​គណបក្ស​ថ្មី​និង​ចាស់​ត្រៀម​ប្រកួត​នៅ​ថ្នាក់​ឃុំ-សង្កាត់​ក្នុង​បរិយាកាស​នយោបាយ​រឹតត្បិត

រូបឯកសារ៖ បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/វីអូអេ)

វ៉ាស៊ីនតោន — គណបក្ស​នយោបាយ​មួយ​ចំនួន​កំពុងតែរៀបចំ​ខ្លួន​ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០២២​ ខណៈ​ពេលដែល​គណបក្ស​នយោបាយ​ខ្លះ​ហាក់​នៅស្ទាក់ស្ទើរ​នៅឡើយ​ ដោយ​បារម្ភ​ពី​បរិយាកាស​នយោបាយ។

ការបោះឆ្នោត​លើក​នេះ ក៏ប្រៀប​ដូចជា​ការធ្វើ​ប្រជាមតិមួយ​ទៀត​លើ​ប្រជាប្រិយភាពនៃគណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ក្នុង​ការទាក់ទាញ​អ្នកគាំទ្រ​នៅ​ថ្នាក់​មូលដ្ឋាន​ បន្ទាប់ពី​បាន​ដណ្តើម​យកមកគ្រប់គ្រង​ស្ទើរតែ​ទាំងស្រុង​នូវ​អំណាចថ្នាក់​ក្រោមជាតិ តាំងពី​ក្រោយ​ការរំលាយ​គណបក្ស​ប្រឆាំង ​នៅចុងឆ្នាំ​ ២០១៧។​

គណបក្ស​នយោបាយ​ចំនួន​ ១២ ​បាន​ចូលរួម​ប្រកួត​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​ក្នុង​ឆ្នាំ ២០១៧​ ប៉ុន្តែ​មាន​តែ​គណបក្ស​ធំពីរ​ទេ​ ដែល​ទទួលបាន​សំឡេង​ប្រហាក់​ប្រហែល​គ្នា ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ​ជាង ៥០ ​ភាគរយ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​សន្លឹកឆ្នោត​ជិត ​៤៤ ​ភាគរយ។

នៅក្នុង​សៃវៀន​នយោបាយ ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រៀប​តាំងពី​ធនធាន​មនុស្ស​ហិរញ្ញវត្ថុ​ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​តាំងពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន។ ចំណែក​លំហ​សម្រាប់​គណបក្ស​នយោបាយ​ខ្លះ​ហាក់​ចង្អៀត។ ដូច្នេះ​ហើយ​បានជា​គណបក្ស​នយោបាយ​ ដែល​មិន​កាន់​អំណាចខ្លះ​បាន​ចងសម្ព័ន្ធភាព​នឹង​គ្នា​និង​រិះរក​យុទ្ធសាស្ត្រ​ឃោសនា ​ដែលអាច​ធានា​ឲ្យ​ពួកគេ​ទទួលបាន​អាសនៈ​ខ្លះ​នៅក្នុង​ឃុំ-សង្កាត់​ទាំង ​១.៦៤៦។

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

រូបឯកសារ៖ ទិដ្ឋភាពនៃ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ ក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

ក្នុង​នេះ​មាន​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ​ ដែល​បាន​បង្កើត​ឡើង​កាលពី​ចុងឆ្នាំ​ ២០២០​ ដោយ​រួមបញ្ចូល​អ្នកនយោបាយ​ជើងចាស់​និង​ជើងថ្មី។ ក្នុង​ចំណោម​នោះ ​មាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ ​និង​គណបក្ស​ខ្មែរ​តែមួយ​របស់​លោក កែម រិទ្ធិសិត។

