របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស៖ បំណុល​វ័ណ្ឌ​ក​ក្លាយ​ជា​ហានិភ័យ​ថ្មី​នៅ​សហគមន៍​រង​គ្រោះ​ដោយ​ជម្លោះ​ដី​ធ្លី

ប្រជាពលរដ្ឋ​ចំនួន ១៦ គ្រួសារ ដែល​មាន​ទីលំនៅ​នៅ​ក្នុង​ភូមិ​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង ​មាន​ដី​មាន​ជម្លោះ​នៅ​សហគមន៍​អូរវល្លិប្រេង ភូមិ​សុភី​ ឃុំអន្លងរុន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។ (រូបថត​ពី Facebook/សហគមន៍​ដីធ្លី​អូរវល្លិប្រេង ខេត្ត​បាត់ដំបង)

ក្រុម​គ្រួសារ​លោក ថាន ញ៉យ រស់​នៅ​ក្នុង​តំបន់​ខ្ទុំ ក្នុង​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ អស់​កាល​រាប់​ជំនាន់​មក​ហើយ ជា​ការ​រស់​នៅ​តាម​បែប​ជីវភាព​សាមញ្ញ ​ពឹង​អាស្រ័យ​លើ​ការ​ធ្វើ​ស្រែ​ចម្ការ ចិញ្ចឹម​ជីវិត តាម​របៀប​អ្នក​ស្រុក​ស្រែ​ចម្ការ។

ប៉ុន្តែ​ការ​មក​ដល់​នៃ​គម្រោង​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​គ្រឹះស្ថាន​បុត្រសម្ព័ន្ធ​បី​នៃក្រុមហ៊ុន​ស្ករ​សខ្នាត​យក្ស​របស់​ថៃ Mitr Phol នៅ​ឆ្នាំ​២០០៧ បាន​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​ជា​រៀង​រហូត ទង្គិច​ផ្លាស់​ប្ដូរ​ជីវភាព​របស់​លោក ថាន ញ៉យ និង​ប្រជាជន​ជាង​១៦០​គ្រួសារ​ផ្សេង​ទៀត​នៅ​តំបន់ខ្ទុំ។

ដី​ស្រែ​របស់​លោក ថាន ញ៉យ សរុប​ប្រមាណ​១៥​ហិកតា ត្រូវ​បាន​រឹប​អូស​យក​ឱ្យ​ក្រុម​ហ៊ុន​ទាំង​៣​វិនិយោគ​ដាំ​ស្ករ​អំពៅ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ជីវភាព​របស់​លោក​ជួប​បញ្ហា​ប្រឈមខ្លាំង ដោយសារ​បាត់​បង់ដីស្រែ​ដែល​ជា​ឆ្នាំង​បាយ​សម្រាប់​លោក​ចិញ្ចឹម​គ្រួសារ​ដែល​មាន​ភរិយា​និង​កូន​ប្រុស​ស្រី​៦​នាក់។

លែង​មាន​ដី​ស្រែ ហើយ​ការ​ធ្វើស្រែចម្ការ​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ជួល​ដីពីអ្នកភូមិ​ផ្សេង​ទៀត នៅ​ឆ្នាំ​២០១១​ លោក ថាន ញ៉យ ត្រូវ​បង្ខំ​ចិត្ត​សុំ​យក​កម្ចី​៣​ពាន់​ដុល្លារ និង​ក្រោយ​មក​៥​ពាន់​ដុល្លារ​បន្ថែមដើម្បី​បន្សែ​បន្សំ​ទិញ​ដី​ស្រែ​មួយ​កន្លែង​ថ្មី​ទំហំ​១,៥​ហិកតា នៅ​ក្រៅ​តំបន់​ជម្លោះ​ជាមួយ​ក្រុមហ៊ុន និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជីវភាព​ផ្សេង​ទៀត។​

