កាលពីថ្ងៃអង្គារ ក្រសួងការបរទេសប៉ាគីស្ថានបានរិះគន់យ៉ាងខ្លាំងដល់កិច្ចប្រតិបត្តិការរបស់សហរដ្ឋអាមេរិកដែលបានសម្លាប់មេដឹកនាំភេរវជន អូសាម៉ា ប៊ិន ឡាដិន (Osama bin Laden) នៅក្នុងទីក្រុង អាប្បុត្តាបាដ (Abbottabad) នៃប្រទេសប៉ាគីស្ថាន។ ការរិះគន់នេះបានកើតមានឡើងនៅពេលដែលប្រធានាធិបតីប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់ថា ប្រទេសរបស់លោកមិនបានតាមរកពួកភេរវជនឲ្យបានសកម្ម។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ក្រសួងការបរទេសប៉ាគីស្ថានបានរិះគន់កិច្ចប្រតិបត្តិការរបស់កងកុម៉ង់ដូរសហរដ្ឋអាមេរិកដែលបានសម្លាប់ អូសាម៉ា ប៊ីន ឡាដិន។
សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបានត្រូវធ្វើឡើងដោយមិនមានការយល់ព្រម ឬការអនុញ្ញាតពីរដ្ឋាភិបាលទីក្រុងអ៊ិស្លាម៉ាបាដ។ សេចក្តីថ្លែងការណ៍នោះក៏បានឲ្យដឹងទៀតថា សេវាកម្មស៊ើបការណ៍សម្ងាត់ (ISI) បានចែករំលែកព័ត៌មានអំពីបរិវេណរបស់ប៊ីនឡាដិន (bin Laden)នៅទីក្រុងអាប្បុត្តាបាដ (Abbottabad) ជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ប្រទេសជាមិត្តចាប់តាំងពីឆ្នាំ២០០៩មក។
សរសេរនៅក្នុងទំព័រកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ (Washington Post) កាលពីថ្ងៃអង្គារម្សិលមិញ លោក អាស៊ីហ្វ អាលីហ្សាដារី (Asif Ali Zardari) ប្រធានាធិបតីប៉ាគីស្ថានបានការពារប្រវត្តិរដ្ឋាភិបាលរបស់លោកក្នុងការប្រយុទ្ធប្រឆាំងភេរវជន ដោយនិយាយថា នៅខណៈពេលដែលការសម្លាប់មេដឹកនាំអាល់ខាដា (al-Qaida) មិនមែនជាកិច្ចប្រតិបត្តិការរួមរវាងសហរដ្ឋអាមេរិក និង ប៉ាគីស្ថាន ប៉ាគីស្ថានបានជួយរកឃើញអ្នកនាំសារអាល់កៃដា (Al-Qaida) ដែលដានរបស់ជននោះបាននាំឲ្យមន្រ្តីស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិករកឃើញកន្លែងលាក់ខ្លួនរបស់ប៊ីឡាឌីន។
មានការរឹះគន់កាន់តែខ្លាំងឡើងដល់ប៉ាគីស្ថានពីសំណាក់សភាសហរដ្ឋអាមេរិក ដែលអំពាវនាវឲ្យមានការស៊ើបអង្កេតថាតើភេរវជនដែលពិភពលោករកមុខបំផុត ស្នាក់នៅដោយគ្មានអ្នកណាដឹងនៅក្នុងទីក្រុងអាប្បុត្តាបាដ ជាទីដែលមានវត្តមានយោធាយ៉ាងច្រើន និងជាទីដែលបណ្ឌិតសភាយោធាប៉ាគីស្ថាននោះ។
សំណួរក៏ត្រូវបានបានលើកឡើងផងដែរនៅប៉ាគីស្ថានទាក់ទងនឹងអ្វីដែលរដ្ឋាភិបាលបានដឹងអំពីបេសកម្មសម្លាប់ ប៊ិន ឡាដិន។ លោក ហារ៉ូន អាខតារ (Haroon Akhtar) អ្នកនយោបាយគណបក្សប្រឆាំងនិយាយថា រដ្ឋាភិបាលរបស់លោក ហ្សារ៉ាហ៊ីរី កំពុងរក្សាការស្ងៀមស្ងាត់ពីព្រោះតែការភ័យខ្លាចពីការសងសឹករបស់ភេរវជន។ លោកថ្លែងដូច្នេះថា៖
«យើងមិនអាចជឿជាក់បានទេថា នៅក្នុងប្រទេសនេះ ឧទ្ធម្ភាគចក្របួនគ្រឿងអាចចូលមក ហើយប្រព័ន្ធរ៉ាដាយើងចាប់មិនបាន ហើយយើងមិនបានដឹងអំពីរឿងនេះរហូតដល់ប្រធានាធិបតីអូបាម៉ា បានទូរស័ព្ទទៅប្រធានាធិបតីរបស់យើង ហើយនិយាយថា «អរគុណណាស់។ យើងបានចូលក្នុងប្រទេសលោកហើយយើងបានសម្លាប់មនុស្សជាច្រើននោះ»។ ការណ៍នេះមិនអាចកើតឡើងបានទេ។ វាជាផលប៉ះពាល់ដែលយើងមានការភ័យខ្លាចនោះ ហើយយើងនៅស្ងប់ស្ងៀម។ ហេតុនេះហើយបានជាយើងមិនចង់និយាយលម្អិត»។
ជនជាតិប៉ាគីស្ថានជាច្រើនមានការខឹងសម្បា ហើយអាម៉ាសមុខដោយគេចាត់ទុកថា ជាការរំលោភអធិបតេយ្យភាពរបស់ពួកគេ ហើយការតានតឹងមានកម្រិតខ្ពស់នៅទូទាំងប្រទេសប៉ាគីស្ថានបន្ទាប់ពីការវាយឆ្មក់នោះ។ កាលពីថ្ងៃអង្គារអាមេរិកបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងរដ្ឋធានីអ៊ិស្លាម៉ាបាត និងស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុងការ៉ាជី ក៏ប៉ុន្តែស្ថានកុងស៊ុលនៅក្នុងទីក្រុងផេសាវ៉ា (Peshawar) និងទីក្រុងឡាហ័រ (Lahore) នៅបិទទ្វារនៅឡើយដោយសារការព្រួយកង្វល់ខាងសន្តិសុខ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន