កូនស្រី​​អ្នក​ជំងឺ​​​៖«ខ្ញុំ​មិន​ដឹង​ថា​គាត់​មាន​​ជំងឺ​​កូវីដ រហូត​ដល់​​គាត់​ស្លាប់»

រូបឯកសារ៖ ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ ត្រៀមបញ្ជូនអ្នកជំងឺតេស្តវិជ្ជមានកូវីដ១៩ ទៅកាន់មណ្ឌលព្យាបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

ដោយ​ស្ថិត​ក្នុង​អាការៈ​ក្អក​ខ្លាំង ទ្រាំ​លែង​បាន ​ក្រុម​គ្រួសាររបស់លោក ថន ចាន់​ធឿន សម្រេច​ចិត្ត​នាំរូប​លោក​ទៅមន្ទីរ​ពេទ្យ​ ដើម្បីពិនិត្យ​។ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ពេទ្យ​បាន​វាស់​ក​ម្តៅលោក ហើយ​ស្នើ​ឲ្យ​ក្រុម​គ្រួសារ​ប​ញ្ជូន​លោកទៅ​មន្ទីរ​ពេទ្យមិត្ត​ភាព​ខ្មែរ​សូវៀត ឬ​ពេទ្យ​រុស្ស៊ី ជា​ទី​កន្លែង ដែល​លោក​បាន​ទទួល​មរណភាព​កាល​ពី​សប្តាហ៍​មុន​។

នៅ​ទី​នោះ លោក​ ចាន់​ធឿន ​អាយុ​៥៥​ឆ្នាំ ត្រូវបានយក​សំណាក​រក​វីរុស​ជំងឺ​កូវីដ​១៩ ហើយទើប​ក្រុម​គ្រួសារដឹង​ថាលោកមាន​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩​ ក្រោយ​ពេល​លោក​ស្លាប់​រួច​ទៅ​ហើយ។

រស់​នៅ​ក្នុង​ភូមិ​ក្តី​ចាស់ ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ចម្ងាយ​ប្រមាណ​១២​គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ លោក ថន ចាន់ធឿន ​ជា​នគរ​បាលចរាចរណ៍ម្នាក់​ប្រចាំ​ការ​នៅ​រាជធានី​ភ្នំពេញ។ លោក​ត្រូវ​បាន​ក្រសួង​សុខាភិបាល​ប្រកាស​កាលពីថ្ងៃទី​២៦ ខែ​មីនា​ថា​លោក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩។

អ្នក​នាង ធឿន សុធា​រ័ត្ន អាយុ​២៨​ឆ្នាំ ជាកូន​ស្រី និង​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​ឪពុក​ដែល​បាន​ស្លាប់ រៀប​រាប់ថា​ឪពុក​របស់​អ្នកនាង​មាន​អាការៈក្អក​បន្តិច​បន្តួច​ ហើយ​វាកាន់តែធ្ងន់ធ្ងរ រហូត​ដល់​គេង​មិន​បាន​។ អ្នក​នាង​និយាយ​ថា​ឪពុក​មាន​ជំងឺប្រចាំ​កាយ គឺ​លើស​ឈាម ​ទឹក​នោម​ផ្អែម និង​ជំងឺ​ក្រពះ​ផង​ដែរ ដែលត្រូវ​លេប​ថ្នាំ​ជា​ប្រចាំ​ថ្ងៃ​។

អ្នក​នាង​ សុធា​រ័ត្ន ប្រាប់​VOA​តាម​ទូរស័ព្ទ​ថា​៖ «ពេល​ខ្លះ​គាត់​ឈរ​យូរ​អញ្ចឹង ជើង​គាត់​រាងហើម។ ពេល​គាត់​មក​ដល់ផ្ទះ​ ខ្ញុំ​ឃើញ​អញ្ចឹង​។ គាត់​ពិសា​ថ្នាំ​លើស​ឈាម ពិសា​ថ្នាំ​ទឹក​នោម​ផ្អែម ជាប់រាល់ថ្ងៃ​»។

នៅ​ពេល​ពាក់​កណ្តាល​អធ្រាត្រចូលថ្ងៃ​ទី​២៥ ខែ​មីនា ឪពុក​របស់​អ្នកនាងបាន​ក្អកខ្លាំង ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ក្នុង​ផ្ទះ​ ដែលមាន​ជីដូន​អាយុ​៩២​ឆ្នាំ រូប​អ្នក​នាង​ផ្ទាល់​និង​ស្វាមី​របស់​អ្នក​នាង​ មានការព្រួយ​បារម្ភ​ខ្លាំង ទើប​សម្រេច​បញ្ជូន​ឪពុកទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ​នៅ​រាជធានី​ភ្នំពេញ នាពេល​ព្រឹកថ្ងៃ​ទី​២៥ ខែ​មីនា។