«ពី​មុន​ខ្ញុំ​មាន​ចេះ​ខ្ចី​លុយ​ធនាគារ​អី មាន​ស្រែ មាន​អី​ធ្វើ គ្រាន់​នឹង​ដោះ​ស្រាយ​បាន​បន្តិចៗ ដល់តែ​ក្រុម​ហ៊ុន​គេ​យក​ដី​អស់ មិន​ដឹង​ជា​យក​អី្វ​បាន​ឱ្យ​កូន​រៀន មាន​តែ​បណ្ដោះ​ខ្ចី​គេ​យក​មកដោះស្រាយ​»។​

របាយការណ៍​ដែល​ជា​ការ​សិក្សារួម​រវាង​អង្គការ​សម​ធម៌ (Equitable Cambodia)និង​អង្គការ​លីកាដូ (Licadho) លើ​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ចំនួន​១៤​នៅ​ទូ​ទាំង​ប្រទេស ដែល​មាន​ចំណងជើង​ថា «សិទ្ធិ​ទទួល​បាន​ការ​អនុគ្រោះ៖ សំឡេង​សហគមន៍​ដែល​ជាប់​ជំពាក់​បំណុល» ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ (​Web Screenshot)

ដ្បិត​ថា​បំណុល​វគ្គ​មុន​ដែល​ដំបូង​ខ្ចី​៣ពាន់​ដុល្លារ និង​ក្រោយ​មក​ខ្ចី​៥​ពាន់​ដុល្លារ បាន​សង​រួចអស់ កំណើន​នៃ​តម្រូវ​ការ​ផ្សេង​ទៀត និង​ការ​មាន​ដីស្រែ​រួម​តូច​ជាងមុន បាន​ធ្វើឱ្យ​លោក​ខ្ចី​លុយ​វគ្គ​ទីបី​ពី​ធនាគារ ដើម្បី​ដោះ​ស្រាយ​ជីវភាព ដែល​ទាំង​ដើម​ទាំង​ការ ជិត​១​ម៉ឺនដុល្លារ។

«ចេះ​តែ​រក​បណ្ដាក់ រក​អនុ​ផល​ព្រៃឈើ​ផង ប្រពន្ធ​នៅ​ផ្ទះ​ក៏​លក់​នំ លក់​អីវ៉ាន់​បន្ដិច​បន្ដួច សន្សំៗ​គ្នាបាន​សង​គេ​ខ្លះ ចាយ​ខ្លួន​ឯង​ខ្លះ បាន​កូន​រៀន​ខ្លះ តិចៗ»។

ជាមួយ​នឹង​ការ​បង់​បណ្ដាក់​ក្នុង​តម្លៃ​ទឹក​ប្រាក់​ជិត​២០០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​បញ្ហា​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ដែល​ការ​បិទ​ព្រំដែន មិន​អាច​ឱ្យ​លោក​យក​អនុផល​ព្រៃឈើ​ទៅ​លក់​នៅ​ច្រក​អូរស្មាច់ផង លោក ថាន ញ៉យ អាយុ​៥៣ឆ្នាំ សារភាព​ថា​បំណុល​នេះ​ពិត​ជា​ពិបាក​សង​ឱ្យ​អស់។​

បំណុល​វ័ណ្ឌក​ជា​ហានិភ័យ​ប្រឈម​ថ្មី​មួយ​សម្រាប់​បណ្ដា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ដូច​នៅ​តំបន់​ខ្ទុំ​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ដែល​ជា​ការ​សិក្សារួម​រវាង​អង្គការ​សម​ធម៌ (Equitable Cambodia)និង​អង្គការ​លីកាដូ (Licadho) លើ​សហគមន៍​ជាប់​ក្នុង​ជម្លោះ​ដីធ្លី​ចំនួន​១៤​នៅ​ទូ​ទាំង​ប្រទេស។