​គណបក្ស​នៅ​ក្នុង​សម្ព័ន្ធភាព​នេះ​គ្រោង​នឹង​ប្រើ​យុទ្ធសាស្ត្រ​ដាក់​សមាសភាព​បេក្ខជន​ឈរ​ឈ្មោះ​ចម្រុះ​គឺ​ បើ​នៅ​ក្នុង​ឃុំ-សង្កាត់​ណា​ដែល​មាន​សមាជិក​ក្រុមប្រឹក្សា​ស្រាប់ ​គឺ​ផ្តល់​អាទិភាព​ឲ្យ​គណបក្ស​នោះ​បន្ត​ឈរឈ្មោះ​ទាំងស្រុង។ ប៉ុន្តែ​នៅក្នុង​ឃុំ-សង្កាត់​ណា​ដែល​មិន​ទាន់​មាន​ទេ ​គឺ​ត្រូវ​ដាក់​បេក្ខជន​ចម្រុះ​ក្នុង​បញ្ជី​តែ​មួយ ដោយ​មាន​ការឯកភាព​គ្នា​តាម​កូតា។

លោក ​ម៉ម សូណង់ដូ​ ប្រធាន​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ​ បាន​ពន្យល់បន្ថែម​ប្រាប់​វីអូអេ​ថា៖ «យើង​គិត​ឃើញ​ថា ​បើ​យើង​ឈរ​ម្នាក់​ឯង​ គឺពិបាក​នឹង​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​ផ្សេង​ទៀត​ បោះឆ្នោត​ឲ្យ​យើង ​បើ​គេ​អត់​ឃើញ​មាន​ឈ្មោះ​សមាជិក​គណបក្ស​ណា​មួយ ​នៅ​ក្នុង​បញ្ជី​ហ្នឹង»។

លោក ម៉ម សូណង់ដូ​ ដែល​ជា​ម្ចាស់​គ្រប់គ្រង​វិទ្យុ​សំបុកឃ្មុំ​ មាន​ជំនឿ​ថា​ គណបក្ស​របស់​លោក​ចូលរួម​ការប្រកួត​ ប្រកប​ដោយ​ការជឿជាក់​ជាង​លើកមុន​ បន្ទាប់ពី​លោកទទួល​បាន​បទពិសោធន៍​ខ្លះ​ តាម​រយៈ​ការបម្រើ​ការងារ​នៅក្នុង​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​មួយ​ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ឡើង​ ក្រោយ​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ ​២០១៨​ សម្រាប់​គណបក្ស​នយោបាយ​ ដែល​មិន​បាន​ឈ្នះ​អាសនៈ​នៅក្នុង​រដ្ឋសភា។

លោក ម៉ម សូណង់ដូ​ បាន​ពន្យល់​ថា៖ «សំខាន់​បំផុត​អនុញ្ញាត​ឲ្យ​យើង​ឃើញ​ថ្នាក់​ក្រោម​ជាតិ​យក​ច្បាប់​ទៅ​អនុវត្ត​ដោយ​របៀប​ណា​សម្រាប់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល។ រឿង​ហ្នឹង​យើង​ដឹងច្រើន​មែនទែន។ យើង​ភ្លឺ​ភ្នែក​មែនទែន។ យើង​ដឹង​ដំណើរការ​របស់​រាជរដ្ឋាភិបាល​ថា ​ចំណុច​ខ្សោយ​និង​ចំណុច​ខ្លាំង​យ៉ាង​ម៉េច។ ចំណុច​នេះ​សំខាន់​មែនទែន»។

ក្នុង​ចំណោម​គណបក្ស​សម្ព័ន្ធ​នេះ​ គឺ​មានតែ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក​ ញ៉ឹក ប៊ុនឆៃ​ អតីត​ឧត្តមសេនីយ៍​នៃ​ចលនា​តស៊ូ​រាជានិយម​ហ៊្វុនស៊ីនប៉ិច​ និង​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យទេ​ ដែល​ទទួលបាន​អាសនៈ​ក្រុមប្រឹក្សា​សរុប​ចំនួន​ ២៥​ នៅក្នុង​ថ្នាក់ឃុំ។

អ្នកដែល​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​មួយ​ទៀត ​គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ដែល​មាន​គោលការណ៍​ផ្តោតខ្លាំង​លើ​ការពង្រឹង​កម្លាំង​ស្នូល​នៅថ្នាក់​ក្រោម​ជាតិ។ ក្នុង​ឆ្នាំ​ ២០១៧​ គណបក្ស​នេះ​ឈ្នះ​បាន​អាសនៈ​ចំនួន​ ៥​ នៅ​ខេត្ត​ចំនួន​ ៣ ​គឺ​ខេត្ត​កំពង់ធំ​ កំពត ​និង​ព្រះវិហារ។

