មរតក​កិច្ចព្រមព្រៀង​ប៉ារីស​បន្ត​ដល់​អ្នកជំនាន់​ក្រោយ​ដោយ​លទ្ធផល​មិន​ទាន់​ពេញលេញ (ភាគ៣)

សិស្សានុសិស្ស​កម្ពុជា​កាន់​ព្រះឆាយាល័ក្ខណ៍​​ព្រះ​មហាក្សត្រ ព្រះ​បាទ​ នរោត្តម សីហមុនី នៅ​ក្នុង​អំឡុង​ខួប​ទី​៦៧ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ (AP)

កំណត់​និពន្ធ៖ នេះ​ជាភាគ​ទី​១​នៃ​កម្រង​សេចក្តីរាយការណ៍​ពិសេស៣​ភាគ​របស់​វីអូអេ​ក្នុង​ខួប​លើក​ទី​៣០​ឆ្នាំ​នៃ​ការ​អនុវត្តកិច្ច​ព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស។ ប្រិយមិត្តអាច​ចូល​អាន​បន្ថែម​ភាគដទៃ​ទៀតក៏​ដូច​ជា​ទស្សនា​បទ​សម្ភាសន៍​ជាមួយ​អ្នក​ជំនាញ​នៅ​ក្នុង​ទំព័រ​សេចក្តី​រាយការណ៍​ពិសេសេ​នៅ​ត្រង់​នេះ https://khmer.voanews.com/cambodiappa30

បរិយាកាស​នយោបាយ​នៅ​កម្ពុជា​បាន​វិល​ត្រឡប់​ទៅ​ការគ្រប់គ្រង​ដោយ​ឯកបក្ស​ដូច​ស្ថានភាពមុន​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កាលពី​៣០​ឆ្នាំ​មុន។ គណបក្ស​ប្រឆាំង​ធំ​ជាងគេ​បង្អស់​គឺ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយចោល​កាលពីឆ្នាំ​២០១៧។​ប៉ុន្តែ​គណបក្ស​កាន់​អំណាច​បានទុក​ច្រកខ្លះ​សម្រាប់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​និង​សារព័ត៌មានអាច​ដំណើរការ​បាន​ដែល​ជា​ការផ្តល់​ក្តី​សង្ឃឹម​យ៉ាង​ស្តួចស្តើង​ដល់​អ្នកតស៊ូ​មតិ។

ក្រុម​បស្ចិមប្រទេស​នាំគ្នា​រិះគន់​ចំពោះ​ការដើរ​ថយ​ក្រោយ​នៃ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុន្តែមិនបាន​ចាត់វិធានការ​អ្វី​ជា​ដុំកំភួនទេ។ ការផ្លាស់ប្តូរ​និង​អាទិភាព​របស់​ក្រុមប្រទេស​មហាអំណាច​ហាក់​ផ្តោត​ទៅ​លើ​បញ្ហាផ្សេងៗ​ដែល​ពិភពលោក​ជួប​ប្រទះ​ដែល​មាន​ដូចជា​វីរុស​កូរ៉ូណា​និង​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក។ ចំណែក​សហគមន៍​ខ្មែរនៅ​ក្រៅ​ប្រទេស​បាន​នាំគ្នាទាមទារ​ឲ្យ​មាន​ការកោះ​ប្រជុំ​មួយ​របស់​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដូច​ក្នុង​ឆ្នាំ​១៩៩១​ដើម្បី​ពិនិត្យ​មើល​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ។​

លោក ​Gareth Evans ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​និង​ជាអ្នក​ជួយ​រៀបចំ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​យល់​ថាឱកាស​កោះប្រជុំ​សន្និសីទ​ទីក្រុង​ប៉ារីស​ឡើង​វិញពិបាក​នឹង​កើត​ឡើង​វិញ។

លោក Evans ​បាន​ពន្យល់​ថា៖​ «ពេលវេលា​បាន​កន្លង​ផុត​ទៅ​៣០​ឆ្នាំ​ហើយ​ចាប់តាំងពី​រៀបចំ​សន្និសីទ​នោះ។ កាលៈទេសៈ​បាន​ផ្លាស់ប្តូរ។ គេទាំងឡាយ​ជាប់​រវល់​រឿង​ផ្សេង​ហើយ​លើស​ពីនោះ​បើទោះបី​ជា​អាច​កោះ​ប្រជុំ​ឡើងវិញ​ក៏ដោយ​ក៏​អំណាច​ដែល​សន្និសីទ​នោះ​មាន​គឺ​បញ្ជូន​ក្តីកង្វល់​ទាំងនោះ​ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ។ ក្នុងន័យ​នេះ​គឺ​អង្គការ​សហប្រជាជាតិ​កំពុងតែ​ដោះស្រាយ​ក្តីកង្វល់​ទាំងនោះ​តាម​រយៈ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​តាមរយៈ​អ្នករាយការណ៍​ពិសេស​ដែល​បាន​បង្កើត​ឡើង​តាំងពី​ពេល​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ហើយ​បច្ចុប្បន្ន​នៅតែមាន​តួរនាទី​ដដែល»។

