​ដំណើរ​ទៅ​បរទេស។

លោក​ថ្លែង​ថា៖ «ឥឡូវ​លើ​ការ​ជាក់​ស្តែង​អ្នក​ដែល​ធ្លាប់​ទៅ​ព្យាបាល​នៅ​សិង្ហបុរី​ នៅ​ថៃ​ នៅ​វៀត​ណាម​ នៅ​បារាំង ​ព្យាបាល​ក្នុង​ស្រុក​ទាំង​អស់ [ព្យាបាល​ដោយ]​ពេទ្យ​ខ្មែរ​ទាំង​អស់។ ចេះ​រស់​ហ្នឹង​គេ​ដែរ។ មើល​យើង​ជួយ​គិត​គ្នា​មើល។ អង្កាល់​ពី​មុន​ ដោយ​សារ​តែ​ទៅ​ក្រៅ​ស្រុក​បាន​បង្អាប់​ពេទ្យ​ខ្មែរ។ ឥឡូវ​ដល់​ឈឺ​រក​ពេទ្យ​ខ្មែរ​រស់​ដែរ។ វាបញ្ហា​ស្ថិត​នៅ​ត្រង់​យើង​ឲ្យ​តម្លៃ​ទេ»។

ទោះ​ជា​យ៉ាងណា លោក​នាយករដ្ឋមន្រ្តី​ផ្ទាល់​បាន​ជ្រើស​រើស​ទៅ​ពិនិត្យ​សុខភាព​របស់​លោក​នៅ​មន្ទីរ​ពេទ្យ​ល្បី​ឈ្មោះ​មួយ​ នៅ​ប្រទេស​សិង្ហបុរី​ កាល​ពី​កន្លង​ទៅ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ថា​ មេដឹកនាំ​មិន​ទុក​ចិត្ត​សេវា​សុខាភិបាល​ក្នុង​ស្រុក។

ផែន​ការ​យុទ្ធសាស្ត្រ​សុខាភិបាល​ឆ្នាំ ​២០១៦-២០​២០ បង្ហាញ​ថា ​កម្ពុជា​មាន​មូលដ្ឋាន​សុខាភិបាលរបស់​រដ្ឋជាង ​១​ ពាន់​កន្លែង និង​ឯកជន​ប្រមាណ ​៨ ​ពាន់​កន្លែង​នៅ​ទូទាំង​ប្រទេស។

បច្ចុប្បន្ន​ជាង​ពាក់​កណ្តាល​នៃ​ថវិកា​ចំណាយ​សរុប​លើ​វិស័យ​សុខាភិបាល​កម្ពុជា ត្រូវ​បាន​ចំណាយ​ទៅ​លើ​សម្ភារៈ​វេជ្ជសាស្ត្រ។ នេះ​បើ​យោង​តាម​សេចក្តី​សង្ខេប​របស់ព្រឹត្តិបត្រ​ The Healthcare Law Review​ របស់​ស្ថាប័ន​ស្រាវ​ជ្រាវ​មួយ​នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​ចេញ​ផ្សាយ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២០ ដែល​បាន​សិក្សា​អំពីសេដ្ឋកិច្ច​សុខាភិបាល​នៅ​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត។

របាយការណ៍​សមិទ្ធផល​សុខាភិបាល​ឆ្នាំ​២០១៨ ​របស់​ក្រសួង​សុខាភិបាល ឲ្យ​ដឹង​ថា​ គុណភាព​នៃ​សេវា​ថែទាំ និង​ព្យាបាល​នៅ​កម្ពុជា​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ជំងឺ និង​អតិថិជន​នៅ​ឡើយ​ ដោយសារ​តែ​ឧបសគ្គ​ផ្នែក​ធនធាន​ហេដ្ឋារចនា​សម្ព័ន្ធ​ជាមូលដ្ឋាន មាន​ជា​អាទិ៍​ចំនួន​និង​ប្រភេទ​បុគ្គលិក​សុខាភិបាល​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក ​ថ្នាក់​ស្រុក និង​មណ្ឌល​សុខភាព​ មិន​ទាន់​គ្រប់​តាម​និយាម សមត្ថភាព​គ្លីនិក​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆយ និង​កង្វះ​ឧបករណ៍​និង​បច្ចេក​វិទ្យា​វេជ្ជសាស្រ្ត​ទំនើប​ជាដើម។

ទិដ្ឋភាពនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត លោក វន សៀងហៃ​ ភរិយា​និង​សាច់ញាតិ​ដទៃ​ទៀត​ សរុប ​៧​ នាក់អង្គុយ​ហូប​បាយ​នៅ​ក្បែរ​តង់​មួយ។ ពួកគេដែល​មក​ពី​ខេត្ត​កំពង់​ធំ ដូរ​វេន​គ្នា​មើល​ថែ​ជីតា អាយុ​៧០ឆ្នាំ ដែល​កំពុង​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​មួយ។