លោក យ៉ង សាំង​កុមារ​ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ យល់ថា​ ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ មាន​សារៈ​សំខាន់​ណាស់​ ក្នុង​ការពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​មូលដ្ឋាន។

លោក​ យ៉ង សាំង​កុមារ​ បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា៖ «អីចឹង​សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ​ ២០២២​ នេះ​ គឺ​យើង​នឹង​ចូលរួម​ប្រកួត​ក្នុង​ការបោះឆ្នោត ដោយ​យើង​ធ្វើការ​ត្រៀម​ខ្លួន​ជាជំហានៗ។ ជំហាន​ទី១ ​យើង​គ្រោង​រៀប​ ១០០ ឃុំ​ បន្ទាប់មក ​ជំហាន​បន្ទាប់​ យើង​ពង្រីក​បណ្តើរៗ​ទម្រាំ​ដល់​ពេល​ការប្រកួត​ការបោះឆ្នោត»។

យ៉ាងណាក៏ដោយ​ លោក យ៉ង សាំងកុមារ​ បាន​ត្អូញត្អែរ​ពី​ការលំបាក​ក្នុង​ការជ្រើសរើស​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ​នៅ​ថ្នាក់​មូលដ្ឋាន៖ «ការលំបាក​ត្រង់​ថា​ ប្រជាពលរដ្ឋ​យើង​ដែល​មាន​សមត្ថភាព​ ដែល​ចង់​ឈរ​ឈ្មោះ​ ជាពិសេស​យុវជន​យុវនារី​គាត់​រស់​នៅ​ក្នុង​ការភ័យខ្លាច​ ភ័យខ្លាច​ ដោយសារ​ភាពរើសអើង​នយោបាយ​តាម​ភូមិឃុំ តាម​មូលដ្ឋាន​ សូម្បី​តាម​ទីក្រុង​ក៏​អីចឹង​ដែរ»។

រូបឯកសារ៖ គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន (គប​ម) ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​អណត្តិ​ទី៦​ តាម​ដង​វិថី​នានា​ នៅ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី ១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ខាន់ សុគុំមនោ/វីអូអេ)

រូបឯកសារ៖ ក្បួន​ដង្ហែ​ឃោស​នារកសំឡេង​ឆ្នោត ​របស់​គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច​ សម្រាកក្រោយអាហារ​ថ្ងៃ​ត្រង់​ នៅ​លើ​មហា​វិថី​តេជោ​ហ៊ុន​សែន ឬផ្លូវ​៦០​ ម៉ែត្រ​ មុននឹង​បន្តដង្ហែ​ក្បួនរថយន្តនាពេល​រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។

ក្រៅពី​គណបក្ស​ដែល​ធ្លាប់​បាន​ចូលរួម​ប្រកួត​ក្នុងពេល​កន្លង​មក​ គឺសៃវៀន​ប្រកួត​នៅ​ឆ្នាំក្រោយ​អាច​នឹង​មាន​លក្ខណៈ​កកកុញជាងមុន​ ដោយសារតែ​មាន​គណបក្ស​នយោបាយ​ថ្មីៗ​ជាច្រើន​ បាន​កើតឡើង​ នៅ​ក្រោយពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​ខ្លះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយមន្ត្រី​នៃ​អតីត​បក្ស​ប្រឆាំង​ និង​អ្នកខ្លះ​ជា​សកម្មជន​យូរ​ហើយ ​បើទោះបីជា​ពួកគេ​មិន​សូវ​មាន​ឈ្មោះ​បោះ​សំឡេង​ក៏ដោយ។

