នៅថ្ងៃសុក្រនេះ រដ្ឋសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់អាស៊ីដ ដ៏ពិសេសមួយសម្រាប់បើកផ្លូវឱ្យមានការព្យាបាលជនរងគ្រោះដោយការវាយប្រហារទឹកអាស៊ីដរហូតដល់ជាសះស្បើយ និងផ្តន្ទាទោសជនល្មើសវាយប្រហារទឹកអាស៊ីដឱ្យជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ។
សមាជិករដ្ឋសភាចំនួន៨១រូប នៃសមាជិកមានវត្តមានចំនួន៨៥រូប បានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់គ្រប់គ្រងអាស៊ីដខ្លាំងនេះ ដែលមានចំនួន ២៧មាត្រា តម្រូវឱ្យមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬ គ្រឹះស្ថានព្យាបាលសាធារណៈផ្សេងទៀត ត្រូវផ្តល់ការសង្គ្រោះ និងការព្យាបាលដល់ជនរងគ្រោះ ដោយអាស៊ីដខ្លាំងដោយឥតគិតថ្លៃ ហើយតម្រូវឱ្យផ្តន្ទាទោសឧក្រិដ្ឋជនវាយប្រហារទឹកអាស៊ីដឲ្យជាប់ពន្ធនាគារពី២ឆ្នាំរហូតដល់៣០ឆ្នាំ តាមកម្រិតនៃទោស។
លោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងសម័យប្រជុំសភាថា លោកទទួលយកសំណូមពរ និងអនុសាសន៍របស់តំណាងរាស្ត្រ មកពង្រឹងការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាព។
លោករដ្ឋលេខាធិការ តេង សាវង្ស បានបញ្ជាក់ថា ច្បាប់គ្រប់គ្រងអាស៊ីដខ្លាំងនេះ គឺជាឧបករណ៍ច្បាប់ដ៏មានសារៈសំខាន់សម្រាប់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងអាស៊ីដខ្លាំងឱ្យមានប្រសិទ្ធភាព និងផ្តន្ទាទោសឱ្យបានតឹងរ៉ឹងចំពោះឧក្រិដ្ឋជន ដែលឆ្លៀតឱកាសប្រើប្រាស់អាស៊ីដខ្លាំងប្រឆាំងនឹងគូសត្រូវ។
«យើងនឹងខិតខំពង្រឹងការអនុវត្តច្បាប់គ្រប់គ្រងអាស៊ីដខ្លាំងឱ្យកាន់តែល្អប្រសើរ»។
លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងនៅក្នុងសម័យប្រជុំសភាថា ច្បាប់នេះនៅមានភាពចន្លោះប្រហោង ដែលជាការបើកឱកាសឱ្យមានអំពើពុករលួយនៅក្នុងតុលាការ។ ជាពិសេស ចៅក្រមមួយចំនួនដែលខ្វះសតិសម្បជញ្ញៈប្រើប្រាស់ភាពខ្វះចន្លោះប្រហោងនៃច្បាប់នេះ ដើម្បីកាត់បន្ថយទោសជាប់ពន្ធនាគាររបស់ជនឧក្រិដ្ឋវាយប្រហារទឹកអាស៊ីដ។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា ក្នុងទោសប្បញ្ញត្តិ មាត្រាមួយចំនួនមានខ្លឹមសារសមរម្យ ដែលអាចទទួលយកបាន ប៉ុន្តែមាត្រា២០បានផ្តន្ទាទោសស្រាលពេកដល់ជនល្មើសវាយប្រហារទឹកអាស៊ីដ។
«មាត្រា២០នេះ ស្នើឯកឧត្តមមេត្តាពិចារណា យើងគួរតែដកមាត្រា២០នេះចេញ។ យើងទុកតែមាត្រា១៦ទោស ជាប់ពន្ធនាគារពី១០ឆ្នាំ ទៅ២០ឆ្នាំ ចំពោះបទទារុណកម្ម អំពើឃោរឃៅដែលប្រើអាស៊ីដខ្លាំងទៅលើបុគ្គលណាម្នាក់»។
