ជ័យជម្នះ​ពានរង្វាន់​អូស្ការ​របស់​ភាពយន្ត Parasite ​ឆ្លុះ​បង្ហាញ​ពី​អំណាច​ទន់​របស់​កូរ៉េខាងត្បូង​តាំង​ពី​យូរ​មក​ហើយ

លោក Bong Joon Ho និង​តួសម្តែង​នៃ​ភាពយន្ត Parasite ឈរ​ថត​រូប​នៅ​ក្នុង​កម្មវិធី​ទទួល​ពានរង្វាន់ Academy លើក​ទី៩២ នៅ​ Hollywood ក្រុង Los Angeles រដ្ឋ California កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។

អំណាច​ទន់​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​អាច​នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយសារ​​ភាពយន្ត​ដ៏​អស្ចារ្យ​របស់​លោក Bong Joon-ho ​ដែល​មាន​ចំណងជើង​ថា Parasite។

ភាពយន្ត​បែប​កំប្លែង​ដែល​បង្កប់​សារ​គួរ​ឱ្យ​ខ្លាច​មួយ​អំពី​វិសមភាព​សេដ្ឋកិច្ច​ទទួល​បាន​ពានរង្វាន់​អូស្ការ​ចំនួន​៤ នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Academy Awards ប្រចាំ​ឆ្នាំ​លើក​ទី៩២ កាលពី​ថ្ងៃទី១០​ ខែកុម្ភៈ ដែល​រួម​មាន​ទាំង​ពានរង្វាន់​ដ៏​ធំ​បំផុត​ផង​ដែរ​គឺ​ពានរង្វាន់ រូបភាព​ល្អ​បំផុត ឬ Best Picture។ នេះ​គឺ​ជា​ខ្សែភាពយន្ត​ភាសា​បរទេស​ដំបូង​គេ​ដែល​ទទួល​បាន​ពានរង្វាន់​រូបភាព​ល្អ​បំផុត​នេះ ហើយ​ក៏​ជា​ភាពយន្ត​កូរ៉េ​ខាង​ត្បូង​ទី​មួយ​ដែល​ទទួលបាន​ពានរង្វាន់ Academy Awards ផង​ដែរ។

លោក Kyung Hyun Kim សាស្ត្រាចារ្យ​ផ្នែក​ការ​សិក្សា​ពី​ទស្សនីយភាព​នៅ​សាកលវិទ្យាល័យ University of California ក្នុង​ក្រុង Irvine បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់។ ខ្ញុំ​គិត​ថា ភាពយន្ត Parasite មិន​អាច​ឈ្នះ​ពានរង្វាន់​នេះ​ទាល់​តែ​សោះ។ ខ្ញុំ​គិត​ថា វា​ជា​រឿង​ដ៏​អស្ចារ្យ​មួយ ហើយ​ឥឡូវ​នេះ​នឹង​មាន​ឱកាស​កាន់​តែ​ច្រើន​សម្រាប់​អ្នក​ផលិត​ភាពយន្ត​ដែល​មាន​ទស្សនវិស័យ»។​

វីដេអូ​លោក Bong ដើរ​ទៅ​លើ​ឆាក​ដើម្បី​ថ្លែង​សុន្ទរកថា​ទទួល​ពានរង្វាន់​ ត្រូវ​បាន​គេ​ចែកចាយ​ពាសពេញ​អ៊ីនធឺណិត​ ហើយ​នៅ​ចំណុច​មួយ​លោក​បាន​លើក​ឡើង​ថា លោក​នឹង «ផឹក​ស្រា​រហូត​ដល់​ថ្ងៃ​ស្អែក» និង​បាន​ថើប​ពាន​អូស្កា​ទាំង​ពីរ​របស់​លោក នៅ​ពេល​លោក​ដើរ​នៅ​លើ​កម្រាល​ព្រំក្រហម។