រូប​ឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ (AFP)

រូប​ឯកសារ៖ លោក Gareth Evans (អតីត)​ រដ្ឋមន្ត្រីការ​បរទេសអូស្ត្រាលី​ថត​រូប​ជា​មួយ​រដ្ឋមន្ត្រី​ការបរទេស​(អតីត​)​សហភាព​សូវៀត ជប៉ុន ចិន សហរដ្ឋ​អាមេរិក​ ព្រម​ទាំង​សម្តេចព្រះ​នរោត្តម សីហនុ និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​១៩៨៩ នៅទី​ក្រុង​ប៉ារីស។ (AP)

ក្នុង​របាយការណ៍​ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ដើម​ខែតុលា​នេះ​លោកស្រី Michelle Bachelet ប្រធាន​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​រិះគន់​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​ក៏ដូចជា​គូប្រកួត​នយោបាយ​ដោយ​បាន​ចាប់ឃាត់ខ្លួន​និង​ដាក់​ពន្ធនាគារ​ជាង១០០​នាក់។

លោក Gareth Evans ​យល់ថា​អ្វី​ដែល​សហគមន៍​ខ្មែរ​គួរធ្វើ​គឺ​បន្ត​ចងក្រង​ករណី​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​បង្ហាញ​ដល់​ប្រទេស​ហត្ថលេខី​ហើយ​បន្ថែម​ពីនេះ​គឺ​ការអប់រំយុវជន​ឲ្យ​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​និង​ការឈឺចាប់​ដែល​អ្នកជំនាន់​មុន​បាន​ឆ្លងកាត់​និង​ការតស៊ូ​នានា​ដើម្បី​ឲ្យ​ពួកគេ​បន្ត​ទាមទារ​ថ្នាក់ដឹកនាំឲ្យ​ធ្វើ​ការងារ​ត្រឹមត្រូវ​វិញ។

លោក Evans ​បាន​បន្ថែម​ថា៖ «រឿង​ទាំងនេះ​ត្រូវតែ​ចូល​ទៅ​ក្នុង​ខួរក្បាល​របស់​ពួកគេ​ហើយ​ពួកគេ​ត្រូវតែ​យល់​ពី​សារៈសំខាន់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ដើម្បី​អនាគត​ដ៏​មាន​ប្រសិទ្ធភាព​របស់​ពួកគេ។.... ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ថា​ពួកគេ​ពូកែ​ស៊ូទ្រាំ​ណាស់​និង​ក៏​ក្លាហាន​ណាស់​ដែរ​ហើយ​ខ្ញុំ​មិនគិត​ថា​ពួកគេ​នឹង​នៅ​អនុគ្រោះ​រហូត​ទេ​ចំពោះ​ការបដិសេធ​មិន​ប្រគល់​សិទ្ធិ​ដល់​ពួកគេ។ ពួកយុវជន​ជំនាន់​ក្រោយ​នឹង​មិន​អត់ឱន​ឲ្យ​ទេ»។

កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​វ័យ​ក្មេង​ច្រើន។ ស្ថិតិ​ជំរឿន​ឆ្នាំ​២០១៩​របស់​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ថា​ពលរដ្ឋ​ដែល​មាន​អាយុ​៣៤​ឆ្នាំ​ចុះ​ក្រោម​មាន​រហូតដល់​៦៤%​នៃ​ប្រជាជន​កម្ពុជា​ទាំងអស់​ជាង​១៥​លាន​នាក់។

យុវជន​កម្ពុជា​តម្រង់​ជួរ​គ្នា​ដើម្បី​រង់​ចាំ​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ចិន​ស៊ីណូវ៉ាក់ (Sinovac) នៅ​មណ្ឌល​សុខភាព​ភ្នំពេញ​ថ្មី កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១។ (AP)