គ្រាន់​តែ​នៅ​សហគមន៍​ខ្ទុំ ដែល​មាន​លោក ថាន ញ៉យ ផ្ទាល់​តែម្ដង​ជា​តំណាង​សហគមន៍ មាន​៩៥%​ក្នុង​ចំណោម​ប្រជាជន​សរុប​១៦២គ្រួសារ ដែល​មាន​ជាប់​បំណុល ក្រោយ​និង​អំឡុង​ពេល​ផុងខ្លួន​ក្នុង​ជម្លោះ​ដីធ្លី ដែល​ក្នុង​មួយ​គ្រួសារ​ៗ​ជំពាក់​បំណុល​ធនាគារ​ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជនជា​មធ្យមប្រមាណ​៥ពាន់​ដុល្លារ​អាមេរិក។

សហគមន៍​ទាំង​១៤​នោះ​ រួមមា​ន​សហគមន៍«ខ្ទុំ»នៅ​ខេត្ត​ឧត្ដរមានជ័យ សហគមន៍​«តានួន» «ជី​ខ​ក្រោម​» និង​«ជីខលើ» នៅ​ខេត្ត​កោះកុង សហគមន៍​«ដក​ពោធិ៍»​និង​«ក្រាំង​ត្បែង»​នៅ​ខេត្ត​កំពង់​ស្ពឺ សហ​គមន៍​«បឹង​ប្រាំ»និង«អូរវ័ល្លិប្រេង»​នៅខេត្ត​បាត់ដំបង សហគមន៍​ដីធ្លី​«ប៉ៃលិន»​នៅ​ខេត្ត​ប៉ៃលិន សហគមន៍​«ភូមិ១៧»​និង​«មានជ័យ​ស្ត្រី​អភិវឌ្ឍន៍»​នៅ​រាជធានី​ភ្នំពេញ សហគមន៍«ជោគជ័យ»​នៅ​ខេត្ត​ព្រះវិហារ និង​សហគមន៍​«កាំ​និង​ក្រេះ»​និង​«តាឡាវ​និង​អ៊ិន»​នៅ​រតនគិរី។

រដ្ឋាភិបាល​កម្ពុជា​រង​ការ​រិះគន់​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​បណ្តាល​ឲ្យ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ទូទាំង​ប្រទេស។ កាល​ពី​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។

របាយ​ការណ៍​របស់​អង្គការសមធម៌​និង​អង្គការ​លីកាដូ​ ដែល​មាន​ចំណងជើងថា​«សិទ្ធិ​ទទួល​បាន​ការ​អនុគ្រោះ៖ សំឡេង​សហគមន៍​ដែល​ជាប់​ជំពាក់​បំណុល» បាន​បញ្ជាក់​ថា​៖«អ្នក​ទាំងនោះ​មាន​ប្រភព​ចំណូល បទ​ពិសោធន៍លើ​បញ្ហា​វិវាទ​ដីធ្លី ជាតិ​សាសន៍ សាសនា និង​ភាសា ភូមិ​សាស្ត្រ​និង​បរិយាកាស​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​ទាំងអស់​កំពុង​ជួប​បញ្ហា​តែមួយ គឺ​ការ​ជាប់​ជំពាក់បំ​ណុល​ច្រើន​លើស​លប់​ និង​រង​គ្រោះដោយ​សារ​កម្ចី​ឥណទានខ្នាតតូច»។

រូបឯកសារ៖ ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai) ដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ក្នុង​ស្រុក​អណ្តូងមាស និង​អូរជុំ។ (ស៊ុន ណារិន/វីអូអេ)

របាយ​ការណ៍​ដដែល​បាន​បរិយាយ​អំពី​«ការ​រំលោភ​សិទ្ធិ​មនុស្ស»ក្នុង​ចរន្ត​ឥណទាន​ទាំង​នោះ​ ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ ដែល​ទទួល​បាន​ហិរញ្ញប្បទាន​វិនិយោគ​ពីមូលនិធិ​រដ្ឋ​ធំៗនៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ក្នុង​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ។