ឥឡូវ​នេះ​ ការ​បញ្ចូល​គ្នា​រវាង​អត្តចរិត​រួសរាយ​នៅ​តាម​អ៊ីនធឺណិត​របស់​លោក Bong និង​ជោគជ័យ​ដ៏​ធំ​នៃ​ភាពយន្ត​របស់​លោក​បាន​ធ្វើ​ឱ្យ​អ្នក​ជំនាញ​មួយ​ចំនួន​ចោទ​សួរ​ថា​តើ​រោងភាពយន្ដ​នៅ​កូរ៉េខាងត្បូង​នឹង​ទទួល​បាន​ជោគជ័យ​ ដោយ​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​កាន់​តែ​ខ្លាំង​ឬ​យ៉ាង​ណា។

លោក Kim បាន​និយាយ​ថា៖ «វា​ជា​ពេល​ដ៏​អស្ចារ្យ​មួយ ហើយ​ខ្ញុំ​គិត​ថា នឹង​មាន​ការ​ចាប់អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​លើ​រោង​ភាពយន្ដ​កូរ៉េខាងត្បូង​នៅ​ពេល​នេះ។ ប៉ុន្តែ​វា​ក៏​មាន​សារៈសំខាន់​ដែរ​ក្នុង​ការ​ចងចាំ​ថា លោក Bong Joon-ho មិន​មែន​ជា​អ្នក​ផលិត​ភាពយន្ត​ដ៏​ល្អ​ឥតខ្ចោះ​នោះ​ទេ។ ជ័យជម្នះ​ដ៏​សំខាន់​របស់​លោក​បាន​មក​ពី​ការ​ផលិត​ភាពយន្ត​រយៈពេល​២៥​ឆ្នាំ​របស់​លោក ហើយ​រោងភាពយន្ដ​ផ្សេង​ទៀត​ក៏​អីចឹង​ដែរ»។

ប្រទេស​កូរ៉េ​ខាង​ត្បូង​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ K-pop និង​កែ​សម្ផស្ស។ ក្រុម BTS ត្រូវ​បាន​គេ​ជឿ​ថា រកប្រាក់​បាន​ប្រមាណ​៣ពាន់​៦រយ​លាន​ដុល្លារ​សម្រាប់​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង​ជារៀងរាល់​ឆ្នាំ ខណៈ​ដែល​ទីផ្សារ​កែសម្ផស្ស​របស់​កូរ៉េ​អាច​រកទឹកប្រាក់​បាន​ប្រមាណ​ជា​១ម៉ឺន​៣ពាន់​១រយ​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ២០១៨។​

តម្លៃ​នៃ​ការ​នាំចេញ​សម្រាប់​វិស័យ​ភាពយន្ត​របស់​កូរ៉េ​ខាង​ត្បូង​មាន​ចំនួន​តិច​ជាង​នេះ​ឆ្ងាយ​ណាស់ ដែល​មាន​ទឹក​ប្រាក់​ត្រឹម​តែ​ជាង​៤១​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ២០១៨​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ផ្នែក​ស្រាវជ្រាវ​នៃ​គេហទំព័រ Statista ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា តួ​លេខ​នេះ​មិន​អាច​ផ្លាស់​ប្តូរ​បាន​ទេ។

លោក Kim បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​ដឹង​ថា សៀវភៅ​របស់​ខ្ញុំ​ស្តីពី​រោង​ភាពយន្ដ​កូរ៉េ​ដែល​ខ្ញុំ​ចេញផ្សាយ​កាលពី​៨ឆ្នាំ​មុន​ស្រាប់​តែ​លក់​ដាច់​ជាង​មុន​នៅ​លើ​គេហទំព័រ​ទិញ​ទំនិញ​អនឡាញ Amazon។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​អំពី​រោងភាពយន្ដ​កូរ៉េ​នៅ​ពេល​អនាគត​ច្បាស់​ណាស់។ ទោះ​បី​ជា​សេដ្ឋកិច្ច​មិន​សូវ​ល្អ​ក្តី ខ្ញុំ​គិត​ថា ភាពយន្ត Parasite គឺ​ជា​សញ្ញាណ​វិជ្ជមាន​មួយ​សម្រាប់​រោងភាពយន្ដ​របស់​កូរ៉េ»។

