ឪពុក​ម្តាយ​ថា​ប្រព័ន្ធ​អប់រំ​ខ្សោយ​ជា​ឫស​គល់​នៃ​អនក្ខរភាព

កុមារា​ខ្មែរ​ពីរ​នាក់​លេង​នៅ​ជិក​សំណង់​ផ្ទះ​អាណាធិបតេយ្យ​មួយ​​កន្លែង​នៅ​ជាយ​ទី​ក្រុង​ភ្នំពេញ។

អត្រា​អ្នក​ចេះ​អក្សរ​នៅ​កម្ពុជា​បាន​កើន​ឡើង​រហូត​ដល់​ជាង​៧០​ភាគរយ​ក្នុង​ឆ្នាំ​២០០៩​ក៏​ពិត​មែន​ ក៏ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ផ្នែក​អប់រំ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​កង្វះ​ចំណេះដឹង​ និង​សមត្ថភាព​ជំនាញ​សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​ទីផ្សារ​ការងារ។

ស្ថិតិ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែនការ​បាន​បង្ហាញ​ថា កម្ពុជា​មាន​អ្នក​មិន​ចេះ​អក្សរ​ពេញ​វ័យ​ចំនួន​ ២,១​លាន​នាក់​ក្នុង​ឆ្នាំ​២០០៩​ និង​មាន​អត្រា​ក្រីក្រ​ចំនួន​២១​ភាគរយ។

អ្នក​ស្រី ​វ៉ាន ​ឡា ​អាយុ​៤៥​ឆ្នាំ ​រស់​នៅ​ក្នុង​ស្រុក​ឧត្តុង្គ​ ខេត្ត​កំពង់ស្ពឺ ​ដែល​កំពុង​ដក​សំណាប​នៅ​ក្នុង​វាល​ស្រែ​ បាន​និយាយ​ថា អ្នក​ស្រី​មិន​ចេះ​អក្សរ​ និង​មិន​បាន​រៀន​សូត្រ​ទេ​ ដោយសារ​ជីវភាព​ក្រីក្រ​ ហើយ​ការ​មិន​ចេះ​អក្សរ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​ក្រីក្រ។

«យើង​អត់​ចេះ​អក្សរ​អញ្ចឹង។ យើង​ជួប​ប្រទះ​វិបត្តិ​ និង​ការ​លំបាក​ជា​ច្រើន។​ យើង​អត់​ចេះ​អក្សរ​ ដូច​ជា​យើង​ងងឹត​ភ្នែក​អញ្ចឹង​ ហើយ​យើង​មិន​ចេះ​អក្សរ​ យើង​មិន​ជឿនលឿន​ដូច​គេ​ចេះ​អក្សរ​ទេ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក៏​អ្នកស្រី​ វ៉ាន ​ឡា ​មាន​ការ​តាំង​ចិត្ត​ខំ​ពុះពារ​គ្រប់​ការ​លំបាក​ដើម្បី​ជំរុញ​កូន​ប្រុស​ស្រី​របស់​អ្នកស្រី​ឲ្យ​បាន​រៀន​រហូត​ដល់​ចប់​ថ្នាក់​មហាវិទ្យាល័យ​ ខណៈ​ដែល​កូន​ទាំង​ពីរ​នាក់​នេះ​ កំពុង​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​នៅ​ឡើយ។

លោក​ សៅ ​ពឹង​ អាយុ​៣៨​ឆ្នាំ​ រស់​នៅ​ក្នុង​ខណ្ឌ​សែន​ សុខ​ បាន​និយាយ​ថា​ លោក​គ្មាន​ការងារ​ធ្វើ​ពិត​ប្រាកដ​ និង​ប្រើ​កម្លាំង​រក​ប្រាក់​ចិញ្ចឹម​ជីវិត​យ៉ាង​លំបាក​ ហើយ​ការ​មិន​ចេះ​អក្សរ​របស់​លោក​ពិបាក​ទទួល​បាន​ការងារ​ធ្វើ​ជាក់​លាក់។