របាយ​ការណ៍បន្ត​ថា៖ «បន្ទាប់​ពី​បានស្ដាប់​បទ​ពិសោធន៍របស់​សហគមន៍​ទាំ​ង​នេះ វា​ហាក់​ដូច​ជា​មិន​គួរ​ឱ្យ​ជឿ​នោះ​ទេ​ថា​វិស័យ​នេះដំណើរ​ការ​ទៅ​តាមអ្វី​ដែល​វិស័យ​នេះ​គួរ​ធ្វើ​។ អ្នក​ខ្ចី​ដែល​ងាយ​រងគ្រោះ​ជាង​គេ​ជា​ច្រើន​កំពុង​បាត់បង់​ដីធ្លី​របស់​ពួក​គេ។ កុមារ​ខ្លះ​ត្រូវ​បាន​បញ្ឈប់​ពី​ការ​សិក្សា ដើម្បី​ជួយ​ធ្វើការ​រក​ប្រាក់​សង​បំណុល​។ សមាជិក​គ្រួសារ​ដែល​ពេញ​វ័យ​ត្រូវ​ចាក​ចេញ​ពី​ភូមិ ដើម្បី​ធ្វើ​ចំណាក​ស្រុក​ទៅ​រកការងារ​ធ្វើ​នៅ​ប្រទេស​ដទៃ។ ការ​កាត់​បន្ថយ​អាហារ​បរិភោគ​បាន​ក្លាយជា​រឿង​ទូទៅ»។

អ្នកភូមិ​ជាង​១៦០​គ្រួសារ​ផ្សេង​ទៀត​នៅ​តំបន់​ខ្ទុំ​នោះ ត្រូវ​បាន​លោក ថាន ញ៉យ លើក​ឡើង​ថាក៏​ជួប​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ ដែល​មាន​៩៥%​នៃពួកគេ​ជាប់​បំណុល ដែល​ក្នុង​មួយគ្រួសារៗ​ជំពាក់​ជា​មធ្យម​រង្វង់​៥ពាន់​ដុល្លារ។ មួយ​ចំនួន​នៃ​ពួក​គេ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ។

លោក ថាន ញ៉យ បាន​ប្រាប់​វីអូអេ​ថា៖«មាន​បារម្ភ​ដែរ តែ​មិន​ដឹង​ធ្វើ​ម៉េច បាន​ចេះ​តែ​បណ្ដោះ​ៗ ព្រោះ​ថា​បើ​យើង​រក​មិន​បាន​សង​គេទេ គេ​មក​រឹប​អូស​ផ្ទះ​សម្បែង​ភូមិដ្ឋាន ធ្វើយ៉ាង​ម៉េច​បង្វិល​រួច មួយ​ខែៗ បារម្ភ​ខ្លាច​តែ​ប្លង់​ផ្ទះ​ដាច់​ទៅ​គេ​»។

ទោះ​បី​មាន​ការ​រៀប​ចំគម្រោង​សង​បំណុល​ឡើង​វិញ​ជា​ការ​អះ​អាង​របស់​រដ្ឋាភិបាល និង​បណ្ដា​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អំឡុង​វិបត្តិ​កូវីដ១៩​នេះ​ក៏​ដោយ លោក ថាន ញ៉យ និយាយថា​ ការ​ប្រតិបត្តិ​សង​ប្រាក់​របស់​លោក​ដែល​ជំពាក់ធនាគារ​មួយ​ ហាក់​ស្ថិត​នៅ​ដដែល មិន​មានការ​អនុ​គ្រោះ​នោះ​ទេ។

«ពេល​ដល់​ថ្ងៃ​កំណត់ យើង​យក​លុយ​ទៅ​បង់​នៅ​កន្លែង​គេ បើថា​យើង​យឺត​ថ្ងៃ​ទៅ គេ​ពិន័យ​អស់​បួន​ទៅ​ប្រាំ​ម៉ឺន យឺត​ពីរ​ថ្ងៃ​បី​ថ្ងៃ គេ​ថា​ឱ្យ​យើង​ខ្លះ​ទៅ ថា​យើង​យឺត​អ៊ីចឹង។ ឱ្យ​ធ្វើ​យ៉ាង​ណា បើ​រក​មិន​ទាន់​ពេល លើស​ថ្ងៃ​ពីរ​បី​ថ្ងៃទៅ គេ​ថា​ឱ្យ​ផង គេ​ពិន័យ​ផង»។

