រដ្ឋ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២០

បុរស​ម្នាក់​បរ​ម៉ូតូ​កាត់​មុខ​រដ្ឋ​សភា​ក្នុង​ក្រុង​ភ្នំពេញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)

រដ្ឋ​សភា​ជាតិ​ដែល​គ្រប​ដណ្តប់​ដោយ​ក្រុម​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច​ ​នៅថ្ងៃ​អង្គារ​នេះ​ ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២០ ​ដែល​នឹង​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជាង​៣៣​លាន​លាន​រៀល ​ឬ​ប្រមាណ​ជា​៨,២​ពាន់​លាន​ដុល្លារ​អាមេរិក។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​រដ្ឋសភា។​

រដ្ឋសភា​បាន​ថ្លែង​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស ចុះ​ថ្ងៃ​ទី២៦ខែវិច្ឆិកា​នេះថា​ រដ្ឋាភិបាល​បាន​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​៧​ជំពូក​ និង​១៥​មាត្រា​នេះ ក្នុង​គោល​បំណង​«ទ្រទ្រង់​ដល់​និរន្តរភាព​នៃ​ប្រតិបត្តិការ​របស់​រដ្ឋ​និង​ចលនការ​នៃ​ការ​កែទម្រង់​ស៊ីជម្រៅ​ និង​មុតស្រួចដើម្បី​ពង្រឹង​ប្រព័ន្ធ​ផ្ទៃ​ក្នុង​កម្ពុជា​ សំដៅ​ពង្រឹង​ភាពជា​ម្ចាស់​ទៅ​ថ្ងៃ​អនាគត»។​

សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ មាន​តំណាង​រាស្ត្រ​ចំនួន​១០៧​នាក់បាន​បោះឆ្នោត​ទទួល​យក​សេចក្តី​ព្រាង​ច្បាប់​នេះ​ ដោយ​មាន​ការ​ការ​ពារ​ពី​ខាង​ភាគី​រដ្ឋាភិបាល គឺ​លោក​អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ។​

តាម​រយៈគម្រោង​កញ្ចប់​ចាយ​វាយ​ថ្មី​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ខិតខំ​រក្សា​ឲ្យ​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​អត្រា​ប្រមាណ​រង្វង់​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ។ ដំណាល​គ្នា​នេះ​ រដ្ឋាភិបាល​នឹង​ប្រឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់បាន​របស់​ប្រជា​ពលរដ្ឋ​នូវ​សេវា​សាធារណៈ​សំខាន់ៗ​ ប្រកប​ដោយ​គុណភាព​ដូច​ជា​ សេវា​អប់រំ​ សុខាភិបាល​ យុត្តិធម៌​ និង​សេវា​មូលដ្ឋាន​ចាំបាច់​ផ្សេង​ទៀត​ រួមមាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​ របប​សន្តិសុខ​សង្គម ​និង​ការ​កាត់​បន្ថយ​គម្លាត​នៃ​ការ​រីកចម្រើន​រវាង​ទីក្រុង​ និង​ជនបទ។​

VOA ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​លោក​ឡេង ប៉េងឡុង​ អ្នក​នាំពាក្យ​សភា​ជាតិ​បាន​ទេ។​

គម្រោង​ចាយ​វាយ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០២០​បាន​បង្ហាញ​ថា​ ការ​ចំណាយ​លើ​វិស័យ​យោធា​ និង​សន្តិសុខ​ជាតិ​នៅតែ​កើន​ខ្ពស់​ជាង​វិស័យ​អាទិភាព​សំខាន់ៗ​ផ្សេង​ទៀត​ ​រួមមាន​វិស័យ​អប់រំ​ សុខាភិបាល​ និង​សង្គម​កិច្ច៕