មនុស្សម្នា​មើល​ទូរទស្សន៍​ដែល​បង្ហាញ​ពី​រូបភាព​របស់​លោក Bong Joon Ho នៅ​ក្នុង​កម្មវិធី​ព័ត៌មាន នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ

កូរ៉េ​ខាង​ត្បូង​បាន​ឆ្លង​កាត់​រយៈពេល​ខ្មៅ​ងងឹត​សម្រាប់​ភាពយន្ត​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​មាន​ការ​ត្រិះរិះ​ពិចារណា និង​ជំរុញ​ការ​គិត​ខ្ពស់​ដូចជា​ភាពយន្តParasite នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី​ប្រធានាធិបតី Park Geun-hye ដែល​ត្រូវ​បាន​ដក​តំណែង និង​ជំនួស​ដោយ​លោក​ប្រធានាធិបតី Moon Jae-in នៅ​ក្នុង​ឆ្នាំ២០១៧ អ្នក​ដឹកនាំ​រឿង​ដូច​ជា​លោក Bong ត្រូវ​បាន​គេ​ធ្វើ​ទុក្ខបុកម្នេញ​ដោយសារ​តែ​មាន​សារ​នយោបាយ​បង្កប់​នៅ​ក្នុង​ភាពយន្ត​របស់​ពួកគេ។

ឥឡូវ​នេះ លោក Bong ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​អបអរសាទរ​យ៉ាង​ខ្លាំង​ថា​ជា​រឿង​ជោគជ័យ​ចុងក្រោយ​បំផុត​របស់​ប្រទេស​ ដោយ​មិន​គិត​ថា ភាពយន្ត Parasite បាន​បង្ហាញ​ពី​វិសមភាព​ដ៏​អាក្រក់​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​នៅ​ក្នុង​ប្រទេស​នោះ​ទេ។​ ប៉ុន្តែ​ក្រោយ​មក ការ​រួម​បញ្ចូល​គ្នា​ថ្មីៗ​នៃ​គុណតម្លៃ​ប្រជាធិបតេយ្យ និង​រោងភាពយន្ដ​សិល្បៈ​អាច​នឹង​ក្លាយ​ជា​រូបមន្ត​មួយ​សម្រាប់​អំណាច​ទន់​ខ្លាំងក្លា​មួយ និង​ជា​អំណាច​មួយ​ដែល​ប្រទេស​ផ្សេង​ដូចជា​ប្រទេស​ចិន​អាច​នឹង​ច្រណែន។

លោក Jason Bechervaise អ្នក​ជំនាញ​ផ្នែក​ភាពយន្ត​កូរ៉េ​ខាងត្បូង​ដែល​បាន​សរសេរ​សារណា​ថ្នាក់​បណ្ឌិត​អំពី​លោក Bong បាន​ប្រាប់ VOA ថា៖ «ប្រទេស​កូរ៉េ​ស្ថិត​ក្នុង​ការ​ដឹកនាំ​ផ្តាច់ការ ហើយ​វា​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ដែល​ប្រទេស​កូរ៉េ​ចាកចេញ​ពី​ការ​ដឹកនាំ​បែប​ផ្តាច់ការ​មក​ការ​ដឹកនាំ​បែប​លទ្ធិ​ប្រជាធិបតេយ្យ​វិញ។ នោះ​ហើយ​ជា​ពេល​ដែល​វិស័យ​ភាពយន្ត​របស់​កូរ៉េ​ចាប់​ផ្តើម​លូតលាស់។ ដូច្នេះ ប្រសិន​បើ​ចិន​មើល​មក​កូរ៉េ ខ្ញុំ​គិត​ថា​ត្រូវ​តែ​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ មុន​ពេល​អ្នក​មើល​ឃើញ​វិស័យ​ភាពយន្ត​មាន​ការ​រីកចម្រើន។ ខ្ញុំ​គិត​ថា ប្រទេស​ជិត​ខាង​របស់​កូរ៉េ​នៅ​ក្នុង​តំបន់​នឹង​ច្រណែន​នឹង​កូរ៉េ ហើយ​ពួកគេ​ព្យាយាម​ដើរ​តាម​ដើម្បី​ទទួល​បាន​ជោគជ័យ​នេះ​ដែរ។ ប៉ុន្តែ​នេះ​មិន​មែន​អាច​ធ្វើ​បាន​ភ្លាមៗ​នោះ​ទេ​ ហើយ​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​ធ្វើ​ឱ្យ​រឿង​នេះ​កើត​ឡើង»។​