មាត្រា២០ បានចែងថា អំពើហិង្សាដោយចេតនាទៅលើអ្នកដទៃដោយប្រើអាស៊ីដខ្លាំង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។
លោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានពន្យល់នៅក្នុងសម័យប្រជុំសភាថា មាត្រា២០នេះ មិនអាចលុបចោលបានទេ ពីព្រោះច្បាប់ត្រូវចែងអំពីទោសជាប់ពន្ធនាគារនេះ តាំងពីទោសកម្រិតទាបបំផុតរហូតដល់ទោសជាប់ពន្ធនាគារកម្រិតខ្ពស់បំផុត ស្របតាមកម្រិតនៃបទល្មើស ដើម្បីទុកសិទ្ធិឱ្យចៅក្រមពិចារណា និងសម្រេចក្តីនោះ។
លោកវេជ្ជបណ្ឌិត ហង ឡៃរ៉ាប៉ូ ប្រធានផ្នែកពេទ្យ និងច្បាប់នៃអង្គការជួយសង្គ្រោះជនរងគ្រោះអាស៊ីដ បានថ្លែងយ៉ាងដូច្នេះថា៖ «យើងខ្ញុំមានការត្រេកអរចំពោះការអនុម័តច្បាប់អាស៊ីដនេះដែលជាបឋម។ ប៉ុន្តែនៅក្នុងអត្ថន័យខ្លឹមសារនៅក្នុងមាត្រា១១ មាត្រា១៣ មាត្រា១៦ មាត្រា១៩ និងមាត្រា២០ក្តី យើងឃើញមានខ្វះចន្លោះខ្លះៗ។ ប៉ុន្តែយើងព្យាយាមតស៊ូមតិសុំឱ្យមានការដាក់អត្ថន័យឱ្យពេញលេញដែរ ប៉ុន្តែខាងបច្ចេកទេសបាននិយាយថា ច្បាប់នេះអាចធ្វើបានត្រឹមប៉ុណ្ណឹង»។
លោក អ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា អាជ្ញាធរត្រូវអនុវត្តន៍ច្បាប់អាស៊ីដឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ ឬ កាត់បន្ថយបទល្មើសវាយប្រហារទឹកអាស៊ីដប្រឆាំងនឹងគូសត្រូវ ខណៈដែលប្រទេសកម្ពុជាមានជនរងគ្រោះ ដោយការជះទឹកអាស៊ីដកាន់តែច្រើនឡើង។
«យើងស្វាគមន៍នូវការណ៍ដែលសភាបានអនុម័តច្បាប់អាស៊ីដខ្លាំងព្រឹកមិញនេះ។ យើងសង្ឃឹមថា ក្រោយពីច្បាប់នេះចេញទៅ នឹងអាចមានការកាត់បន្ថយនៃការប្រើប្រាស់អាស៊ីដ ក្នុងការវាយប្រហារទៅលើជនរងគ្រោះនេះ»។
លោក សោម ប៊ុនណារិទ្ធ អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ដែលបានពិការភ្នែកទាំងពីរដោយការវាយប្រហារទឹកអាស៊ីដពីភរិយារបស់លោកក្នុងរឿងស្នេហាត្រីកោណនៅដើមឆ្នាំ២០០៦នោះ បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអនុម័តសេចក្តីព្រាងច្បាប់អាស៊ីដនេះ ដើម្បីការពារប្រជាពលរដ្ឋកុំឱ្យរងគ្រោះដោយសារអាស៊ីដដូចរូបលោក។
លោកវេជ្ជបណ្ឌិត ហង ឡៃរ៉ាប៉ូ បានបញ្ជាក់ថា អង្គការជួយសង្គ្រោះជនរងគ្រោះអាស៊ីដបានទទួលជនរងគ្រោះដោយសារទឹកអាស៊ីដចំនួន ៣៤៥នាក់រហូតមកដល់ពេលនេះ។
លោក អ៊ំ សំអាត បានបញ្ជាក់ថា ការវាយប្រហារទឹកអាស៊ីដនៅទូទាំងប្រទេសកម្ពុជាអាចមានដល់ទៅ៤០ករណីក្នុងមួយឆ្នាំ៕