អ្នក​នាង​បញ្ជាក់​ថា៖ «សម្រាន្ត​អត់​បាន​ទេ ឲ្យ​តែ​ដាក់​ក្បាល​ដល់​ខ្នើយ​ គាត់​ក្អកខ្លាំង បើ​អង្គុយ​អត់​អី​ទេ»។

អ្នកនាង ធឿន សុធារ័ត្ន និង​បង​ប្រុស​របស់​អ្នក​នាង គឺ​លោក​ ធឿន សុធារិទ្ធិ​ ដែល​រស់នៅ​ភ្នំពេញ បានយក​ឪពុក​ទៅ​ដល់មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រនៅ​ម៉ោង​ប្រមាណ​១០​ព្រឹក ប៉ុន្តែ​ពេទ្យ​បានណែ​នាំ​ឲ្យ​ទៅ​ពេទ្យ​រុស្ស៊ី ដោយ​សារ​កម្តៅ​ឡើង​ខ្ពស់​និងដក​ដង្ហើម​ដង្ហក់​ខ្លាំង​។ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​នោះ​ហើយ ដែល​អ្នក​នាង​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា​ឪពុក​មានអាការៈ​ជំងឺ​កូវីដ​១៩ និង​ណែនាំ​ឲ្យយក​សំណាក​ទៅ​ពិនិត្យ​។

អ្នក​នាង​បញ្ជាក់​ថា៖ «លោក​គ្រូ​ពេទ្យ​នៅ​ពេទ្យ​រុស្ស៊ី​ថា​គាត់​ក្តៅ​អញ្ចឹង ហើយ​ហត់​អញ្ចឹង គាត់​ក៏​ឲ្យ​នាំ​ប៉ា​ខ្ញុំ​ ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​ហ្នឹង»។

អ្នក​នាង​បន្ថែម​ថា៖ «ក្នុង​ចិត្ត​ពួក​ខ្ញុំ អត់​គិត​ទៅ​ជំងឺ​ហ្នឹង​ផង​បង។ ខ្ញុំ​មិន​ដឹង​ថា​គាត់​មានជំងឺកូវីដ រហូត​ដល់គាត់​ស្លាប់​»។

រូបឯកសារ៖ អាជ្ញាធរ រៀបចំ​កន្លែង​សម្រាប់​ធ្វើ​ចត្តាឡីស័ក​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។ (រូបថតដោយ ព្រីង សំរាំង)

មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក​ ថន ចាន់​ធឿន ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មានថា​ដោយ​សង្ស័យមាន​ជំងឺ​កូវីដ​១៩ ក្រុម​គ្រូ​ពេទ្យ​បាន​យក​វត្ថុ​សំណាក​ទៅ​វិភាគ​ភ្លាមៗ​នៅ​ពេល​ចូល​មក​ដល់​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត​ ហើយ​លទ្ធផល​បាន​បង្ហាញ​ថា​លោក ថន ចាន់ធឿន មាន​វិជ្ជមាន​វីរុស​កូវីដ​១៩ នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៥ ខែ​មីនា។

លោក ថន ចាន់​ធឿន ជាករណី​ស្លាប់​ទី​៨​ក្នុង​ចំណោម​អ្នក​ស្លាប់​១០នាក់ ដែល​ក្រសួង​សុខាភិបាល​បានប្រកាស​ថា​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ គិត​ត្រឹម​ថ្ងៃ​ច័ន្ទ ទី​២៩ ខែមីនា ឆ្នាំ​២០​២១។

អ្នក​នាង​ សុធារ័ត្ន បាន​ឲ្យ​ដឹង​ថា​ឪពុក​របស់​អ្នក​នាង​ជា​អ្នក​ការ​ពារ​អនាម័យ​ម្នាក់ ដោយ​សារ​លោក​ជា​នគរ​បាល​ចរាចរណ៍។

អ្នក​នាង​និយាយ​ថា៖ «ការពារ​បង គាត់​ប្រើ​អាល់​កុល គាត់​អនាម័យ​ខ្លួន​គាត់​ណាស់»។

​អ្នក​នាង​មិន​ដឹង​ថា​ឪពុក​ឆ្លង​វីរុស​កូវីដ​១៩ពី​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​អ្នក​នាង​យល់​ថា​មិន​មែន​ឆ្លងពី​អ្នក​ក្នុង​ផ្ទះ​រស់​នៅ​ជាមួយ​ទេ​ ដោយ​សារ​អ្នក​នាងផ្ទាល់​តែង​តែនៅ​ផ្ទះ ស្វាមី​របស់​អ្នក​នាងជា​កម្មករ​សំណង់​ធ្វើ​ការនៅ​ជិត​ផ្ទះ ហើយ​ជីដូន​ជា​មនុស្ស​ចាស់​ជរា​ម្នាក់​នៅ​តែ​ផ្ទះ។

