តំណាងរាស្ត្រចំនួនពីរអណត្តិរបស់គណបក្សប្រឆាំង បានប្រកាសជាផ្លូវការនៅថ្ងៃអង្គារ៍នេះថា លោកលាឈប់ពីសមាជិកសភាតំណាងរាស្ត្រគណបក្សសម រង្ស៊ី ដើម្បីជំរុញឲ្យគណបក្សគោរពគោលការណ៏ដោះដូរតំណាងរាស្ត្រពាក់កណ្តាលអាណត្តិ ក៏ប៉ុន្តែលោកនៅតែជាប្រធានគណបក្សសម រង្ស៊ី ប្រចាំខេត្តតាកែវដដែល ។
ការប្រកាសលាឈប់របស់លោកម៉ៅ មុនីវណ្ណ នេះ បានកើតមានឡើងក្រោយពីលោកសម រង្ស៊ីប្រធាន គណបក្សសម រង្ស៊ី ត្រូវបានរដ្ឋសភាប្រកាសលុបឈ្មោះចេញពីបញ្ជីសមាជិកសភាតំណាងរាស្រ្តមណ្ឌលខេត្ត កំពង់ចាមខាងគណបក្សសម រង្ស៊ី បន្ទាប់ពីតុលាការកំពូលបានប្រកាសសាលក្រមកាលពីថ្ងៃទី០១ កន្លងទៅ នេះ ឲ្យលោកសម រង្ស៊ី ជាប់ពន្ឋនាគាររយៈពេលពីរឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងកម្ពុជា និងវៀតណាម ព្រមទាំងញុះញ៉ុងឲ្យមានការរើសអើងជាតិសាសន៍ ។
លោកម៉ៅ មុនីវណ្ណ បានផ្តល់សម្ភាសន៍ជាមួយវីអូអេ សំឡេងសហរដ្ឋអាមេរិកថា មូលហេតុដែលនាំឲ្យលោកលាឈប់ពីសមាជិកសភា តំណាងរាស្រ្តគឺដោយសារតែលោកចង់ឲ្យគណបក្សសម រង្ស៊ី គោរពតាមគោលការណ៍ដោះដូរតំណាងរាស្រ្តពាក់កណ្តាលអាណត្តិ។
«គឺជាការលះបង់របស់ខ្ញុំ ដើម្បីប្រាប់ទៅមេដឹកនាំគណបក្សសម រង្ស៊ី ថា ត្រូវឲ្យគោរពកិច្ចសន្យា គោរពពាក្យសម្តីរបស់ខ្លួន ដែលខ្លួនបានសន្យាមុនបោះឆ្នោតជាមួយនឹងបេក្ខជនតំណាងរាស្រ្តទាំងអស់ដែលជាប់ជាតំណាងរាស្រ្ត និងគឺធ្វើតែត្រឹមថ្ងៃទី២៤ទេ។ អញ្ចឹងខ្ញុំត្រូវតែលាលែងជាគំរូ»។
គណបក្សសម រង្ស៊ី ក្រោយពីការបោះឆ្នោតឆ្នាំ២០០៨ គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សនេះ ដែលមានសមាសភាពចំនួន១៥រូបបានសម្រេចឲ្យតំណាងរាស្រ្ត ដែលជាប់ឆ្នោតកាន់តួនាទីជាអ្នកតំណាង រាស្រ្តរយៈពេលតែពាក់កណ្តាលអណត្តិតែប៉ុណ្ណោះ។ ពោលគឺរយៈពេលចំនួនពីរឆ្នាំកន្លះ លើកលែងតែ តំណាងរាស្រ្តបីរូបតែប៉ុណ្ណោះនៅក្នុងចំណោម២៦រូប គឺលោកសម រង្ស៊ី លោកស៊ុន ឆៃ និងលោកយឹម សុវណ្ណ។
រយៈពេលនៃការដោះដូរអ្នកតំណាងរាស្រ្តពាក់កណ្តាលអាណត្តិនឹងត្រូវបញ្ចប់នៅថ្ងៃទី២៤ ខែមីនា។ ក៏ប៉ុន្តែ យន្តការនេះត្រូវបានលុចចោលទៅវិញ បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍មួយកាលពីថ្ងៃទី១៧ ខែមករា នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។
