កូនខ្មែរជាអ្នកផ្លុំខ្លុយវ័យក្មេងដ៏ចំណានម្នាក់ត្រូវគេជ្រើសរើសឲ្យចូលរួមប្រគុំតន្ត្រីក្នុងវង់តន្ត្រីលំដាប់ខ្ពស់មួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ការហ្វឹកហាត់ច្រើន ការតស៊ូ ហើយនឹងទេពកោសល្យពីកំណើតបានធ្វើឲ្យប៉ាន់ ប៉ាន់ឡូវ (Panh Panhlauv) ទទួលបានការជ្រើសរើសជាអ្នកផ្លុំខ្លុយលំដាប់ខ្ពស់ក្នុងចំណោមនិស្សិតអាមេរិកាំង។
ស្ថិតក្នុងវ័យ១៥ឆ្នាំ យុវជន ប៉ាន់ ប៉ាន់ឡូវ (Panh Panhlauv) បានតស៊ូឈានដល់លំដាប់ខ្ពស់នៃអ្នកផ្លុំខ្លុយនៅក្នុងចំណោមនិស្សិតវិទ្យាល័យអាមេរិកាំង ហើយត្រូវបានគេជ្រើសរើសឲ្យចូលរួមជាមួយក្រុមអ្នកលេងភ្លេងល្បីៗផ្នែកផ្សេងៗទៀតក្នុងវង់តន្ត្រី Orchestra ចម្រុះ។
នៅចំពោះមុខក្រុមអ្នកទស្សនាជាច្រើនរយនាក់ដែលចូលរួមទស្សនាការប្រគុំភ្លេងដោយឡែកៗ និងការប្រគុំរួមគ្នាជាមួយសាលាផ្សេងៗចំនួន៨នោះ យុវជនប៉ាន់ ប៉ាន់ឡូវ (Panh Panhlauv) បានកាន់ខ្លុយពណ៌ទឹកប្រាក់ផ្លុំប្រគុំនៅក្នុងពិធីបុណ្យប្រគុំតន្ត្រីសម្រាប់និស្សិតវិទ្យាល័យប្រចាំឆ្នាំ២០១៦នេះ នៅក្នុងព្រះវិហារ National Cathedral ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃពុធទី២៤ ខែកុម្ភៈឆ្នាំ ២០១៦។
លោកប៉ាន់ ម៉េងហ៊ាង ជាឳពុករបស់ប៉ាន់ ប៉ាន់ឡូវ (Panh Panhlauv)បានថ្លែងថា កូនប្រុសរបស់លោក បានខិតខំហ្វឹកហាត់ លេងភ្លេងខ្លាំងតាំងពីមកដល់ស.រ.អា.។
«ដូច្នេះហើយគាត់មាននិស្ស័យ មានដុង ហើយអ្នកចាត់ចែងភ្លេងនេះគេបានជ្រើសរើសគាត់មកលេងថ្ងៃនេះនៅព្រះវិហារ Cathedral ក្នុងរដ្ឋធានីវ៉ាស៊ីនតោននេះ»។
លោកអះអាងថា លោកមានមោទនភាពដែលកើតមកជាខ្មែរហើយ បានបន្តឲ្យ កូនចាប់យកវិស័យសិល្បៈដែលជាវិស័យមួយខ្វះខាតធនធានមនុស្សច្រើន បើធៀបនឹងវិស័យកុំព្យូទ័រ ឬមុខវិជ្ជាជំនាញផ្សេងៗទៀត ដែលឳពុកម្តាយជាច្រើនបានជំរុញកូនឲ្យសិក្សានោះ។ កូនរបស់លោកផ្សេងទៀតរួមទាំងបុស្បា ប៉ាន់ក៏ជាអ្នកតន្ត្រី និងសិល្បៈដែលមានឈ្មោះល្បី ហើយត្រូវបានសម្តែងក្នុងកម្មវិធីទូរទស្សន៍នៅប្រទេសកម្ពុជាតាមពីនៅកុម៉ារី អាយុក្រោម១០ឆ្នាំ។
