ប្រទេសកម្ពុជាទើបតែបង្កើតស្ថាប័នតុលាការថ្មីមួយនៅថ្ងៃនេះ ក្នុងអតីតតំបន់ ដែលកាន់កាប់ដោយកងទ័ពខ្មែរក្រហម។ ក្រុមមន្ដ្រីនិយាយថា ការបង្កើតតុលាការនេះនឹងធ្វើឲ្យរីកចម្រើនផ្នែកប្រព័ន្ធយុត្តិធម៌នៅក្នុងខេត្តប៉ែកពាយ័ព្យនេះ។
ខេត្តប៉ៃលិន អតីតតំបន់ឈរជើងដ៏រឹងមាំរបស់កងទ័ពកុម្មុយនិស្ដខ្មែរក្រហម បានបង្កើតតុលាការមួយសម្រាប់ដំណើរការកាត់ក្ដីដោយឯករាជ្យក្នុងតំបន់គ្រប់គ្រងរបស់ខ្លួននៅថ្ងៃច័ន្ទនេះ។ ការបង្កើតតុលាការថ្មីនេះធ្វើឡើងដំណាលគ្នានឹងសាលាក្ដីខ្មែរក្រហមគ្រោងបើកសវនាការលើបណ្ដឹងសារទុក្ខរបស់មេដឹកនាំកំពូលខ្មែរក្រហមចំនួនពីរនាក់នៅសប្ដាហ៍ក្រោយ។
លោកឡៅ ស៊ុនប៉ា ប្រធានក្រុមប្រឹក្សាភិបាលខេត្តប៉ៃលិន មានប្រសាសន៍តាមទូរស័ព្ទ បន្ទាប់ពីពិធីប្រកាសបង្កើតតុលាការជាផ្លូវការថា តុលាការនឹងជួយសម្រួលច្រើនដល់ប្រជាពលរដ្ឋរបស់លោកក្នុងដំណើរការស្វែងរកយុត្តិធម៌។
«បើមានរឿងអ្វី ប្រជាជនទាក់ទងក្នុងខេត្តនេះតែម្ដង មិនចាំបាច់ចំណាយប្រាក់កាសច្រើន»។
ខេត្តប៉ៃលិនគឺជាខេត្តទី២៣ ដែលមានតុលាការសាលាដំបូងក្នុងតំបន់របស់ខ្លួន។ រដ្ឋាភិបាលខ្មែរ គ្រោងនឹងបង្កើតតុលាការសាលាដំបូងមួយទៀតនៅក្នុងខេត្តឧត្តរមានជ័យក្នុងពេលខាងមុខ។ ខេត្តនេះប្រើប្រាស់តុលាការរួមជាមួយនឹងខេត្តសៀមរាបសម្រាប់ដោះស្រាយសំណុំរឿងផ្សេងៗ។ រីឯខេត្តប៉ៃលិន កន្លងមក ត្រូវពឹងផ្អែកលើប្រព័ន្ធតុលាការក្នុងខេត្តបាត់ដំបងដែលស្ថិតនៅចម្ងាយជាង៧០គ.ម.។
ប៉ៃលិនបានចូលសមាហរណកម្មជាមួយរដ្ឋាភិបាលក្រុងភ្នំពេញកាលពីឆ្នាំ១៩៩៦។ រដ្ឋបាលគ្រប់គ្រងនៅទីនេះដឹកនាំដោយអតីតកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់ភាគច្រើន។ អតីតបងធំទីពីរនៃរបបកម្ពុជាប្រជាធិបតេយ្យគឺនួន ជា អតីតបងធំទីបីគឺអៀង សារី និងប្រពន្ធរបស់គាត់អៀង ធារិទ្ធ និងអតីតប្រមុខរដ្ឋខ្មែរក្រហមគឺខៀវ សំផនបានបន្ដស្នាក់នៅទីនេះយ៉ាងសុខសាន្ដ មុនការចាប់ខ្លួនយកមកឃុំ ចាំការកាត់ទោសដោយសាលាក្ដីខ្មែរក្រហម។
លោកច័ន្ទ មនោ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រសួងយុត្តិធម៌ដែលបានចូលរួមពិធីប្រកាសបង្កើតតុលាការខេត្តប៉ៃលិន មានប្រសាសន៍ថា តុលាការថ្មីនេះនឹងធ្វើឲ្យប្រជាជនក្នុងតំបន់នេះទទួល បានសេវាយុត្តិធម៌ឆាប់រហស័។
«គឺក្នុងទិសដៅបង្ខិតសេវាយុត្តិធម៌ឲ្យកាន់តែជិតប្រជាពលរដ្ឋ ដើម្បីជួយកាត់បន្ថយការលំបាកដល់ពួកគាត់ក្នុងការដោះស្រាយរឿងក្ដីកន្លងមក»។
លោកចាន់ សាវ៉េត ប្រធានផ្នែកស៊ើបអង្កេតលើការរំលោភសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្ស អាដហុក បានលើកឡើងថា មានការចាប់ខ្លួនដោយខុសច្បាប់ និងការឃុំខ្លួនខុសច្បាប់ជាញឹកញាប់បានកើតឡើងក្នុងខេត្តប៉ៃលិន ហើយជួនកាលប្រជាពលរដ្ឋស្ថិតក្នុងសម្ពាធដែលតម្រូវឲ្យមានការដោះស្រាយបញ្ហានានាដោយមានការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ។
«ការបង្កើតតុលាការនេះ វាជារឿងមួយសមស្របដែរ ជារឿងមួយចាំបាច់ ដោយសារតែមានក្រុមសិទ្ធិមនុស្សមួយចំនួនតែងតែលើកថា ប៉ូលិសឃុំខ្លួនពលរដ្ឋ ប៉ូលិសឃាត់ខ្លួនដោយខុសច្បាប់ជាដើម ហើយការបញ្ជូនទៅតុលាការមានការយឺតយ៉ាវ»។
ស្របពេលជាមួយគ្នានឹងការបង្កើតតុលាការក្នុងខេត្តប៉ៃលិននេះ សាលាក្ដីខ្មែរក្រហមបានគ្រោងបើកសវនាការជាសាធារណៈនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយដើម្បីសម្រេចលើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទនួន ជា និងខៀវ សំផន។ មេធាវីរបស់ជនជាប់ចោទទាំងពីរទាមទារសុំឲ្យដោះលែងកូនក្ដីរបស់ផងខ្លួន។ មេធាវីការពារជនជាប់ចោទទាំងពីរចាត់ទុកថា កូនក្ដីរបស់ផងខ្លួនត្រូវឃុំឃាំងបណ្ដោះអាសន្នដោយខុសច្បាប់៕