ស្ថានភាព​លោក ថាន ញ៉យ ស្រដៀង​គ្នា​នឹង​លោក សុង ប៊ុនអាំ ដើម​កំណើត​ជនជាតិ​ដើមកាចក់​កាត់​ឡាវ នៅ​សហគមន៍​តាឡាវ ក្នុង​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី។ ក្នុង​ចំណោម​ដីស្រែរបស់​លោក​សរុប​៦​ហិកតា មាន​២ហិកតា​ត្រូវ​បាន​ក្រុមហ៊ុន​វិនិយោគ​វៀត​ណាម Hoang Anh Gia Lai ឈូស​ទន្ទ្រាន​យក កាល​ពី​ឆ្នាំ២០១១។

ខណៈ​បាត់​បង់​ដី​ធ្លី បូក​រួម​នឹង​កំណើន​រីក​ដូច​ផ្សិត​នៃ​កម្ចី​ឥណ​ទាន​ខ្នាត​តូច បាន​នាំ​ឱ្យ​លោក សុង ប៊ុនអាំ ដែល​មាន​វ័យ​៤១​ឆ្នាំ​ ដាច់​ចិត្ត​ខ្ចី​លុយ លើក​ដំបូង​៣​ពាន់ដុល្លារ ដើម្បី​ទិញ​ដី​បន្ថែម ធ្វើ​ស្រែ ហើយ​ខ្ចី​បន្ថែម​៥​ពាន់​ដុល្លារ​ទៀត បន្ទាប់​ពី​សង​បំណុល​វគ្គ​មុ​ន​អស់។

«អូហ៎ សល់​ច្រើន ហើយ​ឥឡូវ​ហ្នឹង​ស្ទះ​កូវីដហ្នឹ​ង រក​អី​ចេញ ទៅ​ណា​ក៏​អត់​រួច​ហ្នឹង យ៉ាប់​មែន​ទែន​ធ្វើ​អីក៏​អត់​ចេញ រក​អីក៏​មិន​បាន»។

លោក​ថា​មួយ​ខែៗ​ លោក​ត្រូវ​បង់​សង​ជូនគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​វិញ​ក្នុង​ទំហំ​ទឹក​ប្រាក់​ពី​៥០​ម៉ឺន​ទៅ​៦០ម៉ឺនរៀល​។ ហើយ​ក្នុង​ដំណាក់​កាលកូ​វីដ​១៩​នេះ ក៏​មិ​ន​មាន​ការ​ពន្យារ​ការ​បង់ប្រាក់ ឬ​រៀប​ចំ​ការ​សង​ឥណ​ទាន​ឡើង​វិញ​នោះ​ដែរ។

ប្រទេស​កម្ពុជា​មាន​ទំហំ​កម្ចីឥណទាន​ខ្នាតតូច​សរុប​១១,៨​ពាន់​លាន​ដុល្លារ ដែល​ជា​មធ្យម​ក្នុង​ប្រជា​ជន​ម្នាក់ៗ​មាន​កម្ចី​ឥណទាន​៤.២៨០​ដុល្លារ គិត​ត្រឹម​ដំណាច់​ឆ្នាំ២០២០។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ដដែល​របស់​អង្គ​ការ​សមធម៌​និង​អង្គការ​លីកាដូ ដែល​បាន​អំពាវនាវ​ឱ្យ​មានការ​លើក​លែង​អនុគ្រោះ​និង​ស៊ើប​អង្កេត​ចំពោះ​ករណី​បំពានសិ​ទ្ធិ​មនុស្ស​នៃ​ការ​ផ្ដល់​កម្ចីទាំ​ង​នោះ។

វីអូអេ​មិន​ទាន់​អាច​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​ទាក់​ទង​លោក កាំង តុងងី អ្នកនាំពាក្យ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បាន​នៅ​ឡើយ ទោះ​បីព្យាយាម​ជាច្រើន​លើក​ច្រើន​សា នៅ​រសៀល​ថ្ងៃចន្ទនេះ៕