សហរដ្ឋ​អាមេរិក​លើក​ទឹកចិត្ត​ឲ្យ​ក្រុម​យុវជន​កម្ពុជា​ធ្វើ​សកម្មភាព​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដោយ​មិន​ចាំបាច់​រង់ចាំយូរ​ដោយ​ដើរ​តួនាទី​ក្នុង​សហគមន៍​វិស័យ​ឯកជន​និង​រដ្ឋាភិបាល។

លោក W. Patrick Murphy​ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ការ​លើក​ទឹកចិត្ត​របស់​ខ្ញុំ​ដល់​យុវជន​កម្ពុជា​គឺ​កុំគិត​ថា​អ្នកជា​មេដឹកនាំ​ក្នុង​ពេល​អនាគត។ ចូរ​គិត​ថា​អ្នក​គឺជា​មេដឹកនាំ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ យុវជន​នៅ​ជុំវិញ​ពិភពលោក​អាច​ចូលរួម​ចំណែក​បាន។ យើង​មាន​បញ្ហា​ប្រឈម​ជាច្រើន​ហើយ​យើង​ត្រូវការ​ដំណោះស្រាយ​ហើយ​យើង​ត្រូវការ​យុវជន​ដែល​ជំនាញ​ខាង​បច្ចេកវិទ្យា​មាន​គំនិត​ច្នៃប្រឌិត​បង្កើតថ្មី​មាន​ថាមពល»។​

នេះ​ជាអ្វី​ដែល​ក្រុមការងារ​ដឹកនាំ​ដោយ​យុវជន​ពីរ​រូប​កំពុង​ធ្វើការ​ជាប្រចាំ​តាំងពី​ឆ្នាំ​២០១៧​មក។​ ក្រុម​«យុវជន​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»​ដែល​នាំមុខ​ដោយ​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា​ភឹង សោភា​បានប្រើប្រាស់​បណ្តាញ​សង្គម Facebook​ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ពី​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​នេះ។

កញ្ញា ​ភឹង សោភា (ឆ្វេង) និង លោកស្រ៊ុន ស្រ៊ន សកម្មជន​យុវជន​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ពន្យល់ពី​សកម្មភាពអប់រំ​តាមបណ្តាញសង្គម​និង​ផលល្អនៃការស្វែងរកដំណោះស្រាយ​វិជ្ជមាន​ចំពោះបញ្ហាប្រឈម​ក្នុងសង្គមកម្ពុជា។ ពួកគេពេញចិត្តនឹង​លទ្ធភាព​ប្រើប្រា

លោក ស្រ៊ុន ស្រ៊ន ​សកម្មជន​១​រូប​បាន​ប្រាប់វីអូអេ​ថា៖ «អ៊ីចឹង​បើ​និយាយ​ពី​ទូរស័ព្ទ​មួយ​ហើយ​អាច​ធ្វើ​ឲ្យ​មនុស្ស​ពីរបី​លាន​នាក់​មើល​ដែរ​ក្នុង​មួយ​ខែ​ពួកខ្ញុំ​ជឿថា​អំណាច​នៃ​ការភ្ជាប់​ទំនាក់​ទំនង​រវាង​ខ្មែរ​ទូទាំង​សាកលលោក​ព្រោះ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ក៏ចូល​មើល​ខ្មែរ​នៅ​ឡាវ​ក៏​ចូល​មើល​ខ្មែរ​នៅ​បារាំង​ក៏​ចូលមើល​អ៊ីចឹង​ពួកយើង​ជឿជាក់​ថា​របៀបដែល​ពួកខ្ញុំ​ធ្វើ​សព្វថ្ងៃ​សាមញ្ញ​បន្តិច​ប៉ុន្តែ​មាន​ឥទ្ធិពល​ច្រើន​សម្រាប់​យុវជន​ជំនាន់​ក្រោយៗ»។