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Jihoon Kim សាស្ត្រាចារ្យ​ផ្នែក​ការ​សិក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ភាពយន្ត​នៅ​សាកលវិទ្យាល័យ Chungang University ក្នុង​ក្រុង​សេអ៊ូល​ មិន​មាន​សុទិដ្ឋិនិយម​ថា កូរ៉េ​ខាង​ត្បូង​នឹង​អាច​បន្ត​សា្នដៃ​ដូច​ភាពយន្តParasite និង​បន្ត​បង្កើន​អំណាច​ទន់​ផ្នែក​ភាពយន្ត​របស់​ខ្លួន​នោះ​ទេ។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​មាន​មោទនភាព​លើ​ជោគជ័យ​នេះ​ក្នុង​នាម​ជា​ពលរដ្ឋ​កូរ៉េ​ និង​ក្នុង​នាម​ជា​អ្នក​ធ្វើ​ការ​ក្នុង​អាជីព​ដែល​បាន​លះបង់​សិក្សា​ពី​ភាពយន្ត​កូរ៉េ​ ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា ខ្ញុំ​គិត​ថា ជោគជ័យ​ដ៏​ធំ​របស់​ភាពយន្តParasite គឺ​ជា​ករណី​លើក​លែង។ ខ្ញុំ​មិន​គិត​ថា នឹង​មាន​ជោគជ័យ​បែប​នេះ​ទៀត​ទេ សម្រាប់​ភាពយន្ត​កូរ៉េ​ខាង​ត្បូង​ភាគច្រើន»។

លោក Kim បាន​ចាត់​ទុក​ថា​ភាពយន្ត Parasite ជា​ «ភាពយន្ត​ដ៏​អស្ចារ្យ​មួយ» ប៉ុន្តែ​និយាយ​ថា ជោគជ័យ​កើត​មាន​ឡើង​ដោយសារ​ការ​រួមចំណែក​នៃ​កត្តា​ផ្សេងៗ។​ ជា​ឧទាហរណ៍ ការ​ឈ្នះ​ពានរង្វាន់ Palme d'Or នៅ​ក្នុង​កម្មវិធី​ភាពយន្ត Cannes Film Festival ដែល​ជា​ពានរង្វាន់​ខ្ពស់​បំផុត​មួយ​បាន​ធ្វើ​ឱ្យ​ភាពយន្ត​នេះ​នឹង​កាន់​តែ​មាន​ភាព​ល្បីល្បាញ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Kim ​និយាយ​ថា ភាពយន្ត Parasite ក៏​បាន​ប្រើ «អ្នក​យុទ្ធសាស្ត្រ​អាជីព​ដ៏​ល្អ» ដើម្បី​ធ្វើ​យុទ្ធនាការ​សម្រាប់​ពានរង្វាន់​រូបភាព​ល្អ​បំផុត (Best Picture) មុន​កម្មវិធី​ប្រគល់​ពានរង្វាន់ Academy Awards ប្រព្រឹត្តទៅ ហើយ​លោក Bong បាន​ធ្វើ​ឱ្យ​ខ្លួន​លោក​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ចែករំលែក​ព័ត៌មាន​អំពី​លោក​ដោយ​មិន​ដឹង​ខ្លួន។