កុមារ​ អ៊ុន​ ដុំ​ អាយុ​១២​ឆ្នាំ ​រៀន​ថ្នាក់​ទី​៦​ នៅ​សាលា​បឋម​សិក្សា​ពីងពង់​ ស្រុក​ឧត្តុង្គ​ ខេត្ត​កំពង់ស្ពឺ​ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖

«បើ​គ្រួសារ​មាន​ប្រាក់​ ខ្ញុំ​នឹង​រៀន​ដល់​ថ្នាក់​ខ្ពស់​ដូច​អ្នក​ដទៃ​ ប៉ុន្តែ​បើ​ម្តាយ​ឪពុក​គ្មាន​ប្រាក់​ ខ្ញុំ​ មិន​អាច​បន្ត​ការ​សិក្សា​របស់​ខ្ញុំ​ដល់​ថ្នាក់​ខ្ពស់​បាន​ទេ។ ខ្ញុំ​មាន​ការ​ខ្វះខាត​ជីវភាព​គ្រួសារ។​ ខ្ញុំ​ទំនង​ជា​រៀន​មិន​ដល់​ថ្នាក់​ខ្ពស់​ដូច​អ្នក​ដទៃ​ទេ»។

កម្ពុជា​មិន​ត្រឹម​តែ​ប្រឈម​នឹង​ការ​មិន​ចេះ​អក្សរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ប្រឈម​នឹង​បញ្ហា​បៀវត្សរ៍​ទាប​របស់​គ្រូ​បង្រៀន​ ដែល​នាំ​ឲ្យ​មាន​ភាព​ទន់​ខ្សោយ​ដល់​គុណភាព​នៃ​ការ​បង្រៀន។

អ្នក​ស្រី ​វណ្ណ​ បូទុំ ​អាយុ​៣៤​ឆ្នាំ​ នៅ​ក្នុង​ខណ្ឌ​ដូនពេញ​ បាន​ថ្លែង​ថា​ កូន​ស្រី​ពីរ​នាក់​របស់​អ្នក​ស្រី​រៀន​មិន​សូវ​ចេះ​ទេ​ ដោយសារ​គ្រូ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​បង្រៀន​ និង​ចេះ​តែ​ទារ​ប្រាក់​ពី​សិស្ស។

«កូន​បង​របស់​ខ្ញុំ​រៀន​គ្រាន់​បើ​ ប៉ុន្តែ​កូន​ប្អូន​រៀនអត់​ចេះ​សោះ។ គ្រូ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​បង្រៀន​សិស្ស​ប៉ុន្មាន​ទេ។​ កូន​ទៅ​រៀន​ បើ​អត់​មាន​ប្រាក់​បង់​ឲ្យ​គាត់​ទេ គាត់​ចេះ​តែ​ទារ​ក្មេង។ ​អញ្ចឹង​ ក្មេង​មាន​អារម្មណ៍​ដូច​ថា​អៀនខ្មាស់​ និង​ភ័យ​ខ្លាច​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​រៀន​ទេ។ ​គ្រូ​ទារ​ប្រាក់​ច្រើន​ ដល់​អញ្ចឹង​ក្មេង​មាន​ការ​ភ័យខ្លាច​ និង​រៀន​មិន​សូវ​បាន​ចេះ​ទេ។ គ្រូ​ទារ​ប្រាក់​ច្រើន​ជាង​ការ​បង្រៀន​សិស្ស»។

អ្នក​គ្រូ ​រស់ ​ទិតម៉ាឡៃ​ បង្រៀន​នៅ​សាលា​បឋម​សិក្សា​បឹង​ត្របែក​ខាង​ត្បូង​ បាន​ទទួល​យក​ការ​រិះគន់​នេះ​ហើយ​ថា​នេះ​គឺ​ជា​ការ​ពិត។

«លោក​គ្រូ​អ្នក​គ្រូ​មាន​ជីវភាព​ពិបាក​ដែល​រដ្ឋាភិបាល​ផ្តល់​ប្រាក់​បៀវត្សរ៍​ឲ្យ​គាត់​មិន​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​ជីវិភាព​ប្រចាំ​ថ្ងៃ។​ អញ្ចឹង​ គ្រូ​ត្រូវ​តែ​បង្ខំ​ចិត្ត​ទាមទារ​ប្រាក់​ពី​សិស្ស​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​បង្រៀន​បាន​កម្រៃ​ខ្លះ​ដើម្បី​ចាក់​សាំង​ម៉ូតូ​ ប៉ះប៉ូវ​ជីវភាព​របស់​គាត់»។