កញ្ញា ​ភឹង សោភា​ បាន​បន្ថែម​ដែរ​ថា៖ «អ្វី​ដែល​ពួកខ្ញុំ​ចែក​រំលែក​នេះ​គឺ​ពួកយើង​ធ្វើ​បែបណា​គឺ​និយាយ​អំពី​ដំណោះស្រាយ។ ពួកយើង​និយាយ​ពី​ច្បាប់​ហើយ​បំបែក​ទៅ​ជា​ដំណោះស្រាយ​រហូត​ទោះបី​និយាយ​ពី​កសិកម្ម​ប៉ុន្តែ​ជា​ដំណោះស្រាយ​និយាយ​ពី​សេដ្ឋកិច្ច​ក៏​ជា​ដំណោះស្រាយ។ បើ​និយាយ​ពី​កាតព្វកិច្ច​ប្រជាពលរដ្ឋ​គឺ​ថា​តើ​យើង​ពង្រឹង​ថា​តើ​យើង​ម្នាក់ៗ​ធ្វើ​អ្វី។ អ៊ីចឹង​បាន​ន័យ​ថា​ហាក់​ដូច​ជា​សារ​ប្រាប់​ជនរួម​ភាសា​ដទៃ​ថា​ពួកយើង​នេះ​មិនមែន​ជា​ពលរដ្ឋ​ដែល​រង់ចាំ​ទេ។ បើយើង​មិន​ចាប់ផ្តើម​ធ្វើ​គឺ​យើង​ក្លាយ​ជា​ពលរដ្ឋ​ដែល​មាន​ចរិត​លក្ខណៈ​ចាំ​តែ​មេដឹកនាំ​ដោះស្រាយ​ប៉ុន្តែ​ចង់​បាន​លទ្ធផល​ដែល​ចិត្ត​យើង​ចង់​តាម​ច្បាប់»។

ក្រុម​យុវជនបាន​ដាក់​ផែនការ ​៧.០០០ ​ថ្ងៃ​សម្រាប់​ការងារ​នេះប៉ុន្តែ​លទ្ធផល​បាន​បង្ហាញ​ខ្លះៗ។

ក្រុម​បាតុករ​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

លោក ស្រ៊ុន ស្រ៊ន បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «បើ​គិត​ពី​ឥទ្ធិ​ពល​របស់​វា​គឺ​មាន​ចំនួន​ធំ។ នៅ​គ្រប់​វត្ត​អារាម​ដែល​ខ្ញុំ​ដើរ​ទៅ​គឺ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​ពេល​ទៅ​ដល់​វត្ត​ណា​ក៏​មាន​ព្រះសង្ឃ​ចេញ​មក​ទទួល​ស្វាគមន៍​ពួកខ្ញុំ​ដែរ។ បាន​ន័យ​ថា​ព្រះអង្គ​បាន​មើល។ ក្មេង​អាយុ​៨ ឬ​៩​ឆ្នាំ​ឥឡូវនេះ​ក៏​បាន​ចូល​មកដែរ។ ពួកគេ​ខំមឹន​(comment)​ឬ​មក​ជួប​ផ្ទាល់។ ឪពុក​ម្តាយ​របស់​កូនៗ​ហ្នឹង​បាន​ណែនាំ​ឲ្យ​រក​ពួកខ្ញុំ។ អ៊ីចឹង​វា​ជា​ឥទ្ធិពល​ខ្លាំង​ដែល​កូនក្មេង​អាយុ​៨ ឬ៩​ឆ្នាំ​បាន​រៀន​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស»។

នៅ​រដ្ឋ Minnesota ​(មីនីសូតា)​ សហរដ្ឋ​អាមេរិក​មាន​គណៈកម្មការ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មួយ​ទើប​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៦​ដើម្បី​អប់រំ​ពលរដ្ឋ​ក្នុង​សហគមន៍​ឲ្យ​បាន​យល់​កាន់តែ​ច្រើន​ពី​កិច្ចព្រមព្រៀង​នេះ​ដែរ។​

លោក សុធា ប៉ូច សមាជិកនៃគណៈកម្មការ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីសនៅរដ្ឋ Minnesota ជឿជាក់ថា​ការតស៊ូរួមគ្នា​របស់ពលរដ្ឋក្នុងប្រទេសនិងនៅក្រៅប្រទេស​នឹងជួយ​ប្រទេសកម្ពុជាត្រឡប់ឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើងវិញមានការគោរពសិទ្ធិមនុស្ស​។

លោក សុធា ប៉ូច​ សមាជិក​គណៈកម្មការ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​ថ្លែងថា៖ «ក្រៅ​ពី​ធ្វើ​ខួប​រំលឹក​យើង​ក៏​បង្កើត​ជា​វេទិការ​សាធារណៈ​ដើម្បី​ធ្វើ​ទៅ​តាម​ហ្នឹង​ដែរ។ យើង​ពន្យល់​ពី​គោលការណ៍​និង​បទប្បញ្ញត្តិ​មួយៗ​ដោយ​យោង​ទៅ​តាម​ព័ត៌មាន​និង​អត្ថបទ​អង្គការ​ផ្សេងៗ​ទៀត»។

ក្រុមការងារក៏​តស៊ូ​មតិ​ផងដែរ​ដោយ​មាន​ការសរសេរ​លិខិត​ទៅ​ប្រទេស​ហត្ថលេខី​ធំៗ​ឲ្យ​ជួយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរពតាម​កិច្ចព្រមព្រៀង​នេះ។