គណបក្ស​ឯកភាព​ជាតិ​ខ្មែរ​ ដែល​ទើប​បង្កើត​នៅចុង​ឆ្នាំ ២០២០ ​បាន​ថ្លែង​ថា ​គណបក្ស​នេះ​នៅ​កំពុង​ស្ទាបស្ទង់​លំហរ​នយោបាយ​ មុន​នឹង​សម្រេច​ចូលរួម​ប្រកួត​ ដោយសារតែ​មាន​ការរឹតត្បិត​ក្នុងពេល​ចុះ​ប្រមូល​កម្លាំង​គាំទ្រ​ និង​ពិបាក​ធ្វើ​សកម្មភាព ​និង​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ដែល​សមាសភាព​ថ្នាក់​ក្រោម​ជាតិ​ហាក់មិន​ទាន់បែង​ចែក​ដាច់គ្នា​ចេញពី​គណបក្ស​កាន់អំណាច។

លោក អ៊ុន ជឹម​ អនុប្រធាន​គណបក្ស​ឯកភាព​ជាតិ​ខ្មែរ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «បំណង​របស់​យើង​ចង់​ចូលរួម​បោះឆ្នោត​ ដើម្បី​ឲ្យ​មាន​ប្រជាធិបតេយ្យ ​ប៉ុន្តែបើ​ក្នុង​ស្ថានភាព​មួយ​អាប់​អួរ​ ហើយ​មិន​ទាន់​បើក​ចំហរ​ឲ្យ​មាន​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​មូលដ្ឋាន​ថ្នាក់​ខេត្ត​ជាចំហរ​ដូច​ថ្នាក់​លើ​ទេ ​ក៏​យើង​ត្រូវ​តែ​ពិចារណា​ឡើង​វិញ​ដែរ»។

គណបក្ស​នេះ​បាន​ចាប់ដៃ​ជាមួយ​នឹង​គណបក្ស​ថ្មី​មួយ​ទៀត ​គឺ​គណបក្ស​បំណង​ពលរដ្ឋ​ ដើម្បី​ពង្រឹង​កម្លាំង​ផង​ដែរ។

គណបក្ស​បំណង​ពលរដ្ឋ​ដែល​ទើប​បាន​ចុះឈ្មោះ​ផ្លូវការ​នៅ​ឆ្នាំ ២០១៩​ ក៏​បង្ហាញ​បំណង​ចូលរួម​ប្រកួត​ដែរ​ប៉ុន្តែ​នៅ​ស្ទាក់ស្ទើរ​នៅឡើយ។

លោក អ៊ិត សារម្យ ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ ការណ៍​នេះ​ដោយសារតែ​សិទ្ធិ​សេរីភាព​រង​ការរឹតត្បិត​ខ្លាំង​ និង​ការអនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ​លើ​អ្នករិះគន់​រដ្ឋាភិបាល​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការស្វែងរក​តំណាង​គណបក្ស​ឈរឈ្មោះ នៅ​ថ្នាក់​មូលដ្ឋាន​ផងដែរ។

លោក អ៊ិត សារម្យ​ បាន​បន្ថែម​ថា៖ «យើង​ឃើញ​រូបភាព​ខ្លះ​វា​ដូច​ជា​ចេតនា​មួយ​ រដ្ឋាភិបាល​មើលឃើញ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ហ្នឹង​ ជា​សត្រូវ​ជាមួយ​រដ្ឋាភិបាល។ ដល់​ពេល​ណា​ដែល​រដ្ឋាភិបាល​មើលឃើញ​ប្រជាពលរដ្ឋ​សម្តែង​មតិ​ ដើម្បី​សង្គម​ជាតិ​របស់​គាត់​ ឬក៏ដើម្បី​យុត្តិធម៌​សង្គម​របស់​គាត់​ គាត់​យក​បញ្ហា​នេះ​ទៅ​ថា​ចង់​ផ្តួល​រំលំ​យើង​មើលឃើញ​ថា ទិដ្ឋភាព​បែប​នេះ​មាន​ន័យ​ថា ​រដ្ឋាភិបាល​ហ្នឹង​ហាក់បី​ដូច​ជា​ព្រួយ​បារម្ភ​ខ្លួន​ឯង»។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​សាកល្បង​មួយ ​តាម​ឃុំ-សង្កាត់​មួយ​ចំនួន នៅ​ខែ​ឧសភា​ខាង​មុខ​ ដើម្បី​សាកល្បង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​បម្រើ​ការបោះឆ្នោត។ គណៈកម្មាធិការរំពឹង​ថា ​ការបោះឆ្នោត​ក្នុង​ពេល​ខាងមុខ​នឹង​ដំណើរការ​លឿន​ជាង​មុន​ ដោយសារតែ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ​ដែល​នឹង​ជួយដល់ការចុះបញ្ជី​គណបក្ស​នយោបាយ និងឈ្មោះ​បេក្ខជន​បោះឆ្នោត​ការរាយការណ៍​លទ្ធផលឆ្នោត​ និង​ការបញ្ជូន​ទិន្នន័យ។

