ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ — ការបិទសកម្មភាពសង្គមអំឡុងពេលឆ្លងរាតត្បាតជំងឺកូវីដ១៩ បានធ្វើឲ្យពលរដ្ឋធ្លាក់ចូលក្នុងភាពក្រីក្រកាន់តែកើនឡើង ខណៈប្រព័ន្ធអ៊ីនធឺណិតបានធ្វើឲ្យការជួញដូរផ្លូវភេទងាយស្រួលជាងមុន។
ក្រុមសកម្មជននិងមន្រ្តីនិយាយថា នៅឆ្នាំ ២០២០ អំពើពេស្យាចារកុមារកំពុងកើនឡើងនៅហ្វីលីពីន ខណៈឪពុកម្តាយបានបាត់បង់ការងារអំឡុងពេលបិទសកម្មភាពក្នុងប្រទសដ៏តឹងរ៉ឹង ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ១៩។ ការណ៍នេះបានបណ្តាលឲ្យកូនរបស់ពួកគេ ប្រព្រឹត្តការជួញដូរផ្លូវភេទ ហើយភាគច្រើនតាមប្រព័ន្ធអ៊ីនធឺណិត។
គណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋាភិបាលហ្វីលីពីន កាលពីខែកញ្ញា បាននិយាយថា មន្រ្តីនៅហ្វីលីពីនជឿថា ជំងឺកូវីដ១៩ បានជំរុញឲ្យមានការកើនឡើងនូវការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៊ីនធឺណិត។ កាលពីបួនឆ្នាំមុន អង្គការ UNICEF បានចាត់ទុកប្រទេសហ្វីលីពីន ជា«ចំណុចក្តៅនៅលើពិភពលោកសម្រាប់ជំនួញរំលោភបំពានផ្លូវភេទ ផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត»។
គេហទំព័រព័ត៌មានក្នុងស្រុក Manila Bulletin រាយការណ៍ថា អង្គការគាំពារសិទ្ធិអន្តរជាតិ End Child Prostitution and Trafficking បានប៉ាន់ប្រមាណពីការកើនឡើងចំនួន ២៦៤ ភាគរយ នៃការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត អំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។
អ្នកស្រី Maria Teresa Dela Rosa ប្រធានសមាគមអប់រំវិជ្ជាជីវៈការងារសង្គមនៅក្រុង Davao ភាគខាងត្បូងប្រទេសហ្វីលីពីន បាននិយាយថា៖ «ចំនួនកើនឡើងនៃករណីពេស្យាចារកុមារ គឺគួរឲ្យព្រួយបារម្ភ»។
អ្នកស្រីបានថ្លែងថា៖ «ដោយសារតែភាពក្រីក្រឪពុកម្តាយបានរកភ្ញៀវឲ្យកូនខ្លួន ហើយថែមទាំងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតទៀតផង»។
បទបញ្ជាឲ្យស្នាក់នៅផ្ទះដែលត្រូវបានអនុវត្តនៅកម្រិតសហគមន៍ ចាប់តាំងពីខែមេសាមក បានធ្វើឲ្យពលរដ្ឋហ្វីលីពីនមិនអាចរក្សានិងស្វែងរកការងារធ្វើបាន។ អត្រាបាត់បង់ការងារនៅហ្វីលីពីន មានចំនួន ១០ភាគរយ កាលពីខែកក្កដា ដែលនេះជាការកើនឡើង ៥,៤ ភាគរយ ពីឆ្នាំ ២០១៩។
អ្នកស្រី Dela Rosa បាននិយាយថា ពេស្យាចារកុមារគឺកំពុងតែកើតមានឡើង ភាគច្រើននៅតាមផ្ទះដែលតែងពាក់ព័ន្ធជាមួយនឹងឪពុកឪពុកចុង ពូ ឬបងប្រុស។ អ្នកស្រីបានបន្តថា ឥឡូវនេះមនុស្សពេញវ័យនៅក្នុងគ្រួសារ កំពុងតែជួយកុមារឲ្យប្រើអ៊ីនធឺណិត ដើម្បីអាចផ្តល់សេវាកម្មផ្លូវភេទដល់អ្នកដទៃ ដែលអាចជាប្រភពចំណូលគ្រួសារមួយ។ អ្នកស្រីបានបន្ថែមថា ភាពងាយស្រួលនៃប្រព័ន្ធអ៊ីនធឺណិត បានជួយដល់ការផ្សព្វផ្សាយការស្វែងរកអតិថិជិន និងការទទួលបានប្រាក់។