លោក សុធា ប៉ូច ​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា៖​«បើ​កាលណា​ការតស៊ូ​មតិ​របស់​យើង​រួម​គ្នា​មាន​កម្រិត​ខ្ញុំ​គិតថា​វា​អាច​ជា​វិជ្ជមាន​និង​វា​អាច​កែ​និង​នាំ​ប្រទេស​កម្ពុជា​យើង​ត្រឡប់​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ឡើងវិញ​មាន​ការគោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ»។​

គណបក្ស​នយោបាយ​ខ្លះ​បាន​ត្រៀម​យុវជន​របស់​ខ្លួន​ដើម្បី​បន្ត​តំណែង​ជាពិសេស​គណបក្ស​កាន់អំណាច​បាន​បញ្ចូល​យុវជន​ថ្មី​ដែល​ជាកូន​របស់​វរជន​នយោបាយ​ក្នុង​តំណែង​សំខាន់ៗ​នៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ​និង​នីតិប្រតិបត្តិ។​

រូប​ឯកសារ៖ លោក ហ៊ុន ម៉ានី អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថត​រូប​ជាមួយ​យុវជន​កម្ពុជា​ក្នុង​អំឡុង​យុទ្ធនាការ​បោះឆ្នោតមួយ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កក្កដា ឆ្នាំ​២០១៨។ ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩

លោក​ មាជ សុវណ្ណារ៉ា​ អតីត​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​យល់​ថា​ជា​ការចាំបាច់​ដែល​យុវជន​ត្រូវ​ត្រៀមខ្លួន​ដើម្បី​បន្តវេន​អ្នក​នយោបាយ​បច្ចុប្បន្ន​និង​បន្ត​អ្វីដែល​ពួកគាត់​ធ្វើ​មិនទាន់​សម្រេច​ដោយ​លោក​បញ្ជាក់​ថា៖ «អ្នកជំនាន់​ថ្មី​ត្រូវតែ​មាន។ អ្នកជំនាន់​ថ្មី​ នៃ​បក្ស​កាន់អំណាច​នៃ​បក្ស​ប្រឆាំង។ អ៊ីចឹង​ហើយ​យើង​ត្រូវ​មាន​សីលធម៌​គុណធម៌​ជាមួយ​នឹង​សមត្ថភាព​ហើយប្រើ​បញ្ញា​ចំណេះដឹង​ក្នុង​ផ្នែក​នយោបាយ​ក្តី​សង្គមកិច្ច​ក្តី​ហើយ​ត្រូវគោរព​គោលការណ៍​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស»។

រីឯ​ក្រុមយុវជន​ពីពេល​មុន​បាន​ឈាន​ឡើង​ដើម្បី​បន្ត​មរតក​នយោបាយ​នេះ។ បច្ចុប្បន្ន​ប្រទេស​កម្ពុជាមាន​គណបក្ស​នយោបាយ​ជាង​៦០​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទើបតែ​បង្កើត​ឡើង​នៅ​ខែសីហា​ឆ្នាំ២០១៥​និង​កំពុង​តែ​ធ្វើឲ្យ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​រស់រវើក​បើទោះបី​ជាប្រឈម​មុខ​នឹង​លម្ហ​សេរីភាព​តូច​ចង្អៀត​ជាងមុន​ក៏ដោយ។​

លោក យ៉ង សាំងកុមារ​ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ថ្លែង​ថា៖ «មក​ដល់​ពេលនេះ​គឺ​ស្ថានភាព​នៅ​មិនទាន់​បាន​កែលម្អ​ឲ្យ​បាន​ច្រើន​ទេ​ប៉ុន្តែ​ក្នុង​នាម​យើង​ជា​គណបក្ស​នយោបាយ​មួយ​គឺ​យើង​ត្រូវ​តែ​កែ​លម្អ​ស្ថានភាព​ហ្នឹង។ ដូច្នេះ​យើង​ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​យល់​ឃើញ​ថា​ដើម្បី​ឲ្យ​ប្រជាធិបតេយ្យ​រស់​រវើក​ទាល់​តែ​ប្រជាពលរដ្ឋ​ចូលរួម​សកម្ម។ យើង​ចូលរួម​ក្នុង​ការតស៊ូ​មតិ​ចូលរួម​ក្នុង​ការប្រកួត​ប្រជែង​ការ​បោះឆ្នោត​ចូលរួម​ក្នុង​ការបោះឆ្នោត​ចូលរួម​យ៉ាងម៉េច​ដើម្បី​ឲ្យ​យើង​មាន​ជា​តំណាង​សេរី​ពហុបក្ស​វិញ​នៅ​ក្នុង​សង្គម​ជាតិ​របស់​យើង​នៅ​ក្នុង​ស្ថាប័ន​ជាតិ​សំខាន់ៗ»។

លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្លែងថាគណបក្ស​របស់លោក​កំពុង​ខិតខំ​ជួយពង្រឹងបរិយាកាសនយោបាយ​សេរីពហុបក្ស​ដោយការចូលរួម​ធ្វើសកម្មភាព​នយោបាយ​ ជាពិសេស​ពលរដ្ឋ​គ្រប់រូប។ ប៉ុន្តែគណបក្ស​ក៏ប្រឈមនឹងការរើសអើងនយោបាយផងដែរ។

លោក យ៉ង សាំងកុមារ​ គឺជា​អ្នកជំនាញ​ខាង​កសិកម្ម​ដែល​បាន​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​មុន​ពេល​លោក​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ។​គណបក្ស​នេះ​ត្រូវ​ប្រឈម​នឹងការរើសអើង​នយោបាយ​និង​មានការចោទប្រកាន់​លាប​ពណ៌​ដាក់​គ្នា។

លោក យ៉ង សាំងកុមារ ​បាន​បញ្ជាក់​បន្ថែម​ថា៖ «ជារួម​ខ្ញុំ​ឃើញ​ថា​កត្តា​ហ្នឹង​នៅតែ​ប្រឈម​តទៅ​មុខ​ទៀត​ជាពិសេស​ភាព​ភ័យខ្លាច​ភាព​រើសអើង​នយោបាយ​ក្នុង​សង្គម​ជារឿង​មួយ​ធំ​ដែល​ទាមទារ​ឲ្យ​យើង​ត្រួសត្រាយ​ជម្នះ។ យើង​ត្រូវ​បើក​ផ្លូវ​ដើម្បី​ឲ្យ​ពលរដ្ឋ​គ្រប់រូប​ទៅ​ថ្ងៃ​មុខ​ចូលរួម​នយោបាយ​ដោយ​គ្មាន​ការភ័យខ្លាច។ ប្រជាពលរដ្ឋ​មួយ​រូប​ជា​អ្នក​នយោបាយ​មួយរូប»។

លោក ​កែវ រ៉េមី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​សារ​ដែល​មាន​លក្ខណៈ​សម្របសម្រួល​សភាពការណ៍៖ «ទស្សនវិស័យ​ទៅ​ខាងមុខ​សូម​ឲ្យ​អ្នកនយោបាយ​នយោបាយ​ទាំងអស់​បង្កើត​ការទុកចិត្ត​គ្នា​ឲ្យ​មាន​ការជឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​កុំ​ឲ្យ​ចេញ​មក​ប្រើ​វប្បធម៌​ទឹកស្រក​ស្រមោច​ស៊ីត្រី​ទឹកឡើង​ត្រី​ស៊ី​ស្រមោច។ កាលណា​បើ​យើង​បង្កើត​នូវ​វប្បធម៌​នេះ​គឺ​ជា​វប្បធម៌​មួយ​ដែល​មិនអាច​ទទួល​យក​បាន​ហើយ​កម្ចាត់​គ្នា​ទៅវិញ​ទៅមក​អត់​ឈប់ឈរ​ទេ»។

Your browser doesn’t support HTML5

បទសម្ភាសន៍VOA៖ ប្រធាន​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ការពារ​សមិទ្ធិផល​ក្នុង​រយៈពេល​៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ដែល​ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩២​បាន​ខិតខំ​ជំរុញ​និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លោក អំ សំអាត នាយករង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ មិនពេញចិត្ត​នឹងស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​រយៈពេល​ចុងក្រោយនេះ​ទេ។

លោក​ អំ សំអាត​ នាយករង​អង្គការ​លីកាដូ​មិន​បាន​ពេញ​ចិត្ត​នឹង​ការវិវត្ត​ចុងក្រោយ​នេះ​ទេ៖«យើង​មាន​ការសោកស្តាយ​ដែរ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នេះ​គឺ​សហគមន៍​អឺរ៉ុប​បាន​កាត់បន្ថយ​អនុគ្រោះពន្ធ​យើង​២០%​ដោយសារតែ​គេ​ទាមទារ​យើង​ឲ្យ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​ពេល​ថ្មីៗ​នេះ​អ្នកជំនាញ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ក៏​ដូច​ជា​អន្តរជាតិ​ដូចជា​បណ្តា​ស្ថានទូត​មួយ​ចំនួន​ក៏​មាន​ការរិះគន់​អំពី​បញ្ហា​ធ្លាក់ចុះ​នូវ​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យើងដែរ»។