លោក​ប្រាប់​ VOA​ ថា៖ «ខ្ញុំ​ទើប​នឹង​មក​ដែរ​...គ្រាន់​តែ​ថា​មនុស្ស​ច្រើន។ ខ្ញុំ​ធ្លាប់​មក​ម្ហឹក​មុន អត់​មនុស្ស​ច្រើន​អញ្ចឹងទេ។ អ្នក​ជំងឺ​ក៏​អត់​ពេញ នៅ​មុខ​ហ្នឹង​ដែរ គឺ​ចូល​មក​ទៅ​ក្នុង​ហ្មង»។

លោក សៀងហៃ អាយុ​៣១ឆ្នាំ និង​ក្រុម​គ្រួសារ​បានព្យាយាម​ស្វែង​រក​ជម្រើស​ ដើម្បី​បន្ត​ការ​ព្យាបាល​ជីតា។ ហើយ​លោក​សម្រេច​បញ្ជូន​ជីតា​មក​ពេទ្យ​កាល់ម៉ែត ក្រោយ​ការ​ព្យាបាល​មិន​ជា​សះ​ស្បើយ​នៅ​ឯ​មន្ទីរ​ពេទ្យ​ខេត្ត​។

លោក​និយាយ​ថា៖ «បាទ​គាត់​សង្គ្រោះ​បន្ទាន់ ព្រោះ​ឡើង​ឈាម​ព្រោះ​នៅ​(ពេទ្យ​)​ខេត្ត​ឡើង​យូរ​ពេក អត់​ដឹង ថា​គាត់​ឡើង​ឈាម​ខ្លាំង ហើយ​ដាច់​សរសៃ​ឈាម​កក​ក្នុង​ខួរ​ក្បាល។ ពេទ្យ​ខេត្ត​គេ​ថា​ឈាម​យើង​ចុះ​ហើយ​ៗ ប៉ុន្តែ​អត់​បាន​ស្កេន​អត់​បាន​អី​មើល​អញ្ចឹង​ណា។ ទាល់​តែ​យើង​យក​ទៅ​ស្កេន​នៅ​ពេទ្យ​ឯកជន​ខាង​ក្រៅ​បាន​ដឹង​ហើយ​គាត់​បញ្ជូន​មក​ពេទ្យ​ធំ​នៅ​ភ្នំពេញ​ហ្មង​ទៅ»។

លោក​ឲ្យ​ដឹង​ថា ​ដំបូង​ឡើយ ក្រុម​គ្រួសារ​លោក​ចង់​បញ្ជូន​ជីតា​ខ្លួន​ទៅ​ព្យាបាល​នៅប្រទេស​ថៃ។ លោក​បានទាក់​ទង​ឪពុក​មា​រស់​នៅ​ទីក្រុង​បាងកក​ ដែល​ចេះភាសា​ថៃ ប៉ុន្តែ​ក្រោយ​មក​ឪពុក​មា​លោក​ប្រាប់​ថា ​ពិបាក​រៀបចំ​ឯកសារ។

ម្យ៉ាង​ទៀត រដ្ឋាភិបាល​ថៃ​តម្រូវ​ឲ្យ​ពលរដ្ឋ​បរទេស​ដែល​ចង់​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ មានប្រាក់​តម្កល់​ក្នុង​ធនាគារ ត្រូវ​ទិញ​ធានា​រ៉ាប់រង​អាយុ​ជីវិត​អ្នក​ជំងឺ​និង​ក្រុម​គ្រួសារ ត្រូវ​ផ្តល់​លិខិត​ធ្វើ​តេស្តបញ្ជាក់​អវិជ្ជ​មាន​កូវីដ ព្រម​ទទួលយក​ការ​ធ្វើ​ចត្តាឡីស័កនិង​ត្រូវ​រង់​ចាំការ​យល់​ព្រមពី​ក្រសួង​សុខា​ភិបាល​ថៃ​សិន។ នេះ​បើតាម​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​គេហទំព័រ​ស្ថាន​ទូត​ថៃ​ប្រចាំនៅ​កម្ពុជា។

លោក វន សៀងហៃ លើក​ឡើង​ថា​ ក្រុម​គ្រួសារពុំ​មាន​លទ្ធភាព​ធ្វើ​ដូច​នេះ​ទេ។

លោក​បញ្ជាក់​ថា៖ «បើ​មាន​ថវិកា​គ្រប់​គ្រាន់​ប្រហែល​ជា​អាច​នាំ​ទៅ​ខាង​ក្រៅ​វិញ ព្រោះ​អី​សេវា​គេ​ខាង​នោះ គឺ​ថា​សេវា​គេ​លឿន។ នៅ​យើង ពេទ្យ​រាង​តិច​ អ្នក​ជំងឺ​ច្រើន ហើយ​អត់​សូវ​មាន​ឧបករណ៍​ទំនើបៗ​ដូច​គេ​ច្រើន​អញ្ចឹង​»។