លោក ងី ម៉េង ប្រធាន​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ដោយ​ថា​ក្រសួង​សុខាភិបាល​បាន​ប្រកាស​រួច​ហើយ​ករណី​អ្នក​ជំងឺ​ស្លាប់​ដោយ​សារ​កូវីដ​១៩ ក្រោយ​ពេល​មក​ព្យាបាល​នៅ​ពេទ្យ​រុស្ស៊ី។

VOAមិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ទេ។

ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ដែល​ជា​ករណី​អ្នក​ជំងឺ​មិន​បាន​ដឹង​ខ្លួន​មុន។ អ្នក​មាន​ផ្ទុក​វីរុស​កូវីដ១៩ ត្រូវ​សម្រាក​ព្យាបាល​នៅ​កន្លែង​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ស្រ្តី​ម្នាក់​អាយុ​៧២​ឆ្នាំ រស់​នៅ​ខណ្ឌ​ឬស្សី​កែវ រាជធានី​ភ្នំពេញ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ បន្ទាប់​ពី​ចូល​ពិនិត្យនិង​យក​សំណាក​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ពេល​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ហើយ​បាន​ស្លាប់​នៅ​ពេលរសៀល​ថ្ងៃ​ដដែល​។

រូបឯកសារ៖ ប្រជាពលរដ្ឋ ដើរ​នៅ​ខាងមុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ (រូបថត​ដោយ ព្រីង សំរាំង)

ចំណែក​មួយ​ករណី​ទៀត កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ស្រ្តី​ម្នាក់​អាយុ​៦២​ឆ្នាំ បាន​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ក្រោយ​មាន​អាការៈ​ហត់​ ហើយ​រក​ឃើញ​ផ្ទុក​វីរុស​កូវីដ​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា។ ស្រ្តី​នោះ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា​។

ចំណែក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ក្រសួង​បាន​ឲ្យ​ដឹង​ថា​បុរស​ម្នាក់​អាយុ​៧៥​ឆ្នាំ បាន​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យខ្មែរ​សូវៀត នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ក្រោយ​ហត់​ខ្លាំង ហើយ​រក​ឃើញមាន​ជំងឺ​កូវីដ​១៩ និង​ស្លាប់​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា។

លោក ពៅ វុទ្ធី មេ​ភូមិ​ក្តី​ចាស់ ជា​ភូមិរបស់​លោក ថន ចាន់​ធឿន ដែល​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ មាន​ប្រសាសន៍​ថា​អ្នក​ជិត​ខាង​មួយ​ចំនួន​ដែល​មានទំនាក់​ទំនង​ដោយ​ប្រយោល ប្រមាណ​១០​គ្រួសារ ​ត្រូវ​បាន​យក​ធ្វើ​ចត្តាឡីស័ក​និង​យក​សំណាកផង​ដែរ​។ លោក​បន្ត​ថា​រហូត​មក​ដល់​ថ្ងៃ​ច័ន្ទ​នេះ ប្រជា​ពលរដ្ឋ​មិន​ទាន់​រាយការណ៍​ថា​មាន​អាការៈសង្ស័យ​ ដូចជាក្តៅ​ខ្លួន​ ក្អកនិង​មាន​សញ្ញា​ណ​ផ្លូវ​ដង្ហើម​អ្វី​នៅ​ឡើយ​ទេ។

លោក​ប្រាប់​VOA​ថា៖ «ប្រជាពលរដ្ឋ​ការពារ​ទាំង​អស់គ្នា​ទៅ កុំ​ឲ្យ​វា​ប្រហែស​ ឃើញ​ស្រាប់​ហើយ លឿន​ៗពេក»។

លោក គន្ធ សុគឿន មេឃុំ​ព្រែក​លួង​ក្នុង​ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល​ មាន​ប្រសាសន៍​ថាអាជ្ញាធរ​បាន​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់ ​និង​ប្រយោល​ត្រូវ​បាន​យកវត្ថុ​សំណាក​ទៅ​ធ្វើ​តេស្ត​និង​ធ្វើ​ចត្តាឡី​ស័ក។ លោក​បន្ថែម​ថា​ក្រុម​គ្រួសារ​ស្មាន​ថា​ជំងឺ​ចាស់​របស់​លោក ថន ចាន់​ធឿន ធ្វើ​ទុក្ខ មិន​នឹក​ស្មាន​ថា​លោក​មាន​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា​៖ «កូន​ចៅ​គាត់​អត់​ដឹង​រឿង​។ អត់​ដឹង​រឿង​ថា​គាត់​កើត​ជំងឺ​អី។ សា្មន​ថា​ជំងឺ​ចាស់​របស់​គាត់។ ដល់​ពេល​ពេទ្យ​គាត់​ពិនិត្យ បាន​ដឹង​ថា​កូវីដ»។