​វា​ហាក់​ដូចជា​មរតក​មួយ​ដែល​មិនគួរ​ជាទី​អបអរសាទរ​ប៉ុន្តែ​លោក ​អំ សំអាត ​បាន​ប្តេជ្ញា​បន្ត​បេសកកម្ម​បើទោះបីជា​ត្រូវ​ធ្វើប្រតិបត្តិការ​ក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​ជាងមុន។

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ក្នុង​នាម​ខ្ញុំ​ក៏​ដូចជា​អង្គការ​លីកាដូ​ដែល​ធ្វើការ​សិទ្ធិមនុស្ស​យើង​អត់ចង់ឃើញ​នូវ​ការ​រិះគន់​ឬ​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពីបញ្ហា​សិទ្ធិមនុស្ស​ចំពោះ​កម្ពុជា​យើង​ទេ។ អ៊ីចឹងហើយ​បាន​ជា​អង្គការ​លីកាដូ​យើង​នៅតែ​ខិតខំ​ប្រឹងប្រែង​ជាដៃគូ​រដ្ឋាភិបាល​ដើម្បី​ជំរុញ​ការលើក​កម្ពស់​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា​តទៅទៀត»។

យុវជន​ជំនាន់​ក្រោយ​ក៏​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​បង្ក្រាប​ខាងសិទ្ធិ​នយោបាយ​និង​បញ្ចេញ​មតិដែរ។ ក្នុង​រូប​នេះ លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)

លោកស្រី ​ចក់ សុភាព ​នាយិកា​ប្រតិបត្តិមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​គឺ​ជា​អ្នកដឹកនាំ​ទី៣​ចាប់​តាំង​ពី​មជ្ឈមណ្ឌល​នេះ​បាន​បង្កើត​នៅ​ក្នុង​ឆ្នាំ​២០០២​ដោយ​លោក​កឹម សុខា​មុន​ពេល​លោក​វិលត្រឡប់​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាថ្មី។

លោកស្រី ​ចក់ សុភាព​ បាន​កាន់តំណែង​នេះ​តាំងពី​ឆ្នាំ​២០១៤​ហើយ​ប្តេជ្ញា​បន្ត​បេសកកម្ម​នៃ​មជ្ឈមណ្ឌល​នេះ៖ «សម្រាប់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​យើង​គឺ​ទោះបី​ជា​មាន​ការផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​ជាច្រើន​ជំនាន់​រហូត​មកដល់​ខ្ញុំ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​ទៅមុខគឺ​យើង​នឹង​នៅតែ​ប្រកាន់​គោលការណ៍​ឯករាជ្យភាព​របស់​យើង​ប្រកាន់​គោលការណ៍​ដែល​យើង​ចង់ឃើញ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​គោរព​គោលការណ៍​នីតិរដ្ឋ​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព​និង​ធ្វើ​កិច្ច​ការងារ​ជាច្រើន​ឲ្យ​ពលរដ្ឋ​កម្ពុជា​មាន​សេរីភាព​ពេញលេញ»។

ការ​ធ្វើអន្តរកាល​នេះ​កើត​មាន​ឡើង​ស្របពេល​ដែល​ប្រទេស​កម្ពុជា​ងាក​មក​ដើរ​ជាន់​ដាន​ចាស់​ខ្លះៗ​ដោយ​បាន​ងាក​មក​ចាប់ដៃ​ចិន​កុម្មុយនីស្ត​កាន់តែ​ខ្លាំង​ខណៈ​រិះគន់​ឱវាទ​របស់​ក្រុម​បស្ចិមប្រទេស​ដែល​ធ្លាប់តែ​ជួយ​កម្ពុជា​ជាបន្តបន្ទាប់​ក្នុង​រយៈពេល​៣​ទសវត្សរ៍​នេះ។ អ្នកនយោបាយ​ប្រឆាំង​ខ្លះ​មិន​អាច​ចូល​ក្នុង​ប្រទេស​ដើម្បី​ធ្វើ​សកម្មភាព​បាន។

លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាស្នើអ្នកនយោបាយឲ្យគិតដល់ការគោរពសិទ្ធិមនុស្សនិងការបង្រួបបង្រួមជាតិ ដោយមិនត្រូវផាត់ចោល​ផ្នែកណាមួយនៃសង្គមទេ។