គេហទំព័រព័ត៌មាននិងទិន្នន័យស្តីពីតំបន់អាស៊ីអាគ្នេយ៍ ASEAN Post បានលើកឡើងនៅក្នុងរបាយការណ៍កាលពីខែតុលាថា ប្រទេសហ្វីលីពីនគឺជាប្រភពដ៏ធំបំផុតដែលត្រូវបានគេស្គាល់ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។
អ្នកស្រី Del Rosa បានលើកឡើងពីករណីដែលត្រូវបានរាយការណ៍មួយ ដែលក្នុងនោះឪពុកបានស្វែងរកអតិថិជនឲ្យកូនប្រុសអាយុ ៧ ឆ្នាំរបស់ខ្លួន ជាថ្នូរនឹងប្រាក់តែប៉ុន្មានដុល្លារអាមេរិកប៉ុណ្ណោះ និងបានពណ៌នាពីរឿងរ៉ាវដែលក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ លក់ខ្លួនឲ្យអ្នករត់តាក់ស៊ី។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាការសិទ្ធិមនុស្សហ្វីលីពីន បាននិយាយថា ជនទិញសេវាកម្មផ្លូវភេទពេលស្នាក់នៅផ្ទះបានចំណាយពេលច្រើនជាងមុន នៅលើប្រព័ន្ធអ៊ីនធឺណិត ដោយសារតែការចេញទៅខាងក្រៅ មានភាពលំបាកជាងមុន។ សេចក្តីថ្លែងការណ៍នេះបានបន្តថា៖ ស្រ្តី និងកុមារ «ងាយរងគ្រោះ» «ត្រូវជាប់នៅផ្ទះ» ស្របពេលជាមួយគ្នានឹងអ្នកដែលជួញដូរពួកគេដែរ។
ពលរដ្ឋហ្វីលីពីនម្នាក់ក្នុងចំណោម ៥ នាក់ រស់នៅក្នុងភាពក្រីក្រ។ នៅតំបន់សំណង់អនាធិបតេយ្យតាមទីក្រុង ដែលមិនមានការរឹតត្បិតសកម្មភាពសង្គមត្រឹមត្រូវ កុមារអាចចេញក្រៅដើម្បីទៅលក់របស់របរកំប៉ិកកំប៉ុកតាមដងផ្លូវ ឬលក់ស្រោមដៃកាន់ខ្ទះតាមពេលខ្លះ។ ជនក្រីក្រមួយចំនួនរស់នៅក្នុងភូមិតាមតំបន់ភ្នំ ដែលពឹងផ្អែកលើកសិកម្ មដើម្បីចិញ្ចឹមជីវិត។
ក្រុមជំនាញជឿថា ព្យុះទីហ្វុង គ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងដែលមានជាប្រចាំ រួមជាមួយនឹងវិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យមានភាពក្រីក្រកាន់តែខ្លាំងជាងមុន ហើយជំរុញឲ្យកុមារចូលប្រឡូកក្នុងអំពើពេស្យាចារ។
អ្នកស្រី Maria Ela Atienza សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យហ្វីលីពីន បាននិយាយថា៖ «អ្វីទាំងនេះតែងតែកើតឡើង នៅពេលយើងមានគ្រោះធម្មជាតិផ្សេងៗ ហើយឥឡូវនេះជាមួយនឹងវិបត្តិការរាតត្បាតជំងឺ មនុស្សជាច្រើនបានបាត់បង់ការងារ។ សូម្បីតែកូនៗក៏ត្រូវឲ្យលះបង់ផងដែរ»។
Lory Pabunag រំឭកពីការលំបាកក្នុងការចាកចេញពីរបរពេស្យាចារ ដែលខ្លួនបានធ្វើអស់រយៈពេលប្រាំបីឆ្នាំមកនេះ។ អ្នកស្រីបានចាកចេញនេះ គឺ «ដើម្បីគិតដល់»ដល់កូនបីនាក់របស់ខ្លួន ដែលពេលនេះមានអាយុ ១៣ ឆ្នាំ ២៣ ឆ្នាំ និង ២៦ ឆ្នាំ។ អ្នកស្រីបាននិយាយថា ស្រ្តីពេស្យាចារជាច្រើនចាកចេញពីមុខរបរនេះ នៅពេលដែលអង្គការនានាបានស្វែងរកការងារឲ្យពួកគេធ្វើ ប៉ុន្តែការងារនោះគឺគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ។