លោក​បន្ថែម​ថា៖ «គាត់​[អ្នក​ភូមិ​]ព្រួយ​បារម្ភ​គ្រប់​គ្នា។ ឥឡូវយើង​បិទ​ផ្សារ​បិទ​អី​អស់​ហើយ​។ ប្រជា​ជន​ឥឡូវ​គាត់​ខ្លាច គាត់​លែង​ហ៊ាន​ចេញ​ក្រៅ​ហើយ​ហ្នឹង​»។

លោក ទឹម វរ៉ា ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សម្រប​សម្រួល​សកម្មភាព​សុខភាព(HACC Cambodia) មាន​ប្រសាសន៍​ថា​ប្រជាពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​បើសង្ស័យ ត្រូវ​ប្រញាប់​ទៅ​ធ្វើ​តេស្ត​រក​វីរុស​ជំងឺ​កូវីដ​១៩ ដើម្បី​កុំ​ឲ្យ​ជំងឺ​នេះ​វាយ​លុយ​សួត​កាន់​តែ​ធ្ងន់​ធ្ងរ។

លោក​ថ្លែង​ថា៖ «ជួន​កាល​ប្រជាពលរដ្ឋ​គាត់​អត់​ដឹង ហើយ​ដល់​ពេល​ធ្ងន់​ហើយ បាន​រត់​ទៅ​ពេទ្យ​ គេ​survey​[ជួយ]លែង​ទាន់។ ឥឡូវ​ស្ថានភាព​រឿង​កូវីដ​ហ្នឹង វា​ខ្លាំង​អញ្ចឹង​ហើយ ប្រជាពលរដ្ឋ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​តាម​មើល​សុខភាព​ខ្លួន​ឯង [ក៏​ដូច​ជា]​ក្រុម​គ្រួសារ​ហ្នឹង…បើ​សិន​ជា​មាន​បញ្ហា​អី​ល្មមៗ អាការៈ​អី​រាងសង្ស័យ ត្រូវ​បញ្ជូន​គាត់​ឲ្យ​លឿន ដើម្បី​ទៅ​ធ្វើ​តេស្ត»។

ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​មាន​ករណី​ឆ្លង​ថ្មី​ចំនួន៤០​នាក់នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ឆ្លង​សហគមន៍ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​មាន​ទៅ​ដល់​១.៧៤៨​នាក់ ​ចាប់​តាំង​ពី​ផ្ទុះ​ឆ្លង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​។

ត្រឡប់​ទៅអ្នក​នាង ធឿន សុធារ័ត្ន វិញ អ្នក​នាង​ដែល​កំពុង​រស់​នៅ​ជាមួយ​ជីដូន​និង​កំពុង​ធ្វើ​ចត្តា​ឡីស័ក មាន​ប្រសាសន៍​ថា​អ្នកនាងមិន​ទាន់​ដឹង​លទ្ធ​ផល​តេស្ត​រក​វីរុស​កូវីដ​១៩​របស់​អ្នក​នាង​ ដែលត្រូវ​បាន​យក​សំណាក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា នៅ​ឡើយ​ទេ។

អ្នក​នាង​ សុធារ័ត្ន ដែល​ជា​អ្នក​ត្បាញ​អំបោះ​ហុង​លក់​នៅ​ផ្ទះ លែង​បាន​ឃើញ​ឪពុក​របស់​អ្នក​នាងដែល​ធ្លាប់​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើ​ការ​នៅ​ម៉ោងជាង៥​ព្រឹក​ឬពេល​ខ្លះ​ម៉ោង​៩​ព្រឹក​ និង​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ពេល​រសៀល ឬ​ពេល​ខ្លះម៉ោង​ជាង​៧​យប់​ទៀត​ហើយ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ច័ន្ទ​ អ្នក​នាង​ក៏​មិន​ទាន់​ដឹង​ថា​តើ​សាក​សព​របស់​ឪពុក​ត្រូវ​បាន​បូជា​ហើយ​ឬ​នៅ​ទេ ខណៈអ្នក​នាង​និ​ងក្រុម​គ្រួសារមិន​អាចធ្វើ​ដំណើរ​ទៅក្រៅ​បាន។

អ្នកនាងបញ្ជាក់​ថា៖ «ខ្ញុំ​អត់​ទាន់​ដឹង​ដែរ​បង ព្រោះ​ខ្ញុំ​នៅ​ផ្ទះ​ ខ្ញុំ​អត់​ដឹង​អី​ផង ព្រោះ​គេ​ថា​ចាំ​ឲ្យ​ពួក​ខ្ញុំ​រួច​រាល់​អស់​សិន[ចត្តាឡីស័ក​និង​តេស្ត​រក​ជំងឺ​កូវីដ​១៩]​ បាន​គេ​និយាយ​»៕