លោក ឌឹម សុវណ្ណារ៉ុម ​អ្នកនាំពាក្យ​និង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖​ «ដូច្នេះ​លទ្ធផល​ដែល​នឹង​ប្រសូត​ចេញ​ពី​ការបោះឆ្នោត​សាកល្បង​នេះ​ គឺ​ជា​មូលដ្ឋាន​សំខាន់​ក្នុង​ការសម្រេច​របស់​ គ.ជ.ប. ​ដើម្បី​ឈាន​ទៅ​ថា​តើ​ប្រើប្រាស់​ប្រព័ន្ធ​ IT (បច្ចេកវិទ្យា) ​ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​ ២០២២​ និង​ឆ្នាំ​ ២០២៣ ​ដែរ​ឬទេ»។

លោក ឌឹម សុវណ្ណារ៉ុម​ បាន​បន្ថែម​ថា ​បច្ចេកវិទ្យា​នេះ​ក៏​នឹង​ជួយ​បញ្ចៀស​ការចុះឈ្មោះ​បេក្ខជន​ស្ទួន​ផង​ដែរ៖ «ការបញ្ចៀស​បាន​ឈ្មោះ​ស្ទួន​នៃ​បញ្ជី​បេក្ខជន​របស់គណបក្ស​នយោបាយ​ គឺ​យើង​ចំណេញ​ការងារ​ច្រើន​ណាស់​។ កន្លងមក​ជា​ បទពិសោធន៍រាល់​ពេល​ការចុះ​ឈ្មោះ​បោះឆ្នោត​ម្តងៗ ​នៅពេល​ដែល ​គ.ជ.ប​ ទទួល​ការចុះបញ្ជី​គណបក្ស​នយោបាយ ​និង​បេក្ខជន​បោះឆ្នោត​ក្រុម​ការងារ​បច្ចេកទេស​ត្រូវ​ចំណាយ​ពេល​ច្រើន​ ក្នុង​ការពិនិត្យ​មើល​បេក្ខជន​មួយ​រូប​ម្តងៗ​ ដើម្បី​ធានា​បាន​ថា​ បេក្ខជន​ ១ ​រូប​ស្រប​ទៅតាម​ច្បាប់​ឈរ​តំណាង​ឲ្យ​តែ ១ ​គណបក្ស​នយោបាយ​»។

បរិយាកាសឈាន​ទៅ​ការបោះឆ្នោ​តនៅ​ឆ្នាំ​ក្រោយ​នេះ​ ស្របពេល​ដែល​ស្ថានភាព​របស់គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ គឺនៅ​មិន​ទាន់​ច្បាស់​លាស់​នៅឡើយ​ និង​ក្នុងពេល​ដែល​ក្រុមអ្នកការពារ​សិទ្ធិមនុស្ស​វាយ​តម្លៃ​ថា ​រដ្ឋាភិបាល​កំពុងតែ​បង្ក្រាប​លើ​ក្រុម​អ្នក​ហ៊ាន​បញ្ចេញ​មតិ​រិះគន់។

រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិលើកដៃទៅកាន់អ្នកគាំទ្រក្នុងការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/វីអូអេ)

រូបឯកសារ៖ ទិដ្ឋភាពការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សសង្រ្គោះជាតិ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/វីអូអេ)