អ្នក​គ្រូ​បាន​បន្ត​ថា ការ​ទារ​ប្រាក់​ពី​សិស្ស​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិស្ស​ក្រីក្រ​ ដូច​ជា​ សិស្ស​ខ្លះ​រើស​អេតចាយ​ សិស្ស​ខ្លះ​ដើរ​ខាត់​ស្បែក​ជើង​ សិស្ស​ខ្លះ​ជួយ​បោក​ខោអាវ​ឲ្យ​គេ​ ដើម្បី​យក​ប្រាក់​មក​ចិញ្ចឹម​ជីវិត។

លោក​ រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ថ្លែង​ថា​ កត្តា​ទាំង​អស់​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ដំណើរ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ និង​សេដ្ឋកិច្ច​សង្គម​កម្ពុជា​យើង។

«យុវជន​ដែល​មាន​ចំណេះ​ដឹង​តិច​តួច​ គ្មាន​ជំនាញ​ និង​គ្មាន​ធនធាន​ពិត​ប្រាកដ​នោះ​ ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​រារែក​ក្នុង​ការ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​យើង»។

លោក​ កាន់ ​កាល់ ​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ Room to Read ​បាន​បញ្ជាក់​ថា​ កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលដៅ​សម្រេច​ឲ្យ​បាន​៩០​ភាគរយ​សម្រាប់​អ្នក​ចេះ​អក្សរ​នៅ​ក្នុង​ឆ្នាំ​២០១៥ ​ហើយ​រហូត​មក​ដល់​ពេល​នេះ ​គោលដៅ​នេះ​សម្រេច​បាន​ដល់​ ៨៤,៤​ភាគរយ​ហើយ។

«អ្នក​នៅ​តាម​តំបន់​ជនបទ​ ភាគ​ច្រើន​ មិន​ចេះ​អក្សរ​ដែល​ជា​ឧបសគ្គ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​ ដូច​ជា​ អង្គការ​ ឬ​ភ្នាក់ងារ​រដ្ឋាភិបាល​បាន​ចុះ​ទៅ​អប់រំ​ពួក​គាត់​អំពី​ការ​ដាំដំណាំ​ ការ​ថែទាំ​សុខភាព​រាងកាយ​ ការ​ធ្វើ​អនាម័យ​ និង​ការ​ផ្តល់​អាហារូបត្ថម្ភ​ដល់​កូន។ ក្រោយ​ពី​ការ​ប្រជុំ​ចប់​ មនុស្ស​ភាគ​ច្រើន​និយាយ​ថា​គាត់​អត់​យល់»។

លោក​ ហេង​ ស៊្រាង​ សាស្ត្រចារ្យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ថ្លែង​ថា​ អ្នក​មិន​ចេះ​អក្សរ​ពិតជា​ពិបាក​នឹង​ដោះ​ខ្លួន​ឲ្យ​ចេញ​ផុត​ពី​ភាព​ក្រីក្រ​ណាស់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ​ និង​បន្ថែម​ឧបសគ្គ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​កម្ពុជា​ទៀត​ផង។

«អ្នក​ចេះ​ល្មមៗ​នៅ​ក្នុង​ស្រុក​យើង​ក៏​ពិបាក​នឹង​រក​ការងារ​ធ្វើ​ និង​ពិបាក​នឹង​រស់​ផង ទម្រាំ​តែ​គាត់​អត់​ចេះ​សោះ​ មិន​អាច​ដើរ​ចេញ​ពី​ស្រុក​ភូមិ​របស់​គាត់​ដោយ​ទូលំ​ទូលាយ​បាន​ទេ​ ពី​ព្រោះ​គាត់​មិន​មាន​ចំណេះ​ដឹង​ច្បាស់លាស់​ គាត់​មិន​មាន​ចំណេះដឹង​ទាំង​អប់រំ​ខ្លួន​គាត់់​ មិន​មាន​ចំណេះ​ដឹង​ទាំង​គ្រួសារ​ និង​កូន​ចៅ​គាត់​ និង​មិន​មាន​ចំណេះ​ដឹង​ធ្វើ​ការ។​ ជីវិត​របស់​គាត់​នឹង​កាន់​តែតោក​យ៉ាក​ទៅៗ»។

