គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​មាន​តុល្យភាព​សមាសភាព​ក្នុង​គណៈកម្មការ​បោះឆ្នោត​មូលដ្ឋាន

មន្ត្រី​​រៀបចំ​ការ​បោះឆ្នោត​​កម្ពុជា​ម្នាក់ អាន​លទ្ធផល​​សន្លឹក​ឆ្នោត​មួយ​​​ នៅ​ក្នុង​​អំឡុង​វត្តមាន​នៃ​​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​​ដែល​មើល​តាម​បង្អួច។

គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បញ្ចូល​តំណាង​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​នៅ​ក្នុង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ឲ្យ​មាន​តម្លាភាព​ និង​យុត្តិធម៌។

ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ត្រូវ​បាន​ចោទ​ប្រកាន់​អំពី​ការ​ជ្រើស​រើស​តែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ធ្វើ​ជា​សមាជិក​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ថ្នាក់​ខេត្ត​ រាជធានី​ ស្រុក ​ខណ្ឌ ឃុំ និង​សង្កាត់។

គណបក្ស​នយោបាយ​នៅ​កម្ពុជា​នឹង​ធ្វើ​ការ​ប្រកួត​ប្រជែង​យក​សមាជិក​ក្រុម​ប្រឹក្សា​ចំនួន​១១.៤៥៩​នាក់​នៅ​ក្នុង​ឃុំ ​សង្កាត់​ចំនួន​១.៦៣៣​នៅ​ទូទាំង​ប្រទេស​ដើម​ឆ្នាំ​២០១២​ខាង​មុខ​នេះ។

ឃុំ ​សង្កាត់​ភាគ​ច្រើន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ​២០០៧។ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ៧.៩៩៣​នាក់​ គណបក្ស​សម ​រង្សី​ ២.៦៦០​នាក់​ គណបក្ស​នរោត្តម​ រណឫទ្ធិ​៤២៥​នាក់​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​២៧៤​នាក់​ និង​គណបក្ស​ហង្ស​ដារ៉ា​ចលនា​ប្រជាធិបតេយ្យ​ម្នាក់។

លោក ​ហូ ​វ៉ាន់​ តំណាងរាស្ត្រ​គណបក្ស​សម ​រង្សី ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​តំណាង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ និង​តំណាង​គណបក្ស​នយោបាយ​នៅ​ទីស្តីការ​គ.ជ.ប​ ថា​បើ​តំណាង​គណបក្ស​នយោបាយ​ប្រឆាំង​មិន​មាន​វត្តមាន​នៅ​ក្នុង​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ទេ​ ដែល​នេះ​គឺ​ជា​គ្រោះ​ថ្នាក់​សម្រាប់​គណបក្ស​ប្រឆាំង។

លោក ​ហូ ​វ៉ាន់​ បាន​បញ្ជាក់​ថា​ បេក្ខជន​មក​ពី​គណបក្ស​សម ​រង្សី ​ដែល​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ក្នុង​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ ប្រឡង​មិន​ជាប់​ទេ​ ដោយ​និយាយ​ថា​គ្មាន​វិជ្ជាជីវៈ​ និង​គ្មាន​បទពិសោធន៍។​ ប៉ុន្តែ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ សុទ្ធ​តែ​បាន​ប្រឡង​ជាប់​ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​បទ​ពិសោធន៍។

«គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ខេត្ត​ រាជធានី ​ស្រុក ​ខណ្ឌ ​និង​ឃុំ ​សង្កាត់​ មាន​តំណាង​គណបក្ស​នយោបាយ​មួយៗ​ ដែល​មាន​ អាសនៈ​ក្នុង​រដ្ឋសភា ​ហើយ​រួច​ក្រៅ​ពី​ហ្នឹង​យើង​រើស​បន្ថែម​ទៀត​ទៅ​ដើម្បី​បង្កើន​ទំនុក​ចិត្ត​ និង​ប្រសិទ្ធិភាព។ ​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​របស់​យើង​មាន​ឯករាជ្យ​ តម្លាភាព​ ប្រសិទ្ធិ​ភាព​ ជំនឿ​ជឿ​ជាក់​អាច​ទទួល​យក​បាន»។

លោក អ៊ុក ​ស៊ុយ ​តំណាង​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​ថា​ តំណាង​គណបក្ស​នយោបាយ​ដើរ​តួនាទី​សំខាន់​ណាស់​ដើម្បី​ធ្វើ​ការ​ជា​មួយ​មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ប្រកប​ដោយ​ឆន្ទៈ​នៃ​ច្បាប់​ និង​ត្រួត​ពិនិត្យ​មើល​ការ​អនុវត្ត​របស់​គណៈកម្មការ​ទាំង​នេះ។

លោក​ ប៉ែន​ សង្ហា​ តំណាង​គណបក្ស​នរោត្តម​ រណឫទ្ធី​ បាន​បញ្ជាក់​ថា​ គោលការណ៍​ជ្រើស​រើស​សមាជិក​គណៈកម្មកា​រៀប​ចំការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ដែល​មាន​សមត្ថភាព​ គោលការណ៍​ គុណភាព​ និង​ប្រសិទ្ធិភាព​ គឺ​ជា​ការ​ពិត​ និង​ត្រឹម​ត្រូវ​ ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង​នៅ​តែ​មាន​ការ​រើស​អើង​ចំពោះ​បេក្ខជន​ពី​គណបក្ស​ប្រឆាំង។

លោក​ ទេព ​នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ បាន​បញ្ជាក់​ថា​ ច្បាប់​មិន​តម្រូវ​ឲ្យ​មាន​តំណាង​គណបក្ស​នយោបាយ​ទេ​ ហើយ​ការងារ​របស់​គ.ជ.ប​ ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់។

លោក​ ហង្ស​ ពុទ្ធា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រិត្យ​ និង​មិន​លម្អៀង​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី ​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​បាន​ថ្លែង​ថា ​គណបក្ស​នយោបាយ​មិន​អាច​ទុក​ចិត្ត​អព្យាក្រិត្យ​ភាព​របស់​សមាសភាព​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ។

«ខ្ញុំ​គិត​ថា​ តំណាង​គណបក្ស​ក្នុង​សមាសភាព​គ.ជ.ប ​អាច​ជា​វិធី​មួយ​ដើម្បី​ឲ្យ​គណបក្ស​ទាំង​អស់​នោះ​ អស់​ចិត្ត​ថា ការ​បោះឆ្នោត​នេះ​ គាត់​អាច​ទទួល​យក​ពី​ព្រោះ​មាន​តំណាង​គណបក្ស​របស់​គាត់​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ហើយ»។

លោក ​ហង្ស​ ពុទ្ធា​ បាន​បន្ត​ថា​ អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ការ​បោះឆ្នោត​មួយ ​ដែល​គណបក្ស​ទាំង​អស់​អាច​ទទួល​យក​បាន​ដោយ​ឯកច្ឆន្ទ៕