អតីត​សកម្មជន​និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្នាក់ឃុំ​រហូត​ដល់​ថ្នាក់ខេត្ត​ជាង​ ៤០ ​នាក់​ កំពុង​ជាប់ឃុំឃាំង​ ពាក់ព័ន្ធ​នឹង​ការរិះគន់​រដ្ឋាភិបាល​។ បន្ថែម​លើនោះ គឺ​មាន​អំពើ​ហិង្សា​នយោបាយ​លើ​អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​យ៉ាង​ហោចណាស់​មាន​ចំនួន​ជាង​ ២០ ​នាក់ ត្រូវគេ​លួច​វាយប្រហារ​ក្នុង​ឆ្នាំ​ ២០២០ ​កន្លង​ទៅ​នេះ។ នេះ​បើ​តាម​តួលេខ​របស់​គណបក្ស​ត្រឹម​ដើម​ខែកុម្ភៈ។

លោក អេង ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​រស់នៅ​នីរទេសខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ថា​ បរិយាកាស​នយោបាយ​នាពេល​បច្ចុប្បន្ន​មិន​អំណោយ​ផល​ឲ្យ​មាន​ការបោះឆ្នោត​ ដោយ​សេរី​និង​ត្រឹមត្រូវ​ទេ​ ដោយសារ​តែ​វាផ្តល់ប្រៀប​ទៅ​គណបក្ស​កាន់​អំណាច។

លោក អេង ឆៃអ៊ាង​ បាន​បន្ថែម​ថា៖ «តាំងតែ​ពី​របប​ហ៊ុនសែន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ឆ្នាំ​ ២០១៧​ ហើយ​រៀបចំ​ការបោះឆ្នោត​ក្លែង​ក្លាយ​នៅ​ឆ្នាំ​ ២០១៨​ មក ​គឺ​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​វិបត្តិ​និង​កំពុង​តានតឹង​ គឺ​បរិយាកាស​នយោបាយ​ពោពេញ​ទៅ​ ដោយ​ការចាប់​ចង​ការគំរាមកំហែង​ការបំភិត​បំភ័យ»។

គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឈ្នះ​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​ ៥.០០៧​ នៃ​តំណែង​ក្រុមប្រឹក្សា​ចំនួន​ ១១.៥៧២​ ក្នុង​នោះ​គ្រប់គ្រង​ឃុំ​និង​សង្កាត់​ចំនួន ​៤៨៩ ​នៃ​ឃុំ-សង្កាត់​សរុប​ចំនួន​ ១.៦៤៦​ កាលពី​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ខែមិថុនា ​ឆ្នាំ ២០១៧។ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​បាន​ចោទប្រកាន់​ថា ​អតីត​បក្ស​ប្រឆាំង​នេះ​បាន​ស្វែងរក​ជំនួយ​ពី​បរទេស​ក្នុង​ការប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ ហើយ​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ដែល​ខ្លួន​គ្រប់គ្រង​រំលាយចោល​នៅចុង​ឆ្នាំ​នោះ។

គណបក្ស​កាន់​អំណាច​អះអាង​ថា ​អតីត​បក្ស​ប្រឆាំង​អត់មាន​លទ្ធភាព​វិលមក​ប្រកួត​ប្រជែង​វិញបាន​ទេ​ដោយសារ​តុលាការ​កំពូល​បាន​រំលាយ​និង​បិទ​ផ្លូវតវ៉ា។ រីឯ​មេដឹកនាំ​មាន​ពិរុទ្ធភាព​មិន​ទាន់​បាន​ទទួល​ទោស។

លោក សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ថែម​ថា៖ «អីចឹង​លទ្ធភាព​នៃ​ការវិល​មកវិញ​អត់​មាន​ទេ​ ដោយសារ​គាត់​កំសាក​មិន​ហ៊ាន​ជាប់​គុក។ តាម​ការអះអាង​របស់​គាត់​ប្រាប់​សកម្ម​ជន​របស់​គាត់​ គឺ​គាត់​សុខចិត្ត។ គាត់​ក្លាហាន​ឲ្យ​សកម្ម​ជន​របស់​គាត់​ជាប់​គុក​ជំនួស​គាត់»។

លោក សុខ ឥសាន​ បាន​ថ្លែង​ដោយ​ចំអកថា​គណបក្ស​កាន់​អំណាច​សោកស្តាយ​ ដែល​បាត់​ដៃគូ​ដែល​ខ្លាំង​ ប៉ុន្តែ​គណបក្ស​មួយ​មិនមែន​តំណាង​ឲ្យ​ប្រជាធិបតេយ្យ​ទេ៖

«យើង​មាន​ការសោកស្តាយ​ហើយ​ការសោកស្តាយ​ ដោយសារ​បាត់​ដៃគូ​ដ៏​មាន​សក្តានុពល​នោះ​ឯង​ ហើយ​មូលហេតុ​ដែល​បាត់​ គឺខ្លួន​គាត់​ធ្វើ​ឲ្យ​បាត់​ខ្លួន​គាត់ ដោយ​សារ​នយោបាយ​មិន​អនុវត្ត​ទៅតាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ ដោយសារ​គាត់​ប្រើល្បិច​កល​ដើម្បី ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ​ដូចដែល​តុលាការ​កំពូល​លោក​បាន​ធ្វើការ​វិនិច្ឆ័យ​ ដោយ​មាន​ទឡ្ហីករ​និង​ពិរុទ្ធភាព​ច្បាស់​លាស់​ ហើយ​មិន​អាច​ប្រកែក​បានទេ»។

យ៉ាងណាក៏ដោយ ​អតីត​គណបក្ស​ប្រឆាំងព្រមាន​ថា ​បើ​គណបក្ស​កាន់អំណាច​នៅ​តែ​បន្ត​រៀបចំ​ការបោះឆ្នោត​ដោយ​មិនបានស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ មិន​លើក​កម្ពស់សិទ្ធិ​មនុស្ស​ឡើង​វិញ ​និង​បើក​ឱកាស​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ចូលរួម​ដោយ​សេរី​ទេ ​គឺ​លទ្ធផល​ឆ្នោត​នេះ​នឹងមិន​មាន​តម្លៃ​នៅ​លើ​ឆាក​អន្តរជាតិ​ទេ។

លោក អេង ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ថ្លែង​ថា៖​ «ដូច​រាល់​ថ្ងៃ​នេះ​ ទោះបី​ជាគណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​ កំពុងតែ​កាន់​អំណាច​បាន​មែន​ពិត​ ប៉ុន្តែ​តម្លៃ​មុខ​មាត់​របស់​គាត់​នៅ​លើ​ឆាក​អន្តរជាតិ ​អត់​មាន​តម្លៃ​ទេ។ វា​មាន​តម្លៃ​តែ​ជាមួយ​នឹង​ប្រទេស​ចិន​កុម្មុយនីស្ត​ ប្រទេស​យួន​ ប្រទេស​លាវ ​ប្រទេស​សៀម​ ដែល​ដឹកនាំ​ដោយ​ ប្រាយុទ្ធ​ ចាន់អូចា​ តែប៉ុណ្ណឹង។ ប៉ុន្តែ​ជាមួយ​លោក​ខាងលិច​ គឺ​គេ​មិន​ឲ្យ​តម្លៃ​គាត់​ទេ ​គឺ​មាន​តែ​គេ​ដាក់​ទណ្ឌកម្ម​ មានតែ​គេ​ថ្កោល​ទោស​ មានតែ​គេ​គាប​សង្កត់»។

លោក អេង ឆៃអ៊ាង​ ស្នើ​ឲ្យ​គណបក្ស​នយោបាយ​មិន​កាន់​អំណាច​ ត្រូវ​រួបរួម​គ្នា​ទាមទារ​ឲ្យ​បរិយាកាស​នយោបាយ ​វិល​ទៅរក​ដូច​មុន​ពេល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ឆ្នាំ​ ២០១៧​ ដោយ​អនុញ្ញាត​ឲ្យ​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​បានធ្វើ​នយោបាយ​ឡើងវិញ​ និង​ផ្លាស់ប្តូរ​ច្បាប់​គណបក្ស​នយោបាយ ​ដែល​អនុញ្ញាត​ឲ្យ​តុលាការ​រំលាយ​គណបក្ស​នយោបាយ​មួយចោល ​ប្រសិន​បើ​ថ្នាក់ដឹកនាំ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទឧក្រិដ្ឋ៕