លោក​ សាន់តូស​ ខាទ្រី​ អ្នក​ឯកទេស​កម្មវិធី​អប់រំ​នៃ​អង្គការ​យូណេស្កូ​ ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ថា​ អ្នក​មិន​ចេះ​អក្សរ​បាន​រស់​នៅ​ពឹងពាក់​លើ​ការងារ​កសិកម្ម​ ជា​មូល​ដ្ឋាន​សម្រាប់​ចិញ្ចឹម​ជីវិត​ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​អង្គការ​ដៃ​គូ​អភិវឌ្ឍន៍​អន្តរ​ជាតិ​នានា។

«អង្គការ​យូណេស្កូ​ និង​ដៃ​គូ​អន្តរ​ជាតិ​នានា​កំពុង​ផ្តល់​ឲ្យ​អ្នក​មិន​ចេះ​អក្សរ​នូវ​ជំនាញ​ចេះ​អក្សរ​ប្រសើរ ​និង​ឱកាស​ចេះ​អក្សរ។​ ពួក​គាត់​អាច​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​ និង​បច្ចេកទេស​កសិកម្ម​របស់​ខ្លួន​កាន់​តែ​ប្រសើរ​សម្រាប់​អ្នក​មិន​ចេះ​អក្សរ»។

លោក អ៊ូ ​អេង ​អគ្គនាយក​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​បាន​បញ្ជាក់​ថា​ ក្រសួង​ប្រើ​យុទ្ធសាស្ត្រ​ប្រាំមួយ​យ៉ាង​នៅ​ថ្នាក់​បឋមសិក្សា​ដើម្បី​ឲ្យ​សិស្ស​ឆាប់​យល់​ឆាប់​ចេះ ​ឲ្យ​មាន​ជំនាញ​ ឲ្យ​មាន​សីលធម៌​រស់​នៅ​ល្អ​ចេះ​រស់​នៅ​ជា​មួយ​គ្នា​ ពង្រឹង​សមត្ថភាព​ និង​គុណភាព​អប់រំ។

«ហេតុនេះ​ទាំង​បឋម​ ទាំង​មធ្យម​គឺ​ យើង​មាន​ការងារ​មួយ​ចំនួន​ដែល​កំពុង​តែ​ពង្រឹង​គុណភាព​អប់រំ។​ យើង​កំពុង​តែ​ពង្រឹង​គុណភាព​អប់រំ​រួម​ជាមួយ​នឹង​ការ​ធ្វើ​ម៉េច​ឲ្យ​មាន​សេវា​កម្ម​ប្រកប​ដោយ​សមធម៌​ផង»។

ក្រសួង​អប់រំ​បាន​កំណត់​យក​ការ​រៀន​ចប់​ថ្នាក់​ទី​៩​ជា​ការ​អប់រំ​កម្រិត​មូលដ្ឋាន​ ឬ​ចេះ​អក្សរ​ដែល​ប្រើ​ការ​បាន។ ​ប៉ុន្តែ ​លោក​ ទន់ ដៅ ​អាយុ​៦៥​ឆ្នាំ ​រស់​នៅ​ក្នុង​ស្រុក​ឧត្តុង្គ​ ខេត្ត​កំពង់ស្ពឺ​ បាន​និយាយ​ថា​ បើ​យុវជន​រៀន​ចប់​ត្រឹម​ថ្នាក់​ទី​៩ ​ពួក​គេ​មិន​អាច​មាន​លទ្ធភាព​ និង​សមត្ថភាព​កសាង​ប្រទេស​ជាតិ​ឲ្យ​ជឿនលឿន​បាន​ទេ៕