យុវជនប៉ាន់ ប៉ាន់ឡូវ (Panh Panhlauv) បានធ្វើដំណើរចាកចេញពីភ្នំពេញមករៀននៅ ស.រ.អា.កាលពីឆ្នាំ ២០១២ ហើយឥឡូវនេះរៀនថ្នាក់ទី១០នៅសាលារៀនមួយនៅ ស.រ.អា.។ យុវជនរូបនេះបាននិយាយថា ខ្លួនមានអារម្មណ៍ល្អដោយបានលេងភ្លេងក្នុងព្រះវិហារ Cathedral ព្រោះវាជាកម្មវិធីពិសេសមួយ ហើយក៏បានបញ្ជាក់ពីចំណង់ចំណូលចិត្តចំពោះភ្លេងដែរ។
«ខ្ញុំចង់និយាយថា ភ្លេងគឺពិតជារឿងសំខាន់ចំពោះជីវិត ព្រោះភ្លេងបង្រៀនអំពីបញ្ហាដូចជាវិន័យ ហើយក៏ជួយដល់ខួរក្បាល ព្រោះថា ភ្លេងធ្វើឲ្យយើងឆ្លាតដែរ។ វាដូចជារឿងវិទ្យាសាស្ត្រដែរ»។
ក្រៅពីការរៀនសូត្រនៅសាលារដ្ឋ យុវជន ប៉ាន់ ប៉ាន់ឡូវ(Panh Panhlauv) បានហ្វឹកហ្វឺនផ្នែកភ្លេង ជាពិសេសខ្លុយនេះនៅកន្លែងចំនួន៣ផ្សេងៗគ្នាគឺនៅសាលារៀនរដ្ឋ ជួលគ្រូមកបង្ហាត់ដល់ផ្ទះ និងទៅរៀនសាលាឯកជនទៀតផង។ យុវជនរូបនេះបានរៀនខ្លុយនេះ១០ឆ្នាំមុនពេលត្រូវជ្រើសរើសឲ្យចូលរួមប្រគុំជាមួយក្រុមភ្លេងដទៃទៀតនោះ។
អង្គការកម្មវិធីភ្លេងយុវជននៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បានប្រារព្ធពិធីបុណ្យប្រគុំតន្ត្រីសម្រាប់និស្សិតវិទ្យាល័យប្រចាំឆ្នាំ២០១៦ ជារៀងរាល់ឆ្នាំ ដែលឆ្នាំនេះ ជាឆ្នាំទី១១ហើយ។ អង្គការនេះបានជ្រើសរើសនិស្សិតភ្លេងអាមេរិកាំងពូកែជាច្រើនដែលលេងខ្លុយ ត្រែ ឆេឡូ វីយូឡុង និងឧបករណ៍ដទៃទៀតមកប្រគុំរួមគ្នា។ ក្នុងនោះក៏មាននិស្សិតអាមេរិកាំង ដើមកំណើតអាស៊ី និងនិស្សិតអាស៊ី ដូចជា ប៉ាន់ ប៉ាន់ឡូវ (Panh Panhlauv)។
ក្រុមអ្នកចូលរួម ដែលមានឳពុកម្តាយភាគច្រើនជាជនជាតិអាមេរិកាំង សាច់ញាតិ អ្នករៀបចំ គ្រូបង្រៀន និងនិស្សិតជាដើម បានទះដៃអបអរសាទររាល់បទភ្លេង ចម្រៀងអាមេរិកាំង និងការប្រគុំតន្ត្រីដ៏ពិរោះ ដែលកន្ត្រាក់អារម្មណ៍ ពីបទមួយ ទៅបទមួយ ដែលទាក់ទងនឹងការសរសើរដល់ព្រះជាម្ចាស់ បទទាក់ទងនឹងជីវិតឯកជនរបស់បុគ្គលល្បីៗ និងបទចម្រៀងល្បីរបស់អាមេរិកាំងផ្សេងៗទៀត។
ក្រុមភ្លេងបានប្រគុំលាយឡំនិងកាយវិការប្លែកៗ និងសំឡេងប្រដេញគ្នាគួរឲ្យចង់ស្តាប់ម្តងហើយម្តងទៀត ដែលវាធ្វើឲ្យមានការទាក់ទាញអារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា។
បទភ្លេងនិងចម្រៀងដែលនិស្សិតបានច្រៀង និងប្រគុំភ្លេងរួមគ្នា និងជាក្រុមរៀងៗខ្លួនទាំងនោះ មានបទ Overture to Don Giovanni, Sound of Silence, In My Life, និងBattle of Jericho ជាដើម។
លោកស្រី Kate Breytspraak នាយិកាប្រតិបត្តិ និងទំនាក់ទំនងសហគមន៍នៃព្រះវិហារ Washington National Cathedral បានថ្លែងថា៖ វាជារឿងរំភើបដែលឃើញក្រុមអ្នកភ្លេងចំណានៗទាំងនេះចូលរួមប្រគុំតន្ត្រីរួមគ្នា ពង្រឹងសហគមន៍យើងតាមរយៈការកម្សាន្តសប្បាយជាមួយនឹងភ្លេង។ ហើយកម្មវិធីបុណ្យនេះមិនអាចដំណើរការបានទេ ប្រសិនបើគ្មានការប្តូរផ្តាច់ពីអ្នកចាត់ចែង និងនិស្សិតមកពីសាលាទាំងនេះទេនោះ។
លោកម៉ារីយ៉ាណូ វ៉ាឡេស៍ ( Mariano Vales) នាយកកម្មវិធីនៃកម្មវិធីភ្លេងយុវជននៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បានថ្លែងថា ក្រុមភ្លេងនេះជាក្រុមភ្លេង ដែលស្ថិតក្នុងលំដាប់ខ្ពស់បំផុតនៃអង្គការរបស់លោក ហើយជាមោទនភាពមួយដែលក្រុមភ្លេងរបស់លោកចូលរួមក្នុងការរៀបចំពិធីបុណ្យនេះប្រចាំឆ្នាំក្នុងព្រះវិហារ Cathedral ដើម្បីឲ្យនិស្សិតចូលរួមនិងប្រគុំភ្លេងក៏ដូចជាច្រៀងចម្រៀងដែលគេបានតាក់តែង។ លោកបានថ្លែងថា ប៉ាន់ ប៉ាន់ឡូវ (Panh Panhlauv) ពូកែផ្លុំត្រែពូកែ និងផ្លុំខ្លុយ ដែលអង្គការលោកបានប្តូរពីការលេងត្រែទៅឲ្យលេងខ្លុយវិញ។
«យើងមានវង់ភ្លេងចំនួន៧ ហើយមួយនេះជាវង់ភ្លេងចំណានដែលមានលំដាប់ខ្ពស់ ក្នុងអង្គការរបស់យើង។ ដូច្នេះវាជារឿងសំខាន់ណាស់ក្នុងការចូលរួមលេងភ្លេង»។
លោកថ្លែងថា ប៉ាន់ ប៉ាន់ឡូវ (Panh Panhlauv) ទើបតែត្រូវជ្រើសរើសឲ្យចូលរួមប្រគុំតន្ត្រីនៅឆ្នាំនេះ ហើយលោកថា លោកទើបតែបានហាត់សមជាមួយប៉ាន់ ប៉ាន់ឡូវ (Panh Panhlauv) មួយខែ នៅមុនពេលកម្មវិធីនេះចាប់ផ្តើម។
រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ខ្ញុំ សុខ ខេមរាវីអូអេ៕