លោក​បាន​និយាយ​ថា៖ «ភាពយន្ត Parasite និង​ភាព​ល្បីល្បាញ​របស់​លោក Bong Joon-ho គឺ​អាស្រ័យ​លើ​ការ​កើន​ឡើង​នៃ​ទស្សនិកជន ​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គមនិង​ការ​ចង់​មើល​ភាពយន្ត​ប្រភេទ​ថ្មីៗ។ វា​ពាក់ព័ន្ធ​ជាមួយ​នឹង​បណ្តាញ​សង្គម​ខ្លាំង​ណាស់។ មនុស្សម្នា​ចាប់​ផ្តើម​ចែករំលែក​បទសម្ភាសន៍​របស់​លោក និង​ការ​បញ្ចេញ​យោបល់​របស់​លោក​នៅ​តាម​បណ្តាញ​អ៊ីនធឺណិត និង​ចំណាប់អារម្មណ៍​របស់​លោក​នៅ​ក្នុង​ភាពយន្ត​នោះ ហើយ​ឥឡូវ​នេះ​ពួកគេ​បាន​ក្លាយ​ទៅ​ជា​អ្នក​គាំទ្រ​របស់​លោក Bong Joon-ho នៅ​តាម​បណ្តាញ Twitter បណ្ដាញ​ Facebook និង YouTube ជាដើម»។​

នៅ​ពេល​នេះ វា​ពិបាក​ក្នុង​ការ​និយាយ​ថា​តើ​ភាពយន្ត Parasite គឺ​ជា​ជោគជ័យ​សម្រាប់​ចលនា​កូរ៉េ ឬ​គេ​ហៅ​ជា​ភាសា​កូរ៉េ​ថា hallyu ឬ​ក៏​ជា​ការ​ប្រឆាំង​នឹង​ចលនា​នេះ​នោះ​ទេ។

លោក Kyun Hyun Kim បាន​និយាយ​ថា៖ «លោក Bong Joon-ho និង​សហការី​របស់​លោក​ជា​អ្នក​ប្រឆាំង​នឹង​ចលនា hallyu។ ពិត​មែន​ហើយ​ ពួកគេ​យក​តួ​សម្តែង hallyu មក​ថត ប៉ុន្តែ​វា​មិន​ដូច​ជា​រឿង​ភាគ​កូរ៉េ ដែល​មិន​បង្ហាញ​ពី​ការ​ពិត​នោះ​ទេ។ នេះ​ជា​ភាពយន្ត​ដែល​ព្យាយាម​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពិបាក​ចិត្ត ហើយ​ជួនកាល​តក់ស្លុត ដោយ​ប្រើប្រាស់​សារ​សង្គម​ខ្លាំងៗ។ ពួកគេ​ធ្វើ​ឱ្យ​អ្នក​គិត​ពី​ជំងឺ​សង្គម​នៅ​ពេល​បច្ចុប្បន្ន។ ភាពយន្ត​ភាគ​របស់​កូរ៉េ​មិន​អ៊ីចឹង​ទេ។ វា​មាន​ទំនាក់ទំនង​គ្នា​ ប៉ុន្តែ​យើង​មិន​អាច​និយាយ​ថា វា​ដូច​គ្នា​នោះ​ទេ»។​

មក​ទល់នឹង​ពេល​នេះ​ ភាពយន្ត Parasite ទទួល​បាន​ចំណូល​ជាង​១៦៨លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក ហើយ​រោងភាពយន្ដ​នៅ​ទូទាំង​ទីក្រុង​សេអ៊ូល ​កំពុង​ចាប់​ផ្តើម​ចាប់​បញ្ចាំង​ភាពយន្ត​នេះ​ឡើង​វិញ ដើម្បី​សាទរ​ដល់​ការ​ឈ្នះ​ពានរង្វាន់​អូស្ការ​ដែល​មិន​ធ្លាប់​មាន​នេះ។

លោក Kyung Hyun Kim បាន​និយាយ​ថា៖ «រោងភាពយន្ដ​កូរ៉េ​លក់​សំបុត្រ​ភាពយន្ត​អស់​គ្មាន​សល់​នៅ​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ក្នុង​រយៈពេល​ជាង​១ទសវត្សរ៍​នេះ។ អ្នក​ចូលចិត្ត​មើល​ភាពយន្ដ និង​អ្នក​គាំទ្រ​រោងភាពយន្ដ​អន្តរជាតិ​បាន​ដឹង​ពី​ចំណុច​នេះ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​មក​ដល់​ចំណុច​មួយ​ដែល​ថា អ្នក​ទៅ​មើល​ភាពយន្ត​ធម្មតា​យល់​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ភាពយន្ត​ល្អ​អស្ចារ្យ​ដែរ»៕