បុគ្គលិក​ពេទ្យ​ផាយ៉ា​ថៃ​ផ្នែក​បកប្រែ​ភាសា​ខ្មែរ-ថៃ​លោក គី​ ណាគ្រី ប្រាប់​ VOA ​ថា ​អ្នក​ជំងឺ​ដែល​មក​ព្យាបាល​បាន​ធ្លាក់​ចុះ​ខ្លាំង​នា​ពេល​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «វា​តិច​មែន​ឥឡូវ​សម្រាប់​តែ​អ្នក​ជំងឺ​ចាំបាច់​បំផុត​បាទ។ ... លុះ​ណា​តែ​ក្នុង​លក្ខណៈ​ថាអ្នក​ជំងឺ​ដែល​ចាំ​បាច់​ក្នុង​ការ​ព្យាបាល ដូចជាទី​មួយអ្នក​ជំងឺ​សង្គ្រោះ​បន្ទាន់ ទី​ពីរ​អ្នក​មាន​ជំងឺ​ដូច​ជា​មហារីក ឬ​ក៏​អ្នក​ជំងឺ​ដែល​ត្រូវ​វះ​កាត់»។

លោក​បន្ត​ថា៖ «អ្នក​ជំងឺ​ខ្លះ​ដែល​តាម​ដាន​ជំងឺ​ស្រាល​ៗ ល្មមៗ​អញ្ចឹង។ គាត់​តាម​ដាន​នៅ​ស្រុក​ខ្មែរ​យើង​តាម​មន្ទីរ​ពេទ្យ​ធំៗ​ដែល​គាត់​ស្គាល់។ ...ជា​ទូទៅ​អ្នក​ជំងឺ​ទាក់​ទង​មក​ខ្ញុំ គាត់​ទាក់​ទង​រហូត​រាល់​ខែ។ គាត់​តាម​ follow up [តាម​ដាន​បន្ត​]​ជាមួយ​ដុកទ័រ គាត់​ជួស​ឈាម​នៅ​ខ្មែរ ហើយ​ផ្ញើ​លទ្ធផល​ឲ្យ​វេជ្ជបណ្ឌិតថៃ​មើល​វិញ ហើយ​ផ្ញើ​ថ្នាំ​ឲ្យ​គាត់​វិញ»។

ប៉ុន្តែ​លោក អ៊ុំ សុភាព នាយក​មន្ទីរព្យាបាលឯក​ជន​មួយ​ឈ្មោះ​ពហុ​ព្យាបាល​ខេម៉ា ឲ្យ​ដឹង​ថា ​មិន​មានការ​កើន​ឡើង​អ្នក​ជំងឺ ដែល​មក​រក​សេវា​ព្យាបាល​នៅ​មន្ទី​រពេទ្យ​របស់​លោក​ទេ។ ផ្ទុយ​ទៅ​វិញ​ លោក​ថា​ចំនួន​អ្នក​ជំងឺ​បាន​ធ្លាក់​ចុះ​ជាង ​៤០% ​ក្នុង​ឆ្នាំ​២០២០ បើ​ធៀប​នឹង​ឆ្នាំ​២០១៩។

លោក​ពន្យល់​ថា៖ «អ្នក​ខ្លះ​ទៀត​ដូច​ថាទ្រាំទៅ​ឈឺ​ល្មមៗ​ អត់​មក​ទេ។ រក​ថ្នាំ​រក​អី​លេប​ខ្លួន​ឯង​ទៅ អត់​ហ៊ាន​មក​ពេទ្យ អញ្ចឹង​ទៅ។ ឧទាហរណ៍​ ពីរ​បី​(ដង)​ដូច​ពេល​ផ្ទុះ​សហគមន៍​ហ្នឹង ស្ងាត់។ ដូច​ថា​ផ្ទុះ​ខ្លាំ​ង​រឿង​មក​ពី​ថៃ​អីហ្នឹង ស្ងាត់​មួយ​សា​ទៀត​ទៅ»។

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​មាន​លទ្ធភាព​បាន​ងាក​ទៅ​រក​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯកជន​ ដើម្បី​ទទួល​បាន​សេវា​មួយ​សមរម្យ ក្រោយ​សាក​ល្បង​ព្យាបាល​នៅ​ពេទ្យ​រដ្ឋ​មួយ​ចំនួន។

ដូច​លោក​ ម៉ន ​ធី​ អាយុ​៥៩​ឆ្នាំ អង្គុយ​ចាំ​កូន​ប្រុស អាយុ​៣៣​ឆ្នាំ ទទួល​ការ​ព្យាបាល​បញ្ហា​ឆ្អឹង​នៅ​មន្ទីរ​ពេទ្យ​ឯកជន​មួយ។ លោក​ដែល​មកពីសង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ បាន​ប្រាប់​ VOA ថា៖ «មក​មើល​ក្នុង​ស្រុក​ហ្នឹង​ព្រោះ​ក្រៅ​គេ​អត់​ឲ្យ​ទៅ​ហ្អា អញ្ចឹង​ណា»។

លោក​បន្ត​ថា៖ «ចាំ​មើលថាធ្ងន់​អាហ្នឹង​ចង់​ទៅ​ក្រៅ​ដែរ តែ​នេះ​វា​ល្មម​ដែរ។​ ចង់​ទៅ​ក្រៅ មាន​តែ​ខ្ចី​គេ​ខ្ចី​ឯង តែ​យើង​វា​ស្រាល​ដែរ ល្មម​ដែរ​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន»៕