អ្នកស្រីបានបន្តថា ស្រ្តីនិងកុមារដែលប្រឡូកក្នុងពេស្យាចារ គឺជាការបង្ខំចិត្តតាមតម្រូវការដើម្បីស្វែងរកចំណូលសម្រាប់គ្រួសារ។
Pabunag អាយុ ៤៥ ឆ្នាំ ដែលឥឡូវវនេះធ្វើការឲ្យអង្គការប្រឆាំងនឹងពេស្យាចារនិងការជួញដូរមនុស្សនៅតំបន់ភាគខាងត្បូងហ្វីលីពីន បាននិយាយថា៖ «ពេលក្លាយជាជនក្រីក្រនិងងាយរងគ្រោះ គឺពិតជាគ្រោះថ្នាក់និងលំបាកខ្លាំង ជាពិសេសសម្រាប់ស្ត្រីនិងកុមារ ដែលចង់បញ្ចប់ការសិក្សាចង់ទៅសាលា និងចង់ជួយគ្រួសាររបស់ខ្លួន»។
អ្នកស្រី Dela Rosa ដែលជាអ្នកផ្តល់ការប្រឹក្សាដល់បុគ្គល និងគ្រួសារមានវិបត្តិនិងប្រចាំការនៅសាកលវិទ្យាល័យ Ateneo de Davao បាននិយាយថា មន្រ្តីហ្វីលីពីនត្រូវជួយពង្រឹងការប្រឆាំងនឹងពេស្យាចារកុមារ។ អ្នកស្រីបានបន្តថា ឥឡូវនេះ ពួកគេមិនបានធ្វើអ្វីច្រើននោះទេ ដើម្បីបញ្ឈប់រូបភាពនិងវីដេអូអាសអាភាសតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាមធ្យោបាយមួយនៃពេស្យាចារកុមារ។
អ្នកស្រី Dela Rosa បានបន្ថែមថា ផែនការចំណាយប្រាក់ជំនួយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដើម្បីសម្រួលផលវិបាកមកលើសេដ្ឋកិច្ចពីការរាតត្បាតជំងឺកូវីដ១៩ គឺមិនគ្រប់គ្រាន់នោះទេ ចំពោះគ្រួសារពលរដ្ឋហ្វីលីពីន ជាពិសេសគ្រួសារដែលត្រូវទិញកុំព្យូទ័រយួរដៃភ្លាមៗ ដើម្បីការរៀនតាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋាភិបាលហ្វីលីពីនបានអនុម័តកញ្ចប់ប្រាក់ជំនួយសេដ្ឋកិច្ចប្រមាណ ៤ ពាន់លានដុល្លារកាលពីដើមឆ្នាំ ២០២០។
ដើម្បីជួយជ្រោមជ្រែងបន្ថែមទៀតព្រឹទ្ធសភាហ្វីលីពីនបានពិនិត្យមើលសេចក្តីព្រាងច្បាប់ ដែលតម្រូវឲ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិត និងស្ថាប័នទេសចរណ៍រាយការណ៍ពីបទឧក្រិដ្ឋផ្សេងៗ ពាក់ព័ន្ធនឹងពេស្យាចារកុមារ។
គណៈកម្មការសិទ្ធិមនុស្សហ្វីលីពីនទទួលស្គាល់ថា ឧក្រិដ្ឋកម្មទាំងនេះគឺមានការលំបាកក្នុងការត្រួតពិនិត្យ។ សេចក្តីថ្លែងការណ៍ចុះកាលពីខែកញ្ញារបស់គណៈកម្មាការនេះ បាននិយាយថា៖ «បញ្ហាប្រឈមនៅតែមានសម្រាប់ពួកយើង ដើម្បីការពារបុគ្គលដែលងាយរងគ្រោះបំផុត ទោះជាមានការផ្តន្ទាទោសជនល្មើសលើកុមារភ្លាមៗក្តី»។
គណៈកម្មការបានបន្តថា៖ «កង្វះទិន្នន័យ[ពេស្យាចារកុមារ]ភាពមិនស៊ីគ្នានៅក្នុងការប្រមូលទិន្នន័យ ការចែករំលែក និងការសិក្សាវិភាគតាមទីភ្នាក់ងារផ្សេងៗ និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត បានធ្វើឲ្យមានការលំបាកនៅក្នុងការកំណត់ឲ្យបានច្បាស់នូវជម្រៅនៃឧក្រិដ្ឋកម្មនេះ ទាំងនៅក្នុងស្រុក និងនៅលើសាកលលោក»៕
ប្រែសម្រួលដោយលោកណឹម សុភ័ក្រ្តបញ្ញា