លោក ​គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ស្នើ​អ្នក​នយោបាយ​ឲ្យ​គិត​ដល់​ការគោរព​សិទ្ធិមនុស្ស​និង​ការបង្រួបបង្រួម​ជាតិ៖ «ពាក់ព័ន្ធ​នឹង​ការបង្រួប​បង្រួម​ជាតិ​ការផ្សះផ្សារ​ឯកភាព​ជាតិ​នេះ​ខ្ញុំ​យល់​ថា​គួរ​តែ​ជា​គោល​នយោបាយ​អាទិភាព​សម្រាប់​រាជរដ្ឋាភិបាល​សម្រាប់​អ្នក​នយោបាយ​ក៏​ដូច​ជា​អ្នករៀបចំ​គោល​នយោបាយ​ជាតិ​យុទ្ធសាស្ត្រ​ជាតិ​ពីព្រោះ​នៅ​ពេល​ដែល​យើង​បាត់​ឯកភាព​ជាតិ​មិន​មាន​ការផ្សះផ្សារ​ជាតិ​ឲ្យ​បាន​ពេញ​លេញ​ទេ​គឺ​ការអនុវត្ត​គោលនយោបាយ​ជាតិ​របស់​យើង​គឺ​មិនបាន​ជោគជ័យ​ទេ។ មានន័យ​ថា​ផ្នែក​ណាមួយ​នៃ​សង្គម​ត្រូវ​បាន​ផាត់​ចេញ​ពី​សហគមន៍​ជាតិ»

លោក ​គិន ភា ​ក៏​ស្នើ​ឲ្យ​ការអនុវត្ត​ច្បាប់​ស៊ីសង្វាក់​គ្នា​នឹង​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​អនុវត្ត៖ «បើយើង​មើល​ទិដ្ឋភាព​រដ្ឋ​ធម្មនុញ្ញ​ទិដ្ឋភាព​ច្បាប់​ក៏​ដូច​ជា​លិខិត​បទដ្ឋាន​ក៏​ដូច​ជា​លិខិតូបករណ៍​ដែល​កម្ពុជា​ជា​ហត្ថលេខី​ឬ​កម្ពុជា​បាន​បង្កើត​ឡើង​ខ្ញុំឃើញ​ថា​វា​មាន​ភាពល្អក៏​ប៉ុន្តែ​ការអនុវត្ត​វា​នៅ​មាន​ចំណុច​ឆកល្វែង​ដែល​ទាមទារ​ឆន្ទៈ​នយោបាយ​ខ្ពស់​ពី​រាជរដ្ឋាភិបាល​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​នានា»។

សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស​នៅ​តែបន្តទាមទារ​សិទ្ធិមនុស្ស​ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ដល់​ពលរដ្ឋ​នៅ​កម្ពុជា។ ជាពិសេស​នៅ​ខួបទី៣០​នេះ​ពួកគេ​បាន​រៀបចំ​សវនាការ​ដើម្បី​ប្រមូល​ភស្តុតាង​ពី​ការរំលោភ​សិទ្ធិមនុស្ស​ដើម្បី​ប្រើប្រាស់​ក្នុង​ការតស៊ូ​មតិ​បន្តទៀត។

​លោក Gareth Evans បាន​សរសើរ​ស្មារតី​នេះថា៖ «អ្នក​ត្រូវតែ​មាន​សុទ្ទិដ្ឋិនិយម​អំពី​រឿង​ទាំងអស់​នេះ។ កង់​ប្រវត្តិសាស្ត្រ​នឹង​វិលជុំ។ ប្រធានាធិបតី​នឹង​ធ្លាក់​ចេញ​ពី​តំណែង។ នាយក​រដ្ឋមន្ត្រី​នឹង​អស់​តំណែង។ កង់​ប្រវត្តិសាស្ត្រ​នឹង​វិលជុំ។ ប៉ុន្តែ​វា​ក៏​អាច​ជារឿង​មួយ​ដែល​ហត់នឿយណាស់​ដែលត្រូវ​រស់នៅ​ក្នុង​ស្ថានភាព​ដូចនេះ​ក្នុងខណៈ​ស្ថានការណ៍​កំពុង​កើតឡើង​ហើយ​បច្ចុប្បន្ន​នេះ​គឺវា​មិនមែន​ជា​ស្ថានការណ៍​គួរ​ឲ្យ​រីករាយ​ទេ»៕