បន្ទាប់ពីមានគ្រោះអគ្គីភ័យដែលបានបំផ្លាញផ្ទះចំនួន៥ខ្នងកណ្តាលទីក្រុងភ្នំពេញកាលពីថៃ្ងអង្គារ ប៉ូលិសបានបញ្ជូនស្រ្តីម្ចាស់យានដ្ឋានជួសជុលរថយន្តទៅតុលាការពីបទធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ។ ក៏ប៉ុន្តែមន្ត្រីតុលាការបាននិយាយថា សំណុំរឿងនេះមិនទាន់មកដល់តុលាការនៅឡើយទេ។ គ្រោះអគ្គីភ័យនេះបានបំផ្លាញទ្រព្យសម្បត្តិជាង១លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេលតែជាង៣ម៉ោងប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ត្រីទូច ណារុថ ស្នងការប៉ូលិសក្រុងភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ម្ចាស់យានដ្ឋានជួសជុលរថយន្តមួយឈ្មោះសុជាតិ ត្រូវបានប៉ូលិសបញ្ជូនសំណុំរឿងទៅតុលាការហើយ ពីបទបង្កអគ្គីភ័យ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន។
«បាទ ឃាត់ខ្លួន ហើយយើងបានបញ្ជូនទៅតុលាការ ព្រោះយើងបានការណែនាំពីថ្នាក់លើឲ្យបញ្ជូនទៅតុលាការ។ បទអគ្គីភ័យបង្កឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ»។
កាលពីថ្ងៃអង្គារ គ្រោះអគ្គីភ័យមួយដែលបានឆាបឆេះចេញពីរថយន្តដឹកប្រេងមួយរបស់ក្រុមហ៊ុនសូគីម៉ិចបានបំផ្លាញផ្ទះយ៉ាងតិចចំនួនប្រាំខ្នង រថយន្តចំនួនបួនគ្រឿង ម៉ូតូចំនួនប្រាំគ្រឿង ព្រមទាំងសម្ភារៈ គ្រឿងសង្ហារឹម តុ ទូមួយចំនួនទៀត។
មន្រ្តីប៉ូលិសបាននិយាយថា គ្រោះអគ្គីភ័យ ដែលមានរយៈពេលជាងបីម៉ោងនៅកណ្តាលទីក្រុង ភ្នំពេញនេះ បានបំផ្លាញទ្រព្យសម្បត្តិឯកជន និងទឹកប្រាក់ប្រមាណជាង១លានដុល្លារសហរដ្ឋអាមេរិក។
ចំនួនទឹកប្រាក់ដែលបានបាត់បង់នោះគឺរួមទាំងផ្ទះសម្បែងផងដែរ។ ឧត្តមសេនីយ៍ត្រីទូច ណារុថ បានឲ្យដឹងថា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងដើម្បីទាមទារសំណងខូចខាតទាំងនេះហើយ។ លោកទូច ណារុថ បានមានប្រសាសន៍ទៀតថា យើងជំរុញឲ្យជនរងគ្រោះទាំងអស់ដាក់ពាក្យបណ្តឹងដើម្បីទាមទារសំណងខូចខាត។
លោកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិច ពុំអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃពុធនេះ ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់លោកប្រាប់កាសែតជាភាសាអង់គ្លេសមួយឈ្មោះថា The Cambodia Daily ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកមានបណ្ណធានារ៉ាប់រង ដូច្នេះយើងនិងពិចារណាថាតើនឹងត្រូវផ្តល់សំណងខូចខាតនេះយ៉ាងដូចម្តេច។
ប៉ូលិសអះអាងថា ម្ចាស់យានដ្ឋានជួសជុលរថយន្តដែលទាក់ទងនឹងឧប្បត្តិហេតុគ្រោះអគ្គីភ័យនេះត្រូវបានបញ្ជូនទៅតុលាការហើយ។
លោកសុខ រឿន ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ បាននិយាយថា សំណុំរឿងពាក់ព័ន្ធទៅនឹងអគ្គីភ័យនេះពុំទាន់បានបញ្ជូនមកដល់តុលាការនៅឡើយទេ។
«បាទ នៅប៉ូលិសនៅឡើយ។ (ខ្ញុំ)ដឹងរឿងហ្នឹងដែរ ប៉ុន្តែមិនទាន់មកដល់ផងហ្នឹង ក្រែងលោបន្តិចទៀត»។
លោកឃីម សំអួរ ប្រធានស្តីទីប៉ូលិសអគ្គីភ័យក្រុងភ្នំពេញ បាននិយាយថា ប៉ូលិសបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១៦គ្រឿង និងបានប្រើប្រាស់ទឹកអស់ប្រមាណ២២០ម៉ែត្រគូប។
លោកបានមានប្រសាសន៍ទៀតថា នៅក្នុងរយៈពេលប្រាំបួនខែដើមឆ្នាំ២០១០នេះ យ៉ាងតិចមានគ្រោះអគ្គីភ័យបានកើតឡើងនៅក្នុងទីក្រុងភ្នំពេញចំនួន៣៣លើក ដែលបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួនពីរនាក់ និងរងរបួសបីនាក់។
គ្រោះអគ្គីភ័យភាគច្រើនបានកើតឡើងដោយសារតែទុស្សេខ្សែភ្លើង ឆេះសម្រាម ហើយចុងក្រោយ គេនេះគឺបណ្តាលមកពីឆេះរថយន្តដឹកប្រេង៕