លោកម៉ៅ មុនីវណ្ណ បានមានប្រសាសន៍ថា លោកចង់សមាជិកគណប្សសម រង្ស៊ី គោរពគោលការណ៍ប្រជាធិបតេយ្យច្បាស់លាស់ដើម្បីសម្រេចជ្រើសរើសមេដឹកនាំពីមូលដ្ឋានរហូតដល់ថ្នាក់ជាតិតាមរយៈការបោះឆ្នោតដែលមានលក្ខណៈប្រជាធិបតេយ្យ។
«ខ្ញុំសង្កេតឃើញថា តាំងពីថ្ងៃបង្កើតគណបក្សរហូតមកទល់ពេលនេះ។ លោកសម រង្ស៊ី ហាក់បីដូចជា ជាប់គំនាបពីគ្រួសារហ្នឹងឯង។ ដល់អញ្ចឹងខ្ញុំចង់អំពាវនាវឲ្យថ្នាក់ដឹកនាំគណបក្សសម រង្ស៊ី ទាំងអស់ជាពិសេស គណកម្មការនាយករួមជាមួយខ្ញុំ ដើម្បីរំដោះលោកសម រង្ស៊ី ឲ្យចេញពីគ្រួសារ ដើម្បីមករួបរួមគ្នាជាមួយនឹង គណបក្សប្រជាធិបតេយ្យ»។
លោក ជូន ភារិទ្ឋ សមាជិកគណបក្សសម រង្ស៊ី ខេត្តកំពង់ចាមបានមានប្រសាសន៍ថា លោកសូមកោត សរសើរចំពោះការប្រកាសលាឈប់ពីតំណាងរាស្រ្តគណបក្សសម រង្ស៊ី របស់លោក ម៉ៅ មុនីវណ្ណ។ លោក ភារិទ្ធ ថ្លែងថា៖
«នេះជាឧត្តមគតិមួយ ដែលខ្ញុំត្រូវតែសរសើរ ហើយពេលនេះផងដែរ ក្នុងនាមខ្ញុំជាសមាជិកគណបក្ស ម្នាក់សម្រាប់ស្រុកចំការលើសូមអំពាវនាវដល់តំណាងរាស្រ្ត ដែលមានកិច្ចសន្យា ដែលមានល័ក្ខខ័ណ្ឌមាន ការព្រមព្រៀងគ្នា ត្រូវតែគោរពកិច្ចសន្យា។ បើមិនគោរពទេ អាហ្នឹងហាក់បីដូចជាមិនត្រឹមត្រូវ»។
លោកយឹម សុវណ្ណ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សគោរពតាមគោលការណ៍ប្រជាធិបតេយ្យ។ ដូច្នេះការលាប់ឈប់ពីតំណាងរាស្រ្ត គឺជាសិទ្ឋិរបស់លោក ម៉ៅ មុនីវណ្ណ ។
លោក យឹម សុវណ្ណបានមានប្រសាសន៍ទៀតថា ការសម្រេចមិនដោះដូរតំណាងរាស្រ្តពាក់កណ្តាល អណត្តិគឺគណបក្សបានធ្វើឡើងទៅតាមការសម្រេចរបស់គណៈកម្មការអចិន្ត្រៃយ៍ចំនួន១៥រូប មិនមែន សម្រេចទៅតាមអ្វី ដែលនឹកឃើញនោះទេ។ លោក សុវណ្ណ បន្តថា៖
«សេចក្តីសម្រេចទាំងអស់មិនមែនបុគ្គលណាម្នាក់ធ្វើទេ។ ជាពិសេសកិច្ចការដែលទាក់ទងនឹងសកម្មជន សកម្មនារីនៅក្នុងប្រទេសរាប់រយរាប់ពាន់នាក់ រួមទាំងគណបក្សមួយដែលមានការគាំទ្រពីមនុស្សរាប់លាននាក់ គឺយើងមិនអាចធ្វើសេចក្តីសម្រេចបានទេ។ រាល់សេចក្តីសម្រេចទាំងអស់សុទ្ឋតែពិភាក្សាយ៉ាងល្អិតល្អន់ផ្ទៃក្នុងគណបក្ស»។
លោកម៉ៅ មុនីវណ្ណ បានប្រកាសថា នៅពេលអនាគត លោកនិងចូលរួមជាមួយនឹងគណបក្សប្រឆាំង ណាដែលប្រកាន់និន្នាការប្រជាធិបតេយ្យ៕